ពលរដ្ឋ​ចំណាកស្រុក​នៅ​ខេត្ត​កំពង់ចាម​មួយ​ចំនួន​មិន​អាច​មក​លេង​ស្រុក​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

ដោយ​ សូត សុខប្រាថ្នា
2016.09.28
ផែនទី​ខេត្ត​កំពង់ចាម ៨៥៥ ផែនទី​ខេត្ត​កំពង់ចាម
Photo: RFA

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម ដែល​មាន​សមាជិក​ក្រុម​គ្រួសារ​ទៅ​ធ្វើ​ការងារ​នៅ​ឆ្ងាយៗ​ពី​ផ្ទះ ឬ​ទៅ​ក្រៅ​ប្រទេស ពិសេស​ប្រទេស​ថៃ បញ្ជាក់​ថា សាច់​ញាតិ​ពួកគាត់​មិន​អាច​ត្រឡប់​មក​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​បាន​ទេ។ ពួកគាត់​លើក​ឡើង​ថា មូលហេតុ​មិន​អាច​មក​លេង​ស្រុក​កំណើត​បាន ពីព្រោះ​មិន​មាន​ថវិកា​គ្រប់គ្រាន់ ម្យ៉ាង​កន្លែង​ធ្វើការ​មិន​អនុញ្ញាតិ​ឱ្យ​មក​ជាដើម។ អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​មើល​ឃើញ​ថា បញ្ហា​នេះ​នឹង​ធ្វើឱ្យ​ពលរដ្ឋ​ទាំង​នោះ​បាត់បង់​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​តែម្តង។

រដូវ​បុណ្យ​ទាន​ធំៗ​ម្តងៗ ដូចជា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជាដើម គឺ​ជា​ឱកាស​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី ពិសេស​អ្នក​ធ្វើ​ការងារ​នៅ​ឆ្ងាយ​ពី​ស្រុក​កំណើត​បាន​ជួបជុំ​ក្រុម​គ្រួសារ។ សាច់ញាតិ​របស់​ពួកគេ​នៅ​ផ្ទះ​ទន្ទឹង​រង់ចាំ​ផ្លូវ​កូន​ចៅ ប្រពន្ធ ឬ​ប្តី​របស់​ខ្លួន។ សមាជិក​គ្រួសារ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​តំបន់​ឆ្ងាយៗ ចង់​ឱ្យ​សាច់ញាតិ​របស់​ខ្លួន​បាន​ត្រឡប់​មក​ធ្វើ​បុណ្យ​ទាន​ជួបជុំ​ក្រុម​គ្រួសារ​ណាស់ ប៉ុន្តែ​ស្ថានភាព​ជីវភាព និង​បញ្ហា​មួយ​ចំនួន​មិន​អនុគ្រោះ​ដល់​ពួកគាត់​ឡើយ។ ក្រុម​គ្រួសារ​ខ្លះ ត្រូវ​ឃ្លាត​គ្នា​រាប់​ខែ ឬ​រាប់​ឆ្នាំ ទម្រាំ​ជួប​គ្នា​ម្តង ឯ​ខ្លះ​ទៀត ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ពិសេស​ប្រទេស​ថៃ ក៏​បាត់​ដំណឹង​សូន្យ។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​សុពណ៌ ឃុំ​តាអុង ស្រុក​ចំការលើ មួយ​រូប អ្នកស្រី តុប យ៉ា ឱ្យ​ដឹង​ថា គាត់​មាន​សមាជិក​ក្រុម​គ្រួសារ​ចំនួន ៤​នាក់ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ អ្នកស្រី​ថា ពួកគេ​ទៅ​ធ្វើ​ការងារ​នៅ​ទី​នោះ គឺ​មិន​បាន​ត្រឡប់​មក​លេង​ស្រុក​កំណើត​នៅ​រដូវ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំ​នេះ​ទេ ពីព្រោះ​ខ្វះ​ថវិកា​សម្រាប់​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​មក​លេង​ស្រុក ម្យ៉ាង​មិន​ទាន់​គ្រប់​អាណត្តិ ពោល​គឺ​ថៅកែ​ថៃ មិន​ឱ្យ​ឈប់​សម្រាក​ឡើយ។ យ៉ាង​នេះ​ក្តី អ្នកស្រី​បញ្ជាក់​ថា បងប្អូន​របស់​គាត់​ក៏​បាន​ផ្ញើ​ប្រាក់​មួយ​ចំនួន​ឱ្យ​ម្តាយ និង​កូនៗ ដែល​កំពុង​រស់​នៅ​ស្រុក​កំណើត​គ្រាន់​ធ្វើ​បុណ្យ​ទាន៖ «និយាយ​រួម​ទៅ​លុយ​ហ្នឹង​ក៏​គ្មាន​ដែរ ព្រោះ​ទៅ​ហ្នឹង​ជំពាក់​គេ រក (ខ្ចី) គេ​ទៅ​អ៊ីចឹង។ រួច​ត្រូវ​ការ​កូន​គេ​អី​ទៀត។ លុយ​ក៏​គ្មាន​រួម​មក​ក៏​មិន​អាច​មក​រួច​។

​អ្នកស្រី​បន្ត​ថា គ្មាន​នរណា​ម្នាក់​ចង់រ​ស់​នៅ​ឆ្ងាយ​ពី​ឪពុកម្តាយ ឬ​កូនៗ របស់​ខ្លួន​ទេ ប៉ុន្តែ​ភាព​ទីទ័លក្រ​បាន​ជំរុញ​ឱ្យ​បងប្អូន​អ្នកស្រី​ត្រូវ​រស់​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា។

ពលរដ្ឋ​នៅ​ឃុំ​តាអុង មួយ​រូប​ទៀត លោក ហ៊ឹម សារឿន ឱ្យ​ដឹង​ថា អ្នក​ភូមិ​របស់​លោក​មួយ​ចំនួន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ ប៉ុន្តែ​មួយ​ចំនួន​ចេញ​ទៅ​ក្រៅ​ប្រទេស។ លោក​ថា ពលរដ្ឋ​ចំណាក​ស្រុក​ក្នុង​ប្រទេស​ភាគ​ច្រើន​បាន​ត្រឡប់​មក​ធ្វើ​បុណ្យ​ទាន​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត ប៉ុន្តែ​អ្នក​ភូមិ​ខ្លះ​ទៀត ពិសេស​អ្នក​ទៅ​ក្រៅ​ប្រទេស គឺ​មិន​អាច​មក​ធ្វើ​បុណ្យ​ទាន​ជួបជុំ​ក្រុម​គ្រួសារ​បាន​ឡើយ៖ «អា​នេះ ទី​មួយ​អាស្រ័យ​លើ​ថវិកា ទី​ពីរ​ក្រែងលោ​យើង​មក​ទៅ ក្រុមហ៊ុន​គេ​មិន​ឱ្យ​មក​ទៅ យើង​មិន​អាច​មក​បាន​ទេ»

ជំទប់​ទី​១ ឃុំ​តាអុង លោក ស៊ុំ ម៉ាច មាន​ប្រសាសន៍​ថា ភូមិ​ដែល​មាន​ពលរដ្ឋ​ចំណាក​ស្រុក​ច្រើន​ជាង​គេ គឺ​ភូមិ​សុពណ៌ និង​ភូមិ​តាអុង។ លោក​ថា អ្នក​ភូមិ​ចំណាក​ស្រុក​ភាគ​ច្រើន​ដោយសារតែ​ពួកគាត់​មិន​មាន​ដីចម្ការ​សម្រាប់​ធ្វើ ហើយ​មួយ​ចំនួន​ទៅ​ធ្វើ​ការ​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ​ដូចជា​ខេត្ត​មណ្ឌលគិរី រតនគិរី ឬ​ខេត្ត​ព្រះវិហារ។ បន្ថែម​ពី​នេះ មួយ​ចំនួន​ទៀត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដែល​ជា​ហេតុ​មិន​អាច​មក​ចូល​រួម​ធ្វើ​បុណ្យ​ជុំ​គ្រួសារ​បាន ម្យ៉ាង​ពលរដ្ឋ​ទាំង​នោះ នឹង​បាត់បង់​ឱកាស​ចុះ​ឈ្មោះ​បោះឆ្នោត​តែម្តង ដែល​ធ្វើ​ឱ្យ​លោក​មាន​ក្តី​បារម្ភ៖ «អំពាវនាវ​ដល់​ជន​រួម​ជាតិ​ដែល​ចំណាកស្រុក​នៅ​ក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេស​ក្តី សូម​អញ្ជើញ​អស់​លោក លោកស្រី​នាំ​បង​ប្អូន​ហ្នឹង មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​បណ្តាល​ឃុំ​យើង»

​ឃុំ​តាអុង មាន​ពលរដ្ឋ​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង ៧​ពាន់​នាក់ ហើយ​អ្នក​ស្រុក​ដែល​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​គឺ​មាន​ចំនួន​ជាង ២​ពាន់ (២.៣០០) នាក់​ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​កញ្ញា។ ពលករ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ម្នាក់ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម លោក ប៊ុន សុង និយាយ​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃ មក​ថា បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ លោក​មិន​បាន​ទៅ​ស្រុក​កំណើត​ទេ ដោយ​ត្រូវ​ការ​សន្សំ​ប្រាក់​ខ្លះ​ទុក​ជួយ​គ្រួសារ និង​មិន​ចង់​ចំណាយ​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ​ច្រើន​ដង។ ពលករ​រូប​នេះ​បន្ត​ថា លោក​អាច​ទៅ​លេង​ស្រុក​កំណើត​រហូត​ដល់​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឬ​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​ក្រោយ។

ចំណែក​ពលរដ្ឋ​នៅ​ភូមិ​កំពង់សំណាញ់ ស្រុក​ព្រៃឈរ​វិញ លោក ប៉ក់ ហឿន មាន​ប្រសាសន៍​ថា កូន​របស់​លោក​ពីរ​នាក់ ទៅ​ធ្វើ​ការងារ​នៅ​ភ្នំពេញ ប៉ុន្តែ​ពួកគេ​នឹង​មក​លេង​ស្រុក​កំណើត​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ។ លោក​ថា ប្រសិន​កូនៗ ដែល​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើ​ការងារ​នៅ​ស្រុក​គេ មិន​បាន​វិល​ត្រឡប់មក​ស្រុក​កំណើត​នៅ​រដូវ​បុណ្យទាន​នោះ គឺ​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ទាំង​ឡាយ​មាន​ចិត្ត​ស្រងេះស្រងោច​ជាក់​ជា​មិន​ខាន៖ «បើ​ចំពោះ​ខ្ញុំ​វិញ នៅ​រដូវ​បុណ្យ​ទាន​ហ្នឹង ត្រូវ​ការ​ជួបជុំ​ម៉ែ​ឪ​បងប្អូន​កូនចៅ។ អ៊ីចឹង​ប្រសិន​ណា​កូនចៅ​មិន​បាន​មក​ជួប​បងប្អូន​ជីដូន​ជីតា​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ហ្នឹង ខ្ញុំ​មាន​ការ​ក្តុកក្តួល​ដែល​បាត់​កូន​បាត់​ចៅ»

ជាមួយ​គ្នា​នេះ មេ​ភូមិ​ដីក្រហម នៅ​ឃុំ​មៀន លោក តៃ មឿន និយាយ​ថា ភូមិ​របស់​លោក​អាច​នឹង​មាន​ពលរដ្ឋ​ចំណាក​ស្រុក​ប្រមាណ ១០​ភាគរយ មិន​អាច​ត្រឡប់​មក​ចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​បាន​ដោយសារ​បញ្ហា​ជីវភាព​គ្រួសារ ពិសេស​ពលករ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​តែម្តង។ លោក​ស្នើ​ឱ្យ​ពលរដ្ឋ​ចំណាក​ស្រុក​ទាំង​ឡាយ គប្បី​មក​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​ដើម្បី​មាន​ឱកាស​ចុះ​បោះឆ្នោត​នៅ​មូលដ្ឋាន​របស់​ពួកគាត់៖ «ដូច​ថា គ្នា​ខ្វះ​ថវិកា​និយាយ​រួម​ទៅ​វា​ពិបាក​ចេញ​ចូល។ អ៊ីចឹង​អត់​មាន​លទ្ធភាព​មក​ទេ ប្រហែល​ជា​ចុះ​ឈ្មោះ​បោះឆ្នោត​ក៏​មិន​អាច​ដែរ»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​អំពាវនាវ​ឱ្យ​ម្ចាស់​រថយន្ត​ឈ្នួល​ទាំង​អស់​កុំ​ដំឡើង​ថ្លៃ​ធ្វើ​ដំណើរ​​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ហើយ​ត្រូវ​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​ជាដើម។ ជាង​នេះ​ទៀត លោក​បាន​ប្រកាស​ឈប់​ឆ្លើយឆ្លង ឬ​ឈប់​បាញ់​ដោយ​ពាក្យ​សម្តី​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ថែម​ទៀត​ផង។

ទាក់ទង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គីមអេង មាន​ប្រសាសន៍​ថា មាន​ពលរដ្ឋ​ជា​ច្រើន​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត នឹង​មិន​អាច​វិល​ត្រឡប់​ទៅ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ស្រុក​កំណើត​នៅ​ឆ្នាំ​នេះ​បាន​ទេ។ លោក​បន្ត​ថា ក្រៅ​ពី​បញ្ហា​សេដ្ឋកិច្ច ក៏​មាន​បញ្ហា​ផ្សេង​ទៀត ដូចជា​បញ្ហា​អសន្តិសុខ​សង្គម រួម​មាន​ចោរ​លួច ឬ​គាស់​ផ្ទះ និង​បញ្ហា​ភ្លើង​អគ្គិសនី ជា​ហេតុ​ធ្វើឱ្យ​ពលរដ្ឋ​មិន​ហ៊ាន​ទុក​ផ្ទះសម្បែង​ចោល ព្រម​ទាំង​បញ្ហា​កម្ដៅ​នយោបាយ​នៅ​ពេល​បច្ចុប្បន្ន​ផង។

លោក​បារម្ភ​ថា កាល​ណា​ពលរដ្ឋ​ចេះ​តែ​នាំ​គ្នា​មិន​បាន​ចូលរួម​ពិធី​បុណ្យ​ដែល​ជា​ប្រពៃណី​របស់​ខ្លួន ហើយ​វា​នឹង​បណ្តាល​ឱ្យ​ប្រពៃណី​វប្បធម៌​ខ្មែរ​កាន់​តែ​សាបរលាប ឬ​កាន់តែ​បាត់បង់​ជាក់​ជា​មិន​ខាន៖ «ជាង​នេះ​ទៀត  គឺ​បណ្តាល​ឱ្យ​ពលរដ្ឋ​ទាំង​នោះ បាត់បង់​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពួកគាត់៖ «ពិធី​បុណ្យ​ធ្វើ​ឱ្យ​មាន​សាមគ្គីភាព​នៅ​ក្នុង​ជាតិ​ផង និង​ធ្វើ​ឱ្យ​មាន​ចិត្ត​ក្នុង​ការ​ស្រលាញ់គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ដូច​គ្នា​ហ្នឹង»

​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ទាំង​ឡាយ​បាន​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ និង​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ផង រដ្ឋ​ត្រូវ​ទប់ស្កាត់​ការ​ដំឡើង​​ថ្លៃ​រថយន្ត​ឈ្នួល ឬ​ទំនិញ​ផ្សេងៗ នៅ​លើ​ទីផ្សារ​ក្នុង​រដូវ​បុណ្យ​ទាន។ លើស​ពី​នេះ ត្រូវ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង​នយោបាយ​ឱ្យ​មាន​លក្ខណៈ​ប្រសើរ។ ចំណែក​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​វិញ អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ធានា​ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។