ពលរដ្ឋ​ខេត្ត​បាត់ដំបង​ស្នើ​ឲ្យ​សមត្ថកិច្ច​​ទប់ស្កាត់​​ល្បែង​​គប់​ទឹក

0:00 / 0:00

ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ក្រុង​បាត់ដំបង ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​មួយ​ចំនួន​និយម​លេង​គប់​ទឹក និង​ប៉ាត​ម្សៅ​ដាក់​គ្នា​តាម​ដង​ផ្លូវ​ជា​ហូរហែ។ អ្នក​ស្រុក​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់​វិធាន​កុំ​ឲ្យ​យុវជន​លេង​គប់​ទឹក​ហួសហេតុ​ពេក ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ។

​​​​​​​​​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង មួយ​ចំនួន​កំពុង​ព្រួយ​បារម្ភ​ខ្លាច​ការ​លេង​គប់​ទឹក​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​ខ្លួន ដោយសារ​វិធានការ​ទប់ស្កាត់​របស់​​​សមត្ថកិច្ច​ហាក់​ពុំ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

​ពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង មួយ​ចំនួន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​ប្រសាទ​ឯកភ្នំ ខេត្ត​បាត់ដំបង​ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មេសា ថា សមត្ថកិច្ច​គួរ​ចាត់​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​​ក្រុម​យុវជន​លេង​គប់​ទឹក​តាម​ដង​ផ្លូវ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​បន្ត​ទៀត។

អ្នក​ស្រុក​អះអាង​ថា មូលហេតុ​ដែល​មិន​ចង់​ឲ្យ​លេង​គប់​ទឹក​តាម​ដង​ផ្លូវ ដោយសារ​​ខ្លាច​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ៖ «ព្រោះ​អី​គេ​លេង​គប់​ទឹក​អ៊ីចឹង​​ចំ​ខ្លួន​យើង​​ឈឺ​ខ្លាំង​ណាស់ ហើយ​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ពី​លើ​ម៉ូតូ​ទៀត​ផង។ យើង​គោល​បំណង​មក​ពី​ផ្ទះ​ចង់​មក​លេង​សប្បាយ​តែ​ដល់​ពេល​គេ​ទប់​ទឹក​ស្ទះ​តាម​ផ្លូវ​អីចឹង​ទៅ យើង​មាន​បាន​ទៅ​លេង​សប្បាយ​ឯ​ណា​កើត»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង លោក ចេត វណ្ណី មាន​ប្រសាសន៍​ថា ស្នងការ​ខេត្ត​បាន​ដាក់​​កម្លាំង​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​គ្រប់​ស្រុក​ និង​តំបន់​រមណីយដ្ឋាន​សំខាន់ៗ ទាំង​យប់​ថ្ងៃ។

ទន្ទឹម​គ្នា​នេះ​ លោក​អះអាង​ថា ប៉ូលិស​តែង​ចុះ​អប់រំ​មិន​ឲ្យ​ប្រជាពលរដ្ឋ​យក​​ឱកាស​ថ្ងៃ​បុណ្យ​សំខាន់​នេះ លេង​គប់​ទឹក​ដាក់​គ្នា​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដង​ផ្លូវ​នោះ​ឡើយ៖ «ចាប់​ពី​ទី​១៣ មក​ដល់​ថ្ងៃ​ទី​១៤ នេះ ការ​លេង​ទប់​ទឹក​ទាំង​នៅ​តាម​ស្រុក​ និង​នៅ​ក្នុង​បាត់ដំបង​ អត់​មាន​អី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដែល​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ហើយ​ឲ្យ​អស់​ទាំង​ស្រុង​វា​មិន​អស់​នោះ​ទេ​ តែ​យើង​បាន​ធ្វើ​ការ​អប់រំ​ពួកគាត់​រួច​ហើយ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​តាម​ដង​ផ្លូវ​ពី​ទី​រួម​ខេត្ត​បាត់ដំបង ឆ្ពោះ​​ទៅ​រមណីយដ្ឋាន​ប្រាសាទ​ឯកភ្នំ​ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ភាគ​ច្រើន​ជា​​ក្រុម​យុវជន​ផង​នោះ​ ចាប់​ផ្ដើម​លេង​គប់​ទឹក និង​ប៉ាត​ម្សៅ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ដង​ផ្លូវ​យ៉ាង​គគ្រឹកគគ្រេង ដោយ​ចាប់​​ពី​ប្រមាណ​​ម៉ោង ១១​​ព្រឹក ថ្ងៃ​ទី​ទល់​រសៀល​ថ្ងៃ​ទី​១៤ ខែ​មេសា ជា​ពិសេស​នៅ​ចំណុច​សង្កាត់​​ក្ដុល​ដូនទាវ និង​ឃុំ​ពាមឯក​ ក្រៀក​ប្រាសាទ​ឯកភ្នំ​​តែម្ដង ហើយ​ពុំ​មាន​សមត្ថកិច្ច​ណា​ចុះ​ទប់ស្កាត់​នៅ​ឡើយ។

ក្រៅ​អំពី​ការ​លេង​គប់​ទឹក​គប់​តាម​ដង​ផ្លូវ​ហើយ​ នៅ​ពេល​ព្រឹក​​​នៅ​តាម​ទី​វត្តអារាម​នានា ក្នុង​ក្រុង​បាត់ដំបង មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​​យ៉ាង​ច្រើន​កុះករ។ ទន្ទឹម​គ្នា​នេះ​ក៏​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​ និង​ផ្ដិត​យក​រូបភាព​នៅ​តាម​ទី​វត្ត​អារាម​ដូច​គ្នា។ នៅ​ពេល​រសៀល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​សំខាន់ៗ មាន​​ជាអាទិ៍​​ប្រសាទ​ឯកភ្នំ បាណន់ និង​រមណីយដ្ឋាន​ភ្នំសំពៅ ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។