ព្យុះនេះនឹងជះឥទ្ធិពលគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជាទាំងមូល ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២។
តាមការព្យាករណ៍ ឲ្យដឹងថា នៅវេលាម៉ោង ១រំលងអធ្រាត្រ ចូលថ្ងៃទី៥ ខែតុលា ព្យុះហ្គាអេមី បាននឹងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង មានចម្ងាយប្រមាណ ៩០០គីឡូម៉ែត្រពីភាគខាងកើតប្រទេសវៀតណាម។ ព្យុះនេះនឹងធ្វើដំណើរមកដល់ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម ខេត្តរតនគីរី ហើយនឹងមកដល់ខេត្តមួយចំនួនទៀតជាបន្តបន្ទាប់ ដូចជា ខេត្តមណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលនឹងមានខ្យល់កួចបោកបក់ លាយឡំជាមួយភ្លៀងធ្លាក់ខ្លាំង និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀង។
ដោយឡែកនៅខេត្តព្រះវិហារ ក្នុងចំណោមខេត្តប្រកាសអាសន្នខាងលើនេះ រហូតមកដល់ម៉ោងជាង៦ ម៉ោងយប់នេះ មេឃក៏មានសភាពអួអាប់ និងមានភ្លៀងធ្លាក់ដោយកន្លែងដែរ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ លោក ចាប កុយ បានឲ្យដឹងថា ភ្លៀងធ្លាក់កំពុងខ្លាំងនៅតាមស្រុកមួយចំនួន ប៉ុន្តែកម្ពស់ទឹកស្ទឹងស្ថិតនៅក្នុងកម្រិតធម្មតា៖ «គ្រាន់មានរងសម្ពាធទាបណា ធ្វើឲ្យមេឃអ៊ូអាប់ កន្លែងខ្លះរលឹមកន្លែងខ្លះភ្លៀងខ្លាំង»។
ទន្ទឹមនឹងគ្នានោះ ខេត្តក្នុងតំបន់ទំនាបកណ្ដាល និងខេត្តមាត់សមុទ្រ ក៏នឹងរងសម្ពាធពីព្យុះ ហ្គាអេមី នេះដូចគ្នា។ ហើយនៅថ្ងៃទី៦ តុលា នៅភ្នំពេញ ក៏មានភ្លៀងធ្លាក់ជាប់ជាប្រចាំដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។