ពាន​រង្វាន់​អាស៊ាន រ៉ាយ បូល ស្តាតអាប់ ប្រកាស​ស្វែងរក​អ្នក​ដាក់​ពាក្យ​ប្រកួត​ប្រជែង

ដោយ សាន សែល
2017-06-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
គេហទំព័រ​ពាន​រង្វាន់​អាស៊ាន រ៉ាយ បូល ស្តាតអាប់ (ASEAN Rice Bowl Startup Awards)។ Screenshot
គេហទំព័រ​ពាន​រង្វាន់​អាស៊ាន រ៉ាយ បូល ស្តាតអាប់ (ASEAN Rice Bowl Startup Awards)។ Screenshot
Screenshot

ពាន​រង្វាន់​អាស៊ាន រ៉ាយ បូល ស្តាតអាប់ (ASEAN Rice Bowl Startup Awards) កំពុង​ស្វែងរក​សហគ្រិន ឬ​អាជីវកម្ម​ទើប​បង្កើត​ថ្មី​ពី​តំបន់​អាស៊ាន រួម​ទាំង​កម្ពុជា ផង ដែល​មាន​គំនិត​ច្នៃប្រឌិត​ជួយ​ដោះស្រាយ​បញ្ហា​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ចូលរួម​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​ថ្នាក់​តំបន់​នេះ។

នេះ​ជា​ឆ្នាំ​ទី​៣ នៃ​ការ​រៀបចំ​ពាន​រង្វាន់​សម្រាប់​សហគ្រិន​នៅ​តំបន់​អាស៊ាន​នេះ។ កាល​ពី​ឆ្នាំ​២០១៦ មាន​បេក្ខជន​ចំនួន ១.៥០០​នាក់​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង។

ប្រធាន​គម្រោង​នៃ​មូលនិធិ​សហគ្រិន​ថ្មី (New Entrepreneurs Foundation) អ្នកនាង រ៉ូប៊ី ដាឡាន់ (Rubi Dahlan) បាន​ប្រាប់​អាស៊ីសេរី​ថា ពាន​រង្វាន់​អាស៊ាន រ៉ាយ បូល ស្តាតអាប់ (ASEAN Rice Bowl Startup Awards) ផ្តល់​ការ​ទទួល​ស្គាល់ និង​លើក​ទឹក​ចិត្ត​ដល់​សហគ្រិន​ដែល​ទើប​ចាប់​ផ្តើម​អាជីវកម្ម​ដំបូង ឬ​ស្តាតអាប់ (startup) ដែល​មាន​អាយុកាល​មិន​លើស​ពី ៥​ឆ្នាំ ដែល​មាន​ការ​ច្នៃប្រឌិត​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា កែប្រែ​របៀប​របប​រក​ស៊ី​បែប​បុរាណ​តាម​រយៈ​ការ​ផ្តល់​សេវាកម្ម និង​ទំនិញ​ដល់​ប្រជាពលរដ្ឋ​តាម​បែប​ថ្មី។

អ្នកនាង​បញ្ជាក់​បន្ថែម​ថា ពាន​រង្វាន់​នេះ​កំពុង​ស្វែងរក​អាជីវកម្ម​ទើប​កើត​ឡើង​ថ្មី ដែល​មាន​សក្ដានុពល​ជួយ​ដោះស្រាយ​បញ្ហា​របស់​អ្នក​ប្រើប្រាស់ មិន​ត្រឹម​តែ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ពង្រីក​ទីផ្សារ​ទៅ​កាន់​តំបន់​ផង​ដែរ។

វា​មាន​ពីរ​ដំណាក់កាល​ក្នុង​ការ​វាយ​តម្លៃ ដើម្បី​ជ្រើសរើស​ម្ចាស់​ពាន​រង្វាន់។ ជុំ​ទី​មួយ ជា​ការ​ប្រកួត​ប្រជែង​ក្នុង​ស្រុក​នៅ​តាម​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ ដូចជា​កម្ពុជា វៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី ប្រ៊ុយណេ ហ្វីលីពីន និង​ឥណ្ឌូនេស៊ី។

ការ​ដាក់​ពាក្យ ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ http://www.ricebowlawards.com/ ដើម្បី​ចូលរួម​ប្រកួត​កម្មវិធី​នេះ ហើយ​ផុត​កំណត់​ដាក់​ពាក្យ​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧។

ជុំ​ទី​ពីរ ជា​ការ​ប្រកួត​ថ្នាក់​តំបន់ គឺ​ជា​ការ​ប្រកួត​ប្រជែង​រវាង​អ្នក​ឈ្នះ​ប្រចាំ​ប្រទេស និង​ប្រទេស។ ការ​ប្រកាស​លទ្ធផល​ម្ចាស់​ពាន​រង្វាន់​អាស៊ាន រ៉ាយ បូល ស្តាតអាប់ (ASEAN Rice Bowl Startup Awards) នឹង​ត្រូវ​ធ្វើ​នៅ​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) ប្រទេស​ម៉ាឡេស៊ី (Malaysia) នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

អ្នកនាង រ៉ូប៊ី ដាឡាន់ (Rubi Dahlan) ថ្លែង​ថា នេះ​ជា​ឱកាស​មួយ​សម្រាប់​សហគ្រិន​បង្ហាញ​អាជីវកម្ម​របស់​ខ្លួន​ទៅ​កាន់​ថ្នាក់​តំបន់ ទៅ​ជួប​វិនិយោគិន។ នាង​បន្ត​ថា ការ​រៀបចំ​នេះ នឹង​ជួយ​បង្ហាញ​តំបន់​អាស៊ាន​ជា​ជង្រុក​មួយ​របស់​ពិភពលោក​ផ្នែក​ការ​បង្កើត​ថ្មី និង​ជួយ​អ្នក​បង្កើត​គោល​នយោបាយ រៀបចំ​របៀបវារៈ​សហគ្រិនភាព​ស្ដីពី​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​ឌីជីថល (Digital)«វា​ជា​ពេល​គួរ​ឲ្យ​រំភើប​មួយ​សម្រាប់​អាជីវកម្ម​បង្កើត​ថ្មី​នៅ​តំបន់​អាស៊ាន។ ខ្ញុំ​ដឹង! មាន​តំបន់​ជាច្រើន​កំពុង​ក្រឡេក​មើល​ពី eco-system នៅ​តំបន់​អាស៊ាន។ ជា​ការពិត យើង​មិន​មែន​ព្យាយាម​ប្រកួត​ប្រជែង​ជាមួយ​តំបន់​ស៊ីឡេខូន វ៉ាឡេ (Sillicon Valley)។ គេ​ដើរ​មុន​យើង​ឆ្ងាយ​ណាស់​ទៅ​ហើយ។ សហគមន៍​អាស៊ាន គឺ​ខុស​ពី​លោក​ខាង​លិច។ យើង​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ដែល​មាន​តែ​យើង​ទេ​អាច​រួម​គ្នា​ដោះស្រាយ​បាន​ប្រសើរ»

ពាន​រង្វាន់​នេះ​មាន​ច្រើន​ផ្នែក​ដូចជា ពាន​រង្វាន់​ផ្នែក​ដំណោះស្រាយ​ឆ្លាត​វៃ​សម្រាប់​ទីក្រុង អាជីវកម្ម​អនឡាយ (e-commerce) បច្ចេកវិទ្យា​សុខភាព ជីវិត​កម្សាន្ត បច្ចេកវិទ្យា​អាហារ បច្ចេកវិទ្យា​ជីវៈ​បៃតង បច្ចេកវិទ្យា​ហិរញ្ញវត្ថុ បញ្ញា​សិប្បនិម្មិត (AI) ជាដើម។

កាល​ពី​ឆ្នាំ​២០១៦ ហ្គ្រាប (Grab) ដែល​ជា​ក្រុមហ៊ុន​លក់​សេវា​ធ្វើ​ដំណើរ​តាម​តាក់ស៊ី​ដោយ​កុម្ម៉ង់​តាម​កម្មវិធី​លើ​ទូរស័ព្ទ (app) ឈ្នះ​ពាន​រង្វាន់​អាស៊ាន រ៉ាយ បូល ស្តាតអាប់ (ASEAN Rice Bowl Startup Awards) ផ្នែក​អាជីវកម្ម​បង្កើត​ថ្មី​ប្រចាំ​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល