ប្រទេស​បង់ក្លាដេស​លុបចោល​កិច្ចព្រមព្រៀង​ទិញ​អង្ករ​ពី​កម្ពុជា

ដោយ មាន ឫទ្ធិ
2017-11-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
១៧-ឧសភា-២០១១ ៖ អង្ករ​កំពុង​ហូរ​ចេញ​ពី​ម៉ាស៊ីន​កិន​ស្រូវ​មួយ​របស់​ក្រុមហ៊ុន​បៃតង​កម្ពុជា នៅ​ក្នុង​ខេត្ត​បាត់ដំបង។
១៧-ឧសភា-២០១១ ៖ អង្ករ​កំពុង​ហូរ​ចេញ​ពី​ម៉ាស៊ីន​កិន​ស្រូវ​មួយ​របស់​ក្រុមហ៊ុន​បៃតង​កម្ពុជា នៅ​ក្នុង​ខេត្ត​បាត់ដំបង។
Photo: RFA

ប្រទេស​បង់ក្លាដេស (Banglades) បាន​លុបចោល​កិច្ច​ព្រមព្រៀង​ទិញ​អង្ករ​ក្រអូប និង​អង្ករ​ចំហុយ​ចំនួន ២៥​ម៉ឺន​តោន ជា​លើកដំបូង​បង្អស់​ជាមួយ​ប្រទេស​កម្ពុជា ដោយសារតែ​ករណី​ពន្យារ​ពេល​ដឹកជញ្ជូន​នាំចូល​អង្ករ​នេះ មកកាន់​ប្រទេស​របស់​ខ្លួន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​អង់គ្លេស​រ៉យ៍ទ័រ (Reuters) ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី១៤ វិច្ឆិកា។

កិច្ចព្រមព្រៀង​ទិញ​អង្ករ​ចំនួន ២៥​ម៉ឺន​តោន ពី​កម្ពុជា​ក្នុង​តម្លៃ ៤៥៣ ដុល្លារ ក្នុង​មួយ​តោន​អង្ករ​នេះ ត្រូវ​បាន​ចុះហត្ថលេខា​កាលពីដើម​ខែ​សីហា​កន្លងទៅ ជា​ផ្នែក​មួយ​ដែល​រដ្ឋាភិបាល​បង់ក្លាដេស ធ្វើ​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ស្តុក និង​ការ​កើន​ឡើង​ខ្ពស់​នៃ​តម្លៃ​អង្ករ ក្រោយ​ពេល​ដែល​ប្រទេស​នេះ​បាន​ប្រឈម​នឹង​បញ្ហា​ទឹកជំនន់​ក្នុង​ឆ្នាំ​២០១៧​នេះ។

ប្រទេស​បង់ក្លាដេស ជា​អតីត​ប្រទេស​នាំចេញ​អង្ករ​ធំ​ជាង​គេ​ទី​បួន ក្នុង​ពិភពលោក ហើយ​អង្ករ​គឺជា​ប្រភព​អាហារ​ដ៏​ចម្បង​របស់​ប្រជាជន​បង់​ក្លាដេស សរុប ១៦០​លាន​នាក់។ បច្ចុប្បន្ន បញ្ហា​ឡើងថ្លៃ​នៃ​តម្លៃ​អង្ករ​នេះ បាន​ក្លាយ​ជា​បន្ទុក​មួយ​សម្រាប់​រដ្ឋាភិបាល​បង់ក្លាដេស ដែល​គ្រោង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាងមុខនេះ។ ក្នុង​មួយឆ្នាំៗ ប្រទេស​បង់ក្លាដេស មាន​សមត្ថភាព​អាច​ផលិត​អង្ករ​បាន​ចំនួន​ជាង ៣៤​លាន​តោន តែ​ផលិតផល​អង្ករ​ទាំងនេះ ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ទាំងអស់​សម្រាប់​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​របស់​ខ្លួន។

កាលពីដើម​ខែ​សីហា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ស្បៀងអាហារ​របស់​បង់ក្លាដេស ទទួល​ទិញ និង​លក់​អង្ករ​ឲ្យ​បាន ១​លាន​តោន ក្នុង​រយៈពេល​៥​ឆ្នាំ ពោល​គឺ​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២២។ យោង​តាម​ទិន្នន័យ​របស់​នាយកដ្ឋាន​ផែនការ ស្ថិតិ និង​ព័ត៌មាន​ពាណិជ្ជកម្ម របស់​ក្រសួងពាណិជ្ជកម្ម ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង ៥៤​ម៉ឺន​តោន កើន​ឡើង ០.៧០ ភាគរយ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល