អ្នក​ជំនាញ​ថា​គម្រោង​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ចិន​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា

ដោយ សាន សែល
2017-06-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សិក្ខាសាលា​ស្ដីពី​ទិដ្ឋភាព និង​ទស្សនវិស័យ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ចិន និង​កម្ពុជា ក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៧។
សិក្ខាសាលា​ស្ដីពី​ទិដ្ឋភាព និង​ទស្សនវិស័យ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ចិន និង​កម្ពុជា ក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/San Sel

អ្នក​ជំនាញ​ពី​ស្ថាប័ន​ស្រាវជ្រាវ និង​ស្ថាប័ន​រដ្ឋាភិបាល យល់​ឃើញ​ថា ប្រទេស​កម្ពុជា នឹង​ចំណេញ​ពី​ការ​ចូលរួម​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ (Belt and Road Initiative) របស់​រដ្ឋាភិបាល​ចិន។ អ្នក​ជំនាញ​លើក​ឡើង​ថា គម្រោង​ដ៏​ធំ​សម្បើម​របស់​ចិន នេះ នឹង​ជួយ​កម្ពុជា អាច​សម្រេច​ក្តី​សុបិន​បាន​ឆាប់​រហ័ស តែ​ត្រូវ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា។

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា បាន​ហៅ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​របស់​លោក ថា​ជា «គម្រោង​វិនិយោគ​ប្រចាំ​សតវត្ស»។ រដ្ឋាភិបាល​ចិន វិនិយោគ​ប្រាក់​ចំនួន ១​ទ្រី​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ប្រទេស​ចិន ទៅ​ទ្វីប​អឺរ៉ុប ឆ្ពោះ​ទៅ​ទ្វីប​អាហ្វ្រិក ដើម្បី​ជំរុញ​ការ​វិនិយោគ​របស់​ចិន នៅ​បរទេស។

រដ្ឋាភិបាល​កម្ពុជា ជា​ភាគី​មួយ​ក្នុង​ចំណោម​អ្នក​ដំបូង​គេ​ដែល​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នេះ ហើយ​ជឿជាក់​ថា វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ បញ្ជាក់​នៅ​ថ្ងៃ​ទី​២២ មិថុនា នា​រាជធានី​ភ្នំពេញ ថា​ការ​ចូលរួម​របស់​កម្ពុជា ក្នុង​គម្រោង​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ មាន​វិស័យ​ជា​អាទិភាព និង​សក្ដានុពល​ដូចជា ការ​កសាង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ការ​កសាង​ផ្លូវ​រថភ្លើង ការ​បង្កើន​ចំនួន​ជើង​យន្តហោះ​ត្រង់​ពី​ចិន មក​កម្ពុជា ដើម្បី​ទាញ​យក​វិនិយោគិន​ចិន មក​ប្រទេស​កម្ពុជា ការ​អភិវឌ្ឍ​ក្រុង​ព្រះសីហនុ ដើម្បី​ប្រែ​ក្លាយ​ជា​ទីតាំង​មូលដ្ឋាន​សម្រាប់​សហគ្រាស​ចិន នៅ​កម្ពុជា ការ​វិនិយោគ​លើ​វិស័យ​ថាមពល​សូឡា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដើម្បី​បញ្ចុះ​ថ្លៃ​អគ្គិសនី ការ​វិនិយោគ​លើ​វិស័យ​កសិឧស្សាហកម្ម ដោយ​ធ្វើ​ទំនើបកម្ម​ដំណាំ​កៅស៊ូ ដំឡូងមី ការ​ចិញ្ចឹម​សត្វ និង​នេសាទ ការ​វិនិយោគ​វិស័យ​ដឹក​ជញ្ជូន និង​ហិរញ្ញវត្ថុ ហើយ​និង​ការ​ជំរុញ​កំណើន​ទេសចរ​ចិន នៅ​កម្ពុជា ឲ្យ​បាន ២​លាន​នាក់​នៅ​ឆ្នាំ​២០២០។

លោក​បន្ថែម​ថា គម្រោង​វិនិយោគ​របស់​ចិន ក៏​ជំរុញ​ការ​សាងសង់​កំពង់ផែ​នៅ​តាម​ខេត្ត​ជាប់​មាត់​សមុទ្រ និង​ជំរុញ​ការ​សាងសង់​ផ្លូវ​ថ្នល់​នៅ​តាម​ព្រំដែន។ លោក​ថា កម្ពុជា និង​ចិន ពិគ្រោះ​យោបល់​គ្នា​លើ​គំនិត​ផ្ដួចផ្ដើម​នេះ ដោយ​បើក​ចំហ​ផ្តល់​ការ​ទុក​ចិត្ត​គ្នា និង​ចែក​រំលែក​ផល​ប្រយោជន៍​គ្នា។ វា​ជា​សហប្រតិបត្តិការ​ឈ្នះ​ឈ្នះ ហើយ​វា​នឹង​ជួយ​លើក​កម្ពស់​អធិបតីភាព ឯករាជភាព​របស់​កម្ពុជា លើ​ឆាក​អន្តរជាតិ។

ក៏ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​តួលេខ​បញ្ជាក់​ពី​កញ្ចប់​ប្រាក់​វិនិយោគ​របស់​ចិន សម្រាប់​អនុវត្ត​គម្រោង​ទាំងនេះ​នៅ​ប្រទេស​កម្ពុជា ឡើយ។

លោក លឹម ស៊ីដេនីន បញ្ជាក់​ថា ការ​អនុវត្ត​គម្រោង​របស់​ចិន នេះ ធ្វើ​តាម​យន្តការ​ទីផ្សារ​ដែល​ជា​ការ​សហការ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន ដោយ​ផ្អែក​លើ​គោលការណ៍ និង​វិជ្ជាជីវៈ។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​សង្កេត​ថា ផែនការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​កម្ពុជា ស្រដៀង​នឹង​គោលដៅ​របស់​ផែនការ​វិនិយោគ​របស់​ចិន នេះ។

ស្រដៀង​នឹង​ការ​លើក​ឡើង​របស់​ក្រសួង​សាធារណការ អ្នកស្រី ឯត សោភា អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស អះអាង​ថា រដ្ឋាភិបាល​កម្ពុជា គាំទ្រ​គម្រោង​នេះ​ពេញ​ទំហឹង ហើយ​ថា​ប្រាក់​របស់​រដ្ឋាភិបាល​កម្ពុជា តែ​មុខ មិន​អាច​បំពេញ​នូវ​ក្តី​សុបិន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ដឹក​ជញ្ជូន​ថាមពល និង​ការ​ពង្រឹង​សេវា​សង្គម​នោះ​ទេ។

អ្នកស្រី​ថា​រដ្ឋាភិបាល​មាន​សុទិដ្ឋិនិយម​ថា​គំនិត​ផ្ដួចផ្ដើម​នេះ នឹង​ផ្តល់​នូវ​សេចក្តី​ចម្រើន​រុងរឿង ហើយ​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ ជួយ​បំពេញ​បន្ថែម​លើ​យន្តការ​ដែល​មាន​រួច​ហើយ។ អ្នកស្រី​បន្ត​ថា យន្តការ​ដែល​មាន​ស្រាប់​នោះ គឺ​គម្រោង​វិនិយោគ​ដែល​ផ្តល់​ប្រាក់​ដោយ​ធនាគារ​ពិភពលោក (World Bank) និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ជាដើម។ អ្នកស្រី​ឲ្យ​ដឹង​ថា កាល​ពី​ខែ​ឧសភា ក្រុម​ការងារ​បាន​ចុះ​ហត្ថលេខា​លើ​ផែនការ​លម្អិត​សម្រាប់​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គម្រោង​ចិន នៅ​កម្ពុជា នេះ។

ចំណែក​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​កម្ពុជា សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព លោក ពូ សុធារៈ ក៏​ថ្លែង​ថា គំនិត​ផ្ដួចផ្ដើម​នេះ​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា ដោយ​ថា​ប្រាក់​វិនិយោគ​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ នឹង​ជួយ​ប្រទេស​កម្ពុជា តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយ​ប្រទេស​ក្នុង​តំបន់។ លោក​ថា ចិន គឺ​សំខាន់​ចំពោះ​សន្តិភាព និង​ស្ថិរភាព​កម្ពុជា។

អ្នក​តាមដាន​កិច្ច​ការងារ​ការ​បទេស​មួយ​ចំនួន ធ្លាប់​លើក​ឡើង​ថា កម្ពុជា ពឹង​ផ្អែក​លើ​ប្រាក់​ចិន ខ្លាំង​ពេក ធ្វើ​ឲ្យ​កម្ពុជា លម្អៀង​ទៅ​រក​ចិន ដែល​នាំ​ឲ្យ​បាត់​តុល្យភាព​គោល​នយោបាយ​បរទេស​ខ្លួន ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​រឿង​នេះ។

ការ​លើក​ឡើង​នេះ ត្រូវ​បាន​ក្រសួង​ការ​បរទេស បដិសេធ​ជា​រឿយៗ។

កិច្ច​ពិភាក្សា​ក្នុង​សិក្ខាសាលា​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ក៏​ស្នើ​ឲ្យ​ពិនិត្យ​មើល​ពី​គម្លាត​នៃ​ការ​អនុវត្ត​ជាក់ស្តែង និង​គោល​នយោបាយ​ដែល​បាន​ចែង ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​នៃ​គំនិត​ផ្ដួចផ្ដើម​នេះ ពិសេស​ការ​រៀបចំ​ផែនការ​ដើម្បី​ទទួល​បាន​ប្រាក់​វិនិយោគ​ចិន។

ក៏​មាន​ការ​លើក​ឡើង​ថា លំហូរ​ចូល​នៃ​ប្រាក់​វិនិយោគ វិនិយោគិន​ចិន និង​ពលករ​ចិន មក​ប្រទេស​កម្ពុជា ពិសេស​នៅ​ខេត្ត​ព្រះសីហនុ នឹង​អាច​ប្រែ​ក្លាយ​ខេត្ត​នេះ​ជា​ខេត្ត​ចិន។

កន្លង​ទៅ ក៏​មាន​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​មូលដ្ឋាន ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​វិភាគ ថា​គម្រោង​វិនិយោគ​ចិន មើល​រំលង​ពី​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​សង្គម ព្រម​ទាំង​បាន​រំលោភ​សិទ្ធិ​មនុស្ស ដូចជា​ការ​បង្ខំ​ប្រជាជន​ចេញ​ពី​លំនៅឋាន​ដោយ​មិន​ផ្តល់​សំណង​សមរម្យ ជាដើម។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ លោក​បណ្ឌិត សុង (Song) ប្រធាន​ផ្នែក​ការទូត​សេដ្ឋកិច្ច​នៃ​សាកលវិទ្យាល័យ ហ្វុដាន់ សៀងហៃ នៃ​ប្រទេស​ចិន (Fudan University Shanghai) ថ្លែង​ថា ប្រសិន​បើ​ចង់​បាន​ការ​អភិវឌ្ឍ​ដូចជា​ថាមពល​អគ្គិសនី​ដែល​មាន​តម្លៃ​ថោក ត្រូវ​តែ​មាន​ការ​លះបង់។

កុងស៊ុល​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៃ​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា លោក លី អាន (Li An) មាន​ប្រសាសន៍​ថា កម្ពុជា និង​ចិន ជា​សម្ព័ន្ធមិត្ត​ស្អិតល្មួត​ក្នុង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ ហើយ​វា​នឹង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។ លោក​បន្ត​ថា រដ្ឋាភិបាល និង​អ្នក​ដែល​ពាក់ព័ន្ធ ត្រូវ​សិក្សា​រួម​គ្នា​ដើម្បី​បង្កើត​គោល​នយោបាយ​ក្នុង​ការ​អនុវត្ត​គម្រោង​វិនិយោគ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។ លោក​ថា ដូច្នេះ​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ អាច​ធ្វើ​ឲ្យ​ប្រទេស​ចិន និង​កម្ពុជា ឈ្នះ​ឈ្នះ​រួម​គ្នា ហើយ​អាច​បង្កើត​ផល​ប្រយោជន៍​ឲ្យ​ប្រទេស​កម្ពុជា។

ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ ស្ថាបនិក​នៃ​វិទ្យាស្ថាន​កម្ពុជា សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព គូស​បញ្ជាក់​ថា កម្ពុជា ចាប់​អារម្មណ៍​នឹង​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋាភិបាល​ចិន នេះ ហើយ​ប្រទេស​ដែល​ចូលរួម​អនុវត្ត នឹង​ទទួល​បាន​ប្រយោជន៍​ពី​នេះ។ ព្រះអង្គ​ឲ្យ​ដឹង​ថា កម្ពុជា ត្រូវការ​ប្រាក់ ៦០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ។ បន្ថែម​ពី​នេះ ព្រះអង្គ​យល់​ថា ការ​អនុវត្ត​ដោយ​គ្មាន​អភិបាលកិច្ច​ល្អ គណនេយ្យភាព និង​តម្លាភាព នឹង​នាំ​ឲ្យ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​បរាជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

be aware 1 for u...2 for me...not free

If stupid CCP ministers get the wrong deal with smart chines officials to build up the road along the border to protect the border encroachment,and both parties have no any clear detail the project between the two parties.What kind the CCP's govn't planing for chines construction company to do"geographic landscaping",be aware to build the road that lead to destroy natural resources or environment ecosystem"for their interest benefit"but the CCP officials must be corporate with them and avoid of mistake"they do for u one...but they take two away from us",get be smart...

Jun 22, 2017 04:49 PM

គេហទំព័រ​ទាំងមូល