"អង្ករ​កម្ពុជា​ធ្លាក់​លេខ​មិន​ប៉ះពាល់​ដល់​ឧស្សាហកម្ម​​ស្រូវ​អង្ករ"

ដោយ អ៊ុំ រង្សី
2016.11.19
អង្ករ ផ្កា​រំដួល ៨៥៥ ២០១៦ ស្រូវ និង​អង្ករ​ផ្កា​រំដួល ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។
RFA/Tha Kitya

អង្ករ​កម្ពុជា ជាប់​លេខ​២ ក្នុង​ការ​ប្រកួត​ប្រជែង​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក ឆ្នាំ​២០១៦ ខណៈ​ម្ចាស់​ជយលាភី​លេខ​១ បាន​ទៅ​ម្ចាស់ផ្ទះ គឺ​ប្រទេស​ថៃ។ អ្នក​ជំនាញ​ផ្នែក​ស្រូវ​អង្ករ​កម្ពុជា អះអាង​ថា ចំណាត់ថ្នាក់​នេះ​មិន​ប៉ះពាល់​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា នោះ​ឡើយ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា អះអាង​ថា អង្ករ​កម្ពុជា ជាប់​លេខ​២ នេះ​នឹង​មិន​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា​ទេ ព្រោះ​អង្ករ​កម្ពុជា នៅ​តែ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​គុណភាព​ពី​សំណាក​ទីផ្សារ​អន្តរជាតិ។

ការ​លើក​ឡើង​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​កម្ពុជា បាន​ចូលរួម​ប្រជែង​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ឆ្នាំ​២០១៦ ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន​១៤ ដែល​បាន​ដាក់​ប្រកួតប្រជែង​នា​សន្និសីទ​ស្រូវ​អង្ករ​អន្តរជាតិ (The World Rice Conference)  ដែល​ប្រារព្ធ​ឡើង​នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា។

​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក មូល សារិទ្ធី បាន​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ថា អង្ករ​កម្ពុជា ស្ថិត​ក្នុង​ចំណោម​ការ​ជ្រើសរើស​ចម្រាញ់​យ៉ាង​លំបាក​ហើយ បាន​ទម្លាក់​សំណាក​អង្ករ​ចំនួន ២០ ប្រភេទ​ផ្សេង​ទៀត មក​ពី​ប្រទេស​សរុប​១៤ ដែល​បាន​ដាក់​ប្រកួតប្រជែង។លោក​ឲ្យ​ដឹង​ថា សម្រាប់​កម្ពុជា យក​សំណាក​អង្ករ​ក្រអូប​រំដួល មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា​តាម​រយៈ​ក្រុមហ៊ុន​ចំនួន​១១ មក​ប្រកួត ហើយ​ជា​លទ្ធផល​ចុង​ក្រោយ​អង្ករ​កម្ពុជា ជាប់​លេខ​២ បន្ទាប់​ពី​ថៃ បាន​លេខ​១។

​លោក​ថា ទោះ​ជា​កម្ពុជា មិន​បាន​ជាប់​លេខ​១ ខណៈ​អង្ករ​កម្ពុជា ធ្លាប់​ឈ្នះ​ពាន​អង្ករ​ល្អ​បំផុត ៣​ឆ្នាំ​ជាប់​គ្នា ក៏​មិន​មានន័យ​អង្ករ​កម្ពុជា គុណភាព​ចាញ់​ថៃ នោះ​ទេ។ ហេតុ​នេះ​លទ្ធផល​នេះ មិន​ជះឥទ្ធិពល​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា នោះ​ឡើយ៖ «យ៉ាង​ហោច​ណាស់​ក៏​យើង​ជាប់​ក្នុង​លំដាប់​ចុង​ក្រោយ​ដែរ ចង់​និយាយ​ថា ជា​គូ​ប្រកួត​មួយ​ដ៏​ស្វិតស្វាញ»

អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រូប​នេះ បញ្ជាក់​ថា ទោះ​ចំណាក់ថា្នក់​នៃ​លទ្ធផល​ប្រកួត​នេះ មិន​ជះឥទ្ធិពល​ដល់​វិស័យ​ស្រូវ​អង្ករ ពិសេស​ដល់​ការ​នាំ​ចេញ​អង្ករ​កម្ពុជា ក៏ដោយ ក៏​សហព័ន្ធ​នឹង​ពង្រឹង​ដល់​ការ​ដាក់​ស្លាក​សញ្ញា​បញ្ជាក់​ពី​គុណភាព​អង្ករ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​បញ្ជា​ទិញ។ ទន្ទឹម​គ្នា​នេះ សហព័ន្ធ​បន្ត​សហការ ព្រមទាំង​ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​ជួយ​ដល់​ការ​ផលិត​អង្ករ ដែល​មាន​គុណភាព​បច្ចេកទេស​ឲ្យ​មាន​កំណើន​ខ្ពស់៖ «យើង​នៅ​តែ​ជំរុញ​ក្រសួង​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ផលិត​អង្ករ​របស់​យើង​ឲ្យ​កាន់​តែ​មាន​គុណភាព​រក្សា​គុណភាព​អង្ករ​ល្អ​ហ្នឹង​បាន​យូរ ហើយ​យើង​ព្យាយាម​ស្រាវជ្រាវ​បច្ចេកទេស​ថ្មី»

​ចំណែក​ឯ​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ អេមរុ រ៉ាយ (AMRU RICE) ដែល​ជា​ក្រុមហ៊ុន​បាន​ចូលរួម​ការ​ប្រកួត​នេះ លោក សុង សារ៉ន លើក​ឡើង​ថា បើ​ពិនិត្យ​មើល​លើ​សណ្ឋាន​ដី ទីតាំង​ភូមិសាស្ត្រ នៃ​ប្រទេស​កម្ពុជា និង​ថៃ គឺ​ប្រហាក់ប្រហែល​គ្នា ដូច​នេះ​គុណភាព​អង្ករ​នៃ​ប្រទេស​ទាំង​ពីរ​មិន​ខុស​គ្នា​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​កម្ពុជា អាច​រៀន​សូត្រ​បាន​ពី​ប្រទេស​ថៃ ហេតុ​អ្វី​គេ​ជាប់​លេខ​១ ដោយសារ​កម្ពុជា ខ្វះ​ការ​ផ្សព្វផ្សាយ ខ្វះ​ការ​អនុវត្ត​កសិកម្ម​បែប​ទំនើប និង​បង្កើត​ថ្មី​ឲ្យ​មាន​និរន្តរភាព។

លោក​បន្ត​ថា ទោះ​ជា​លទ្ធផល​ប្រកួត​នេះ មិន​ប៉ះពាល់​ខ្លាំង តែ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​គិត​ទៅ​ដល់​ការ​កែលំអ​ពូជ និង​គិត​ទៅ​លើ​ការ​គាំទ្រ​សហគមន៍​សម្រាប់​ត្រៀម​ការ​ប្រកួត​នៅ​ឆ្នាំ​២០១៧ ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា ដែល​ធ្លាប់តែ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ៖ «កម្ពុជា​យើង​បើ​យើង​ចង់​ឈ្នះ សូម​ឲ្យ​មាន​ការ​កែលំអ​រឿង​ពូជ អភិវឌ្ឍន៍​វា​ឲ្យ​បាន​ល្អ តំបន់​ណា​ដែល​ធ្វើ​ប្រភេទ​អង្ករ​ម្លិះ​បាន​ល្អ ហើយ​យើង​អភិរក្ស ខិតខំ​ជួយ​សហគមន៍​កសិកម្ម​ដើម្បី​ពង្រឹង​គុណភាព​ដាំដុះ​របស់​កសិករ​ឲ្យ​ធានា​បាន​គុណភាព​ស្តង់ដារ​ដូចៗ​គ្នា»

​យ៉ាង​ណា អាស៊ីសេរី​ មិន​អាច​ទាក់ទង​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក ហ៊ាន វណ្ណហន ដើម្បី​ដឹង​ពី​វិធានការ​បន្ត​របស់​ក្រសួង​កសិកម្ម​ក្រោយ​ចាញ់​ការ​ប្រកួត​នេះ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា។

កម្ពុជា​ធ្លាប់​ឈ្នះ​ពាន​អង្ករ​ល្អ​បំផុត លើក​​ដំបូង​នៅ​ឆ្នាំ​២០១២ ដែល​គេ​រៀបចំ​ឡើង​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ពីរ​ឆ្នាំ​បន្តបន្ទាប់ គឺ​ឆ្នាំ​២០១៣ នៅ​ទីក្រុង​ហុងកុង និង​ឆ្នាំ​២០១៤ ជា​ពេល​ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​ស្រូវ​អង្ករ​អន្តរជាតិ។

នៅ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ កម្ពុជា​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀបចំ​សន្និសីទ​ស្រូវ​អង្ករ​អន្តរជាតិ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។