រដ្ឋាភិបាល​ទិញ​ស្ពាន​ព្រែក​ព្នៅ​មក​គ្រប់គ្រង​វិញ

ដោយ អាស៊ីសេរី
2017-10-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ថា ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ តុលា តទៅ​យានយន្ត​ធ្វើដំណើរ​ឆ្លង​កាត់​ស្ពាន​ព្រែក​ព្នៅ ឬ​ស្ពាន លី យ៉ុងផាត់ នឹង​មិន​ត្រូវ​បង់​ប្រាក់​ទៀត​ទេ។

លោក ហ៊ុន សែន បញ្ជាក់​ថា គឺ​រដ្ឋាភិបាល​នឹង​ទិញ​ស្ពាន​នោះ​យក​មក​គ្រប់គ្រង​វិញ។ លោក​បាន​ណែនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន ដើម្បី​ពិនិត្យ​ដោះស្រាយបញ្ហា​មួយ​ចំនួន​ដែល​នៅ​សេសសល់។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ចំណាត់​ការ​នេះ​គឺ​ដើម្បី​ដោះស្រាយ​ការ​លំបាក និង​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ពិសេស​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ពលរដ្ឋ។

ស្ពាន​ព្រែក​ព្នៅ​ឆ្លង​កាត់​ទន្លេសាប​តភ្ជាប់ ពី​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ព្រែកព្នៅ​ទៅ​ផ្លូវជាតិ​លេខ​៦​អា។ ស្ពាន​នេះ​មាន​ប្រវែង​ជិត ១ពាន់ម៉ែត្រ(៩៩៦,២ ម) ទទឹង​១៤​ម៉ែត្រ​ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ ជា​ប្រភេទ​ស្ពាន​បង់​ប្រាក់​វិនិយោគ​ដោយ​ក្រុមហ៊ុន អិល វ៉ាយ ភីគ្រុប(LYP Group) របស់​លោក ឧកញ៉ា លី យ៉ុងផាត់ ក្នុង​ទឹក​ប្រាក់​ជាង ៤៣​លាន​ដុល្លារ( ៤៣.៥៥០.០០០) ក្នុង​រយៈពេល​៣០​ឆ្នាំ។ កន្លង​ទៅ​រថយន្ត​គ្រប់​ប្រភេទ​ត្រូវ​បង់​ប្រាក់​នៅ​ពេល​ឆ្លង​កាត់​ស្ពាន​នេះ ហើយ​មាន​តែ​អ្នក​ថ្មើរ​ជើង អ្នក​ជិះកង់ ម៉ូតូ រ៉ឺម៉ក​ទេសចរណ៍ និង​គោយន្ត​ទេ ដែល​មិន​បង់​ប្រាក់។

ចំណាត់​ការ​របស់​លោក​នាយករដ្ឋមន្ត្រី នៅ​ពេល​នេះ​គឺ​ស្រប​ពេល​ដែល​ស្ពាន​មិត្តភាព​ខ្មែរ​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វា​ទី១ ដែល​ឆ្លង​កាត់​ទន្លេ​សាប​ដែរ​ត្រង់​ជ្រោយចង្វា​ត្រូវ​អាជ្ញាធរ​ប្រកាស​ផ្អាក មិន​អោយ​ឆ្លងកាត់​បណ្ដោះ​អាសន្ន​ចាប់ពី​ថ្ងៃទី១ ខែ​តុលា ឆ្នាំ២០១៧ រហូតដល់ ខែ​មិថុនា ឆ្នាំ២០១៩ ដើម្បី​ជួសជុល​ដោយសារ​ស្ពាន​នេះ​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល