ប្រទេស​អនុ​តំបន់​មេគង្គ​ជួប​គ្នា​បង្កើត​ជា​ខ្សែ​សង្វាក់​តម្លៃ​កសិផល​សម្រាប់​ចូល​ទីផ្សារ​របស់​តំបន់

ដោយ ហង្ស សាវយុត
2017.09.06
នាយក ADB ២០១៧ នាយក​បេសកកម្ម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំ​កម្ពុជា លោក សេមីលឡា ទូកូហ្វ៊ូ (Samiuela Tukuafu) ថ្លែង​ប្រកាស​បើក​វេទិកា​របស់​ប្រទេស​អនុ​​តំបន់​ទន្លេ​មេគង្គ​នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៦ កញ្ញា ឆ្នាំ​២០១៧។ RFA/Hang Savyouth
RFA/Hang Savyouth

បណ្ដា​ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ ចំនួន ៦ កំពុង​ផ្ដួចផ្ដើម​ជា​គោលនយោបាយ​នៃ​ការ​បង្កើត​ខ្សែ​សង្វាក់​តម្លៃ​សម្រាប់​លក់​កសិផល​ទាំង​ឡាយ​ទៅ​ក្នុង​ទីផ្សារ​របស់​តំបន់ ឱ្យ​មាន​ទាំង​គុណភាព សុវត្ថិភាព​ចំណី​អាហារ ព្រមទាំង​និរន្តរភាព​កសិកម្ម​ផង។ ប្រទេស​ទាំង​៦​នោះ មាន​កម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ឬ​ភូមា រួម​នឹង​ប្រទេស​ចិន ផង។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម អ្នក​ជំនាញ​អន្តរជាតិ ព្រម​ទាំង​វិស័យ​ឯកជន​ប្រមាណ ២០០​នាក់ មក​ពី ៦​ប្រទេស​នៃ​អនុ​តំបន់​ទន្លេ​មេគង្គ កំពុង​ជួបជុំគ្នា​ធ្វើ​វេទិកា​គោលនយោបាយ​នៃ​តម្លៃ​កសិផល​រយៈពេល ២​ថ្ងៃ​នៅ​ក្នុង​ខេត្ត​សៀមរាប។

​វេទិកា​ដែល​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៦ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​កញ្ញា ក្នុង​គោលបំណង​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ខ្សែ​សង្វាក់​នៃ​តម្លៃ​កសិផល ការ​ធ្វើ​ឱ្យ​មាន​សុវត្ថិភាព​ចំណីអាហារ ព្រមទាំង​ធ្វើ​ឱ្យ​មាន​និរន្តរភាព​ផ្នែក​កសិកម្ម​នៅ​ក្នុង​តំបន់។

នាយក​បេសកកម្ម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំ​កម្ពុជា គឺ​លោក សេមីលឡា ទូកូហ្វ៊ូ (Samiuela Tukuafu)។ លោក​ថ្លែង​នៅ​ពេល​ប្រកាស​បើក​វេទិកា​របស់​ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៦ ខែ​កញ្ញា ថា ការ​លើក​កម្ពស់​សុវត្ថិភាព​ចំណី​អាហារ កិច្ច​ការពារ​បរិស្ថាន​ល្អ ព្រមទាំង​ការ​បង្កើត​ខ្សែ​សង្វាក់​នៃ​តម្លៃ​កសិផល សម្រាប់​គោល​ដៅ​ឆ្នាំ​២០១៨ ទៅ​ដល់​ឆ្នាំ​២០២២ គឺ​ជា​ផែនការ​ដ៏​សំខាន់​សម្រាប់​ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ។ ដោយសារ​បញ្ហា​សំខាន់​នេះ គឺ​មន្ត្រី​ជាន់​ខ្ពស់ និង​អ្នក​ជំនាញ បាន​ធ្វើ​វេទិកា​រួម​គ្នា​ដើម្បី​ចងក្រង​ជា​ឯកសារ​មួយ​ឡើង សម្រាប់​ដាក់​ជូន​ក្រុម​រដ្ឋមន្ត្រី​កសិកម្ម​នៃ​បណ្ដា​ប្រទេស​ទាំង​៦ ក្នុង​អនុ​តំបន់​ទន្លេ​មេគង្គ ឱ្យ​យក​ទៅ​ធ្វើ​ជា​សេចក្ដី​សម្រេច​រួម​គ្នា៖ «វេទិកា​នេះ គឺជា​កម្មវិធី​ពិភាក្សា​ដើម្បី​បំផុស​ចេញ​នូវ​រឿង​ជាច្រើន ដែល​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចំណីអាហារ ការ​ដាក់​បញ្ចូល​កសិផល​នៅ​ក្នុង​ទីផ្សារ និង​និរន្តរភាព​នៃ​ចំណី​អាហារ​ជាដើម»

មន្ត្រី​ក្រសួង​កសិកម្ម​របស់​កម្ពុជា យល់​ថា ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ ត្រូវ​តែ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​សម្រាប់​និរន្តរភាព​ផ្នែក​កសិកម្ម​នេះ។

រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ម៉ម អំណត់ ថ្លែង​ថា ការ​បង្កើត​យុទ្ធសាស្ត្រ​គឺ​ជា​កម្មវិធី​មួយ​ដែល​ជំរុញ​ឱ្យ​ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​នៅ​ក្នុង​តំបន់៖ «ពេល​បច្ចុប្បន្ន​នេះ កសិករ​ជា​ច្រើន គឺ​នៅ​មាន​ជំនាញ​តិចតួច​ក្នុង​វិស័យ​កសិកម្ម​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កសិផល​ទាំង​ឡាយ​ត្រូវ​បាន​គេ​ផលិត​ក្នុង​កម្រិត​សហគ្រាស​ធុន​តូច ចូល​ទៅ​កាន់​ទីផ្សារ​នៅ​ឡើយ»

​វេទិកា​គោលនយោបាយ​នៃ​សង្វាក់​តម្លៃ​កសិផល​ពេល​នេះ គឺជា​សកម្មភាព​ចូលរួម​លើ​វិស័យ​កសិកម្ម ហើយ​និង​ឧស្សាហកម្ម​ចំណី​អាហារ ព្រមទាំង​សុវត្ថិភាព​ចំណី​អាហារ​នៅ​ក្នុង​តំបន់​អាស៊ី ក៏​ដូចជា​សុវត្ថិភាព​ចំណី​អាហារ​សម្រាប់​ពិភពលោក​ទាំង​មូល​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។