លោក ហ៊ុន សែន រំពឹង​ថា​ចិន​នឹង​អាច​ជួយ​ឲ្យ​កម្ពុជា​អភិវឌ្ឍ​លឿន​រហ័ស​ទៅ​មុខ

ដោយ យ៉ង ចាន់តារា
2017.05.17
ហ៊ុន សែន ស៊ី ជីនពីង ២០១៧ ១៤៤០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page

កម្ពុជា រំពឹង​ថា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​អំពី​គម្រោង "ខ្សែ​ក្រវាត់ និង​ផ្លូវ" សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ផ្លូវ​សូត្រ​សមុទ្រ​របស់​ចិន ក្នុង​ការ​ជួយ​កសាង​សេដ្ឋកិច្ច និង​អភិវឌ្ឍ​ប្រទេស។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទៅ​កាន់​ប្រទេស​ចិន តាម​ការ​អញ្ជើញ​របស់​ប្រមុខ​ដឹកនាំ​កំពូល​នៃ​មហា​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន សម្ដែង​ក្តី​រីករាយ និង​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ​មន្ត្រី​កំពូលៗ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​រួម​មាន​ថ្នាក់​ដឹកនាំ​ស្ថាប័ន​សភា និង​នយោបាយ​ចិន ដោយ​ភាគី​ទាំង​ពីរ​ខិតខំ​ជំរុញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​វិនិយោគ និង​ទេសចរណ៍​ឲ្យ​មាន​សន្ទុះ​លឿន​ទៅ​មុខ។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (facebook) របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ក្រោយ​ពេល​លោក​បាន​ចូលរួម​វេទិកា "ខ្សែ​ក្រវាត់ និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ" ក្នុង​រដ្ឋធានី​ប៉េកាំង និង​បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន តាម​ការ​អញ្ជើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន លី ខឹឈាំង (Li Keqiang) និង​ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​ថា ចំនួន​អ្នក​ទេសចរ​ចិន នឹង​កើន​ឡើង​ដល់ ២​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២០ ហើយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កើន​ឡើង​ដល់ ៦​ពាន់​លាន​ដុល្លារ​នៅ​ពេល​ខាង​មុខ។ ទន្ទឹម​នឹង​នេះ កម្ពុជា ក៏​នឹង​មាន​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ​បន្ថែម​ទៀត ដូចជា​ផ្លូវ​ល្បឿន​លឿន ព្រលាន​យន្តហោះ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ជាដើម។

លោក ហ៊ុន សែន ក៏​បាន​ឆ្លៀត​សរសើរ​ចិន ថា​ជា​បង​ប្អូន និង​ជា​មិត្តភ័ក្ដិ​ដែល​ជឿ​ទុក​ចិត្ត​គ្នា ហើយ​ថា​ចិន បន្ត​ជួយ​កម្ពុជា ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ពិសេស​ជួយ​ពង្រឹង​ឯករាជ​ភាព​នៃ​នយោបាយ​កម្ពុជា ទៀត​ផង។ បន្ថែម​ពី​លើ​នេះ លោក​ថា ចិន នឹង​ផ្តល់​ជំនួយ​ឥត​សំណង និង​ជំនួយ​ឥណទាន​ការប្រាក់​ទាប​កាន់​តែ​ច្រើន​ថែម​ទៀត​ដល់​កម្ពុជា ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​អភិវឌ្ឍន៍​នានា។

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ លោក ហ៊ុន សែន ក៏​បាន​ជួប​ជាមួយ​អ្នក​ជំនួញ និង​វិនិយោគិន​ចិន ជាច្រើន​នាក់​ដែល​ចាប់​អារម្មណ៍ និង​កំពុង​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា ផង​ដែរ។ លោក​ថា កម្ពុជា រីករាយ​ស្វាគមន៍​វិនិយោគិន​ចិន ដែល​មាន​បំណង​ទៅ​វិនិយោគ​នៅ​កម្ពុជា ហើយ​កត្តា​ទាក់ទាញ​សំខាន់​នោះ គឺ​កម្ពុជា មាន​ស្ថិរភាព​នយោបាយ ស្ថិរភាព​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច និង​មាន​ធនធាន​មនុស្ស​ចេះ​ភាសា​ចិន ច្រើន។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ ថ្លែង​ថា ការ​បណ្ដាក់​ទុន​របស់​អ្នក​វិនិយោគ​ចិន គឺ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ស្វាគមន៍ ក៏ប៉ុន្តែ​លោក​លើក​ឡើង​ពី​ក្តី​បារម្ភ​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា​នេះ។ លោក​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​ចិន ភាគច្រើន​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ដោយ​មិន​គិតគូរ​អំពី​និរន្តរភាព​នៃ​ការ​វិនិយោគ​ឡើយ ពោល​គឺ​ពួក​គេ​គិត​តែ​ពី​ផល​ប្រយោជន៍​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដែល​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ជីវភាព​ពលរដ្ឋ។ លោក​ថា ក្រុមហ៊ុន​ចិន ទាំងនោះ បាន​ធ្វើ​របៀប​នេះ​ទាំង​នៅ​កម្ពុជា និង​នៅ​តាម​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាហ្វ្រិក ទី​ដែល​មាន​ក្រុមហ៊ុន​ចិន ជាច្រើន​កំពុង​សម្រុក​អនុវត្ត​គម្រោង​វិនិយោគ​ទ្រង់ទ្រាយ​ធំ«យើង​មិន​ថា​ក្រុមហ៊ុន​ចិន ១០០​ភាគរយ​ទេ វា​អាច​មាន​ក្រុមហ៊ុន​មួយ​ចំនួន​តូច គាត់​បាន​គោរព​ច្បាប់ ប៉ុន្តែ​ជាទូទៅ ក្រុមហ៊ុន​ចិន ទាំងនោះ សុទ្ធតែ​ជា​ក្រុមហ៊ុន​ដែល​មិន​សូវ​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ គិត​តែ​ផល​ចំណេញ​រយៈពេល​ខ្លី។ មិន​មែន​មាន​ន័យ​ថា យើង​មិន​ស្វាគមន៍​នោះ​ដែរ សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ស្វាគមន៍ ក៏ប៉ុន្តែ​សូម​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​សហការ​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ ជំរុញ​ឲ្យ​គាត់​អនុវត្ត​បាន​ទូលំទូលាយ គោរព​សិទ្ធិ​មនុស្ស គោរព​សិទ្ធិ​ការងារ​របស់​បុគ្គលិក ឬ​កម្មករ​ជាដើម»

លោក ង៉ែត ជូ សង្កត់​ធ្ងន់​ថា ការ​ផ្តល់​ជំនួយ និង​កម្ចី​ឥណទាន​ជាច្រើន​នេះ អាច​ជួយ​ឲ្យ​កម្ពុជា រីក​ចម្រើន​ឆាប់​រហ័ស ក៏ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​ធានា​អំពី​តម្លាភាព​នៃ​ការ​ប្រើប្រាស់​ជំនួយ និង​កម្ចី​ទាំងនោះ។ លោក​បន្ថែម​ថា ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន តាម​រយៈ​គម្រោង​វិនិយោគ​ធំៗ​ក្នុង​តំបន់​អាស៊ី ក៏​ជា​ឱកាស​មួយ​ដ៏​ប្រសើរ​សម្រាប់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​បាន​លឿន​រហ័ស​ដែរ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​ធានា​តុល្យភាព​នៃ​នយោបាយ​ការ​បរទេស​ជាមួយ​ក្រុម​ប្រទេស​លោក​ខាង​លិច ដូចជា​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ដែរ ព្រោះ​ប្រទេស​ទាំងនេះ គឺ​ជា​ទីផ្សារ​ធំ​របស់​កម្ពុជា«យើង​ត្រូវ​មាន​ការ​ព្រួយ​បារម្ភ​ដែរ មិន​មែន​មាន​ន័យ​ថា ចិន គាំទ្រ​លើក​ស្ទួយ​កម្ពុជា យើង​ត្រូវ​លែង​ដៃ​ពី​ទំនាក់ទំនង ឬ​បង្ក​ភាព​ល្អក់កករ​ជាមួយ​សហរដ្ឋ​អាមេរិក ទេ ព្រោះ​វា​អាច​ជា​គ្រោះថ្នាក់​សម្រាប់​នយោបាយ​ការ​បរទេស។ យើង​មើល​ការ​នាំ​ចេញ​ផលិតផល​កាត់​ដេរ​របស់​កម្ពុជា ទៅ​ទីផ្សារ​របស់​អាមេរិក។ អ៊ីចឹង​យើង​ក៏​ត្រូវ​ថែរក្សា​ទំនាក់ទំនង​ការ​បរទេស​ជាមួយ​នឹង​មហា​អំណាច​ទាំងនោះ​ដែរ»

នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រកួត​ប្រជែង​បែប​នេះ លោក ង៉ែត ជូ ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​ការ​ពង្រឹង​សមត្ថភាព ចំណេះ​ដឹង និង​ជំនាញ​ចាំបាច់​ដល់​ពលរដ្ឋ ដើម្បី​ឲ្យ​កម្ពុជា មាន​កម្លាំង​ពលកម្ម​មាន​សក្ដានុពល បើ​មិន​ដូច្នោះ​ទេ កម្ពុជា នឹង​មិន​អាច​ដើរ​ទាន់​ប្រទេស​ដទៃ​ឡើយ បើ​ទោះ​ជា​កម្ពុជា បាន​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយ​ប្រទេស​ក្នុង​តំបន់​យ៉ាង​ណា​ក្តី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។