អភិបាល​ខេត្ត​ពោធិ៍សាត់​គ្រោង​បើក​តំបន់​ទេសចរណ៍​តាម​ដង​ស្ទឹង​ពោធិ៍សាត់

ដោយ ជិន ជេដ្ឋា
2017-05-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន ចុះ​សម្រប​សម្រួល​ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) មិន​ឲ្យ​ឡើង​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន ចុះ​សម្រប​សម្រួល​ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) មិន​ឲ្យ​ឡើង​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Chin Chetha

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ត្រៀម​លក្ខណៈ​បង្កើត​តំបន់​ទេសចរណ៍​ធម្មជាតិ នៅ​តាម​ដង​ស្ទឹង​ពោធិ៍សាត់ ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ប្រើ​ទូក​ជួល ឬ​ដឹក​ភ្ញៀវ​ទេសចរ​ដោយ​ខ្លួន​ឯង ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​គ្រួសារ។ មន្ត្រី​ជំនាញ​ទេសចរណ៍​អះអាង​ថា បើ​ដង​ស្ទឹង​ពោធិ៍សាត់ ត្រូវ​បាន​អភិវឌ្ឍន៍​ទៅ​ជា​តំបន់​ទេសចរណ៍ និង​ជិះ​ទូក​លេង នឹង​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ។

អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន ឲ្យ​ដឹង​ថា លោក​បាន​កំណត់​ប្លង់​តំបន់​ទេសចរណ៍​រួច​ហើយ ដោយ​សំណង់​ជើងទេរ​នៅ​ផ្នែក​ខ្លះ​នៃ​មាត់​ស្ទឹង​នឹង​ចាប់​ផ្ដើម​សង់​នៅ​ក្រោយ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​​ឃុំ-​សង្កាត់។

នៅ​ក្នុង​ឱកាស​ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា លោក ម៉ៅ ធនិន បញ្ជាក់​ថា អាជ្ញាធរ​បាន​វាស់វែង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​អ្នក​ភូមិ​រស់​នៅ​ក្បែរ​មាត់​ស្ទឹង​ឲ្យ​ហើយ ជៀសវាង​មាន​បញ្ហា​ពេល​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍។

ពលរដ្ឋ​អាច​ប្រើប្រាស់​ដី​ចំណី​ស្ទឹង និង​ផ្លូវ​ប្រប​មាត់​ស្ទឹង​បាន ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​សង់​សំណង់​រឹង​ឡើយ៖ «ខ្ញុំ​បាន​គិតគូរ​រួច​ហើយ ហើយ​ផ្លូវ​មាត់​ស្ទឹង​នេះ​ខ្ញុំ​ប្រើ​អំពូល​ពន្លឺ​ព្រះអាទិត្យ​ទាំង​អស់ ហើយ​ប៉ែក​ខាង​លើ​នេះ​ត្រូវ​បញ្ចាល់​ទឹក​ឲ្យ​ឡើង​ខ្ពស់ ដើម្បី​ឲ្យ​មាន​ទូក​មាន​អី​ដូច​លក្ខណៈ​ទេសចរណ៍។ បើ​យើង​ចូល​រួម និង​កែច្នៃ​នៅ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​មក​ទៀត​នេះ ទេសចរ​មក​ច្រើន បងប្អូន​យើង​ក៏​មាន​ការ​លើក​កម្ពស់​ច្រើន។ ប៉ុន្តែ​និយាយ​ដោយឡែក​អ្នក​នៅ​តាម​មាត់​ស្ទឹង​នេះ​ឲ្យ​មាន​ទូក​មាន​អី​ជិះ​ហូរហែ​តាម​លទ្ធភាព​ដែល​បង​ប្អូន​ធ្វើ​បាន។ ខ្ញុំ​គិត​ថា ប្រហែល​ជា​យើង​អាច​ល្អ​ច្រើន មិន​អាច​នៅ​អ៊ីចឹង​ទៀត​ទេ»

លោក ម៉ៅ ធនិន អួត​ថា ពោធិ៍សាត់ គឺ​ជា​ខេត្ត​មាន​មាន​សក្ដានុពល​ខាង​វិស័យ​ទេសចរណ៍​ធម្មជាតិ ព្រោះ​នៅ​ប៉ែក​ខាង​លើ​នៃ​​ខេត្ត​នេះ មាន​ជួរ​ភ្នំក្រវាញ និង​ទំនប់​ស្ទាក់​ទឹក រី​ឯ​នៅ​ប៉ែក​ខាង​ក្រោម​មាន​ទំនាប​បឹង​ទន្លេ​សាប​ដែល​អាច​អភិវឌ្ឍន៍​ទៅ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ។ នៅ​ថ្ងៃ​អនាគត ភ្ញៀវ​អាច​ជិះ​ទូក​លេង​បាន​គ្រប់​រដូវ​កាល​ក្នុង​ស្ទឹង​ពោធិ៍សាត់ ព្រោះ​មាន​ទំនប់​បញ្ចាល់​ទឹក​កាត់​ស្ទឹង​នោះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់ លោក សំ ឃីម ថ្លែង​ថា ខេត្ត​ពោធិ៍សាត់ មាន​សក្ដានុពល​ផ្នែក​ទេសចរ​ធម្មជាតិ​ចំនួន​បី​តំបន់ គឺ​តំបន់​បឹង​ទន្លេសាប ភ្ញៀវ​ចូល​ចិត្ត​ទស្សនា​ផ្ទះ​បណ្ដែត​ទឹក និង​ទិញ​ផល​នេសាទ​តំបន់​ដី​ក្រុង ភ្ញៀវ​ចូល​ចិត្ត​លេង​ទឹក និង​កម្សាន្ត​នៅ​លើ​កោះ​សំពៅមាស និង​តំបន់​ទី​៣ គឺ​តំបន់​ជួរ​ភ្នំក្រវាញ ភ្ញៀវ​ទេសចរ​ចិត្ត​ទស្សនា​ព្រៃ​ព្រឹក្សា និង​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ៖ «ខ្ញុំ​ឃើញ​សព្វថ្ងៃ​នេះ ខេត្ត​កំពុង​គិតគូរ​សម្បើម​ណាស់ កំពុង​ធ្វើ​ទំនប់​បង្ហារ​នៅ​ក្បាល​ហុង​មួយ ដើម្បី​បង្កើន​តំបន់​ទេសចរណ៍​ជិះ​ទា។ នៅ​ទំនប់​ដំណាក់​អំពិល នៅ​លើ​អាច​ស្រោចស្រព​ស្រែ​នៅ​ស្រុក​បាកាន​ណោះ អ៊ីចឹង​ទឹក​សល់​ប៉ុន្មាន ទឹក​មក​ក្បាល​ហុង​នេះ ពេល​បញ្ចាល់​ទៅ​ទឹក​វា​ខ្ពស់ ដល់​ខ្ពស់​អ៊ីចឹង​យើង​រៀបចំ​ជា​តំបន់​ទេសចរណ៍​ហើយ»

លោក សំ ឃីម បញ្ជាក់​ថា បើ​តំបន់​ទេសចរណ៍​មាត់​ស្ទឹង​ពោធិ៍សាត់ ដំណើរ​ការ នឹង​ស្រូប​យក​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​បន្ថែម​ទៀត ខណៈ​ដែល​ភ្ញៀវ​ទេសចរណ៍​ជាតិ​ប្រមាណ ៥​ម៉ឺន​នាក់ និង​អន្តរជាតិ ៥​ពាន់​នាក់ ក្នុង​មួយ​ឆ្នាំ​បាន​ចូល​កម្សាន្ត និង​ទស្សនា​តាម​តំបន់​ទេសចរណ៍​នានា ក្នុង​ខេត្ត​ពោធិ៍សាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល