រដ្ឋាភិបាល​នឹង​ប្រារព្ធ​ទិវា​ដំឡូង​មី​លើក​ទី​២​នៅ​ខែត្រ​ប៉ៃលិន​ដើម្បី​ជំរុញ​ការ​ទិញ​ផលិតផល​នេះ

ដោយ អាស៊ីសេរី
2017-10-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ថ្លែង​ក្នុង​កម្មវិធី​ចាប់​ផ្ដើម​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS) នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/San Sel
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ថ្លែង​ក្នុង​កម្មវិធី​ចាប់​ផ្ដើម​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS) នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/San Sel
RFA/San Sel

ក្រសួងពាណិជ្ជកម្ម នឹង​ប្រារព្ធ​ទិវា​ដំឡូង​មី ជា​លើក​ទី​២ នៅ​ខែត្រ​ប៉ៃលិន នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ដើម្បី​ជំរុញ​ការ​នាំ​ចេញ នៃ​កសិផល​ដំឡូង​មី​កម្ពុជា។ កសិករ​ដាំ​ដំឡូង​មី អបអរសាទរ​នឹង​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម ដោយ​ស្នើ​ឲ្យ​មាន​ការ​ជួយ​ជំរុញ​ខ្លាំង​ពី​ភាគី​រដ្ឋ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរសក្ដិ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្រោយ​ជំនួប​ជាមួយ​ក្រុមប្រឹក្សា​កម្មវិធី ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម ហៅថា ELS ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជាមួយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១១ តុលា នៅ​សណ្ឋាគារ​ភ្នំពេញ ថា គោលនយោបាយ​ដំឡូង​មី មាន​រួចរាល់​ហើយ នៅ​លើ​ក្រដាស ហើយ​កំពុងតែ​អនុវត្ត​គោលនយោបាយ​នេះ ដើម្បី​ជំរុញ​ឲ្យ​មានការ​វិនិយោគ​លើ​ដំណាំ​ដំឡូង​មី​នៅ​កម្ពុជា។

កាលពី​ខែ​មីនា​ឆ្នាំ​២០១៧ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក ហ៊ាន វណ្ណហន បាន​ឲ្យ​ដឹង​ថា កម្ពុជា​ជា​ប្រទេស​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី៨ ក្នុងចំណោម​ប្រទេស​ដែល​បាន​ផលិត​ដំឡូង​មី ធំៗ​ទាំង​១០​លើ​ពិភពលោក។ ការ​បញ្ជាក់​នេះ គឺ​បន្ទាប់​ពី លោក បាន ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២ ស្ដីពី​ម្សៅដំឡូង​មី (Second World Starch) នៃ​ទីក្រុង​ឌូបៃ (Dubai) នៃ​ប្រទេស​អារ៉ាប់រួម។ ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១ គឺ​ប្រទេស​នីហ្សេរីយ៉ា (Nigeria) លេខ​២ ប្រទេស​ថៃ ចំណែក​លេខ​៣ គឺ​ប្រទេស​ឥណ្ឌូណេស៊ី។

កសិករ​ដាំ​ដំឡូង​មី​ម្នាក់ រស់នៅ​ខែត្រ​ត្បូងឃ្មុំ ប្រាប់​ថា តម្លៃ​ដំឡូង​មី​បច្ចុប្បន្ន​មានតម្លៃ​ជាង​៣០០​រៀល​ក្នុង​មួយ​គីឡូ។ តម្លៃ​នេះ កសិករ​អាច​ទទួលយក​បាន ប៉ុន្តែ​កសិករ​ព្រួយបារម្ភ​ថា តម្លៃ​ដំឡូង​ធ្លាក់​ចុះ​ជាង​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច របស់​កសិករ។

ក្រុម​កសិករ​ដែល​ប្រកប​របរ​ដាំ​ដំឡូង​មី បាន​រៀបរាប់​ថា តម្លៃ​ដំឡូង​មី ទើបតែ​បាន​ឡើងថ្លៃ​ល្មម​ទទួល​យក​បាន​នៅ​ឆ្នាំនេះ​ទេ ដោយ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ តម្លៃ​ដំឡូង​មី បាន​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ដែល​កសិករ​ខ្លះ មិន​មាន​លទ្ធភាព​ដក​លក់​ឲ្យ​ឈ្មួញ។

ឈ្មួញ​ដែល​ដើរ​ទិញ​ដំឡូង​មី​របស់​កសិករ​ភាគច្រើន គឺជា​ជនជាតិ​ថៃ និង​វៀតណាម។ ក្រុម​កសិករ​ខ្លះ ប្រាប់​ថា ជា​ញឹកញយ​ក្រុម​ឈ្មួញ​បាន​ទម្លាក់​តម្លៃ​ដំឡូង​មី ដូច​កសិផល​ដទៃ​ទៀត​ដែរ។ ពួកគេ​បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់ ជួយ​រក្សា​តម្លៃ​ដំឡូង​មី ដែល​កសិករ​ផលិត​បាន​ក្នុង​មួយឆ្នាំៗ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរសក្ដិ រៀបរាប់​ថា ដំណាំ​ដំឡូង​មី មាន​សក្ដានុពល​ខ្ពស់​ណាស់ ព្រោះ​ដំឡូង​មី​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ជា​ស្បៀងអាហារ​ផង និង​ផលិត​ជា​ឥន្ធនៈ​បាន​ដែរ។ លោក ប៉ាន សូរសក្ដិ រំពឹង​ថា ទិវា​ដំឡូង​មី​លើក​ទី​២ នៅ​ខែត្រ​ប៉ៃលិន នឹង​ពង្រីក​ទីផ្សារ​ដំឡូង​មី​របស់​កសិករ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល