អ្នក​ចិញ្ចឹម​ក្រពើ​នៅ​ខេត្ត​សៀមរាប​កំពុង​ប្រឈម​នឹង​តម្លៃ​លក់​ក្រពើ​ធ្លាក់​ចុះ

ដោយ ហង្ស សាវយុត
2017.06.22
ក្រពើ សៀមរាប ២០១៧ ១៤៤០ សត្វ​ក្រពើ​ដែល​គេ​ចិញ្ចឹម​នៅ​កសិដ្ឋាន​ឋិត​នៅ​ភូមិ​ពោធិ៍បន្ទាយជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Hang Savyouth

នៅ​ខេត្ត​សៀមរាប មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​ប្រកប​របរ​ចិញ្ចឹម​សត្វ​ក្រពើ ដើម្បី​លក់​ពង លក់​កូន និង​លក់​ក្រពើ​ធំ​ឲ្យ​គេ​សម្លាប់​យក​ស្បែក​ទៅ​កែច្នៃ​ជា​វត្ថុ​ប្រើប្រាស់​ផ្សេងៗ ក៏ប៉ុន្តែ​រយៈពេល​ជាង ១​សប្ដាហ៍​មក​នេះ ទីផ្សារ​លក់​សត្វ​ក្រពើ​បាន​ជាប់​គាំង មិន​អាច​លក់​ចេញ​បាន ចំណែក​ឯ​អ្នក​ខ្លះ​មាន​គេ​មក​ទិញ​ដែរ ប៉ុន្តែ​ឈ្មួញ​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ថោក​ខុស​ប្លែក​ពី​ទីផ្សារ​មុនៗ។

ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​មុខ​របរ​ចិញ្ចឹម​ក្រពើ​នៅ​ខេត្ត​សៀមរាប ព្រួយ​បារម្ភ​ចំពោះ​ការ​ខាតបង់​ដើមទុន ដោយសារ​តែ​សត្វ​ក្រពើ​ដែល​ពួក​គេ​ចិញ្ចឹម​ជាច្រើន មិន​មាន​ទីផ្សារ​លក់​ចេញ​គ្រប់គ្រាន់ ព្រម​ទាំង​លក់​មិន​បាន​ថ្លៃ។

ការ​ព្រួយ​បារម្ភ ដោយសារ​តែ​រដូវ​នេះ​ជា​ពេល​ដែល​ពង​ក្រពើ​ញាស់​ចេញ​ជា​កូន​តូចៗ ហើយ​មិន​សូវ​សម្បូរ​ឈ្មួញ​មក​ទិញ​យក​ទៅ​លក់​បន្ត​ដូច​កាល​ពី​ឆ្នាំ​មុនៗ​ទេ។

អ្នក​ចិញ្ចឹម​ក្រពើ​ម្នាក់​ក្នុង​ចំណោម​អ្នក​ចិញ្ចឹម​ជាច្រើន​ទៀត​នៅ​ភូមិ​ពោធិ៍បន្ទាយជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប គឺ​លោក ពៅ ឆាង។ លោក​មាន​ប្រសាសន៍​ថា ពេល​នេះ​លោក​មាន​បញ្ហា​ប្រឈម ដោយសារ​តែ​លក់​កូន​ក្រពើ​មិន​បាន​ថ្លៃ។ បុរស​ដដែល​បញ្ជាក់​ថា កាល​ពី​សប្ដាហ៍​មុន តម្លៃ​ក្រពើ​នៅ​ល្អ​ប្រសើរ គឺ​អាច​លក់​កូន​ក្រពើ​មួយ​បាន​តម្លៃ ១៥-១៦​ដុល្លារ ប៉ុន្តែ​ពេល​នេះ កូន​ក្រពើ​មួយ​លក់​បាន​តម្លៃ​តែ ១២​ដុល្លារ​ទេ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​តម្លៃ​ក្រពើ​នៅ​បន្ត​ចុះ​ថោក​ជាង​នេះ គឺ​រូប​លោក​នឹង​ប្រឈម​មុខ​ទៅ​នឹង​ការ​ខាតបង់​ដើមទុន៖ «បញ្ហា​វា​ត្រូវ​តែ​ខ្វល់​ហើយ ពីព្រោះ​កាលណា​ថោក​ពេក វា​មិន​អាច​ទប់​ថ្លៃ​ទិញ​ចំណី​របស់​វា​រួច​ទេ។ បើ​វា​ធ្លាក់​ថ្លៃ​ទៅ​ក្រោម ១០​ដុល្លារ​ទៀត គឺ​វា​ត្រូវ​តែ​ខាត»

យុវជន​ម្នាក់​ទៀត​ដែល​ជា​អ្នក​ចិញ្ចឹម​ក្រពើ​នៅ​ភូមិ​ពោធិ៍បន្ទាយជ័យ ដែរ លោក ភោគ រស្មី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន លោក​មាន​ក្រពើ​ធំៗ​ចំនួន​ជាង ៧០​ក្បាល ហើយ​កូន​ក្រពើ​ដែល​ទើប​តែ​ញាស់​ជាច្រើន​រយ​ទៀត។ ក្នុង​មួយ​ខែ លោក​ត្រូវ​ចំណាយ​លុយ​ទិញ​ចំណី​ឲ្យ​សត្វ​ក្រពើ​ស៊ី​ចំនួន ៣​ដង ដោយ​ក្នុង​ម្ដងៗ​យ៉ាង​ហោច​ណាស់​ក៏​ចំណាយ​លុយ ៣០០​ដុល្លារ​ដែរ។

កូន​ក្រពើ​ដែល​ទើប​តែ​ញាស់​នៅ​កសិដ្ឋាន​ឋិត​នៅ​ភូមិ​ពោធិ៍បន្ទាយជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៧។
កូន​ក្រពើ​ដែល​ទើប​តែ​ញាស់​នៅ​កសិដ្ឋាន​ឋិត​នៅ​ភូមិ​ពោធិ៍បន្ទាយជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Hang Savyouth

លោក ភោគ រស្មី បញ្ជាក់​ថា រយៈពេល ២-៣​ថ្ងៃ​មក​ហើយ​គ្មាន​ឈ្មួញ​ណា​មក​ទិញ​កូន​ក្រពើ​របស់​លោក​ទេ។ លោក​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ទីផ្សារ​លក់​សត្វ​ក្រពើ​នៅ​តែ​ធ្លាក់​ថ្លៃ ព្រម​ទាំង​មិន​ដំណើរការ​ល្អ​នោះ គឺ​អ្នក​ចិញ្ចឹម​ក្រពើ​មិន​មាន​សង្ឃឹម​ថា​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើយ៖ «បើ​សិន​ណា​ជា​ឈ្មួញ​នៅ​តែ​បន្ត​ការ​មិន​ទិញ​ក្រពើ គឺ​វា​ខាត ហើយ​មាន​បញ្ហា​ធំ​ប្រឈម​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ»

អ្នក​ចិញ្ចឹម​ក្រពើ​ជាច្រើន ចង់​ឲ្យ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ក្រពើ និង​មន្ត្រី​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​ជួយ​ដោះស្រាយ និង​រក​ទីផ្សារ​លក់​ក្រពើ​ឲ្យ​បាន​ល្អ​ប្រសើរ។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ក្រពើ​ខេត្ត​សៀមរាប លោក លួន ណាំ បាន​បដិសេធ​មិន​អធិប្បាយ​ជុំវិញ​បញ្ហា​ស្វែងរក​ទីផ្សារ​លក់​សត្វ​ក្រពើ​នេះ​ទេ ដោយ​លោក​ប្រាប់​ថា​លោក​ជាប់​រវល់​ខ្លាំង។

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​សៀមរាប លោក ទា គឹមសុទ្ធ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ការ​លក់​សត្វ​ក្រពើ​ឲ្យ​បាន​ថ្លៃ​នោះ គឺ​ជា​ការ​ពិបាក ពីព្រោះ​តែ​ទីផ្សារ​ទិញ​ក្រពើ​មិន​មែន​នៅ​ក្នុង​ស្រុក​ឡើយ គឺ​ទីពឹង​ទៅ​លើ​ទីផ្សារ​របស់​គេ។ លោក ទា គឹមសុទ្ធ បញ្ជាក់​ទៀត​ថា សព្វថ្ងៃ​នេះ​ទីផ្សារ​លក់​សត្វ​ក្រពើ គឺ​ទីពឹង​ទៅ​លើ​ឈ្មួញ​កណ្ដាល​មក​ពី​ប្រទេស​វៀតណាម និង​ថៃ ដែល​គេ​ត្រូវការ​ទិញ​យក​ទៅ​លក់​បន្ត​ដែរ។ ដូច្នេះ វា​អាច​លក់​បាន​ថ្លៃ គឺ​ទាល់​តែ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នោះ​ខ្វះ​ក្រពើ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ ទើប​គេ​មក​ទិញ​ពី​ខ្មែរ​យក​ទៅ​បង្គ្រប់៖ «គឺ​វា​ពិបាក​ណាស់ ពីព្រោះ​ណា​មួយ​យើង​មិន​មែន​ជា​ទីផ្សារ​ផ្ទាល់ ទីពឹង​លើ​វៀតណាម និង​ថៃ។ ឧបមា​ថា​គេ​នាំ​ក្រពើ​យក​ទៅ​ចិន ចំនួន ១​លាន​ក្បាល ទើប​គេ​យក​ទៅ​ម្ដង។ ក្រពើ​យើង គឺ​ជា​ចំណែក​មួយ​ជាមួយ​គេ ដើម្បី​បង្គ្រប់​ចំនួន​នាំ​ចេញ។ ដូច្នេះ​ទាល់​តែ​គេ​ខ្វះ ទើប​គេ​មក​ទិញ​ក្រពើ​ខ្មែរ​ទៅ​បង្គ្រប់»

អ្នក​ចិញ្ចឹម​ក្រពើ​ជាច្រើន​ទទួល​ស្គាល់​ថា បច្ចុប្បន្ន ថ្វី​បើ​ពួក​គេ​ជា​អ្នក​ចិញ្ចឹម​ក្រពើ​មែន ក៏ប៉ុន្តែ​គេ​មិន​មាន​ជំនាញ​សម្លាប់​ក្រពើ​វះ​យក​ស្បែក​លក់​ដូរ​ក្នុង​ស្រុក​ទេ។ ពួក​គេ​មាន​ជំនាញ​ម្យ៉ាង​ដែល​គេ​អាច​ដោះស្រាយ​បាន ប្រសិន​បើ​ទីផ្សារ​ក្រពើ​នៅ​ជាប់​គាំង គឺ​មាន​តែ​សម្លាប់​ក្រពើ ហើយ​វះ​យក​សាច់​ប្រឡាក់​ធ្វើ​ជា​ងៀត​ដាក់​លក់​ក្នុង​តម្លៃ ៦​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ។

អភិបាល​រង​ខេត្ត​សៀមរាប លោក គឹម ឆៃហៀង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​ធ្លាប់​ជួយ​ដោះស្រាយ​ទៅ​លើ​បញ្ហា​រក​ទីផ្សារ​លក់​សត្វ​ក្រពើ​នេះ​ដែរ។ លោក​ថា បញ្ហា​ទីផ្សារ​លក់​សត្វ​ក្រពើ​របស់​ខ្មែរ​មិន​បាន​ថ្លៃ គឺ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អង្គការ​សាយតេស (CITES) ដែល​គេ​ត្រួត​ពិនិត្យ​អនាម័យ​ស្បែក និង​សាច់​របស់​វា។ លោក គឹម ឆៃហៀង បញ្ជាក់​ថា ក្រពើ​ដែល​ប្រជាពលរដ្ឋ​ចិញ្ចឹម​ភាគច្រើន គឺ​នៅ​មាន​បញ្ហា​ភូតគាម​អនាម័យ​មិន​ទាន់​ត្រូវ​ស្តង់ដារ​បរទេស​នៅ​ឡើយ ទើប​ពិបាក​រក​ទីផ្សារ​លក់៖ «កន្លង​មក​យើង​បាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល ហើយ​និង​ក្រសួង​កសិកម្ម ដែល​ជំរុញ​ទីផ្សារ ប៉ុន្តែ​ទាល់​តែ​យើង​ផ្សព្វផ្សាយ​ថា​ក្រពើ​ដែល​ចិញ្ចឹម​ហ្នឹង ត្រូវ​ស្តង់ដារ ទី​១ គឺ​ស្បែក​កុំ​ឲ្យ​រលាត់ និង​សាច់​ក្រពើ ដែល​ទីផ្សារ​មួយ​ចំនួន​ត្រូវការ​បរិភោគ។ អ៊ីចឹង​ទាល់​តែ​ស្អាត»

អាជ្ញាធរ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​សត្វ​ក្រពើ​ប្រហែល​ជិត ១​លាន​ក្បាល​ត្រូវ​ពលរដ្ឋ​ចិញ្ចឹម ប៉ុន្តែ​ទោះ​យ៉ាង​ណា អាជ្ញាធរ​មិន​បាន​ដឹង​ពី​ចំនួន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ទូទាំង​ខេត្ត​ថា​មាន​ប៉ុន្មាន​ច្បាស់លាស់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។