អ្នក​ដាំ​ផ្លែ​ស្រកានាគ​នៅ​ខេត្ត​កំពង់ចាម​ស្នើ​ពលរដ្ឋ​គាំទ្រ​ផ្លែ​ឈើ​​ខ្មែរ​បន្ថែម​ទៀត

ដោយ​ សូត សុខប្រាថ្នា
2017-08-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ចម្ការ​ស្រកានាគ​របស់​កសិករ​នៅ​ភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ រូបថត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Saut Sokprathna
ចម្ការ​ស្រកានាគ​របស់​កសិករ​នៅ​ភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ រូបថត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Saut Sokprathna
RFA/Saut Sokprathna

កសិករ​ដាំ​ផ្លែ​ស្រកានាគ នៅ​ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ឱ្យ​ដឹង​ថា របរ​ដាំ​ផ្លែឈើ​ប្រភេទ​នេះ ជួយ​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគាត់​ឱ្យ​កាន់​តែ​ប្រសើរ។ ផ្លែឈើ​របស់​ពួកគាត់​ដាំ​ដោយ​មិន​បាន​ប្រើប្រាស់​ជី​គីមី​ឡើយ ពោល​គឺ​ប្រើ​ជីធម្មជាតិ​ស្រោចស្រព ដើម្បី​ឲ្យ​ដើម​ស្រកានាគ​លូតលាស់​ល្អ។ សង្គម​ស៊ីវិល​នៅ​ខេត្ត​នេះ​យល់​ថា ប្រសិនបើ​ពលរដ្ឋ​កាន់​តែ​ច្រើន​គាំទ្រ​ផ្លែឈើ​នៅ​ក្នុង​ស្រុក កាត់​បន្ថយ​ការ​បរិភោគ​បន្លែ​ផ្លែ​ឈើ​នាំ​ពី​ក្រៅ​ប្រទេស នឹង​អាច​បង្កើត​មុខ​របរ​ដល់​កសិករ​ខ្មែរ​បន្ថែម​ទៀត និង​កាត់​បន្ថយ​ការ​ប៉ះពាល់​សុខភាព ដោយសារ​តែ​ផ្លែឈើ​នាំចូល​អាច​គេ​ប្រើ​ជីគីមី​ច្រើន​ជាដើម។

កសិករ​ដាំ​ស្រកានាគ នៅ​ឃុំ​រអាង ស្នើ​ឱ្យ​ពលរដ្ឋ​នាំគ្នា​គាំទ្រ​ផ្លែឈើ​របស់​ខ្មែរ​ឱ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​បង្កើត​ការងារ​ដល់​ពួកគាត់។ កសិករ​លើក​ឡើង​ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​គាំទ្រ​ផលិតផល​កសិកម្ម​នៅ​ក្នុង​ស្រុក ពិសេស​បន្លែ​ផ្លែឈើ​ដែល​គ្មាន​សារធាតុ​គីមី គឺ​មិន​ត្រឹម​ជួយ​បង្កើត​មុខ​របរ​ដល់​ពួកគាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ផ្នែក​មួយ​ជួយ​ដល់​សុខភាព​របស់​ខ្លួន​ឯង​ដែរ។

ម្ចាស់​ចម្ការ​ស្រកានាគ នៅ​ឃុំ​រអាង លោក ផុន ភឿន មាន​ប្រសាសន៍​ថា របរ​នេះ​ជួយ​លើក​កម្ពស់​ជីវភាព​របស់​​ពួកគាត់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ល្អ​ជាង​ធ្វើ​ចំណាក​ស្រុក​ឆ្ងាយ​ដែល​ប្រឈម​នឹង​ហានិភ័យ​ការងារ និង​រក​ប្រាក់​ចំណូល​មិន​សូវ​បាន​ច្រើន។ លោក​បន្ត​ថា បញ្ហា​ទីផ្សារ គឺ​មិន​មាន​អ្វី​ចោទ​ឡើង​ទេ ព្រោះ​មាន​ម៉ូយ​មក​យក​ដល់​កន្លែង និង​មាន​ពលរដ្ឋ​ក្នុង​ស្រុក​នាំ​គ្នា​ទិញ​យក​ទៅ​បរិភោគ​លក្ខណៈ​គ្រួសារ ដោយសារ​ពួកគាត់​យល់​ថា ជា​ផ្លែឈើ​ដែល​មិន​មាន​ប្រើ​ថ្នាំ ឬ​ជី​គីមី ពោល​គឺ​ប្រើប្រាស់​ជីលា​មក​សត្វ​គោក្របី​តែប៉ុណ្ណោះ។ យ៉ាង​នេះ​ក្ដី លោក​ថា ដំណាំ​ប្រភេទ​នេះ​អាច​មាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ៖ «ខាង​ក្រោម​ត្រូវ​ការ​សំអាត​កុំ​ឱ្យ​មាន​ស្មៅ។ យើង​ត្រូវ​ការ​ជួល​កម្មករ​ចម្រាស​វា ព្រោះ​ស្រកានាគ​ឫស​នៅ​ខាង​លើ អ៊ីចឹង​វា​ត្រូវ​ការ​ជញ្ជក់ ឬ​ប៉ះពាល់​សត្វល្អិត​ដែរ»

កសិករ​ដដែល​រៀបរាប់​ថា វិធី​ដាំ​ស្រកានាគ គឺ​គេ​ត្រូវ​យក​កូន​ដែល​កាត់​ចេញ​ដើម​ស្រកានាគ​ចាស់​មក​ផ្សាំ ដុះ​ប្រវែង ៥​ហ៊ុន ឬ ១​តឹក ទើប​យក​ទៅ​ដាំ​បាន។ វិធី​ដាំ​បន្ត គេ​ត្រូវ​ដាំ​បង្គោល ឬ​ជន្លង់​ជាមុន ដែល​ជា​ប្រភេទ​បង្គោល​មាំ និង​ធន់​បាន​យូរ​អង្វែង ជៀសវាង​បាក់​នៅ​ពេល​ស្រកានាគ​លូតលាស់​ល្អ។ ចំណែក​ផ្នែក​ខាង​លើ គេ​ត្រូវ​ចោះ​បង្គោល និង​ដាក់​ដែក​រឹង​មាំ​ទំហំ ១៤ ទៅ ១៦ លី ខ្វែង​ជា ៤​ជ្រុង កម្ពស់​ពី​ដី​ប្រហែល ១​ម៉ែត្រ​កន្លះ ទៅ ១​ម៉ែត្រ ៧​តឹក ហើយ​ដាក់​សំបក​កង់​ម៉ូតូ​សម្រាប់​ដើម​ស្រកានាគ​វារ​លើ។ លោក​បញ្ជាក់​ថា ក្នុង​មួយ​គុម្ព ត្រូវ​ដាំ​បី​កូន ប៉ុន្តែ​បើ​ល្អ​គឺ​ដាំ​ចំនួន​បួន​កូន ហើយ​ចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ ប្រវែង​ប្រមាណ ២​ម៉ែត្រ ទៅ ៣​ម៉ែត្រ។

ចាប់ពី​ពេល​ដាំ​កូន​ផ្សាំ​រួច ស្រកានាគ​នឹង​ផ្ដល់​ផល​ក្នុង​រយៈពេល ១​ឆ្នាំ។ រដូវ​កាល​ស្រកានាគ​ផ្ដល់​ផល​គឺ​នៅ​ក្នុង​រដូវវស្សា ពោល​គឺ​ជា​រដូវភ្លៀង​ធ្លាក់។

​កសិករ​ដាំ​ស្រកានាគ​ប្រមាណ ៤០០​គុម្ព​រូប​នេះ បន្ថែម​ថា ក្នុង​មួយ​រដូវ ផ្ដល់​ផល​បាន​ចំនួន​ប្រហែល ២​តោន ឬ​លើស​ពី​នេះ អាស្រ័យ​ទៅ​លើ​ផ្លែ​ច្រើន ឬ​តិច ហើយ​ក្នុង​មួយ​គីឡូក្រាម​លក់​បាន​តម្លៃ ៦​ពាន់​រៀល។ លោក​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​គាំទ្រ​បន្លែ​ផ្លែ​ឈើ​ក្នុង​ស្រុក​បន្ថែម​ទៀត ដើម្បី​សុខភាព​ផ្ទាល់ខ្លួន និង​ជួយ​ដល់​ជីវភាព​កសិករ៖ «ខ្ញុំ​សំណូមពរ​ថា បើ​ខ្មែរ​យើង​ងាក​មក​ទិញ​ផលិតផល​នៅ​ក្នុង​ស្រុក​របស់​យើង​គឺ​ល្អ ព្រោះ​វា​អត់​មាន​ជាតិគីមី»

ផ្លែ​ស្រកានាគ ៨៥៥ ២០១៧
ចម្ការ​ស្រកានាគ​របស់​កសិករ​នៅ​ភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ រូបថត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Saut Sokprathna RFA/Saut Sokprathna

ពលរដ្ឋ​មួយ​រូប​នៅ​ឃុំ​ទ្រាន ដែល​ឆៀង​ចូល​ទិញ​ផ្លែ​ស្រកានាគ​ផ្ញើ​ប្រពន្ធ​កូន លោក អឿន បញ្ញា អះអាង​ថា លោក​តែងតែ​ចូល​ទិញ​ផ្លែ​ស្រកានាគ​ពី​កសិករ​នៅ​ឃុំ​រអាង ព្រោះ​ជា​របស់​ធម្មជាតិ ដឹង​ប្រភព​ច្បាស់លាស់ និង​ធានា​សុខភាព​ជាង​ផ្លែឈើ​នៅ​តាម​ទីផ្សារ។ ជាង​នេះ​ទៀត រស់​ជាតិ​ស្រកានាគ​របស់​កសិករ ផុន ភឿន គឺ​ឆ្ងាញ់ ផ្អែម ហើយ​ជា​ប្រភេទ​សាច់​ពណ៌​ស្វាយ ដែល​ប្រពន្ធ និង​កូន​លោក​ចូលចិត្ត​ពិសា​ផង៖ «ចំពោះ​ខ្ញុំ ខ្ញុំ​ចង់​ឱ្យ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស គាំទ្រ ផលិតផល​របស់​ខ្មែរ ផលិតផល​កសិកម្ម ឬ​ដំណាំ​ហូប​ផ្លែ​អ៊ីចឹង គឺ​ខ្ញុំ​ចង់​ឱ្យ​គាំទ្រ​ឱ្យ​ច្រើន​ជាង​មុន»

ប្រភព​ដដែល​អះអាង​ថា នឹង​បន្ត​គាំទ្រ​ផលិតផល​កសិកម្ម​របស់​ខ្មែរ ពិសេស​បន្លែ ផ្លែ​ឈើ​គ្រប់​ប្រភេទ​បន្ត​ទៀត បើ​ទោះ​បី​ជា​ពេល​ខ្លះ​តម្លៃ​អាច​លើស​ផលិតផល​នាំ​ចូល​ក៏ដោយ ពីព្រោះ​ការ​ផលិត​អាច​ប្រើ​ដើម​ទុន​ច្រើន​ផលិតផល​នាំចូល។

​មន្ត្រី​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ចាម ដែល​តែង​ទៅ​ទិញ​ផ្លែ​ស្រកានាគ​ពី​កសិករ​នៅ​ឃុំ​រអាង​បរិភោគ លោក មាន ព្រហ្មមុនី មាន​ប្រសាសន៍​ថា មូលហេតុ​លោក​តែងតែ​ទិញ​ផ្លែឈើ​របស់​កសិករ​ខ្មែរ​បរិភោគ ទី​មួយ​ជា​គំរូ​ដល់​យុវជន និង​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត ជួយ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក។ បន្ថែម​ពី​នេះ ជួយ​ផ្ដល់​តម្លៃ និង​បង្កើត​មុខ​របរ​ដល់​កសិករ​ខ្មែរ​ឱ្យ​មាន​ការងារ​ធ្វើ​កាន់​តែ​ច្រើន និង​ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​តែម្ដង៖ «ឱ្យ​គាត់​មាន​លទ្ធភាព​ថា លក់​តែ​ក្នុង​ស្រុក​ក៏​បាន​ដែរ បើ​សិន​យើង​នាំ​គ្នា​ទប់ស្កាត់ ហើយ​បញ្ឈប់​ប្រើប្រាស់​អាហារ​ណា​ដែល​វា​ប៉ះពាល់ ឬ​ផលិតផល​ណា​ដែល​វា​ប៉ះពាល់​ដល់​សុខភាព។ វា​មាន​សារធាតុ​គីមី វា​ធ្វើ​ឱ្យ​ខូច​ក្រពះ ពោះវៀន គ្រឿង​ក្នុង»

របាយការណ៍​របស់​រាជរដ្ឋាភិបាល​ជា​ទូទៅ​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា ប្រមាណ ៨៥​ភាគរយ​ជា​កសិករ ធ្វើ​ស្រែ និង​ចម្ការ។ ប៉ុន្តែ​បច្ចុប្បន្ន បន្លែ ផ្លែឈើ ត្រី សាច់ គឺ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ក្នុង​មួយ​ថ្ងៃៗ​រាប់​រយ​តោន សូម្បី​គល់​ស្លឹកគ្រៃ ក៏​ត្រូវ​នាំ​ចូល​ក្នុង​មួយ​ថ្ងៃ​រាប់​សិប​តោន​ដែរ។ ផលិតផល​ក្រៅ​ស្រុក​មួយ​ចំនួន​ដូចជា បន្លែ ផ្លែឈើ ត្រី​សាច់ គេ​អាច​រក្សា​ទុក​ជា​ច្រើន​ថ្ងៃ ហើយ​មាន​សេចក្ដី​រាយការណ៍​ជា​បន្តបន្ទាប់​ថា ផលិតផល​ទាំង​នោះ​ផ្ទុក​សារធាតុ​គីមី​បណ្ដាល​ឱ្យ​ខូច​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត​ផង។

បញ្ហា​នេះ មន្ត្រី​សិទ្ធិមនុស្ស​មើល​ឃើញ​ថា បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ផលិតផល​ក្នុង​ស្រុក​យ៉ាង​ខ្លាំង។ ជាក់ស្ដែង ត្រី ជ្រូក បន្លែ ផ្លែឈើ​របស់​កសិករ​ខ្មែរ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​នៅ​ពេល​បច្ចុប្បន្ន ដោយសារ​តែ​ទំនិញ​ក្រៅ​ប្រទេស​នាំ​ចូល​ច្រើន​ពេក។

ជាង​នេះ​ទៀត​លោក​ថា ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ចំណី​អាហារ​ពី​សំណាក់​អាជ្ញាធរ​នៅ​មិន​ទាន់​បាន​ត្រឹមត្រូវ ធ្វើ​ឱ្យ​បន្លែ ផ្លែឈើ ត្រី សាច់ ដែល​ផ្ទុក​សារ​ធាតុគីមី​មួយ​ចំនួន​អាច​វាយ​លុក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា បាន។ ករណី​នេះ មិន​ត្រឹម​ត្រូវតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ។

លោក​បន្ត​ថា ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា និង ស្តារ​ជីវភាព​កសិករ ម្យ៉ាង​ដើម្បី​ថែរក្សា​សុខភាព​ខ្លួន​ឯង​ផង ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ត្រូវ​ចូលរួម​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​ឱ្យ​បាន​កាន់​តែ​ច្រើន ហើយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទំនិញ​នាំ​ចូល ពិសេស​ផលិតផល​ទាំង​ឡាយ​ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ និង​មាន​សារធាតុ​គីមី​ដែល​អាច​បំផ្លាញ​ដល់​សុខភាព​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល