អ្នក​ជំនាញ​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​បើ​ការ​បោះឆ្នោត​មិន​ប្រាកដ​ប្រជា

ដោយ អាស៊ីសេរី
2017-10-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Tin Zakariya

អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​លើក​ឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​កាន់តែ​ធ្លាក់​ចុះ​ទៀត បើ​សិន​ជា​ស្ថានភាព នយោបាយ របស់​កម្ពុជា​មិន​មាន​ភាព​ប្រសើរ​ឡើងវិញ ដោយសារ​តែ​អ្នក​វិនិយោគ​មិន​ហ៊ាន​វិនិយោគ បន្ថែម និង​រដ្ឋាភិបាល​មិន​ទាន់​មាន​គោលនយោបាយ​អភិវឌ្ឍន៍​កសិកម្ម​ឲ្យ​បាន​ច្បាស់​លាស់។

ការ​ពន្យល់​របស់​អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​នេះ ធ្វើឡើង​នៅ​ក្រោយ​ពេល​ធនាគារ​ពិភពលោក World Bank បាន​ចេញ​របាយការណ៍​ព្យាករណ៍​សេដ្ឋកិច្ច​ឆ្នាំ​២០១៧ បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ បើ ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦។

ធនាគារ​ពិភព​លោក​បាន​ចេញ​របាយការណ៍​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន​ធ្លាក់​ចុះ មក​នៅ​ត្រឹម​៦,% ក្នុង​ឆ្នាំ​២០១៧ បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ កំណើន​សេដ្ឋកិច្ច​នេះ​គឺ៧%

នៅ​ក្នុង​របាយការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៤ មិថុនា បាន​លើក​ពី​ហេតុផល​កំណើន​សេដ្ឋកិច្ច​ថយ ចុះ​តិច​តូច​នេះ គឺ​ការនាំចេញ​វាយនភណ្ឌ​មានការ​ថយ​ចុះ ខណៈ​ដែល​ការ​នាំចេញ​គ្រឿងយន្ត បរិក្ខារ និង​គ្រឿងបន្លាស់​អគ្គិសនី​មានការ​កើន​ឡើង។

ហានិភ័យ​ដែល​អាច​ធ្វើ​ឲ្យ​លទ្ធផល​ជាក់ស្ដែង​ទាប​ជាង​អ្វី​ដែល​ព្យាករណ៍​ក្នុង​ទស្សន​វិស័យ​នេះ មាន​ដូចជា ការ​ថមថយ​ល្បឿន​យ៉ាង​គំហុក​នៃ​សេដ្ឋកិច្ច​ប្រទេស​ចិន និង​ភាព​មិន​ប្រាកដ​ប្រជា​ដែល អាច​កើតមានឡើង​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត។

អ្នក​ជំនាញ​ផ្នែក​កសិកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​បណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍​ថា វិស័យ​កសិកម្ម​ជា​ផ្នែក​មួយ​ដ៏​ធំ ក្នុង​ការ​ជួយ កំណើន​សេដ្ឋកិច្ច​ជាតិ ប៉ុន្តែ​កំណើន​ពី​វិស័យ​កសិកម្ម​បាន​ប្រមាណ​ជាង​៣០% ទេ ដែល​កំណើន​នេះ នៅ​តិច​នៅឡើយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​២ ខែ​មីនា ថា តាម​ការ​ព្យាករ​នៅ​ឆ្នាំ​២០១៧ សេដ្ឋកិច្ច​កម្ពុជា អាច​សម្រេច​បាន​ក្នុង​រង្វង់​៧% ក្នុង​នោះ​កំណើន ក្នុង​វិស័យ​កសិកម្ម​រំពឹង​ថា នឹង​ល្អ​ប្រសើរ​ឡើង​បន្តិច ចំពោះ​កំណើន​នៃ​វិស័យ​កាត់ដេរ​នឹង​រើប​ឡើង​ជាង​ឆ្នាំ​២០១៦ ដោយឡែក​វិស័យ​សំណង់ និង​អចលនវត្ថុ នឹង​បន្ត​ថមថយ​ដោយមាន​ការ​កែ​តម្រូវ​នូវ​ស្ថានភាព​ឥណទាន និង​ការ​ផ្គត់ផ្គង់។

ប្រធាន​សមាគម​អ្នកសេដ្ឋកិច្ច​កម្ពុជា លោក ច័ន្ទ សុផល ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា កំណើន​សេដ្ឋកិច្ច​នឹង​ឈាន​ទៅ​ដល់ ៧% តាម​ការ​ព្យាករ​ទុក​បាន លុះណាតែ​ប្រទេស​មាន​ស្ថិរភាព​នយោបាយ​ក្នុងអំឡុងពេល​បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។ សម្រាប់​ឆ្នាំ​២០១៨​វិញ ធនាគារ​ពិភពលោក​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​មិន​កើន​ដល់​៧%​នោះ​ទេ គឺ​កំណើន​នេះ​ប្រមាណ​៦,%

របាយការណ៍​របស់​ធនាគារ​ពិភពលោក​ដដែល ឲ្យ​ដឹង​ថា ដោយសារ​ប្រាក់​ឈ្នួល​មានការ​កើន​ឡើង ហើយ​តម្លៃ​ផលិតផល​នៃ​ការនាំចេញ​មានការ​ថយ​ចុះ ហើយ​កំណើន​នៃ​ការនាំចេញ​ផលិតផល​វាយនភណ្ឌ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​៥,% ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុង​រយៈពេល ដូចគ្នា​គឺ​មាន​ចំនួន​៨,%

ការ​ថយ​ចុះ​នៃ​ចំណូល​ពី​វិស័យ​វាយនភណ្ឌ និង​សំណង់ អាច​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រក​ចំណូល របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដោយសារ​ចំនួន​ម៉ោង​ធ្វើការ​បន្ថែម ឬ​ចំនួន​ថ្ងៃ​ធ្វើការ​បន្ថែម​អាច​មាន​ការ ថយ​ចុះ។

ទោះបីជា​យ៉ាង​នេះ​ក្ដី លោក បណ្ឌិត យ៉ង សាំងកុមារ បន្ថែម​ថា វិស័យ​វាយនភណ្ឌ មិនមែន​ជា​ប្រភព​ចំណូល​លើកស្ទួយ សេដ្ឋកិច្ច​ខ្លាំង​នោះ​ទេ គឺ​វិស័យ​កសិកម្ម​មាន​សក្ដានុពល​ខ្លាំង​ជាង ប៉ុន្តែ​វិស័យ​កសិកម្ម មិន​ត្រូវ​បាន​រដ្ឋាភិបាល​មាន​វិធានការ​ប្រាកដប្រជា​នៅឡើយ ដើម្បី​ពង្រឹង​វិស័យ​នេះ ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ច​ជាតិ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លើក​ឡើង​ថា ស្ថានភាព​នយោបាយ​មិនល្អ​នា​ពេល​បច្ចុប្បន្ន​នេះ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​អាច​កាន់តែ​ធ្លាក់​ចុះ​ថែមទៀត ដោយសារ​បាត់បង់​អ្នក​វិនិយោគ។ ហើយ​ការរំលោភ​សិទ្ធិមនុស្ស​កើតមានឡើង​នៅ​ក្នុង​សង្គម ការ​ចាប់ចង​មេ​បក្ស​ប្រឆាំង មិនមែន​ជា​បរិយាកាស​នយោបាយ​ល្អ​សម្រាប់​អ្នក​វិនិយោគ​នោះ​ទេ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរា មាន​ប្រសាសន៍​ថា លោក​ព្រួយ​បារម្ភ នៅ​ពេល​ស្ថានភាព​នយោបាយ​មិនទាន់​ទៅ​រក​ភាព​ប្រក្រតី​ឡើងវិញ ពិសេស​រដ្ឋាភិបាល​កម្ពុជា អាច រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​កាន់​តែ​ខ្លាំង​ឡើង ពិសេស​សហគមន៍​អឺរ៉ុប ដែល​ទីផ្សារ​វិស័យ​វាយនភណ្ឌ របស់​កម្ពុជា​គឺ​ពឹងផ្អែក​យ៉ាង​ខ្លាំង​នៅ​សហគមន៍​អឺរ៉ុប​នេះ។

លោក​បន្ថែម​ថា បើសិនជា​សហគមន៍​អឺរ៉ុប បិទ​ទីផ្សារ​កម្ពុជា នៅ​ពេល​នោះ​កម្ពុជា​នឹង​មាន​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​ថែមទៀត គឺ​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​ពលរដ្ឋ​ឥត​ការងារ​ធ្វើ​កាន់តែ​កើន​ឡើង។

ការនាំចេញ​គ្រឿង​បរិក្ខារ និង​គ្រឿងបន្លាស់​អគ្គិសនី​មានការ​កើន​ឡើង ដែល​ជួយ​កាត់កង​នៃ​ការ​ធ្លាក់​ចុះ​កំណើន​នាំចេញ​ផលិតផល​វាយនភណ្ឌ​បាន​បាន​មួយ​ផ្នែក។ ចំពោះ​វិស័យ​ទេសចរ​វិញ បន្ត​កើន​ឡើង​ពី​៥% នៅ​ឆ្នាំ​២០១៦ កើន​ដល់​ជាង​១៨%​ក្នុង​រយៈពេល ៦​ខែ ដំបូង​នៅ​ឆ្នាំ​២០១៧។

នៅ​ក្នុង​របាយការណ៍​នេះ ក៏​លើក​ពី​ភាព​ចាំបាច់​ត្រូវ​មាន​វិធានការ​កាត់បន្ថយ​ផល​ប៉ះពាល់ ដើម្បី​ជួយ គាំទ្រ​ដល់​គ្រួសារ​នៅ​តាម​តំបន់​ជនបទ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​តម្លៃ​កសិផល​ធ្លាក់​ចុះថោក។ លើស​ពី​នេះ ក៏​ត្រូវ​មានការ​ពិនិត្យ​តាមដាន​ឲ្យ​បាន​ល្អិតល្អន់​លើ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន ដែល​អាច​កើត​មាន​ឡើង ដោយសារ​ការ​ធ្លាក់​ចុះ​វិស័យ​វាយនភណ្ឌ និង​សំណង់។

ការអនុវត្ត​ដោយ​ជោគជ័យ​នោះ​គឺ ត្រូវ​មាន​សសរស្ដម្ភ​សំខាន់​ចំនួន​ពីរ ទី​១ ជំនួយ​សង្គម ទី​២ សន្តិសុខ​សង្គម ដែល​បាន​ដាក់​ចេញ​ក្រោម​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​ស្ដីពី កិច្ច​គាំពារ​សង្គម​ឆ្នាំ​២០១៦ ឆ្នាំ​២០២៥ នឹង​ជួយ​ការពារ​គ្រួសារ​ដែល​រស់​នៅ​តាម​តំបន់​ជនបទ មិន​ឲ្យ​ធ្លាក់​ចូល​ទី​ក្នុង​ភាព​ក្រីក្រ ឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល