កសិករ​នៅ​ស្រុក​មេមត់​បារម្ភ​អំពី​ដំណាំ​ម្រេច​បន្ត​ងាប់​ដោយ​មិន​មាន​វិធានការ​ទប់ស្កាត់

ដោយ​ សូត សុខប្រាថ្នា
2017-09-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ចម្ការ​ម្រេច​របស់​ប្រជាកសិករ​នៅ​ឃុំ​ទ្រាក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ងាប់​ជា​បន្តបន្ទាប់ ដោយ​ពលរដ្ឋ​ថា​មក​ពី​ជំងឺ​ផ្សិត។ រូបថត​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៧
ចម្ការ​ម្រេច​របស់​ប្រជាកសិករ​នៅ​ឃុំ​ទ្រាក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ងាប់​ជា​បន្តបន្ទាប់ ដោយ​ពលរដ្ឋ​ថា​មក​ពី​ជំងឺ​ផ្សិត។ រូបថត​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៧
Photo provided

ប្រជា​កសិករ​ដាំ​ដំណាំ​ម្រេច នៅ​ឃុំ​ទ្រាក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បារម្ភ​ខ្លាច​ម្រេច​របស់​ពួកគាត់​បន្ត​ងាប់​ថែម​ទៀត។ ក្តី​បារម្ភ​នេះ ក្រោយ​ពេល​ដំណាំ​ម្រេច​របស់​អ្នក​ភូមិ​ងាប់​ជា​បន្ត​បន្ទាប់ ដោយ​មិន​ទាន់​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​ថា នឹង​ធ្វើ​របាយការណ៍​នេះ​បញ្ជូន​ទៅ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​ដើម្បី​ចាត់​វិធានការ​ជូន​កសិករ។

កសិករ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន ដោយសារ​ដំណាំ​ម្រេច​ចេះតែ​បន្ត​ងាប់ ដូចជា​ចំណូល​ត្រូវ​ធ្លាក់​ចុះ ហើយ​ត្រូវ​ជំពាក់​បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​មាន​កសិករ​ខ្លះ​សម្រេច​ឈប់​ដាំ​ដំណាំ​ប្រភេទ​នេះ​ទៀត​ផង។ កសិករ​ដែល​បាន​ដាំ​ម្រេច​ឡើង​វិញ​មួយ​ចំនួន ចេះ​តែ​ព្រួយ​បារម្ភ​ខ្លាច​ម្រេច​ពួកគាត់​នឹង​ឆ្លង​រាលដាល​ងាប់​ទៀត ព្រោះ​កសិករ​មិន​ទាន់​មាន​វិធានការ​ទប់ស្កាត់​បាន​ទាំង​ស្រុង​ទេ។

កសិករ​នៅ​ឃុំ​ទ្រាក លោក មុំ រ៉ុម មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ម្រេច​របស់​លោក​ចំនួន​ជិត ១​ពាន់​ជន្លង់ គឺ​ងាប់​អស់​ជាង​ពាក់​កណ្ដាល​ហើយ ដោយសារ​ជំងឺ​ម្យ៉ាង​ដែល​កសិករ​ហៅ​ថា ជំងឺ​ផ្សិត។ លោក​ថា រយៈពេល​ចាប់​ផ្ដើម​ងាប់​តាំង​ពី​ខែ​មេសា មក ហើយ​ពួកគាត់​រិះរក​វិធី​ផ្សេងៗ ដើម្បី​ទប់ស្កាត់ និង​ការពារ​ដែរ ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​ឡើយ គួបផ្សំ​នឹង​កសិករ​មិន​សូវ​មាន​បច្ចេកទេស​ច្បាស់លាស់​ផង ហើយ​ជំងឺ​ប្រភេទ​នេះ​ឆ្លង​យ៉ាង​រហ័ស​ទៀត​ផង។ កសិករ​ដដែល​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ម្រេច​ពួកគាត់​ងាប់​ជា​បន្តបន្ទាប់​ក៏ដោយ ប៉ុន្តែ​មិនដែល​មាន​មន្ត្រី​ជំនាញ​ណា​ចុះ​ណែនាំ​ពី​វិធី​បង្ការ​ដល់​កសិករ​ទេ៖ «ចង់​ឱ្យ​គេ​អ្នក​ចេះ​ដឹង​ខាង​កសិកម្ម​ហ្នឹង ចុះ​មក​ពន្យល់​កសិករ​ហ្នឹង​ឱ្យ​បាន​ចេះ​ដឹង​គ្រប់ៗ​គ្នា»

​មិន​ខុស​គ្នា​នេះ សមាជិក​ភូមិ និង​ជា​ប្រធាន​សហគមន៍​កសិកម្ម​ដំណាំ​ម្រេច​ធម្មជាតិ​ទ្រាក មេមត់ លោក ញឹម សេងហាន បញ្ជាក់​ថា ដំណាំ​ម្រេច​របស់​កសិករ​នៅ​ឃុំ​ទ្រាក ងាប់​ជា​បន្តបន្ទាប់​ប្រាកដ​មែន។ បញ្ហា​នេះ​លោក​បារម្ភ​ខ្លាច​ឆ្លង​រាលដាល​មក​ប៉ះ​លើ​ចម្ការ​របស់​លោក​ម្ដង​ទៀត ដោយ​លោក​អះអាង​ថា ម្រេច​របស់​លោក​ងាប់​ជាប់​គ្នា​ពីរ​ឆ្នាំ គឺ​ឆ្នាំ​២០១៥ និង​២០១៦ អស់​ជាង ២​ពាន់​ជន្លង់។

លោក​មើល​ឃើញ​ថា នៅ​ពេល​ដំណាំ​ម្រេច​ខូចខាត កសិករ​ខ្លះ​ត្រូវ​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ពីព្រោះ​ពួកគាត់​មួយ​ចំនួន​បាន​ខ្ចី​បុល​ប្រាក់​ពី​គ្រឹះស្ថាន​ដើម្បី​ពង្រីក​មុខរបរ​របស់​ខ្លួន។ ដើម្បី​ការពារ​ម្រេច​របស់​ខ្លួន​ដែល​ដាំ​លើក​ក្រោយ កសិករ​រូប​នេះ​ក៏​បាន​អនុវត្ត​វិធី​បែប​ធម្មជាតិ​មួយ​ចំនួន​ដែរ៖ «ខ្ញុំ​បញ្ចៀស​ទឹក ហើយ​មិន​សូវ​ប្រើប្រាស់​ថ្នាំ ជី ប៉ុន្មាន​ទេ ដោយ​មើល​ឃើញ​ថា វា​ជួប​ប្រទះ​បែប​ហ្នឹង»

ពលរដ្ឋ​នៅ​ឃុំ​ទ្រាក មាន​ចំនួន​ជាង ១​ពាន់​គ្រួសារ ហើយ​មាន​ពលរដ្ឋ​ប្រមាណ ៧០​ភាគរយ នាំ​គ្នា​ប្រកប​មុខ​របរ​ដាំ​ដំណាំ​ម្រេច។

មេ​ឃុំ​ទ្រាក លោក ស៊ូ យ៉េន មាន​ប្រសាសន៍​ថា ខាង​លោក​នឹង​ចុះ​ស្រង់​ទិន្នន័យ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់​ខេត្ត​តាម​រយៈ​អាជ្ញាធរ​ស្រុក និង​ដើម្បី​ស្នើ​សុំ​មន្ត្រី​ជំនាញ​ជួយ​អន្តរាគមន៍​ដល់​កសិករ​ជុំវិញ​ករណី​នេះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ លោក ហេង ពិសេដ្ឋ បាន​ទេ នៅ​ថ្ងៃ​ទី​៣១ សីហា។

​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ និង​ជា​អ្នក​ដាំ​ម្រេច​ផង​នោះ លោក ស៊ូ យាន បញ្ជាក់​ថា ម្រេច​របស់​លោក​ប្រមាណ ២​ពាន់​ជន្លង់​ងាប់​ជា​ហូរហែ ចាប់​តាំង​ពី​ឆ្នាំ​២០១៦ អស់​ជាង​ពាក់​កណ្ដាល​ហើយ។ លោក​ធ្លាប់​បាន​លើក​ឡើង​អំពី​បញ្ហា​នេះ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ដោយ​ទទួល​បាន​ចម្លើយ​តប​វិញ​ថា មូលហេតុ​ម្រេច​ងាប់​ព្រោះ​កសិករ​ដាំ​ខុស​បច្ចេកទេស ប៉ុន្តែ​ពួកគេ​មិន​ធ្លាប់​ណែនាំ​កសិករ​ថា ត្រូវ​ដាំ​របៀប​ណា​ទើប​ត្រូវ​តាម​បច្ចេកទេស​នោះ​ទេ៖ «ភាគ​ច្រើន​ពួកគាត់​មាន​ទុន​ធ្វើ​ម្រេច​ហ្នឹង​គឺ​ដោយសារ​ខ្ចី​ធនាគារ​យក​មក​ប្រើប្រាស់ ប៉ុន្តែ​មក​ទល់​ពេល​នេះ ខ្ចី​ធនាគារ​ដាំ​មិន​ទាន់​បាន​ផល​ផង​ពួកគាត់​ជួប​គ្រោះ​ដោយសារ​ម្រេច​ងាប់»

កសិករ​ដាំ​ម្រេច​នៅ​ស្រុក​មេមត់ ក្រៅ​ពី​ប្រឈម​បញ្ហា​ម្រេច​ងាប់​ហើយ ពួកគេ​ត្រូវ​ប្រឈម​ចំពោះ​បញ្ហា​តម្លៃ​ម្រេច​ចុះថោក​ថែម​ទៀត។ កាល​ពី​ឆ្នាំ​២០១៥ និង​ដើម​ឆ្នាំ​២០១៦ តម្លៃ​ម្រេច​ក្នុង​មួយ​គីឡូក្រាម កសិករ​លក់​បាន​ជាង ៤​ម៉ឺន​រៀល ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​ម្រេច​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​តម្លៃ ១.៥០០០​រៀល​ប៉ុណ្ណោះ ក្នុង​១​គីឡូក្រាម។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន កត់សម្គាល់​ថា នៅ​ពេល​ម្រេច​ងាប់​ច្រើន កសិករ​នាំ​គ្នា​ប្រើ​ថ្នាំ​ផ្សេងៗ ដើម្បី​ទប់ទល់ ប៉ុន្តែ​ភាគច្រើន​ជា​ការ​ធ្វើ​តាម​គ្នា គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​ឡើយ។ លោក​ស្នើ​ឱ្យ​មន្ត្រី​កសិកម្ម គប្បី​ចុះ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់ និង​ផ្ដល់​ជា​ដំណោះស្រាយ​ជូន​កសិករ។ លោក​មើល​ឃើញ​ថា កសិករ​នៅ​ស្រុក​មេមត់ ជួប​បញ្ហា​ប្រឈម​ច្រើន​ដូចជា​បញ្ហា​តម្លៃ​កសិផល​ថោក ជំពាក់​បំណុល​ធនាគារ ដំណាំ​រង​ការ​ខូចខាត​ជា​បន្តបន្ទាប់។ បញ្ហា​ទាំង​នេះ ប្រសិនបើ​រាជរដ្ឋាភិបាល ពិសេស​មន្ត្រី​ជំនាញ​មិន​អាច​ជួយ​ដោះស្រាយ​បាន កសិករ​អាច​នឹង​បោះ​បង់ចោល​របរ​កសិកម្ម ហើយ​ចំណាក​ស្រុក​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល