លោក ហ៊ុន សែន សន្យា​ថា​ប្រាក់​ខែ​គ្រូ​បង្រៀន​នឹង​កើន​ជាង​១លាន​រៀល​ចាប់​ពី​ឆ្នាំ២០១៨

ដោយ អាស៊ីសេរី
2017-10-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
គ្រូបង្រៀន​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​លើក​ទី​៥០ និង​ទាមទារ​ដំឡើង​ប្រាក់​ខែ ១​លាន ៥​សែន​រៀល នា​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Brach Chev
គ្រូបង្រៀន​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​លើក​ទី​៥០ និង​ទាមទារ​ដំឡើង​ប្រាក់​ខែ ១​លាន ៥​សែន​រៀល នា​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​ថា ប្រាក់​ខែ​គ្រូ​បង្រៀន​នឹង​ដំឡើង​ឲ្យ​បាន​ជាង ១លាន​រៀល​យ៉ាង​តិច ចាប់​ពី​ឆ្នាំ២០១៨​ទៅ។

ស្រប​ពេល​លោក ហ៊ុន សែន អះអាង​ថា​រដ្ឋាភិបាល​អាច​ធ្វើ​បាន និង​មាន​លទ្ធភាព​ដំឡើង​ប្រាក់​ខែ​ដល់​ក្រុម​គ្រូបង្រៀន ប៉ុន្តែ​នៅ​តាម​សាលារៀន​រដ្ឋ​ភាគ​ច្រើន ត្រូវ​រង​ការ​រិះគន់​ថា មាន​អំពើ​ពុករលួយ​ជា​ជា​ខ្លាំង បើ​ទោះ​ជា​លោក ហ៊ុន សែន ព្យាយាម​ដំឡើង​ប្រាក់​បៀវត្ស​ដល់​លោក​គ្រូ-អ្នក​គ្រូ​បែប​នេះ​ក្ដី ក៏​នៅ​តែ​ពុំ​អាច​កាត់​បន្ថយ​បាន​នូវ​ប្រព្រឹត្ត​អំពើ​ពុករលួយ ក្នុង​វិស័យ​អប់រំ​នេះ​បាន​ដែរ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ហៅ​សារ​នយោបាយ របស់​លោក​នាយករដ្ឋមន្ត្រី​នៅ​ពេល​នេះ​ថា​គឺ​គ្រាន់​តែ​ជា​រូបភាព​នយោបាយ ស្វែង​រក​ការ​គាំទ្រ​នៅ​មុន​ការ​​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ២០១៨ នឹង​មក​ដល់​តែ​ប៉ុណ្ណោះ។

ការ​ថ្លែង​ដូច​នេះ​របស់​អ្នក​ស្រី អ៊ុក ឆាយយ៉ាវី ក្នុង​ពេល​ដែល​លោក ហ៊ុន សែន ប្ដេជ្ញា​នៅ​ថ្ងៃ​ទី៥ តុលា សម្រាប់​ទិវា​គ្រូបង្រៀន​ថា ចាប់​ពី​ឆ្នាំ២០១៨​ទៅ ប្រាក់​ខែ​គ្រូ​បង្រៀន​នឹង​ត្រូវ​ដំឡើង​ឲ្យ​បាន​យ៉ាង​តិច១លាន​រៀល។ លោក​នាយករដ្ឋមន្ត្រី រំពឹង​ថា ការ​ព្យាយាម​ដំឡើង​ប្រាក់​ខែ​នេះ អាច​នឹង​ជួយ​ឲ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា កាន់​តែ​មាន​គុណភាព។ លោក ហ៊ុន សែន ថ្លែង​ដោយ​មោនភាព​ថា តាមរយៈ​គោលនយោបាយ ដែល​មាន​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​នេះ គឺ​មាន​ក្រសួង​ចំនួន២ហើយ​របស់​រដ្ឋ បាន​ដើរ​តួនាទី​ក្នុង​ការ​ចាយ​លុយ​ច្រើន​ជាង​គេ​គឺ​ក្រសួង​អប់រំ និង​សុខាភិបាល​នេះ បើ​ប្រៀបធៀប​ទៅ​និង​ក្រសួង​ដទៃ​ទៀត។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ឲ្យ​ដឹង​ថា បច្ចុប្បន្ន ប្រាក់​ខែ​គោល​គ្រូបង្រៀន​ចន្លោះ​ពី ៤០ ទៅ ៨០ម៉ឺនរៀល ក្នុង​មួយ​ខែ។

បើ​ទោះ​ជា​បែប​ណា ស្ថាប័ន​មិនមែន​រដ្ឋាភិបាល ដែល​ឃ្លាំមើល​ដំណើរការ​អប់រំ ចាត់​ទុក​ថា គោលនយោបាយ​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​ឲ្យ​ដល់​ជាង ១លាន​រៀល​ក្នុង​មួយ​ខែ​នេះ នឹង​មិន​អាច​កាត់​បន្ថយ អំពើ​ពុករលួយ ក្នុង​វិស័យ​អប់រំ​បាន​ទេ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នក​ស្រី អ៊ុក ឆាយ៉ាវី យល់​ឃើញ​ថា ការ​សន្យា​ដំឡើង​ប្រាក់​ខែ​ដូច​ដែល​លោក ហ៊ុន សែន អះអាង​នេះ​ទំនង​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ឡើង សម្រាប់​គ្រូ​បង្រៀន ប្រសិន​បើ​ទំនិញ​នៅ​លើ​ទីផ្សារ នៅ​តែ​ឡើង​ខ្ពស់​កប់​ពពក​ដូច​រាល់​ថ្ងៃ​នេះ។

ថវិកា​ជាតិ​ឆ្នាំ​២០១៧ ដែល​គណៈរដ្ឋមន្ត្រី​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ខ្លួន និង​ត្រូវ​បញ្ជូន​ឲ្យ​រដ្ឋសភា​គាំទ្រ​នោះ គឺ​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជិត ៥​ពាន់​លាន​ដុល្លារ​អាមេរិក។ ចំនួន​នេះ​មាន​ការ​កើន​ឡើង បើ​ធៀប​ទៅ​នឹង​ការ​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ​២០១៦ ដែល​មាន​តែ​ជិត ៤​ពាន់​លាន​ដុល្លារ​អាមេរិក។ តួលេខ​នៃ​ការ​ចំណាយ​ច្រើន​ជាង​គេ គឺ​សង្កេត​ឃើញ​ទៅ​លើ​វិស័យ​អប់រំ យោធា និង​សុខាភិបាល។

ថ្លែង​នៅ​សម្រាប់​ទិវា​គ្រូបង្រៀន ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី ៥ តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​ឃើញ​ទិវា​ដែល​លោក​ផ្ដួច​ផ្ដើម​តាំង​ពី​ឆ្នាំ១៩៩៧​នេះ រស់​រវើក​នៅ​ក្នុង​សង្គម​គ្រប់​ជំនាន់។ ជាង​នេះ​ទៀត ប្រធាន​បក្ស​កាន់​អំណាច​រូប​នេះ​យល់​ឃើញ​ថា ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ លោក​ចង់​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​អាយុ​គ្រូ​បង្រៀន​ចូល​និវត្តន៍ អាច​ដល់ ៦៥ឆ្នាំ។ ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា អ្នក​ស្រី អ៊ុក ឆាយ៉ាវី ចាត់​ទុក​ថា នេះ​ជា​វិធី​គាបសង្កត់​កម្លាំង​ពលកម្ម​មនុស្ស​វ័យ​ចំណាស់ ហើយ​ក៏​បិទ​ច្រក​មនុស្ស​ជំនាន់​ថ្មី មិន​ឲ្យ​ងើប​មុខ​រួច​ដែរ។

អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ឃ្លាំមើល​លើ​គោលនយោបាយ​អភិបាលកិច្ច សង្កេត​ឃើញ​ថា ថវិកា​ជាតិ​ដែល​រដ្ឋាភិបាល​ដំឡើង​ជា​រៀងរាល់​ឆ្នាំ​នេះ នៅ​តែ​មិន​ទាន់​អាច​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​ជា​ចាំបាច់​ទៅ​ដល់​មូលដ្ឋាន​បាន​ទេ បើ​ទោះ​ជា​កំណើន​នេះ​កើន​មិន​ឈប់​ឈរ​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អនាមិក

ហ៊ុន សែនមានពុតត្បុតច្រើនណាស់ជិតដល់ពេលបោះ
ឆ្នោតមកដំឡើងប្រាក់ខែឲ្យគ្រូៗ។កាលពីម្ភៃឆ្នាំមុនម៉េចក៏
មិនគិតគូ?បងប្អូនមត្តាកុំឿអាមេបោកប្រាស!

Oct 06, 2017 04:01 PM

គេហទំព័រ​ទាំងមូល