បេក្ខភាព​បវរកញ្ញា​ពិភពលោក​ធ្វើ​ទស្សន​កិច្ច​ខេត្ត​ព្រះសីហនុ​ដើម្បី​ផ្សព្វផ្សាយ​ពី​ទេសចរណ៍

ដោយ អាស៊ីសេរី
2017.11.14
​ឆ្នេរ​សមុទ្រ ព្រះសីហនុ ២០១៤ ៦២២ ស្លាក​សញ្ញា​ឆ្នេរ​សមុទ្រ​ស្អាត នៅ​តំបន់​អូរឈើទាល ក្រុង​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤
Photo: RFA

គណៈប្រតិភូ​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ (Miss Global PAGEANT 2017) ជាង ៦០​ប្រទេស បាន​ធ្វើ​ទស្សនកិច្ច​មក​កាន់​ខេត្ត​ព្រះសីហនុ ដើម្បី​សិក្សា​ស្វែងយល់​ពី​សក្ដានុពល​ទេសចរណ៍ ក្នុង​គោលបំណង​ផ្សព្វផ្សាយ ឲ្យ​ពិភពលោក​ស្គាល់​នា​ថ្ងៃ​អនាគត។

ប្រតិភូ​នៃ​បេក្ខ​នារី​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៧ ជាង ៦០​ប្រទេស បាន​ធ្វើ​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ដើម្បី​ស្វែងយល់​ពី​សក្ដានុពល​ទេសចរណ៍​តំបន់​ឆ្នេរ​ដ៏​ស្រស់​ស្អាត​បង្ហាញ​ពិភពលោក។ ទស្សនកិច្ច​នេះ មានកម្ម​វិធី​ថត​បង្ហាញ​សំលៀកបំពាក់​ងូតទឹក​នៅ​តាម​តំបន់​ឆ្នេរ និង​ថត​បង្ហាញ​ស្លៀក​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ ដើម្បី​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ និង​ផ្សព្វផ្សាយ​អំពី​វប្បធម៌ ប្រពៃណី​ទំនៀម​ទម្លាប់​របស់​កម្ពុជា ឲ្យ​ពិភពលោក​បាន​ស្គាល់​ឲ្យ​បាន​ទូលំទូលាយ។

តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ រំពឹង​ថា នឹង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ​នៅ​ជុំវិញ​ពិភពលោក ឲ្យ​ងាក​មក​ចាប់អារម្មណ៍​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ នា​បណ្ដា​ឆ្នាំ​ខាងមុខ។ លោក​អភិបាល​បញ្ជាក់​ថា ក្នុង​ចំណោម​បេក្ខនារី​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ ជាង ៦០​ប្រទេស ក៏​មាន​បេក្ខភាព​ស្រី​ស្អាត​កម្ពុជា​ចូលរួម​ដែរ៖ «វា​មានន័យ​ពីរ ទី​១ វត្តមាន​របស់​បេក្ខនារី​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៧ បង្ហាញខ្លួន​ខេត្ត​ព្រះសីហនុ​នា​ឱកាស​នេះ អាច​ជា​សារ​បង្ហាញ​ប្រាប់​ពិភពលោក​ថា ប្រទេស​កម្ពុជា មាន​សន្តិភាព និង​មាន​សុវត្ថិភាព​ល្អ​ណាស់ អាច​ឲ្យ​ភ្ញៀវ​ទេសចរ​មកពី​គ្រប់ទិសទី​ចូល​មក​ទស្សនា​សម្រាក​កម្សាន្ត​ទោះ​ក្នុង​រយៈពេល​ឆាប់​ក្ដី ឬ​យូរ​ក្ដី គឺ​មិន​ខុស​បំណង​ទេ​។ ជាពិសេស​អ្នកវិនិយោគទុន​នៅ​លើ​ពិភពលោក អាច​ជ្រើស​យក​ប្រទេស​កម្ពុជា​ជា​ការ​ធ្វើ​ជំនួញ​ជួញដូរ របស់​ពួកគេ ប្រកប​ដោយ​សុវត្ថិភាព។ ទី​២ ខេត្ត​ព្រះសីហនុ មាន​បរិស្ថាន​ខ្យល់អាកាស​ល្អ​ស្អាត អាច​នាំ​ឲ្យ​អ្នក​នៅ​ប្រទេស​ឆ្ងាយៗ ដែល​មិនទាន់​បាន​មក​ឃើញ​ផ្ទាល់​ភ្នែក ហើយ​ធ្លាប់​បាន​ឮ​តែ​គេ​និយាយ​តៗ​គ្នា អំពី​ភាព​ស្រស់​ស្អាត​នៃ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ ដែល​អ្នកខ្លះ​ថា​ល្អ ហើយ​អ្នកខ្លះ​ថា មិន​ល្អ​ហ្នឹង អាច​ឲ្យ​បេក្ខនារី​បវរកញ្ញា ឆ្នាំ​២០១៧ មក​ពី​ជាង ៦០​ប្រទេស​ហ្នឹង ជួយ​បំភ្លឺ ឬ​ជួយ​នាំ​ពាក្យ ទៅ​ជូន​ពួកគាត់​ទាំងនោះ​បាន​ដឹង។ ខ្ញុំ​យល់ថា តាមរយៈ​បេក្ខភាព​បវរកញ្ញា​ពិភពលោក​ជាង ៦០​ប្រទេស ចូល​មក​ទស្សនកិច្ច មូលដ្ឋាន​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ បាន​ផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​ខេត្ត​ព្រះសីហនុ​យើងខ្ញុំ​បាទ»

ស្រដៀង​គ្នា​ដែរ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា ចាត់​ទុក​វត្តមាន របស់​បេក្ខភាព​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៧ បង្ហាញខ្លួន​នា​មូលដ្ឋាន​នេះ នឹង​អាច​ជួយ​ឲ្យ​ភ្ញៀវ​អន្តរជាតិ​ងាក​មក​ចាប់​អារម្មណ៍ និង​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ​ច្រើន​នា​ថ្ងៃ​ខាងមុខ។ ជាង​នេះ ក៏​នឹង​ជួយ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ទេសចរណ៍​កម្ពុជា ឲ្យ​ពិភពលោក​បាន​ស្គាល់​បាន​ទូលំទូលាយ​ថែមទៀត៖ «ខ្ញុំ​រំពឹង​ថា បេក្ខភាព​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ ដែល​បាន​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ​នា​ពេល​នេះ នឹង​ជួយ​អំពាវនាវ​ដល់​វិស័យ​ឯកជន និង​អ្នកវិនិយោគទុន​នៅ​លើ​ពី​ភពលោក ជា​ពិសេស ភ្ញៀវ​ទេសចរ​ទាំងអស់​ចូលរួម​ថែរក្សា​អនាម័យ ឬ​ធនធានធម្មជាតិ​តាម​គោលដៅ​ទេសចរណ៍​នានា មិន​ថា​តែ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​ពិភពលោក​នោះ​ទេ គឺ​ពួកគាត់​នឹង​ជួយ​ផ្សព្វផ្សាយ។ យើង​មាន​មោទនភាព ដែល​បេក្ខភាព​បវរកញ្ញា​ពិភពលោក បាន​ចូល​មក​ទស្សនា ឬ​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​នៅ​ខេត្ត​ព្រះសីហនុ។ តាមរយៈ​នេះ ខ្ញុំ​សង្ឃឹម​ថា ភ្ញៀវ​ទេសចរ​បរទេស​នឹង​កើន​ច្រើន និង​ផ្ដល់​ជា​ប្រយោជន៍​ដល់​ប្រជាជន និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រសើរ​ថែមទៀត​នា​ថ្ងៃ​ខាងមុខ»

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ក៏​បាន​អំពាវនាវ​ដល់​ផ្នែក​ពាក់ព័ន្ធ​ទាំង​មន្ត្រីរាជការ ប្រជាពលរដ្ឋ​ពិសេស​ប្រតិបត្តិ​ករ​ទេសចរ ត្រូវ​រួម​សហការ​គ្នា​ថែរក្សា​បរិស្ថាន​ឆ្នេរ​ទាំង​នៅ​លើ​ដីគោក ឬ​លើ​ដី​កោះ ឲ្យ​មាន​អនាម័យ និង​សោភ័ណភាព​ជា​ប្រចាំ ដើម្បី​រួមចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​បរទេស ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​ថែមទៀត​នា​បណ្ដា​ឆ្នាំ​ខាងមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។