"ដើម្បី​ពង្រឹង​គុណភាព​អប់រំ​ប្រាក់​ខែ​គ្រូ​បង្រៀន​យ៉ាង​តិច​២​លាន​រៀល​ក្នុង​១​ខែ"

ដោយ អាស៊ីសេរី
2017-10-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោកគ្រូ​បង្រៀន​សិស្ស​នៃ​សាលា​បឋម​សិក្សា​ស្រែ​ព្រីង ស្ថិត​ក្នុង​ភូមិ​ត្រពាំងស្ដៅ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ឲ្យ​សរសេរ​ពាក្យ “ធ្លុះ​ធ្លាយ” កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥។
លោកគ្រូ​បង្រៀន​សិស្ស​នៃ​សាលា​បឋម​សិក្សា​ស្រែ​ព្រីង ស្ថិត​ក្នុង​ភូមិ​ត្រពាំងស្ដៅ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ឲ្យ​សរសេរ​ពាក្យ “ធ្លុះ​ធ្លាយ” កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Yang Chandara

ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៧​នេះ គឺជា​ទិវា​គ្រូបង្រៀន​ពិភពលោក។ នៅ​ក្នុង​ឱកាស​នេះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ដាក់​ញត្តិ​តាម​ស្ថាប័ន​រដ្ឋ​សំខាន់ៗ​ចំនួន​បួន ដើម្បី​ស្នើសុំ​ដំឡើង​ប្រាក់ខែ​ជូន​គ្រូបង្រៀន ជា​អប្បបរមា ២​លាន​រៀល។ បើ​តាម​សមាគម​គ្រូបង្រៀន​ការដំឡើង​ប្រាក់ខែ​ជូន​ដល់​គ្រូ​បង្រៀន ជា​ផ្នែក​មួយ​ក្នុង​ការ​ផ្ដល់​តម្លៃ​ឲ្យ​គ្រូបង្រៀន និង​ដើម្បី​ពង្រឹង​គុណភាព​អប់រំ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ រារាំង​ដំណើរការ​ប្រារព្ធ​ជា​ទិវា​គ្រូបង្រៀន​ពិភពលោក ដែល​រៀបចំ​ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ ការរារាំង​នេះ​នៅ​ពេល ក្រុម​គ្រូបង្រៀន​ប្រមាណ​ជាង ២០​នាក់​បាន​ជួបជុំគ្នា​នៅ​រង្វង់​មូល ក្រោម​ដើម​ពោធិ៍​ខាងកើត រមណីយដ្ឋាន​វត្តភ្នំ ដោយ​បង្ហាញ​សារ​ទាមទារ​អោយ​ដំឡើង​ខែ​ជូន​គ្រូបង្រៀន និង​ធ្វើការ​ដង្ហែ​ញត្តិ​ទៅ​ដាក់​ជូន​ស្ថាប័ន​រដ្ឋ​សំខាន់ៗ។ ក្រុម​អាជ្ញាធរ​​មិន​បាន​អោយ​តំណាង​គ្រូបង្រៀន​ដើរ​ហែ​ក្បួន​ឡើយ ដោយ​ចាត់​ឲ្យ​តំណាង​គ្រូបង្រៀន​ចំនួន ៥​នាក់​ប៉ុណ្ណោះ ធ្វើដំណើរ​ដោយ​កង់​បី​យក​ញត្តិ​ទៅ​ដាក់​ជូន​ស្ថាប័ន​រដ្ឋ ដោយមាន​មន្ត្រី​អាជ្ញាធរ និង​ក្រុម​សន្តិសុខ សាលា​រាជធានី​ភ្នំពេញ​ធ្វើដំណើរ​អម​មុខក្រោយ​ផង។ ក្រោយពី​ការ​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​រដ្ឋ​សំខាន់ៗ រួច​មក ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ប្រចាំ​ខេត្ត​ពោធិ៍សាត់ អ្នកស្រី គឹម តារានី បាន​អោយ​ដឹង​ថា បច្ចុប្បន្ន​សិទ្ធិ​សេរីភាព​របស់​គ្រូបង្រៀន​ត្រូវ​បាន​រឹត​ត្បិត​ពី​សំណាក់​អាជ្ញាធរ លើស​ពី​នេះ​នៅ​ពេល​យក​ញត្តិ​ដល់​ក្រសួង​ហើយ ពុំ​អាច​យក​ញត្តិ​ចូល​តាម​ច្រក​មុខ​បានទេ គឺ​អោយ​ចូល​តាម​ទ្វារ​ក្រោយ​ទៅវិញ។

នៅ​ក្នុង​ញត្តិ​ដែល​ក្រុម​គ្រូបង្រៀន​យក​ទៅ​ដាក់​តាម​ស្ថាប័ន​រដ្ឋ​សំខាន់ៗ​មាន រដ្ឋសភា ទីស្ដីការ​គណៈរដ្ឋមន្ត្រី ខុទ្ទកាល័យ​លោក ហ៊ុន សែន និង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ស្នើ​សុំ​ចំនួន ១០ ចំណុច តែ​មាន​ចំនួន ៣​ចំណុច ដែល​ក្រុម​គ្រូបង្រៀន​ស្នើ​សុំ​អោយ​អនុវត្ត​អោយ​បាន​លឿន ក្នុង​នោះ សុំ​ដំឡើង​ប្រាក់​បៀវត្ស​ដល់​គ្រូបង្រៀន​ចំនួន ២​លាន​រៀន​ក្នុង​មួយ​ខែៗ ត្រូវ​មាន​វិធានការ​ទប់ស្កាត់ និង​ស៊ើបអង្កេត​អំពើពុករលួយ និង​ក្នុង​ស្ថាប័ន​អប់រំ​គ្រប់​កម្រិត និង​ដំឡើង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ជូន​គ្រូបង្រៀន។ លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៧។

ក្នុង​ពេល​ជាមួយគ្នា​នោះ លោក ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​ដំឡើង​អាយុ​ចូលនិវត្តន៍​របស់​គ្រូបង្រៀន​ឱ្យ​ដល់​អាយុ ៦៥​ឆ្នាំ។ ការ​ប្រារព្ធ​ពិធី​ទិវា​គ្រូបង្រៀន​ពិភពលោក គឺ​ដើម្បី​រំលឹក​ដល់​អនុសាសន៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង​អង្គការ UNESCO ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ពុំ​អាច​អនុវត្ត និង​គោរព​តាម​អនុសាសន៍​ឲ្យ​បាន​ពេញលេញ ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រូបង្រៀន និង​ការកែទម្រង់​វិស័យ​អប់រំ ដែល​អូស​បន្លាយ​ពេល​អស់​ជាង​២០​ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៩៣​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល