ទេសចរ​ចិន​មក​កម្ពុជា​ជាប់​លេខ​១​ក្នុង​ឆ្នាំ​២០១៧ ខណៈ​អឺរ៉ុប​និង​អាមេរិក​ធ្លាក់​ចុះ

ដោយ វ៉ែន សុមេធ
2018.01.09
ភ្ញៀវ​ទេសចរ សៀមរាប ២០១៦ ៨៥៥ ភ្ញៀវ​ទេសចរ​ដែល​ចូលរួម​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Photo: RFA

ក្នុងចំណោម​ភ្ញៀវ​ទេសចរណ៍​បរទេស​ជាង ៥​លាន ៦​សែន​នាក់ ដែល​កម្ពុជា​ទទួល​បាន​ក្នុង​ឆ្នាំ​២០១៧​នោះ គឺ​មាន​ភ្ញៀវ​ទេសចរណ៍​ចិន​ជាប់​លំដាប់ថ្នាក់​លេខ​១ ដែល​មាន​ប្រមាណ ១​លាន​នាក់​។ បន្ទាប់ពី​ចិន គឺ​វៀតណាម​នៅ​លំដាប់​លេខ​២ និង​លេខ​រៀង​បន្ទាប់​គឺ​ភ្ញៀវ​ទេសចរណ៍​មកពី​អឺរ៉ុប។

ទីប្រឹក្សា​ក្រសួងទេសចរណ៍ លោក ហេង សុខចំរើន បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា វិស័យ​ទេសចរណ៍ បាន​ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ ៦២​ម៉ឺន​នាក់ និង​ជាច្រើន​ម៉ឺន​នាក់​ទៀត​ដោយ​ប្រយោល។ លោក ហេង សុខចំរើន ឲ្យ​ដឹង​ដែរ​ថា ភ្ញៀវ​ទេសចរណ៍​ទាំងនោះ បាន​ទៅកាន់​តំបន់​សៀមរាប​អង្គរ តំបន់​ឆ្នេរ​សមុទ្រ តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​ទេសចរណ៍​វប្បធម៌​បៃតង​ផ្សេងៗទៀត។

ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​រំពឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២០ ខាងមុខ ប្រទេស​កម្ពុជា នឹង​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ប្រមាណ​ជាង ៧​លាន​នាក់។ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរណ៍​ចិន​ជាង ២​លាន។

ទោះ​យ៉ាងណា​ក្តី ក្រុម​ប្រតិបត្តិករ​ទេសចរណ៍ សង្កេត​ឃើញ​ថា ភ្ញៀវ​ទេសចរណ៍​មកពី​ប្រទេស​លោក​ខាង​លិច រួមមាន​សហគមន៍​អឺរ៉ុប និង​អាមេរិក បាន​ធ្លាក់​ចុះ​គួរ​អោយ​គត់​សម្គាល់ ចាប់​តាំង​ពី​ឆ្នាំ ២០១៧ កន្លង​ទៅ ដោយសារតែ​បញ្ហា​វិបត្តិ​នយោបាយ​ដែល​ល្បី​រន្ទឺ​ថា​កម្ពុជា រំលោភ​សិទ្ធិ​មនុស្ស និង​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ។

ដោយឡែក រដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​ផ្នែក​ជនអន្តោប្រវេសន៍ លោក អ៊ុក គឹមលេខ ថ្លែង​ថា លោក​កំពុង​បារម្ភ​ចំពោះ​វត្តមាន​ដ៏​ច្រើន​លើស​លប់​នៃ​ជនជាតិ​ចិន នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ។ វត្តមាន​ជនជាតិ​ចិន​នេះ ក៏​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ បារម្ភ​ពីមុខ​របរ​រកស៊ី​ដែរ ដោយសារ​ជនជាតិ​ចិន​តែងតែ​មក​រស់នៅ​ជា​អចិន្ត្រៃយ៍​នៅ​ខេត្ត​ព្រះសីហនុ ហើយ​ពួកគេ​មក​ជា​ក្រុម ដោយ​បើក​សណ្ឋាគារ ភោជនីយដ្ឋាន កាស៊ីណូ ហាង​ទំនិញ និង​សេវាកម្ម​ផ្សេងៗ ទៀត។

លើស​ពី​នេះ ករណី​ជនជាតិ​ចិន ដែល​បាន​ចូល​មក​ប្រទេស​កម្ពុជា តែងតែ​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត កាន់តែ​កើតមាន​ច្រើន​ឡើងៗ។ ក្នុង​មួយឆ្នាំៗ ករណី​ជនជាតិ​ចិន​នេះ ត្រូវ​បាន​គេ​បង្ហាញ​តាមរយៈ​ការ​បង្ក្រាប​ទ្រង់ទ្រាយ​តូច មធ្យម និង​ទ្រង់ទ្រាយ​ធំ ដែល​មាន​មនុស្ស​ចាប់ពី ៥០​នាក់ ឡើង​ទៅ​ដល់ ១០០​នាក់ និង​ច្រើនជាង​នេះ រហូតដល់​ជាង ២០០​នាក់​ក៏​មាន។ ក្រៅ​ពី​នេះ​ភ្ញៀវ​ជនជាតិ​ចិន​មួយ​ចំនួន ក៏បាន​បង្ក​ហិង្សា និង​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ។

ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍ លើក​ឡើង​ថា វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​កម្ពុជា ប្រសិនបើ​ករណី​នេះ នៅតែ​បន្ត​កើតមាន​ដោយ​មិន​មាន​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​ជន​បរទេស​ចិន​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។