លោកគ្រូ អ្នកគ្រូ បានអះអាងថា ការតែងតាំងនេះធ្វើឡើងដោយមិនបានសួរយោបល់គ្រូៗ ព្រមទាំងបានប្រើសំដីជេរប្រមាថគ្រូៗទាំងនោះទៀតផង។
នាយកសាលាបឋមសិក្សាអង្គមន្ត្រី លោក ជិន ផាត ឱ្យដឹងថា លោកគ្រូ អ្នកគ្រូ ចោទរូបលោក ៣ចំណុច។ ទី១ ប្រមាថគ្រូចាស់ ទី២ ចាយលុយមិនត្រឹមត្រូវ ទី៣ តែងតាំងភរិយាជាលេខាធិការផ្ទាល់។ លោកថា បញ្ហាទាំងនោះលោកចាត់ចែងតាមតួនាទីជានាយកគ្រប់គ្រងសាលា ដែលក្រសួងអប់រំតម្រូវឲ្យអនុវត្តប៉ុណ្ណោះ។ លោកបន្ថែមថា ទោះបីជាលោកតែងតាំងភរិយាជាលេខាធិការ ធ្វើការជាមួយគ្នាក៏មិនអាចគាបសង្កត់គ្រូៗបានដែរ ព្រោះនាយករង និងមន្ត្រីទីចាត់ការឃ្លាំមើលការងារនោះ ទាំងថវិកាចំណូល និងចំណាយ។
នាយករងសាលាបឋមសិក្សាអង្គមន្ត្រី លោក អឹម សារុន បញ្ជាក់ថា លោកនាយកសាលាមិនទាន់តែងតាំងភរិយានៅឡើយទេ ព្រោះរង់ចាំការប្រជុំសម្រេចពីបុគ្គលិកសិក្សាទាំងអស់គ្នា។ ចំពោះការចាយវាយថវិកាសំរាប់ទិញសម្ភារសិក្សា ជួសជុលថ្នាក់រៀន បង់ថ្លៃទឹក ថ្លៃភ្លើង ជាដើមនោះ ប្រសិនបើនាយកសាលាចាយលុយមិនត្រឹមត្រូវ គឺមានក្រុមគណៈកម្មការសាលានឹងពិនិត្យបញ្ជីចំណាយ។
គ្រូៗ និងនាយកសាលាអះអាងថា សាលាបឋមសិក្សាអង្គមន្ត្រី មានគ្រូ ១៦នាក់ ថ្នាក់រៀនមាន ១១ គ្រូបង្រៀនប្រចាំថ្នាក់មានតែ ៧នាក់ ក្រៅពីនោះធ្វើការក្នុងទីចាត់ការ៕