មន្ត្រីមន្ទីរឧស្សាហកម្មរ៉ែ និងថាមពល ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា រោងចក្រអគ្គិសនីដែលដើរដោយថាមពលធ្យូងថ្មដ៏ធំមួយ អាចនឹងកើតឡើងនៅក្នុងទឹកដីនៃស្រុកត្រពាំងប្រាសាទ ដែលជាទឹកដីសំបូរដោយរ៉ែធ្យូងថ្ម ក្នុងរយៈពេលប្រហែលពី ២ ទៅ ៣ឆ្នាំខាងមុខទៀតនេះ។
លោក ឡេន ខនថា ជាប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពល ខេត្តឧត្តរមានជ័យ។ លោកបានមានប្រសាសន៍កាលពីពេលថ្មីៗថា រដ្ឋាភិបាលកម្ពុជាបានផ្ដល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនឯកជនមួយ ដើម្បីសាងសង់រោងចក្រអគ្គិសនីដែលដើរដោយថាមពលធ្យូងថ្ម ហើយអាចផលិតអគ្គិសនីយកមកប្រើប្រាស់ ដែលមានកម្លាំងប្រមាណជា ២០០មេហ្គាវ៉ាត់។
លោក ឡេន ខនថា៖ «ក្រុមហ៊ុនភ្លើងហ្នឹងគេអនុញ្ញាតពីរដ្ឋាភិបាលហើយ គឺគេធ្វើបង្គោលភ្លើង ១១៥គីឡូវ៉ាត់។ គំរោងហ្នឹងរៀបចំដីហើយៗ ក៏ប៉ុន្តែមិនទាន់ចាប់ផ្ដើមទេ បន្តិចទៀតពេលដែលរៀបចំ ហើយប្រហែលជាគេរៀបចំបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីហើយ។ ក្នុងពេលឆាប់នេះរៀបចំសាងសង់រោងចក្រហើយ រយៈពេលសាងសង់ប្រហែលជា ២ ទៅ ៣ឆ្នាំ បានសាងសង់ហើយ»។
ទោះយ៉ាងណា មន្ត្រីដដែលមិនបានប្រាប់ឈ្មោះក្រុមហ៊ុនដែលនឹងធ្វើការសាងសង់រោងចក្រអគ្គិសនី ព្រមទាំងប្រាប់ឱ្យដឹងប្រាកដថា តើមានទឹកប្រាក់ចំនួនប៉ុន្មានលានដុល្លារ សម្រាប់វិនិយោគលើគំរោងនោះនៅឡើយទេ។
អាជ្ញាធរស្រុកត្រពាំងប្រាសាទ បានរំពឹងទុកថា នៅពេលដែលរោងចក្រអគ្គិសនីកើតឡើងនៅតំបន់ពួកគេនោះ គឺតម្លៃប្រើប្រាស់ភ្លើងអគ្គិសនីប្រចាំថ្ងៃអាចនឹងចុះថោកជាងពេលបច្ចុប្បន្ន។
លោក វណ្ណ កុសល អភិបាលស្រុកត្រពាំងប្រាសាទ បានមានប្រសាសន៍ថា លោកពុំទាន់បានដឹងថា មានគំរោងសាងសង់រោងចក្រអគ្គិសនីនៅក្នុងស្រុករបស់លោកនៅឡើយទេ ក៏ប៉ុន្តែប្រសិនបើមានការសាងសង់រោងចក្រអគ្គិសនីនៅទីនោះមែនលោកត្រេកអរ៖ «អរដែរ ឱ្យតែបានកើត តម្លៃវាធូរស្រាល ព្រោះអាហ្នឹងធម្មជាតិកើតនៅលើទឹកដីខ្លួនឯង វាមិនថ្លៃដូចការនាំចូលពីខាងក្រៅ។ បើមានគឺចង់បានណាស់គំរោងហ្នឹង គាំទ្រតែម្ដង។ ពីមុនឮថា គំរោងគេធ្វើដែរ ប៉ុន្តែខាងខ្ញុំអត់ទាន់ដឹងច្បាស់ ប៉ុន្តែធ្យូងថ្មអីឃើញគេសិក្សាធ្វើមែន»។
នៅតំបន់ជិតព្រំដែនខ្មែរ-ថៃ ដូចជាស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង តម្លៃប្រើប្រាស់ភ្លើងអគ្គិសនីស្ថិតក្នុងកម្រិតថ្លៃ គឺមួយគីឡូវ៉ាត់ម៉ោងប្រមាណជា ៣ពាន់រៀល។
មន្ត្រីមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា នៅពេលដែលរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មបានសាងសង់រួចរាល់នៅទីនោះ គឺនឹងធ្វើការចែកចាយថាមពលអគ្គិសនីទៅឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ជាច្រើនម៉ឺនគ្រួសារបានប្រើប្រាស់ ព្រមទាំងបន្តទៅផ្គត់ផ្គង់ដល់ខេត្តសៀមរាប ហើយប្រហែលជាអាចផ្គត់ផ្គង់ទៅឱ្យខេត្តព្រះវិហារ បានប្រើប្រាស់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។