ពួកគាត់បានចោទថា ក្រុមសមត្ថកិច្ចទាំងនោះ បានចាប់យកសត្វជ្រូកព្រៃចំនួនពីរក្បាល ដែលគ្រួសារគាត់ដាក់អន្ទាក់បានពីព្រៃក្បែរចម្ការ ដែលពួកគាត់ដាក់គ្រាន់យកទៅលក់ចិញ្ចឹមជីវិត។
បុរសជនជាតិដើមភាគតិចព្នងមួយរូប រស់នៅភូមិពូស្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅថ្ងៃអាទិត្យ ទី៥ ខែសីហា ឆ្នាំ ២០១២ ចោទប្រកាន់ក្រុមអាវុធហត្ថនៃតំបន់ជីវៈចំរុះកែវ សីមា ថា អនុវត្តច្បាប់មិនស្មើភាពរវាងជនជាតិដើមភាគតិច និងអ្នកមានអំណាចមានប្រាក់។
បុរសដែលអះអាងនោះ ឈ្មោះ ត្រាំ ដាំង មានប្រសាសន៍ឲ្យដឹងថា បទល្មើសធ្វើអាជីវកម្មឈើប្រណិតខុសច្បាប់ កើតមានច្រើនករណីនៅតំបន់នោះក្រុមសមត្ថកិច្ចមិនយកចិត្តទុកដាក់បង្ក្រាបទេ។ ក៏ប៉ុន្តែ បានស្ទាក់ចាប់កូនប្រុសរបស់គាត់ចំនួនពីរនាក់ នៅចម្ងាយពីរគីឡូម៉ែត្រពីភូមិ ពេលកូនគាត់ដឹកជ្រូកព្រៃពីរក្បាល ដើម្បីទៅលក់នៅទីផ្សារ ប៉ុន្តែកូនគាត់បានរត់រួច។
គាត់បន្តថា ជាធម្មតាជនជាតិដើមភាគតិចមានប្រពៃណីដាក់អន្ទាក់សត្វជាលក្ខណៈប្រមាញ់សត្វព្រៃបែបបូរាណ ជាពិសេសដោយសារតែជ្រូកព្រៃជាច្រើនចូលស៊ីដំឡូងក្នុងចម្ការរាល់យប់។ ហេតុនេះហើយ ទើបកូនគាត់ដាក់អន្ទាក់ក្បែរចម្ការដំឡូង។ ក៏ប៉ុន្តែ ក្រុមសមត្ថកិច្ចបានចាប់យកសត្វជ្រូក និងម៉ូតូមួយគ្រឿងជាថ្នូរឲ្យគាត់យកប្រាក់ទៅពិន័យ។
ឈ្មោះ ត្រាំ ដាំង៖ «ជ្រូកព្រៃធ្វើអន្ទាក់ហ្នឹងចាប់ បើឈើហ្នឹងហូរដូចទឹករាល់យប់ អត់អ្វីទេអត់ចាប់។ឈើទុកក្រោយផ្ទះអ្នកមានអំណាចៗ រាប់រយដុំអត់ទៅយក អត់ចាប់ទេ។ ខ្ញុំលោះកណ្ដាលផ្លូវហ្នឹងអត់ឲ្យដែរ ម្ភៃសាមសិបម៉ឺន គេអត់មាត់ជាមួយយើងទេ»។
ឆ្លើយតបការចោទប្រកាន់នេះ នាយអាវុធហត្ថប្រចាំតំបន់ជីវៈចម្រុះ កែវ សីមា លោក ស៊្រុន សាលី មានប្រសាសន៍បញ្ជាក់ថា ក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថ បានបង្ក្រាបករណីជួញដូរសត្វព្រៃ ដែលច្បាប់បានហាមឃាត់ ហើយជនល្មើសបានរត់ចោលវត្ថុតាងនៅកន្លែងកើតហេតុទើបសមត្ថកិច្ចចាប់យកសត្វជ្រូកមួយក្បាល នៅរស់លែងចូលព្រៃ និងមួយក្បាលដែលងាប់ត្រូវកប់ចោល។ ចំណែក ម៉ូតូជាមធ្យោបាយដឹកជញ្ជូនសមត្ថកិច្ច រឹបអូសជាវត្ថុតាងប្រគល់ជូនស្ថាប័នជំនាញព្រៃឈើស្វែងរកម្ចាស់ ដើម្បីធ្វើការផាកពិន័យ។ លោកបដិសេធថា មិនមានការរើសអើងអ្វីទេ ទាក់ទិននឹងការបង្ក្រាបនេះទេ។
លោក ស៊្រុន សាលី៖ «គាត់ឃើញកម្លាំងសមត្ថកិច្ចយើង គាត់រត់ចោលម៉ូតូគាត់ ហើយយើងទៅរកគាត់នៅឯណា? អាហ្នឹងតែយកមកអ៊ីចឹងខូចហើយ។ អារស់លែងវិញ។ អាខូចហើយហ្នឹង យកទៅកប់ដុតចោលតែម្ដង។ ព្រោះអ្វីខាងរដ្ឋបាលព្រៃឈើគេណា!»។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក កែប តក់ បដិសេធមិនធ្វើអត្ថាធិប្បាយជាមួយវិទ្យុអាស៊ីសេរីទេ នៅថ្ងៃអាទិត្យ ទី៥ ខែសីហា ដោយលោកអះអាងថា ជាប់រវល់។
ទោះជាយ៉ាងនេះក្ដី នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភីន បានពន្យល់ថា ច្បាប់ព្រៃឈើ អនុញ្ញាតឲ្យសហគមន៍ជនជាតិដើមភាគតិចធ្វើប្រមាញ់ជាលក្ខណៈប្រពៃណីសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ឬសហគមន៍បានចំពោះសត្វព្រៃណា ដែលមិនមែនជាប្រភេទសត្វព្រៃកម្រ។ លោកបន្តថា សត្វជ្រូកព្រៃក្រុមសហគមន៍អាចប្រមាញ់បាន ប៉ុន្តែ មិនអាចធ្វើអាជីវកម្មដឹកជញ្ជូនទៅលក់ដូរនៅទីផ្សារបានឡើយ។
លោក ផាន់ ភីន៖ «បើក្នុងករណីច្បាប់អាហ្នឹងវា គឺជាអនុផលព្រៃឈើកាលណាដឹកជញ្ជូនអ៊ីចឹងគ្រាន់តែពិន័យទេមួយគីឡូ ដូចជា ២០.០០០ អ៊ីចឹងទៅប៉ុន្មានគីឡូគេគុណតាមហ្នឹង។ បើសត្វហ្នឹងជាសត្វសម្បូរបង្គួរតែបើជាសត្វកម្រ សត្វជិតផុតពូជ ដូចជា រម៉ាំង អាហ្នឹងដាក់ពន្ធនាគារ អត់លេងទេណា!»។
ទោះជាយ៉ាងនេះក្ដីលោកបញ្ជាក់ថា ប្រជាពលរដ្ឋអាចចូលខ្លួនទៅទទួលការផាកពិន័យអន្តរកាលពីសមត្ថកិច្ចជំនាញព្រៃឈើ និងទទួលយកម៉ូតូជាមធ្យោបាយដឹកជញ្ជូននោះមកវិញបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។