មនុស្ស​៥​នាក់​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់​ទន្លេ​មេគង្គ​ប៉ុន្មាន​ថ្ងៃ​នេះ

ដោយ សេក បណ្ឌិត
2014.08.04
ជំនន់​ទឹក​ភ្លៀង ៦១០ ស្ថានភាព​ទឹក​លិច​នៅ​ស្រុក​លំផាត់​ដោយ​សារ​ជំនន់​ទន្លេ​ស្រែពក នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ២០១៤។
RFA/Ratha Visal

កម្ពស់​ទឹកទន្លេ​មេគង្គ​កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​ប្រកាស​អាសន្ន​នៅ​ឡើយ​ ជាពិសេស​ខេត្ត​តាម​ដង​ទន្លេ ដូចជា ខេត្ត​កំពង់ចាម និង​ខេត្ត​ក្រចេះ។ ​ចំណែក​ទឹក​ជំនន់​តំបន់​ភ្នំ កំពុង​គំរាម​កំហែង​ខេត្ត​ព្រះវិហារ ​ធ្ងន់ធ្ងរ​ជាងគេ។ ​ប៉ុន្តែ​មាន​ការ​ព្យាករ​​ថា ស្ថានភាព​ទឹកនឹង​ស្រក​ចុះ​ជា​បន្តបន្ទាប់​ក្នុង​រង្វង់​២ ​ទៅ ​៣​ថ្ងៃ​ខាងមុខ​នេះ​ទៀត​។

តាម​ការ​ប៉ាន់​ប្រមាណ​បឋម​ពី​ក្រសួង​ធនធាន​ទឹក និង​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​បង្ហាញ​ថា ក្នុង​រយៈពេល ​៣​ថ្ងៃ​កន្លងមក​នេះ ​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ​បាន​លិច​ដីស្រែ​ចម្ការ​ប្រមាណ​មួយ​ម៉ឺន​ហិកតារ និង​បណ្ដាល​ឲ្យ​មនុស្ស​សត្វ​មួយ​ចំនួន​បាត់បង់​ជីវិត។

មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា គិត​មក​ត្រឹម​ថ្ងៃ​ច័ន្ទ ​ដើម​សប្ដាហ៍​នេះ គេ​រក​ឃើញ​ថា ​មាន​មនុស្ស​ប្រមាណ ​៥​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់។អ្នក​ទាំង ​៥​នោះ មាន​នៅ​ខេត្ត​ស្ទឹងត្រែង ​ម្នាក់ ក្រចេះ​ ពីរ​នាក់ ខេត្ត​កណ្ដាល ​ម្នាក់ និង​ខេត្ត​ត្បូងឃ្មុំ ម្នាក់។

ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា មានប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ ទី​៤ សីហា​ថា អ្នកស្លាប់​ទាំងនោះ​ភាគច្រើន​ជា​កសិករ ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​មុខទឹក ខ្លះ​ចេញ​នេសាទ​ជួប​ព្យុះភ្លៀង។

លោក​ថា​នៅ​ឆ្នាំ​២០១៤នេះ ដំណាក់កាល​ទី​មួយ​កម្លាំង​ទឹក​ខ្សោយ​ជាង​ឆ្នាំ​២០១៣ ​កន្លងទៅ​ និង​មានការ​ប្រែប្រួល​ខុស​ពី​ឆ្នាំមុន ទំហំ​នៃ​ការខូចខាត​ក៏​អាច​តិច​ជាង​ឆ្នាំទៅ​ដែរ ប្រសិនបើ​ពុំ​មាន​អ្វី​ប្រែប្រួល​ទៅ​ថ្ងៃមុខ​ទៀត​នោះ​ទេ៖ «កាលពី​ឆ្នាំ​២០១៣ ទឹក​ខែ​៩​ បាន​ឡើង ហើយ​ឆ្នាំនេះ​ខែ​នេះ​បាន​ឡើង​ជិត​ស្មើនឹង​ខែ​៩​ហើយ អ៊ីចឹង​ទឹក​នេះ​អាច​នឹង​ក​យូរ។ ឆ្នាំទៅ​កំពង់ចាម ​ទឹក ​១៥.៩៧​ម៉ែត្រ ហើយ​ខែ​១០ ​អី​ចាប់​ចុះទៅ​វិញ ចំណែក​ឆ្នាំនេះ​ខែ​៨ ​ឡើង​ពេញ​ព្រែក​ពេញ​បឹងបួ​រហើយ អាច​ថា​ខែ​៩ ​ពេល​ភ្ជុំ​ទឹកនឹង​ឡើង»

លោក​បន្ត​ថា ពលរដ្ឋ​រងគ្រោះ​ដែល​ត្រូវ​ជម្លៀស​ចេញពី​ទី​ទួល​សុវត្ថិភាព​មាន​ប្រមាណ​ ៤​ពាន់​គ្រួសារ ភាគច្រើន​នៅ​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង។

ចំណែក​ផល​ប៉ះពាល់​ខូចខាត លោក​ថា ពុំ​អាច​វាយតម្លៃ​បាន​ភ្លាមៗ​ទេ ដោយ​រង់ចាំ​ពេល​ទឹក​ស្រក​ទៅ​វិញ ប៉ុន្តែ​ចំពោះ​មុខ លោក​សង្កេត​ឃើញ​ថា ដីស្រែ​ចម្ការ​នៅ​ខេត្ត​ក្រចេះ ​មួយ​កន្លែង​ប្រមាណ​មួយ​ពាន់​ហិកតារ​ត្រូវ​ខូចខាត​ទាំងស្រុង និង​ស្ពាន​មួយ​ប្រវែង​ ២​ពាន់​ម៉ែត្រ​នៅ​ស្រុក​ព្រែក​ប្រសព្វ ត្រូវ​ទឹក​ហូរ​កាត់​ផ្ដាច់​ខូចខាត​ទាំងស្រុង។ តម្លៃ​នៃ​ការ​កសាង​ស្ពាន​នេះ មាន​ទឹក​ប្រាក់​ប្រមាណ​ជាង​មួយ​លាន​ដុល្លារ។

ទាក់ទង​គ្រោះ​ទឹកជំនន់​នេះ​ដែរ នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ជា​អ្នក​នាំ​ពាក្យ​លោក ចាន់ យុត្ថា បាន​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​កម្ពស់​ទឹកជំនន់​ទន្លេ​នៅ​ខេត្ត​តាម​ដង​ទន្លេ​មាន​កម្រិត​ខ្ពស់​លើស​ពី​ចំណុច​ត្រូវ​ប្រកាស​អាសន្ន​ក៏​ពិត​មែន ប៉ុន្តែ​នៅ​​ថ្ងៃ​ច័ន្ទ ទី​៤ សីហា កម្លាំង​ទឹក​ពុំ​មាន​សន្ទុះ​ហក់​ឡើង​ខ្លាំង​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ ដូចជា​នៅ​ខេត្ត​ស្ទឹងត្រែង​ ទឹក​ចាប់​ផ្ដើម​ស្រក​ជា​បណ្ដើរៗ​ហើយ ហើយ​ថ្ងៃ​ទី​៧​ សីហា​ ខាងមុខនេះ​ខេត្ត​នៅ​ខាងក្រោម​អាច​នឹង​ស្រក​ចុះ​ដូចគ្នា​ដែរ៖ «ដូច​ខ្ញុំ​ជម្រាប​ជូន​អ៊ីចឹង ​សុទ្ធ​តែ​ឡើង​ផុត​ពី​ចំណុច​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន រួច​ទៅ​ហើយ ដូច​ស្ទឹងត្រែង​អ៊ីចឹង​គឺ​ ១០.៧០​ម៉ែត្រ ឥឡូវ​ឡើង​ដល់​ ១១.៤៦ម៉ែត្រ ក្រចេះ ២២ម៉ែត្រ ឥឡូវ ២២.៥០ម៉ែត្រ  កំពង់ចាម ១៥.២០ម៉ែត្រ ឥឡូវ​ឡើង​ដល់ ១៥.៣០​ម៉ែត្រជាង​ទៅ​ហើយ អ៊ីចឹង​សុទ្ធតែ​លើស​ ប៉ុន្តែ​ផល​ប៉ះពាល់​មិនទាន់​មាន​អី​ធ្ងន់ធ្ងរ​ទេ»

ចំណែក​ទឹក​នៅ​ចំណុច​ទន្លេបាសាក់​ ចតុមុខ​ រាជធានី​ភ្នំពេញ កម្ពស់​ទឹក​ស្ថិត​នៅ​ក្រោម​ចំណុច​ត្រូវ​ប្រកាស​អាសន្ន​នៅឡើយ។

លោក​បាន​ពន្យល់​ឲ្យ​ដឹង​អំពី​ការ​ព្យាករ និង​ហេតុផល​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ទឹក​អាច​ស្រក​ចុះ​ពី​ចំណុច​ត្រូវ​ប្រកាស​អាសន្ន​នៅ​ពេល​ឆាប់​ខាងមុខនេះ៖ «មក​ដល់​ពេល​នេះ​គឺ​ឥទ្ធិពល​សម្ពាធ​ទាប​ដែល​នៅ​លើ​ទីក្រុង​វៀងចន្ទន៍ នោះ គឺ​បាន​ថយ​ឥទ្ធិពល​ហើយ ហើយ​បើ​និយាយ​ពី​ឥទ្ធិពល​ក្នុង​ទន្លេ​មេគង្គ​មេ គឺ​ចាប់​ផ្តើម​ស្រក ៣​ថ្ងៃ​ហើយ គឺ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ហើយ​គ្រប់​ស្ថានីយ​តម្កល់​ទឹក​ភ្លៀង​នៅ​ម្សិលមិញ ផ្ទៀង ២៤​ម៉ោង គឺ​យើង​ឃើញ​តែ​ស្ថានីយ​មួយ​ទេ​ដែល​ស្ថិត​ក្នុង​កម្រិត​ជិត ១០០​មិល្លីម៉ែត្រ ក្រៅ​ពី​នោះ​គឺ​អត់​មាន​បញ្ហា​អី​ធ្ងន់ធ្ងរ​ទេ អ៊ីចឹង​យើង​ចាប់​ផ្តើម​សន្និដ្ឋាន​បាន​ថា ចាប់​ផ្តើម​ធូរ​ស្រាល​មែន​ទែន​ហើយ»

លោក​បញ្ជាក់​ថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ទឹកជំនន់​ទឹកភ្លៀង និង​ទន្លេ​បាន​គំរាមកំហែង​ខេត្ត​ប្រមាណ​ ១៣​ខេត្ត​ទូទាំង​ប្រទេស៖ «ប៉ុន្តែ​មួយ​ចំនួន​ចាប់​ផ្ដើម​ស្រក​អស់​ហើយ​ដូចជា​នៅ​ខាង​កែប​អី​គ្រាន់​តែ​លិច​ក្នុង​មួយ​រយៈ​ខ្លី ក្រុង​ព្រះសីហនុ​អី​ ចំណែក​ខាង​ត្បូងឃ្មុំ​ ទឹកភ្លៀង​ក៏​បាន​ធូរស្រាល​ហើយ ប៉ុន្តែ​ទឹកភ្លៀង​នៅ​ខេត្ត​ព្រះវិហារ ​ទេ​ចាប់​ផ្ដើម​លិច​ខ្លាំង ប៉ុន្តែ​ស្ថានភាព​ដូច​ខ្ញុំ​បញ្ជាក់​ជូន​អ៊ីចឹង ​គឺ​ចាប់​ពី​រសៀល​នេះ​ទៅ​ចាប់​ផ្ដើម​ធូរស្រាល​បណ្ដើរៗ​ហើយ​បាទ»

ទោះ​យ៉ាង​ណា លោក​មិន​លម្អិត​អំពី​ផល​ប៉ះពាល់​ការ​ខូច​ទ្រព្យ​សម្បត្តិ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា ​ផ្ទៃដី​ដែល​ត្រូវ​លិចលង់​មាន​ប្រមាណ​មួយ​ម៉ឺន​ហិកតារ។

លោក ញឹម វណ្ណដា បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ផ្ទាល់ និង​ពិនិត្យ​ស្ថានភាព​ជម្លៀស​ពលរដ្ឋ​ទៅកាន់​ទី​ទួល​សុវត្ថិភាព ព្រមទាំង​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​គណៈកម្មការ​ត្រួត​ពិនិត្យ ជួយសង្គ្រោះ និង​វាយ​តម្លៃ​ផល​ប៉ះពាល់​គ្រោះ​ទឹក​ជំនន់​ខេត្ត​តាម​ដង​ទន្លេ​មេគង្គ ដោយ​បាន​លើក​នូវ​វិធានការ​ទប់ទឹក​ជំនន់​ដូច​ជា​ធ្វើ​របាំង និង​ត្រៀម​ច្រក​បាវ ខ្សាច់​ការពារ​កុំ​ឲ្យ​ទឹក​ហូរ ចូល​ទីប្រជុំជន ត្រៀម​រៀបចំ​ម៉ាស៊ីន​បូម​ទឹក​ចេញ​បណ្តោះ​អាសន្ន និង​ឆ្លើយតប​ពេល​មាន​គ្រោះ​អាសន្ន​ជាដើម។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង និង​ទន្លេ​មេគង្គ​កាលពី​ឆ្នាំ​២០១៣ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៦៨​នាក់ និង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ប្រមាណ ១.៨​លាន​នាក់។ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ ៣១.៣១៤​គ្រួសារ បាន​ជម្លៀស​ទៅ​ទី​ទួល​មាន​សុវត្ថិភាព។

លោក ញឹម វណ្ណដា ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៤​នេះ រដ្ឋាភិបាល​បាន​ត្រៀម​អង្ក​ប្រមាណ​ជាង​មួយ​ម៉ឺន​តោន ស្រូវពូជ​ ២​ពាន់​តោន និង​ពូជ​បន្លែ​មួយ​ចំនួន​ទៀត ព្រមទាំង​ត្រៀម​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ ពេល​មាន​គ្រោះ​ទឹក​ជំនន់ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ចំនួន​ទឹកប្រាក់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។