"អាជីវកម្មខ្សាច់បំផ្លាញសុភមង្គលអ្នកភូមិកោះស្រឡៅខេត្តកោះកុង"
2017.08.19
តំបន់កោះស្រឡៅ នៃឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង គឺជាទីកន្លែងដែលមានការបូមខ្សាច់ខ្នាតធំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ខុសពីការវិនិយោគផ្សេងទៀត ដែលអាចផ្ដល់ការងារឱ្យពលរដ្ឋមូលដ្ឋាន អាជីវកម្មខ្សាច់នេះមិនបានផ្ដល់ផលចំណេញអ្វីដល់ពលរដ្ឋនៃសហគមន៍កោះស្រឡៅ ឡើយ ពោលគឺមានតែធ្វើឱ្យជីវភាពរបស់ពួកគាត់ធ្លាក់ចុះដុនដាបទៅវិញ។ ប្រជាសហគមន៍នៅតែប្រកាន់ជំហរលែងឱ្យមានការបូមខ្សាច់នៅតំបន់ជុំវិញនោះទៀត ទោះបីជាអាជីវកម្មនោះជាអាជីវកម្មខ្នាតធំ ខ្នាតមធ្យម ឬ ខ្នាតតូចក្ដី។
ម៉ោង ៦ព្រឹក ព្រះអាទិត្យបញ្ចេញរស្មីយ៉ាងភ្លឺចិញ្ចាចចិញ្ចែង គ្របដណ្ដប់លើផ្ទៃទឹក និងភូមិម្កររបស់អ្នកស្រុកកោះស្រឡៅ ដែលហ៊ុមព័ទ្ធដោយភ្នំ និងព្រៃកោងកាង។ អ្នកភូមិបានចាប់ផ្ដើមសកម្មភាពប្រចាំថ្ងៃរបស់ពួកគាត់ ដូចជាចេញទៅនេសាទ និងរៀបចំលក់ដូរជាដើម ចំណែកឯក្មេងៗវិញ ក៏បានរៀបចំខ្លួនដើរទៅរៀនដោយទឹកមុខស្រស់បស់។
«សំឡេងអ៊ូអរក្នុងភូមិ»។
នេះក៏ជាពេលវេលាដែលស្ត្រីវ័យកណ្ដាលម្នាក់ គឺលោកស្រី សម្បត្តិ វ៉ាត រៀបចំគ្រឿងហូបចុក និងនំចំណី ដែលលោកស្រីបានក្រោកធ្វើតាំងពីព្រលឹមយកទៅលក់នៅតាមផ្ទះពលរដ្ឋក្នុងភូមិកោះស្រឡៅ ផងដែរ។ លោកស្រីលក់គ្រឿងហូបចុក និងនំចំណីជាច្រើនមុខ ដូចជាជ្រក់ស្ពៃ នំអន្សម ប្រហិតចៀន សណ្ដែកដីស្ងោរ និងទឹកអំពៅ ជាដើម។
«សំឡេងដើរពពាយនាយលក់»។
ការលក់ដូរនេះចាប់ផ្ដើមតាំងពីពេលព្រឹករហូតដល់យប់ ទើបលោកស្រីត្រឡប់មកផ្ទះវិញ។
មានសម្បុរស្រអែម ទឹកមុខជាមនុស្សស្លូតបូត តែម៉ឺងម៉ាត់ លោកស្រី សម្បត្តិ វ៉ាត ក្នុងវ័យ ៣៨ឆ្នាំ ត្រូវបានអ្នកជិតខាង និងអ្នករាប់អានគ្នាចាត់ទុកថា ជាមាតាដៃ ១០០ ដោយសារតែលោកស្រីត្រូវរែកពុនអម្រែកដ៏ធ្ងន់ គឺរកប្រាក់ចិញ្ចឹម និងផ្គត់ផ្គង់ការសិក្សារបស់កូនចំនួន ៤នាក់។
កូនទីមួយរបស់លោកស្រីរៀនថ្នាក់ទី១២ នៅវិទ្យាល័យក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ កូនទីពីរ រៀនថ្នាក់ទី១១ កំពុងស្នាក់នៅជាមួយប្អូនរបស់លោកស្រីនៅខេត្តព្រះវិហារ ចំណែកឯកូនទីបី និងកូនពៅកំពុងរៀននៅថ្នាក់អនុវិទ្យាល័យ និងមតេ្តយ្យនៅក្នុងភូមិកោះស្រឡៅ។
និយាយបណ្ដើរ ដៃចាប់ជ្រក់ស្ពៃដាក់ថង់បណ្ដើរ លោកស្រី សម្បត្តិ វ៉ាត ថ្លែងថា លោកស្រីប្រឹងប្រែងដូចសព្វថ្ងៃនេះ គឺដើម្បីតែអនាគតកូនៗរបស់លោកស្រីតែប៉ុណ្ណោះ៖ «ពេលរដូវវស្សាពេលទៅដេកនៅសមុទ្រ ព្យុះរលកមើលមិនឃើញទេ ភ័យខ្លាច។ យើងនៅផ្ទះដេកអត់លក់ទេ ពេលប្តី ឬកូនទៅសមុទ្រ ដេកមិនលក់ទេ នឹកឃើញអ្នកសមុទ្រ ហើយអត់បានដេកទេ បើមិនរត់ចូលខាង ក៏អង្គុយកាន់តង់ដែរ។ អ៊ីចឹងខ្ញុំចង់ឲ្យកូនៗចូលធ្វើការរដ្ឋទាំងអស់ មិនថាជាគ្រូបង្រៀន ឬប៉ូលិសទេ ឲ្យតែគ្នាបានការងាររដ្ឋទៅ គ្នាស្រួលបន្តិច»។
លោកស្រី សម្បត្តិ វ៉ាត អះអាងថា កាលពីមុនជីវិតរបស់លោកស្រីមិនមែនស្ថិតក្នុងស្ថានភាពលំបាកបែបនេះឡើយ ហើយលោកស្រីក៏មិនសូវហត់នឿយទាំងថ្ងៃទាំងយប់ដូចបច្ចុប្បន្ននេះដែរ។ លោកស្រីធ្លាប់រស់នៅជួបជុំជាមួយស្វាមី និងកូនៗ ហើយប្រកបរបរជាអ្នកនេសាទសមុទ្រ ក៏ប៉ុន្តែសុភមង្គលក្នុងក្រុមគ្រួសាររបស់លោកស្រី ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងដោយសារតែអាជីវកម្មខ្សាច់ភ្លូកទឹកភ្លូកដីនៅតាមប្រព័ន្ធស្ទឹងផ្នែកខាងលើ និងនៅក្បែរតំបន់កោះស្រឡៅ។
លោកស្រីរៀបរាប់ដោយដកដង្ហើមធំៗថា នៅមុនពេលមានការធ្វើអាជីវកម្មខ្សាច់ លោកស្រី និងស្វាមីកាក់កបនឹងរបរនេសាទណាស់ ដោយក្នុងមួយថ្ងៃៗ យ៉ាងហោចណាស់ក៏លោកស្រីអាចរកចំណូលបានជាង ១០ម៉ឺនរៀលដែរ ក៏ប៉ុន្តែក្រោយពេលមានការបូមខ្សាច់ ផលនេសាទបានធ្លាក់ចុះជាលំដាប់ រហូតដល់ពេលមួយ របរនេសាទនេះលែងអាចផ្ដល់ផលចំណេញ គឺបានត្រឹមតែបង់ខាតកម្លាំងកាយ និងប្រេងសាំងតែប៉ុណ្ណោះ៖ «ដល់ពេលបូមទៅ វាបង្កឲ្យឡើងជាតិភក់ អត់មានខ្សាច់ដូចពីមុនទេ ហើយជាតិភក់ហ្នឹងស្អុយ ក្តាម និងត្រីអត់នៅទេ វាទៅហើយ មិនដឹងដល់ណាទេ។ កាលណាកប៉ាល់ចូលមកឮសំឡេង វាផ្អើលក្តាម និងត្រីមិននៅទេ។ ជាតិប្រេងដែលគេបង្ហូរចោល ធ្វើឲ្យពុលក្តាម និងត្រីរឹតតែលែងនៅទៀត។ ខ្សាច់វាបូមមានទឹកថ្នាំលាងទៀត ដូច្នេះក្តាម និងត្រីក៏មិនហ៊ាននៅដែរ ព្រោះធុំក្លិនថ្នាំហ្នឹង។ វាប៉ះពាល់ដល់ប្រជានេសាទច្រើនខ្លាំងតែម្តង»។
ពេលនោះហើយដែលស្វាមីរបស់លោកស្រីចាប់ផ្ដើមបាក់ទឹកចិត្ត និងធ្លាក់ខ្លួនជាអ្នកសេពសុរាជាប្រចាំ ហើយជីវិតអាពាហ៍ពិពាហ៍រយៈពេលជាង ១០ឆ្នាំ ក៏ត្រូវបានបញ្ចប់។ លោកស្រីក៏បានសម្រេចចិត្តបោះបង់ចោលមុខរបរជាអ្នកនេសាទដោយក្តីសោកស្ដាយជាទីបំផុត ហើយចាប់យករបរលក់ដូរនំចំណីវិញ៖ «ពេលដែលនេសាទមិនបាន ប្តីប្រពន្ធក៏ឈ្លោះគ្នា ទាញលបទឹកជ្រៅ ហត់មិនបានផល មូរមុខដាក់គ្នា។ ពេលដែលទាញលបមក មានក្តាមមានអី មុខញញឹមដាក់គ្នាហើយ ហើយក៏សប្បាយចិត្ត។ ពេលដាក់អត់បានចឹង ឈ្លោះតែគ្នា ដល់ចឹងទៅប្រុសៗក៏បែកគំនិតផឹកស្រា»។
អ្នកភូមិកោះស្រឡៅ ភាគច្រើនបំផុតប្រកបរបរនេសាទ។ អ្នកភូមិអះអាងថា កាលពីជាង ១០ឆ្នាំមុន ពួកគាត់រស់នៅក្នុងជីវភាពធូរធារ ដោយសារតែកាក់កបនឹងរបរនេសាទ ក៏ប៉ុន្តែចាប់ពីឆ្នាំ២០០៦ ដែលជាឆ្នាំមានការធ្វើអាជីវកម្មខ្សាច់នោះមក ពួកគាត់សង្កេតឃើញថា បរិមាណក្ដាម ត្រី និងបង្គា បានថយចុះជាគំហុក ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ជាខ្លាំង។
លោក ហាក់ ពិទូ គឺជាប្រជានេសាទម្នាក់នៃសហគមន៍កោះស្រឡៅ ដែលបានជូនក្រុមការងារអាស៊ីសេរី ជិះទូកមើលស្ថានភាពរស់នៅរបស់អ្នកភូមិ និងកន្លែងដែលធ្លាប់មានការបូមខ្សាច់។ លោកបញ្ជាក់ថា ការធ្វើអាជីវកម្មខ្សាច់តាមប្រព័ន្ធស្ទឹងផ្នែកខាងលើ និងក្បែរតំបន់កោះស្រឡៅ បានកើតឡើងពេញបន្ទុកចាប់ពីឆ្នាំ២០០៦ ដល់ចុងឆ្នាំ២០១៦។ លោកបន្តថា គ្រឿងចក្រ និងសាឡង់ដឹកខ្សាច់ជាច្រើនគ្រឿងបានបញ្ចេញជាតិប្រេងចូលក្នុងទឹក ព្រមទាំងមានសំឡេងលឺខ្លាំង ដែលបានបំពុល និងបង្កការរំខានដល់ពពួកត្រី ក្រាម និងបង្គា។ ម្យ៉ាងវិញទៀត ការបូមខ្សាច់ធ្វើឱ្យទឹកកាន់តែជ្រៅ និងល្អក់ មិនអំណោយផលដល់ការរស់នៅរបស់ពពួកសត្វសមុទ្រឡើយ ជាពិសេស វាបានធ្វើឱ្យបាត់បង់ព្រៃកោងកាង ដែលជាទីជម្រករបស់សត្វទាំងនោះ៖ «ពួកខ្ញុំបារម្ភបំផុត គឺខ្លាចមានក្រុមហ៊ុនផ្សេងៗចូលមកធ្វើអាជីវកម្មបូមខ្សាច់ជាបន្តទៀត អនាគតគឺអស់តែម្តងធនធានធម្មជាតិនៅទីនេះ។ ម៉េចបានខ្ញុំថាអស់? ព្រោះវាហ្នឹងសុទ្ធតែជាតិពុលទាំងអស់តែម្តង មានដូចជាជាតិប្រេង និងជាតិថ្នាំលាងខ្សាច់ គឺសុទ្ធតែជាតិគីមី។ ដូច្នេះហើយអនាគតកូនខ្ញុំជំនាន់ក្រោយមានអ្វីត្រូវសង្ឃឹម ព្រោះយើងរស់នៅលើកោះហ្នឹងមានដីស្រែឯណាសម្រាប់ធ្វើដូចអ្នកនៅខាងលើ។ បើសិនជាពួកគាត់អាចបញ្ឈប់បានកុំឲ្យមានក្រុមហ៊ុនខ្នាតធំ ខ្នាតតូច កុំឲ្យមានលាងខ្សាច់អីហ្នឹង ពួកខ្ញុំសប្បាយចិត្តទាំងអស់គ្នាតែម្តង»។
ដោយសារតែមើលឃើញពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបែបនេះ ទើបប្រជាពលរដ្ឋនៅសហគមន៍កោះស្រឡៅ បាននាំគ្នាងើបឡើងតវ៉ាប្រឆាំងនឹងការធ្វើអាជីវកម្មខ្សាច់ជាបន្តបន្ទាប់ ដោយមានការជួយជ្រោមជ្រែងផ្នែកច្បាប់ពីអង្គការសង្គមស៊ីវិលមួយចំនួននៅខេត្តកោះកុង។
ជាលទ្ធផល នៅខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានបញ្ឈប់ជាស្ថាពរការអនុញ្ញាតឱ្យធ្វើអាជីវកម្មនាំខ្សាច់សំណង់ និងខ្សាច់ល្បាយភក់ ចេញពីខេត្តកោះកុង ទៅក្រៅប្រទេស។ ពលរដ្ឋនៅសហគមន៍កោះស្រឡៅ បានសាទរចំពោះការសម្រេចនេះ ក៏ប៉ុន្តែពួកគាត់នៅតែមិនទាន់ជឿជាក់ទាំងស្រុងនៅឡើយទេ ដោយសារតែការដ្ឋានលាងខ្សាច់មួយកន្លែងស្ថិតក្នុងតំបន់អភិរក្សជម្រកសត្វព្រៃតាតៃ មិនទាន់ត្រូវបានរុះរើចេញនៅឡើយ៖ «គ្រប់ស្ថាប័នទាំងអស់ដែលអាចជួយសហគមន៍កោះស្រឡៅយើងខ្ញុំបាន សូមឲ្យគាត់ជួយកន្លែងការដ្ឋានលាងខ្សាច់ឲ្យគាត់រុះចេញតែម្តង កុំឲ្យនៅសាងសង់នៅកន្លែងហ្នឹងទៀត ព្រោះខ្ញុំខ្លាចមានការបូមទៀត ព្រោះគេធ្វើមិនអស់លុយតិចឯណា»។
ក្រៅពីពលរដ្ឋនៃសហគមន៍កោះស្រឡៅ អង្គការសង្គមស៊ីវិលផ្នែកបរិស្ថានក៏បានបញ្ជាក់ជំហរដែរថា ពួកគេនឹងនៅតាមដានការធ្វើអាជីវកម្មខ្សាច់នៅខេត្តកោះកុង នេះជាបន្តទៀត ទោះបីជាក្រសួងបានប្រកាសបញ្ឈប់ជាស្ថាពរក្តី។
សំខាន់ជាងនេះទៅទៀត គឺពួកគេនៅតែទាមទារឱ្យស្ថាប័នជំនាញរបស់រដ្ឋាភិបាលបង្ហាញពីតម្លាភាពនៃការនាំចេញខ្សាច់ទៅក្រៅប្រទេសកាលពីប៉ុន្មានឆ្នាំមុនដដែល។ នោះគឺជាការនាំចេញខ្សាច់ចាក់បំពេញ និងខ្សាច់សំណង់ទៅសិង្ហបុរី និងឥណ្ឌា ដែលត្រូវបានរកឃើញថា កម្ពុជាខាតបង់ទឹកប្រាក់ជាង ៧០០លានដុល្លារអាមេរិក ហើយថ្មីៗនេះគឺការនាំចេញខ្សាច់ស៊ីលីកា ដែលសកម្មជនបរិស្ថានរកឃើញថា កម្ពុជាអាចនឹងខាតបង់ទឹកប្រាក់រាប់សិបលានដុល្លារបន្ថែមទៀតពីវិស័យមួយនេះ។
អ្នកសម្របសម្រួលបណ្ដាញស្ត្រីនៃអង្គការមាតាធម្មជាតិ អ្នកនាង លឹម គីមស័រ ថ្លែងសាទរចំពោះការសម្រេចរបស់ក្រសួងរ៉ែ និងថាមពល។ នាងបន្តថា នេះជាជោគជ័យរបស់ពលរដ្ឋដែលហ៊ានងើបឡើងប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការតស៊ូមតិប្រឆាំងនឹងការធ្វើអាជីវកម្មខ្សាច់ ដែលបានបង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ពួកគាត់៖ «គេបញ្ឈប់ហ្នឹងវាគ្រាន់តែជាការលួងចិត្តទេ បន្ទាប់ពីបោះឆ្នោតហើយឆ្នាំ២០១៨ ហ្នឹង គេនៅតែបូមដដែលហ្នឹង។ នេះគឺជាពាក្យសម្ដីដែលប្រជាជនគាត់តែងតែឮពីក្រុមហ៊ុន និងអ្នកពាក់ព័ន្ធនឹងការបូមខ្សាច់ហ្នឹង។ ឥឡូវនេះបើទោះបីជាបញ្ឈប់ការបូមខ្សាច់ តែយើងនៅតែឃ្លាំមើលនៅតាមដងព្រែក អ៊ីចឹងបើសិនជានៅឃើញសាឡង់ណាដែលមានជនបរទេស ឬក៏សាឡង់ហ្នឹងវាខុសខ្នាត ខុសពីអ្វីដែលក្រសួងគាត់ថា ត្រូវមានតែសាឡង់តូចៗដើម្បីបូមប្រើប្រាស់ក្នុងស្រុកទេ យើងនឹងរាយការណ៍ទៅក្រសួង ហើយនឹងតស៊ូមតិជាបន្តទៀត»។
បច្ចុប្បន្ននេះ ការធ្វើអាជីវកម្មខ្សាច់ខ្នាតធំនៅតាមប្រព័ន្ធស្ទឹងផ្នែកខាងលើ និងក្បែរតំបន់កោះស្រឡៅ ត្រូវបានបញ្ឈប់ជាស្ថាពរដូចការប្រកាសរបស់ក្រសួងហើយ ក៏ប៉ុន្តែអ្វីដែលជាផលវិបាកនោះ គឺព្រៃកោងកាង បានដួលរលំ និងងាប់ជាច្រើនកន្លែង ទឹកថ្លាប្រែជាល្អក់ ទឹករាក់ប្រែជាជ្រៅ ដែលបញ្ហាទាំងអស់នេះបង្កហានិភ័យជាច្រើនដល់សហគមន៍នេសាទ។
ប្រជាពលរដ្ឋនៅភូមិកោះស្រឡៅ មិនមានដីស្រែចម្ការ ដើម្បីដាំដុះបង្កបង្កើនផល ដូចពលរដ្ឋនៅតំបន់ដទៃនោះទេ ពោលគឺជីវិតរបស់ពួកគាត់ត្រូវពឹងផ្អែកទាំងស្រុងលើរបរនេសាទ។ ការថែរក្សាធនធានខ្សាច់ និងព្រៃកោងកាង ដែលជាទីជម្រក និងជាទីបង្កកំណើតរបស់ពពួកក្ដាម ត្រី និងបង្គា គឺមានន័យស្មើនឹងការថែរក្សាឆ្នាំងបាយរបស់ពួកគាត់យ៉ាងដូច្នេះដែរ។
សម្រាប់លោកស្រី សម្បត្តិ វ៉ាត លោកស្រីប្រកាន់ជំហរប្រឆាំងដាច់ខាត មិនឱ្យមានការបូមខ្សាច់នៅតំបន់កោះស្រឡៅ ជាថ្មីទៀតឡើយ ហើយបើមានកម្មវិធី ឬយុទ្ធនាការអ្វីដែលទាក់ទងនឹងការប្រឆាំងការបូមខ្សាច់ ទោះជារវល់ប៉ុណ្ណាក៏ដោយ ក៏លោកស្រីសុខចិត្តទៅចូលរួមដែរ ដោយសារតែលោកស្រីគិតថា ការធ្វើអាជីវកម្មខ្សាច់នេះហើយ ដែលបានបំផ្លាញសុភមង្គលគ្រួសារលោកស្រី និងជីវភាពរបស់ពលរដ្ឋក្នុងសហគមន៍កោះស្រឡៅ៖ «រកស៊ីនៅទីនេះធំធាត់នៅទីនេះ មិនឲ្យខឹងយ៉ាងម៉េច ខឹងខ្លាំងណាស់! គេមកបំផ្លាញទឹកដីនេះ។ ខ្ញុំខឹងមាំណាស់ ឆ្នាំងបាយរបស់ខ្ញុំ អនាគតទៅកូនខ្ញុំបានអីរកទៀត បើបូម (ខ្សាច់) អស់ហើយហ្នឹង បូមអស់ហើយធម្មជាតិ។ ខ្ញុំអត់បាក់ទឹកចិត្តទេ បានប៉ុន្មាននាក់ក៏ដោយ ក៏ខ្ញុំបបួលពួកគ្នាខ្ញុំទៅតស៊ូដែរ ឲ្យតែហ៊ានបូម ខ្ញុំហ៊ានទៅឃាត់»៕