អង្គការ​លើកលែងទោស​អន្តរជាតិ​ធ្វើ​យុទ្ធនាការ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​បរិស្ថាន​២​រូប

ដោយ យន់ សាមៀន
2017-12-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
(ពី​ឆ្វេង) លោក ឌឹម គុណឌី និង លោក ហ៊ុន វណ្ណៈ សកម្មជន​ចលនា​មាតា​ធម្មជាតិ មុន​ពេល​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧។
(ពី​ឆ្វេង) លោក ឌឹម គុណឌី និង លោក ហ៊ុន វណ្ណៈ សកម្មជន​ចលនា​មាតា​ធម្មជាតិ មុន​ពេល​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧។
Photo Provided

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី  ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​ខេត្ត​កោះកុង កាល​ពី​ខែ​កញ្ញា កន្លង​ទៅ។ សកម្មជន​ទាំង​ពីរ​រូប​ត្រូវ​បន្ត​ជាប់​ឃុំឃាំង​នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត​នៃ​ពន្ធនាគារ​ខេត្ត​កោះកុង ដោយ​មិន​មាន​ការ​កំណត់​ថ្ងៃ​ជំនុំជម្រះ។ អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​ទាំង​ពីរ និង​ដោះលែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​វិញ។

​អង្គការ​លើកលែងទោស​អន្តរជាតិ ហៅ​សកម្មជន​បរិស្ថាន​ទាំង​ពីរ​រូប​ថា ជា​អ្នកទោស​មនសិការ។  អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​អះអាង​ថា សកម្មភាព​ឃ្លាំមើល​អាជីវកម្ម​ខ្សាច់​របស់​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី  នៅ​ខេត្ត​កោះកុង កាល​ពី​ពេល​កន្លង​ទៅ​នោះ មិន​មែន​ជា​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឡើយ។

សកម្មជន​ទាំង​ពីរ​នាក់  ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្រោយ​ពេល​ពួកគេ​ជិះទូក​ថត​រូបភាព និង​វីដេអូ​កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា​ពីរ​គ្រឿង​ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។ ការ​ឃាត់​ខ្លួន​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​អង្គការ​មាតា​ធម្មជាតិ បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​លាត​ត្រដាង​អំពី​រឿង​បាត់​ខ្សាច់​ស៊ីលីកា ជាង ១​លាន​តោន ដែល​កម្ពុជា នាំ​ចេញ​ទៅ​កោះ​តៃវ៉ាន់ និង​បាន​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ពិចារណា​ចុះ​ចេញ​ពី​តំណែង ដើម្បី​ជា​ការ​ទទួល​ខុស​ត្រូវ។

​ដើមបណ្តឹង​ក្នុង​សំណុំ​រឿង​នេះ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែល​ហៅ​កាត់​ថា អេស.អ៊ី.ហ្សិត កោះកុង (SEZ Koh Kong Co., Ltd.) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា ជា​ម្ចាស់​បន​ល្បែង​ដ៏​មាន​ឥទ្ធិពល និង​ជា​អ្នក​រក​ស៊ី​នាំ​ចេញ​ខ្សាច់​នៅ​ខេត្ត​កោះកុង ជា​ច្រើន​ឆ្នាំ​មក​ហើយ។ តុលាការ​ខេត្ត​កោះកុង បាន​សម្រេច​ឃុំ​ខ្លួន​សកម្មជន​ទាំង​ពីរ​នាក់​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ដោយ​ចោទ​ប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​ទី​១ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ទី​២ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​ដែល​អាច​ពន្ធនាគារ​រហូត​ដល់ ៣​ឆ្នាំ។

​អង្គការ​លើកលែងទោស​អន្តរជាតិ ស្នើ​សុំ​សហគមន៍​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​សាធារណជន​ទូទៅ ឱ្យ​បង្ហាញ​នូវ​ជំហរ​មិន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ខេត្ត​កោះកុង ទៅ​លើ​សកម្មជន​ទាំង​ពីរ​រូប​នេះ ដោយ​សរសេរ​សារ​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​ដោះលែង​ពួកគេ​ទាំង​ពីរ ព្រមទាំង​អ្នក​ទោស​មនសិការ​ដទៃ​ទៀត​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន និង​ចោទប្រកាន់​ដោយសារ​តែ​សកម្មភាព​បែប​សន្តិភាព​របស់​ពួកគេ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ អង្គការ​នេះ​ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​តស៊ូ​មតិ និង​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ សេរីភាព​ខាង​ការ​ប្រមូល​ផ្តុំ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​របស់​ពួកគេ។ អង្គការ​ស្នើ​ឲ្យ​បញ្ជូន​សំណើ​នេះ​ទៅ​កាន់​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​ចម្លង​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន នៅ​ត្រឹម​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ។

​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ជនជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) គាំទ្រ​យុទ្ធនាការ​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ ដែល​ស្នើ​សុំ​ឱ្យ​មាន​ការ​បញ្ចេញ​ប្រតិកម្ម​ពី​គ្រប់​មជ្ឈដ្ឋាន ជុំវិញ​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​របស់​លោក​តាម​ទំនើង​ចិត្ត​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​កោះកុង។

លោក​ថា នេះ​គឺ​ជា​ទម្ងន់​មួយ​ទៀត​ដាក់​ទៅ​លើ​តុលាការ​ខេត្ត​កោះកុង ឱ្យ​ពិចារណា​ក្នុង​ការ​ដោះលែង​អ្នក​ទាំង​ពីរ​មក​វិញ៖ «វណ្ណៈ និង គុណឌី ដែល​នៅ​ក្នុង​គុក​ជិត ៤​ខែ​ហើយ គឺ​គេ​ស្វាគមន៍​អន្តរាគមន៍​ទាំង​អស់ ទោះបីជា​តុលាការ​នឹង​មិន​ដោះលែង​ដោយសារ​ការ​សម្រេច​ចិត្ត​របស់​អង្គការ​អន្តរជាតិ​ក៏ដោយ ក៏​យើង​ស្វាគមន៍ ហើយ​ក៏​យើង​នឹង​យក​វា​ជា​អាវុធ ឬ​ជា​ឧបករណ៍​មួយ​ក្នុង​ការ​តស៊ូ​មតិ​ត​ទៅ​មុខ​ទៀត។ យើង​ចង់​បង្ហាញ​ឱ្យ​ពិភពលោក​ទាំង​មូល​ឃើញ​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ជាពិសេស​ក្រុម​ជើង​កាង​នៅ​ក្រោម​ឱវាទ​របស់​ឧកញ៉ា លី យ៉ុងផាត់ បាន​ចាប់​សកម្មជន ២​នាក់​ដាក់​គុក​តាម​អំពើ​ចិត្ត ដោយ​រំលោភ​បំពាន​លើ​ច្បាប់​ជាតិ និង​អន្តរជាតិ។ នៅ​ពេល​ដែល​យើង​ផ្សព្វផ្សាយ​រឿង​នេះ​ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ខ្ញុំ​ជឿ​ថា ២​នាក់​ហ្នឹង​នឹង​មាន​ឱកាស និង​សង្ឃឹម​ច្រើន​ជាង​មុន​ដើម្បី​ចេញ​ពី​ពន្ធនាគារ»

​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី លោក សំ ចំរើន បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​ណា​មួយ​អំពី​ការ​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្តី​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ការ​បន្ត​ឃុំ​ខ្លួន​កូនក្ដី​របស់​លោក​ដោយ​មិន​កំណត់​ថ្ងៃ​ជំនុំជម្រះ​លើស​ពី ៣​ខែ​បែប​នេះ គឺ​ជា​រឿង​ខុស​ច្បាប់ ហើយ​លោក​ស្នើ​សុំ​ឱ្យ​តុលាការ​ពន្លឿន​ករណី​នេះ។ លោក​ក៏​ស្នើ​សុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​កូន​ក្តី​របស់​លោក​ដែរ ដោយ​សំអាង​ថា ករណី​នេះ​មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់ និង​ជា​ការ​យល់​ច្រឡំ​តែប៉ុណ្ណោះ។

​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​តុលាការ​ខេត្ត​កោះកុង លោក អ៊ុន សុវណ្ណធានី ជា​ច្រើន​ដង​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ឡើយ។

​អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត យល់​ឃើញ​ថា ចំណាត់ការ​របស់​អាជ្ញាធរ និង​តុលាការ​ខេត្ត​កោះកុង នេះ គឺ​ជា​ការ​បំបាក់​ស្មារតី​យុវជន​ដែល​ហ៊ាន​ចេញ​មុខ​ឈឺ​ឆ្អាល​រឿង​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។ លោក​ថា នេះ​ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​ការ​អំពាវនាវ​របស់​ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​បរិស្ថាន ព្រមទាំង​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​លើក​ទឹក​ចិត្ត​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​ចូលរួម​ជួយ​ថែរក្សា​ធនធាន​ធម្មជាតិ ដើម្បី​ប្រយោជន៍​សង្គម​ទាំង​អស់​គ្នា។

លោក​ទទូច​ឱ្យ​តុលាការ​ខេត្ត​កោះកុង ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ទាំង​ពីរ​រូប​នេះ និង​ដោះលែង​ពួកគេ​ទាំង​ពីរ​ឱ្យ​មាន​សេរីភាព​វិញ៖ «ខាង​ខ្ញុំ​តំណាង​ឱ្យ​អង្គការ​សង្គម​ស៊ីវិល យើង​មាន​ការ​សោកស្ដាយ​ចំពោះ​ចំណាត់​ការ​បំបាក់​ស្មារតី​យុវជន​ដែល​គាត់​ក្លាហាន​ហ៊ាន​ចូល​រួម​ក្នុង​កិច្ចការពារ​ធនធាន​ធម្មជាតិ។ អ៊ីចឹង​យើង​ស្នើ​សុំ​ឱ្យ​តុលាការ អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ សូម​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នេះ ហើយ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​ឱ្យ​ពួកគេ​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ។ យើង​គួរ​តែ​លើកទឹកចិត្ត​ដល់​អ្នក​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ការពារ​ធម្មជាតិ យើង​មិន​ត្រូវ​ចូលរួម​គាំទ្រ​ដល់​អ្នក​ដែល​បំផ្លិចបំផ្លាញ​ធម្មជាតិ​ទេ»

អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​សង្កត់​ធ្ងន់​ថា អ្វី​ដែល​អាជ្ញាធរ តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​គួរ​ធ្វើ​នោះ គឺ​ត្រូវ​បង្ហាញ​តម្លាភាព​នៃ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់ និង​លុប​បំបាត់​រាល់​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ ទាក់ទង​នឹង​អាជីវកម្ម​ខ្សាច់​ដែល​ត្រូវ​បាន​រក​ឃើញ​កន្លង​មក​ថា កម្ពុជា​ខាត​បង់​ទឹកប្រាក់​ជិត ៨០០​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស មិនមែន​ការ​ចាប់​ឃុំ​ខ្លួន និង​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ក្រុម​សកម្មជន​បរិស្ថាន​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល