សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង​ព្រមាន​ចាត់​វិធានការ​ក្ដៅ​លើ​អ្នក​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍

ដោយ ជិន ជេដ្ឋា
2017-09-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ខេត្ត​កំពង់ឆ្នាំង។
ផែនទី​ខេត្ត​កំពង់ឆ្នាំង។
Photo: RFA

ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ជនល្មើស​ដែល​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ ឬ​ដី​សហគមន៍ ខណៈ​សហគមន៍​ព្រៃឈើ​ខ្លះ​មិន​ទាន់​រៀបចំ​គណៈកម្មការ​ត្រឹមត្រូវ ហើយ​ការ​រុក​រាន​ដី​ព្រៃ​នៅ​តែ​បន្ត។ តំណាង​សហគមន៍​ព្រៃឈើ គាំទ្រ​វិធានការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​ពន្លឿន​នីតិវិធី​បង្កើត​សហគមន៍​ព្រៃឈើ​ថ្មីៗ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​កាន់​តែ​ស្មុគស្មាញ។

ក្រោយ​ពី​ប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​សហគមន៍​ព្រៃឈើ​ឃុំ​ពេជចង្វារ និង​ឃុំ​អញ្ចាញរូង ស្រុក​បរិបូរណ៍ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង លោក សៀង រស់ បង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ​ដើម្បី​ចុះ​ល្បាត​សហគមន៍​ព្រៃឈើ​ឃុំ​ពេជចង្វារ នៅ​ដើម​ខែ​កញ្ញា នេះ។

លោក សៀង រស់ ថា​នឹង​យក​ផែនទី​របស់​មន្ត្រី​ជំនាញ​សុរិយោដី ទៅ​ផ្ទៀងផ្ទាត់​លើ​ដី​សហគមន៍​ជាក់ស្ដែង ព្រោះ​ដី​នៅ​ឃុំ​អញ្ចាញរូង និង​ឃុំ​ពេជចង្វារ បាន​វាស់​ជា​លក្ខណៈ​ប្រព័ន្ធ និង​វាស់​ឆ្វៀល​ផល​ប៉ះពាល់​ចេញ​រួច​ហើយ​កាល​ពី​អំឡុង​ឆ្នាំ​២០១២។ ដូច្នេះ អ្នក​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ទៅ​ធ្វើ​កម្មសិទ្ធិ ក្រោយ​សកម្មភាព​វាស់វែង​ទាំង​ពីរ​នេះ នឹង​ត្រូវ​ស្រាវជ្រាវ​ចាប់​អ្នក​ដែល​ប្រព្រឹត្ត​បញ្ជូន​ទៅ​តុលាការ៖ «ឥឡូវ​នេះ​ខ្ញុំ​បាន​ចាត់​ក្រុម​មន្ត្រី​ឲ្យ​ទៅ​ជួយ​ចុះ​ល្បាត​ជាក់ស្ដែង ហើយ​បើ​ជួប​បទល្មើស​កាប់​រាន​អី​ហ្នឹង យើង​នឹង​ចាត់ការ​តាម​នីតិវិធី ហើយ​បើ​ឃើញ​មនុស្ស​ជាក់ស្ដែង​ចាប់​ទាំង​មនុស្ស​មក​ទៀត។ ថវិកា​សំណូមពរ​ទៅ​លើ​វា ១៦​សហគមន៍ តែ​ដល់​ធ្លាក់​មក​វិញ​ក្នុង​ឆ្នាំ​២០១៧ នេះ យើង​ទទួល​បាន​តែ ៦​សហគមន៍​ទេ ក្នុង​ហ្នឹង​វា​អត់​មាន​ឃុំ​ពេជចង្វារ និង​ឃុំ​អញ្ចាញរូង ទេ ព្រោះ​បើ​តាម​ខ្ញុំ​សង្កេត​មើល​ឃើញ​ថវិកា​ដែល​ធ្លាក់​មក (ដើម្បី​ធ្វើ​សកម្មភាព​បង្កើត​សហគមន៍​ព្រៃ) ភាគច្រើន​ជា​សហគមន៍​ដែល​យើង​បាន​ធ្វើ​ផែនការ​គ្រប់គ្រង​អី​ហើយ»

លោក​បញ្ជាក់​ថា ផ្ទៃដី​ដំបូង​ដែល​បាន​កំណត់​បង្កើត​សហគមន៍​ព្រៃឈើ​ឃុំ​ពេជចង្វារ មាន​ជិត​ពីរ​ពាន់​ហិកតារ (.៧៩៦​ហិកតារ) ប៉ុន្តែ​ក្រោយ​វាស់​ឆ្វៀល​ដី​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​នៅ​សល់​ជាង​មួយ​ពាន់​ហិកតារ (.១៣៦​ហិកតារ) ហើយ​ផ្ទៃដី​នៅ​សល់​នេះ​ឋិត​នៅ​ដាច់​ដោយ​ដុំៗ លំបាក​នឹង​កំណត់​ព្រំប្រទល់។ ម្យ៉ាង​ថវិកា​ឆ្នាំ​២០១៧ សម្រាប់​ធ្វើ​សកម្មភាព​លើ​សហគមន៍​ព្រៃឈើ​ឃុំ​អញ្ចាញរូង និង​ពេជចង្វារ ពុំ​មាន​ទៀត។

តំណាង​សហគមន៍​ព្រៃឈើ​ឃុំ​ពេជចង្វារ លោកស្រី យិន ប៉ិច គាំទ្រ​ជំហរ​រក្សា​ផ្ទៃ​ដី​ព្រៃ​សហគមន៍​ពី​ការ​កាប់​ទន្ទ្រាន​ដោយ​ជនល្មើស ប៉ុន្តែ​លោកស្រី​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ពន្លឿន​នីតិវិធី​ចេញ​ប្រកាស​ទទួល​ស្គាល់​សហគមន៍​ព្រៃឈើ​ឃុំ​ពេជចង្វារ ឲ្យ​បាន​ឆាប់៖ «ដោយសារ​យើង​មិន​បាន​គិត​ដល់​ថា​បញ្ជា​០០១ គេ​វាស់​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច អ៊ីចឹង​បើ​អាជ្ញាធរ​ចាត់ការ​ថា​យក​តាម​ផែនទី​ចាស់​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង យើង​នឹង​សាទរ»

ឆ្លើយតប​នឹង​ការ​ស្នើសុំ​នេះ នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង លោក សៀង រស់ ថា​ផ្ទៃដី​ព្រៃ​នៅ​ឃុំ​អញ្ចាញរូង និង​ឃុំ​ពេជចង្វារ ដែល​សល់​ពី​ការ​វាស់វែង​នោះ ត្រូវ​បាន​ចាត់​ចូល​ជា​ព្រៃ​សហគមន៍​រួច​ហើយ ប៉ុន្តែ​មិន​អាច​ចេញ​ប័ណ្ណ​ប្រកាស​បាន ដោយសារ​តែ​មិន​ទាន់​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ ឬ​នីតិវិធី​ចំនួន ១១​ជំហាន​ដែល​តម្រូវ​ដោយ​ក្រសួង​កសិកម្ម ដើម្បី​បាន​សិទ្ធិ​ស្រប​ច្បាប់​ជា​ព្រៃ​សហគមន៍។

ខេត្ត​កំពង់ឆ្នាំង មាន​សហគមន៍​ព្រៃឈើ​ចំនួន​៣៤ ក្នុង​នោះ​ទទួល​បាន​ប័ណ្ណ​ប្រកាស​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចំនួន​១៥ ខណៈ​សហគមន៍ ១៩ ទៀត កំពុង​ដំណើរការ​នីតិវិធី​ចេញ​ប័ណ្ណ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល