ពលរដ្ឋ​​មួយ​ចំនួន​នៅ​ភ្នំ​​ធំ​ខេត្ត​បន្ទាយមានជ័យ​ទទូច​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន​កិន​ថ្មភ្នំ

ដោយ វ៉ែន សុមេធ
2018.01.05
វាយ​ថ្ម​ភ្នំ បន្ទាយមានជ័យ ២០១៦ ៨៥៥ ទីតាំង​ក្រុមហ៊ុន​វាយ​បំបែក​ថ្ម​នៅ​ភ្នំ​ធំ ឋិត​នៅ​ឃុំ​អូរប្រាសាទ ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun

ប្រជាពលរដ្ឋ​​នៅ​ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ មួយ​ចំនួន​ព្រួយ​បារម្ភ​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​​វាយ​កម្ទេច​ថ្ម​នៅ​ភ្នំ​ធំ ឃុំ​អូរប្រាសាទ គឺ​កំពុង​ធ្វើ​ឲ្យ​ហិនហោច​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ​កាន់​តែ​ខ្លាំង។ អ្នក​ភូមិ​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ឈប់​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​កិន​ថ្ម​ទាំង​អស់​នោះ​ ដោយសារ​​​​អាជីវកម្ម​នេះ​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់​នៅ​ពួកគាត់ ដោយ​សំឡេង​លឺ​ខ្លាំង ហើយ​កម្ទេច​ថ្ម​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​ពលរដ្ឋ។

​​​​ប្រជាពលរដ្ឋ​នៅ​ស្រុក​មង្គលបូរី មួយ​ចំនួន​លើក​ឡើង​ថា​ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​កិន​ថ្ម​នៅ​ភ្នំ​ធំ មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ឡើយ។

ពលរដ្ឋ​នៅ​ស្រុក​មង្គលបូរី ម្នាក់​ថ្លែង​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​៥ មករា ថា សព្វ​ថ្ងៃ​មាន​​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​កិន​ថ្ម​នៅ​ភ្នំ​ធំ ចំនួន ៣​ក្រុមហ៊ុន​ ដូចជា​​ក្រុមហ៊ុន​គោលណៃ ក្រុមហ៊ុន លឹម សេង​ និង​ក្រុមហ៊ុន​មួយ​ទៀត​ម្ចាស់​ឈ្មោះ សុខ កំពុង​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក​ក្នុង​ការ​វាយ​បំបែក​ថ្ម​យក​ទៅ​លក់​ដើម្បី​បាន​ប្រាក់​ចំណេញ​ផ្ទាល់​ខ្លួន។

ពលរដ្ឋ​រូប​​នេះ​អះអាង​ទៀត​ថា​ នៅ​ពេល​ក្រុមហ៊ុន​ទាំង​នោះ​វាយ​បំបែក​ថ្ម​ម្ដងៗ សំឡេង​លឺ​ខ្លាំង ហើយ​​​កម្ទេច​ថ្ម​បាន​ខ្ទាត​ទៅ​ប៉ះ​ដំបូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ជើង​ភ្នំ​ជា​ញឹកញាប់៖ «គេ​គាស់រំលើង​ថ្ម​តែ​២​ឆ្នាំ​ចង់​ភ្នំ​មួយ​ចំហៀង​ទៅ​ហើយ​ ចំណែក​ភ្នំ​នៅ​ចំហៀង​ខាង​ផ្ទះ​ខ្ញុំ​ហ្នឹង​ក្រុម​គោលណៃ ទិញ​ភ្នំ​យក​អស់​ហើយ។ ពួក​ខ្ញុំ​រស់​នៅ​តំបន់​នេះ​រស់​បាន​អាស្រ័យ​ភ្នំ​នេះ​ឯង​គ្រាន់​ទាញ​យក​អនុផល​ពី​ភ្នំ​ ដូច​ជា​ការ​រក​បន្លែ បោច​វល្លិ និង​រក​អូស​ជា​ដើម គ្រាន់​បាន​ប្រាក់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ»

ចំណែក​ពលរដ្ឋ​នៅ​ស្រុក​មង្គលបូរី ម្នាក់​ទៀត​អះអាង​ថា​ ក្រុមហ៊ុន​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជា​ច្រើន​នាក់​មក​ហើយ ជា​ពិសេស​ គឺ​ក្រុម​កម្មករ​វាយ​កម្ទេច​ថ្ម​តែម្ដង។ ពលរដ្ឋ​រូប​នេះ​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ឈប់​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​កិន​ថ្ម​នៅ​ភ្នំ​ធំ ឃុំ​អូរប្រាសាទ បន្ត​ទៀត ពីព្រោះ​ធ្វើ​ឲ្យ​ហិនហោច​ភ្នំ និង​បង្ក​គ្រោះ​ថ្នាក់​ដល់​​អាយុជីវិត​ប្រជាពលរដ្ឋ៖ «អាជីវកម្ម​នៅ​តែ​ដំណើរ​ការ​ជា​ធម្មតា​មិន​មាន​ការ​ថមថយ​ទេ​  នៅ​តែ​បន្ទុះ​ថ្ម​ធ្វើ​យក​​អាជីវកម្ម​ដដែល​ ហើយ​ធ្វើ​សកម្មភាព​ជា​ច្រើន​ឆ្នាំ​មក​ហើយ​​ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់​ស្កាត់​ទេ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​ក្រុមហ៊ុន​វាយ​ថ្ម​នៅ​ភ្នំ​ធំ និង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បន្ទាយមានជ័យ​ សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​មករា។ ប៉ុន្តែ​កន្លង​មក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​បន្ទាយមានជ័យ ​លោក សុត វឌ្ឍនា មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​វាយ​បំបែក​ថ្ម​នៅ​ភ្នំ​ធំ​ទាំង ៣​កន្លែង​នោះ​​ មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​រ៉ែ និង​ថាមពល​ត្រឹមត្រូវ។ លោក​បន្ថែម​ថា ចំពោះ​ផល​ប៉ះពាល់​ដោយសារ​ក្រុមហ៊ុន​វាយ​បំបែក​ថ្ម​ទៅ​លើ​ប្រជាពលរដ្ឋ​នោះ គឺ​ខាង​មន្ទីរ​មិន​ហ៊ាន​សម្រេច​ឲ្យ​បញ្ឈប់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បាន​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី សកម្មជន​ព្រះសង្ឃ​ការពារ​សិទ្ធិមនុស្ស​ ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ថេរដីកា​ថា ក្រុមហ៊ុន​វាយ​បំបែក​​ថ្ម​នៅ​ភ្នំ​ធំ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ ពីព្រោះ​មាន​​សំឡេង​លឺ​ខ្លាំង​ និង​អាច​បង្ក​​ឲ្យ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស៖ «ហើយ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ថា មិន​អាច​ធ្វើ​អី​គេ​បាន​នោះ​មាន​ន័យ​ថា​ អ្នក​ដែល​ទៅ​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​ទាំង​អស់​នោះ​ភាគ​ច្រើន​ជា​បក្ស​ពួក​របស់​អ្នក​មាន​អំណាច​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល»

កាល​ពី​​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​២០១៦ ថ្ម​ធ្លាក់​សង្កត់​ខូច​អេស្កាវាទ័រ​ចំនួន ២​គ្រឿង និង​ស្លាប់​មនុស្ស​ចំនួន ៣​នាក់ រួម​មាន​លោក លឹម ប៊ុនឡុង អាយុ ២៦​ឆ្នាំ លោក ហែម គឹមឡេង អាយុ ៥២​ឆ្នាំ និង​លោក ថន រដ្ឋា អាយុ ៣៦​ឆ្នាំ ខណៈ​ពួកគេ​​កំពុង​ធ្វើ​ការ​នៅ​ភូមិ​ភ្នំ​ធំ​ខាងត្បូង ឃុំ​ប្រាសាទ ស្រុក​មង្គលបូរី។ ក្រោយ​មក អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ផ្អាក​ក្រុមហ៊ុន លឹម សេង មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​បណ្ដោះអាសន្ន​ ប៉ុន្តែ​ពេល​នេះ​បាន​ដំណើរ​ការ​ជា​ធម្មតា​ឡើង​វិញ​ហើយ។

រដ្ឋធម្មនុញ្ញ​មាត្រា​៥៩ ចែង​ថា រដ្ឋ​ត្រូវ​រក្សា​ការពារ​បរិស្ថាន និង​តុល្យភាព​នៃ​ភោគទ្រព្យ​ធម្មជាតិ ហើយ​ត្រូវ​ចាត់ចែង​ឲ្យ​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង មាន​ជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ប្រព័ន្ធ​អេកូឡូស៊ី រ៉ែ ថាមពល ប្រេងកាត និង​ឧស្ម័ន ថ្ម និង​ខ្សាច់ ត្បូង​ថ្ម ព្រៃ​ឈើ និង​អនុផល​ព្រៃ​ឈើ ពពួក​សត្វ​ព្រៃ មច្ឆជាតិ និង​ធនធាន​ធម្មជាតិ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។