កណ្ដុរ​អាប៉ូប៉ូ​មាន​សមត្ថភាព​ហិត​រក​គ្រាប់មីន​ក្រោម​ដី​លឿន​ជាង​ប្រើ​ឧបករណ៍​៣​ដង

ដោយ ហង្ស សាវយុត
2017-06-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សត្វ​កណ្ដុរ​អាប៉ូប៉ូ (Apopo) ដែល​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ស៊ីម៉ាក់ (CMAC) យក​ពី​ប្រទេស​តង់ហ៊្សានី (Tanzania) នៃ​ទ្វីប​អាហ្វ្រិក ដើម្បី​ឲ្យ​ជួយ​ហិត​រក​គ្រាប់មីន​ក្រោម​ដី​នៅ​កម្ពុជា។ រូបថត​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៧។
សត្វ​កណ្ដុរ​អាប៉ូប៉ូ (Apopo) ដែល​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ស៊ីម៉ាក់ (CMAC) យក​ពី​ប្រទេស​តង់ហ៊្សានី (Tanzania) នៃ​ទ្វីប​អាហ្វ្រិក ដើម្បី​ឲ្យ​ជួយ​ហិត​រក​គ្រាប់មីន​ក្រោម​ដី​នៅ​កម្ពុជា។ រូបថត​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Hang Savyouth

មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ស៊ីម៉ាក់ (CMAC) ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា មាន​ការ​ពិបាក​លើ​ការងារ​បោស​សម្អាត​គ្រាប់មីន​ប្រឆាំង​មនុស្ស ដែល​កំពុង​តែ​កប់​រាយប៉ាយ​នៅ​ក្រោម​ដី​ជាច្រើន​កន្លែង​ទូទាំង​ប្រទេស ឲ្យ​រួច​រាល់​ទៅ​តាម​ផែនការ​នៃ​អនុសញ្ញា​អន្តរជាតិ​នៃ​ទីក្រុង​ម៉ាបូទូ (Maputo) ប្រទេស​ម៉ូហ្សំប៊ិក (Mozambique) ដែល​កំណត់​រយៈពេល ១០​ឆ្នាំ​នោះ​ណាស់។

រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ អ្នក​ជំនាញ​ផ្នែក​ដោះ​មីន​កម្ពុជា បាន​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ យក​សត្វ​កណ្ដុរ​ជាច្រើន​ក្បាល​ពី​ទ្វីប​អាហ្វ្រិក ដើម្បី​មក​ធ្វើ​ការ​សាកល្បង​ឲ្យ​ជួយ​បោស​សម្អាត​គ្រាប់មីន​ក្រោម​ដី​ឲ្យ​បាន​ឆាប់​រហ័ស។

អ្នក​ជំនាញ​ផ្នែក​បោស​សម្អាត​មីន​មួយ​ក្រុម​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​តាម​តំបន់​ចម្ការ​មីន​នា​ខេត្ត​សៀមរាប បង្ហាញ​ភាព​វិជ្ជមាន​ថា សត្វ​កណ្ដុរ​ដែល​គេ​បាន​យក​ពី​ទ្វីប​អាហ្វ្រិក ដើម្បី​ឲ្យ​ជួយ​បោស​សម្អាត​មីន​ដែល​កប់​នៅ​ក្រោម​ដី​នោះ គឺ​មាន​ប្រសិទ្ធភាព​ច្បាស់លាស់​ជាង​ការ​ប្រើ​ឧបករណ៍​រាវ​រក​មីន​ទៅ​ទៀត។

ការ​បង្ហាញ​ជោគជ័យ​នៃ​ការ​រុក​រក​គ្រាប់មីន​ក្រោម​ដី​នេះ បន្ទាប់​ពី​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ស៊ីម៉ាក់ (CMAC) សហការ​ជាមួយ​អង្គការ​អន្តរជាតិ ហើយ​បាន​យក​សត្វ​កណ្ដុរ​ម្យ៉ាង​ឈ្មោះ អាប៉ូប៉ូ (Apopo) ពី​ប្រទេស​តង់ហ៊្សានី (Tanzania) នៃ​ទ្វីប​អាហ្វ្រិក មក​សាកល្បង​ជួយ​ហិត​រាវ​រក​មីន​រយៈពេល​ជាង ១​ឆ្នាំ​មក។

នាយ​ត្រួត​ពិនិត្យ​សត្វ​កណ្ដុរ​របស់​អង្គការ អាប៉ូប៉ូ (Apopo) គឺ​លោក ធៀប ធឿន។ លោក​មាន​ប្រសាសន៍​នៅ​ឯ​ចម្ការ​មីន​ក្នុង​ភូមិ​ដៃអាវ ឃុំ​ស្រែណូយ នៃ​ស្រុក​វ៉ារិន ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ថា បច្ចុប្បន្ន អង្គការ​របស់​លោក​ដែល​សហការ​ជាមួយ​ក្រុម​ការងារ​ដោះ​មីន​ស៊ីម៉ាក់ គឺ​មាន​សត្វ​កណ្ដុរ​អាប៉ូប៉ូ (Apopo) ចំនួន ១៩​ក្បាល​សម្រាប់​ជួយ​ហិត​រក​គ្រាប់មីន​នៅ​ក្រោម​ដី​ជា​រៀង​រាល់​ថ្ងៃ។

លោក ធៀប ធឿន បញ្ជាក់​ថា ការងារ​ដោះ​មីន​ក្រោម​ដី​ដែល​មាន​សត្វ​កណ្ដុរ​ជួយ​ហិត​រក​គ្រាប់មីន​នេះ គឺ​ប្រើ​ពេល​លឿន​ជាង​ការ​បោស​សម្អាត​មីន ដោយ​ប្រើ​ឧបករណ៍​រាវ​រក​ដោយ​មនុស្ស​កន្លង​ទៅ។ សត្វ​កណ្ដុរ​មួយ​ក្បាល បើ​គិត​ជា​មធ្យម គឺ​អាច​ហិត​រក​គ្រាប់មីន​កប់​នៅ​ក្រោម​ដី​បាន​ប្រហែល ៤០០​ម៉ែត្រ​ក្រឡា​ក្នុង ១​ថ្ងៃ។ បើ​គិត​ពី​ពេលវេលា​ហិត​រក​គ្រាប់មីន​កប់​ក្រោម​ដី​របស់​សត្វ​កណ្ដុរ គឺ​លឿន​ជាង​មនុស្ស​ប្រើ​ឧបករណ៍​រាវ​រក​គ្រាប់មីន​រហូត​ដល់​ទៅ ៣​ដង៖ «ឧទាហរណ៍​ផ្ទៃ​ដី ១០០​ម៉ែត្រ​ក្រឡា មាន​មីន​កប់​ក្រោម​ដី​តែ ១​គ្រាប់ គឺ​កណ្ដុរ​បាន​ដឹង​យ៉ាង​ច្បាស់ ហើយ​វា​ប្រាប់​ឲ្យ​មនុស្ស​ដឹង​ភ្លាម»

ដោះ​មីន សៀមរាប ២០១៧ ១៤៤០
ក្រុម​ដោះ​មីន​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ស៊ីម៉ាក់ (CMAC) កំពុង​ប្រើ​កណ្ដុរ​អាប៉ូប៉ូ (Apopo) ហិត​រក​គ្រាប់មីន​ក្រោម​ដី​នៅ​ចម្ការ​មីន ឋិត​នៅ​ភូមិ​ដៃអាវ ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA

កម្ពុជា ជា​ប្រទេស​ដំបូង​គេ​ដែល​នាំ​យក​សត្វ​កណ្ដុរ​អាប៉ូប៉ូ (Apopo) ពី​ទ្វីប​អាហ្វ្រិក ឲ្យ​ជួយ​ធ្វើ​ការ​បោស​សម្អាត​គ្រាប់មីន​មុន​គេ​នៅ​ក្នុង​តំបន់​អាស៊ី។ ការ​ដឹង​ថា​សត្វ​កណ្ដុរ​អាប៉ូប៉ូ (Apopo) មាន​សមត្ថភាព​អាច​ហិត​ដឹង​គ្រាប់មីន និង​រំសេវ​នៅ​ក្រោម​ដី​នោះ គឺ​តាម​រយៈ​ប្រទេស​ជាច្រើន​ក្នុង​ទ្វីប​អាហ្វ្រិក ដែល​ធ្លាប់​ប្រើប្រាស់​សត្វ​នេះ​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ។

អ្នក​ជំនាញ​ផ្នែក​ដោះ​មីន​កប់​ក្រោម​ដី លោក មាស ចំរើន មាន​ប្រសាសន៍​ថា លោក​ធ្លាប់​ធ្វើ​ការ​ដោះ​មីន​ក្រោម​ដី​ដោយ​ប្រើ​ឧបករណ៍​រាវ​រក​រយៈពេល ២១​ឆ្នាំ ហើយ​លោក​ទើប​តែ​ប្ដូរ​មក​ធ្វើ​ការ​ដោះ​មីន​ជាមួយ​សត្វ​កណ្ដុរ​រយៈពេល​ជិត ២​ឆ្នាំ​មក​នេះ។ លោក មាស ចំរើន យល់​ថា ការ​ប្រើ​សត្វ​កណ្ដុរ​អាប៉ូប៉ូ (Apopo) ឲ្យ​ហិត​រក​គ្រាប់មីន​នៅ​ក្រោម​ដី គឺ​ច្បាស់លាស់​ជាង​ការ​ប្រើ​ឧបករណ៍​រាវ​រក​ទៅ​ទៀត ពីព្រោះ​ទាល់​តែ​មាន​គ្រាប់មីន ឬ​ក៏​ជាតិ​រំសេវ ទើប​វា​កាយ​ប្រាប់ បើ​មិន​មាន​ទេ គឺ​វា​មិន​រវល់​ឡើយ៖ «កណ្ដុរ​ពេល​មាន​មីន ឬ​ក៏​ជាតិ​រំសេវ ទើប​វា​ផ្ដល់​សញ្ញា ប៉ុន្តែ​បើ​យើង​ប្រើ​ម៉ាស៊ីន​រាវ​រក​គ្រាប់មីន​ក្រោម​ដី គឺ​វា​ឲ្យ​សញ្ញា​ទាំងអស់ ទាំង​ជាតិ​លោហៈ​នៅ​ក្រោម​ដី ទាំង​មីន ជាដើម ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ពិបាក​ដឹង​ថា​តើ​វា​ជា​អ្វី នៅ​មុន​ពេល​យើង​បោស​សម្អាត»

អ្នក​ជំនាញ​ខាង​ថែរក្សា​សត្វ​កណ្ដុរ អ្នកស្រី ម៉ៅ សុភា ឲ្យ​ដឹង​ថា សត្វ​កណ្ដុរ​អាប៉ូប៉ូ (Apopo) នេះ ថ្វីត្បិតតែ​វា​មាន​រូបរាង​ដូច​សត្វ​កណ្ដុរ​ព្រៃ​នៅ​កម្ពុជា ក៏ប៉ុន្តែ​ការ​ឆ្លាត​វៃ​របស់​វា​មិន​ដូច​គ្នា​ទេ។ កណ្ដុរ​អាប៉ូប៉ូ (Apopo) គឺ​មាន​ការ​រស់នៅ​ដូចជា​សត្វ​កណ្ដុរ​ព្រៃ​នៅ​កម្ពុជា មិន​ពិបាក​មើល​ថែ​ពេក​ទេ ដោយ​គ្រាន់​តែ​ប្រយ័ត្ន​លើ​កិច្ច​ការពារ​សុខភាព​វា​ខ្លះ មិន​ឲ្យ​ឈឺ ដូចជា​ត្រូវ​លាប​ឡេ​ឲ្យ​វា​ជា​ប្រចាំ រាល់​ពេល​មុន​ចេញ​ទៅ​វាល ផ្ដល់​ចំណី​ជា​ផ្លែ​ចេក​ទុំ និង​ផ្ដល់​ទឹក​ស្អាត​ឲ្យ​វា​ផឹក​ប៉ុណ្ណោះ។

អ្នកស្រី ម៉ៅ សុភា បង្ហាញ​អារម្មណ៍​ភ្ញាក់​ផ្អើល​ដោយ​មិន​នឹក​ស្មាន​ថា សត្វ​កណ្ដុរ​អាប៉ូប៉ូ (Apopo) ពូកែ​ហិត​ក្លិន​វត្ថុ​ជាច្រើន​ប្រភេទ​ដូច្នេះ​ទេ៖ «យើង​មើល​ថែ​វា​ដែរ ខ្លាច​ឆ្កែ​ខ្លាច​អី​ខាំ។ វា​ស្រូប​ក្លិន​បាន​ទាំងអស់ មិន​ថា​ក្លិន​របស់​យើង ក្លិន​អ្នក​ដទៃ ឬ​ក៏​ក្លិន​ទឹកអប់​អ្វី​ទេ»

អ្នក​ជំនាញ​ផ្នែក​ហ្វឹកហាត់​សត្វ​កណ្ដុរ​ឲ្យ​ចេះ​ហិត​មីន ជា​ជនជាតិ​តង់ហ៊្សានី លោក ស៊ីរីម៉ា (Shiri ma) ឲ្យ​ដឹង​ថា កណ្ដុរ​អាប៉ូប៉ូ (Apopo) អាច​រស់នៅ​បាន​រយៈពេល ៨​ឆ្នាំ ហើយ​ការ​បង្រៀន​កណ្ដុរ​មួយ​ក្បាលៗ​ឲ្យ​ចេះ​ហិត​រក​គ្រាប់មីន និង​រំសេវ​នោះ គឺ​ត្រូវ​ប្រើ​រយៈពេល ៨​ខែ។

អ្នក​ជំនាញ​ផ្នែក​បោស​សម្អាត​មីន​កម្ពុជា បាន​ប្រៀបធៀប​ថា កណ្ដុរ​អាប៉ូប៉ូ (Apopo) អាច​ហិត​រក​គ្រាប់មីន​យ៉ាង​ច្បាស់លាស់​ដូចជា​សត្វ​ឆ្កែ​ដែរ ក៏ប៉ុន្តែ​អ្វី​ដែល​ពិសេស​ជាង​ឆ្កែ​នោះ គឺ​វា​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ការ​ជាមួយ និង​មិន​ប្រើ​ទីធ្លា​ធំ​ដើម្បី​ស្នាក់នៅ​ទេ។

ក្រុម​ការងារ​ដោះ​មីន​ជាច្រើន ចង់​ឲ្យ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ស៊ីម៉ាក់ (CMAC) នាំ​យក​កណ្ដុរ​អាប៉ូប៉ូ (Apopo) ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ពង្រីក​ការងារ​ដោះ​មីន​ឲ្យ​កាន់​តែ​លឿន។

អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា ឆ្លើយតប​ថា ក្នុង​រយៈពេល​ជិត ២​ឆ្នាំ​មក​នេះ កម្ពុជា បាន​នាំ​យក​កណ្ដុរ​អាប៉ូប៉ូ (Apopo) មក​សាកល្បង​ហិត​រក​គ្រាប់មីន​ចំនួន​ជាង ៣០​ក្បាល​ហើយ។ ការ​នាំ​មក​នេះ គឺ​ដាក់​ឲ្យ​សាកល្បង​តែ​នៅ​ចម្ការ​មីន​ខេត្ត​សៀមរាប ប៉ុណ្ណោះ សម្រាប់​ជា​ជំហាន​តាមដាន និង​សិក្សា​អំពី​ប្រសិទ្ធភាព​របស់​វា​នៅ​ឡើយ។ លោក ហេង រតនា បញ្ជាក់​ថា កម្ពុជា នៅ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​បោស​សម្អាត​គ្រាប់មីន​ប្រឆាំង​មនុស្ស​ឲ្យ​ទាន់​ផែនការ​នៃ​អនុសញ្ញា​អន្តរជាតិ ដែល​បាន​កំណត់៖ «នៅ​ក្រោម​អនុសញ្ញា​អន្តរជាតិ យើង​គឺ​ជា​រដ្ឋ​ភាគី។ យើង​ឯកភាព​គ្នា​នៅ​ទីក្រុង​ម៉ាបូទូ នៃ​ប្រទេស​ម៉ូហ្សំប៊ិក កាល​ពី​ឆ្នាំ​២០១៤ គឺ​ព្រមព្រៀង​គ្នា​បោស​សម្អាត​មីន​ឲ្យ​អស់​រយៈពេល ១០​ឆ្នាំ»

អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ឲ្យ​ដឹង​ទៀត​ថា កម្ពុជា នៅ​មាន​ផ្ទៃ​ដី​ដែល​កប់​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​តំបន់​គ្រាប់​ទម្លាក់​ពី​លើ​យន្តហោះ​ក្នុង​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧០ ជិត ២.០០០​គីឡូម៉ែត្រ​ក្រឡា​ទៀត​ដែល​មិន​ទាន់​រំដោះ។ វា​ត្រូវការ​ពេលវេលា​ប្រហែល​ជា ៨​ឆ្នាំ​ទៅ​មុខ​ទៀត​សម្រាប់​ការ​រំដោះ​ផ្ទៃ​ដី​ទាំងនោះ​ឲ្យ​មាន​សុវត្ថិភាព ដោយ​ត្រូវ​ចំណាយ​លុយ​លើ​សកម្មភាព​ប្រមាណ​ពី ៥០ ទៅ ៦០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល