អ្នក​ស្រាវជ្រាវ៖ កុមារ​អាច​ជួប​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ

ដោយ មាន ឫទ្ធិ
2017-08-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បណ្ដាញ​ការពារ​ព្រៃឡង់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លោក មីញ នី កំពុង​ពិនិត្យ និង​កត់​ចំនួន​ឈើ​ដែល​ជនល្មើស​កាប់​រួច​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
បណ្ដាញ​ការពារ​ព្រៃឡង់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លោក មីញ នី កំពុង​ពិនិត្យ និង​កត់​ចំនួន​ឈើ​ដែល​ជនល្មើស​កាប់​រួច​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី (NUS) រក​ឃើញ​ថា ការ​បាត់បង់​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា អាច​បណ្តាល​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ដល់​ការ​កើត​មាន​ឡើង​នូវ​ជំងឺ​រាករូស ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម និង​ជំងឺ​គ្រុន​ក្តៅ ដែល​ជា​ប្រភព​ចម្បង​មួយ​នៃ​អត្រា​មរណភាព និង​អត្រា​កើត​រោគ​របស់​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ។

ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ រ៉ូមែន ការាស្កូ (Roman Carrasco) នៃ​ដេប៉ាតឺម៉ង់​ជីវសាស្ត្រ មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​របស់​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី (NUS) បាន​ធ្វើ​ការ​សិក្សា​វិភាគ​លើ​ទិន្នន័យ​ប្រមូល​បាន​ពី​ការ​ស្ទង់​មតិ​ពី​គ្រួសារ​ជាង ៣​ម៉ឺន ៥​ពាន់​គ្រួសារ មក​ពី​សហគមន៍​ចំនួន ១.៧៦៦​សហគមន៍​ក្នុង​រវាង​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០១៤ ក្នុង​គោល​បំណង​ដើម្បី​ធ្វើ​ការ​តាមដាន​ទំនាក់ទំនង​រវាង​សុខភាព​កុមារ និង​តំបន់​ព្រៃឈើ​នានា​ក្នុង​ប្រទេស​កម្ពុជា។

ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​កាត់​បន្ថយ​ចំនួន ១០​ភាគរយ​នៃ​ព្រៃឈើ មាន​ពាក់ព័ន្ធ​នឹង​ការ​កើន​ឡើង​នៃ​ករណី​ជំងឺ​រាករូស​ក្នុង​ចំណោម​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ រហូត​ដល់​ទៅ ១៤​ភាគរយ។ លើស​ពី​នេះ​ទៀត របក​គំហើញ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល​នេះ​បង្ហាញ​ថា ការ​កើន​ឡើង​តំបន់​គម្រប​ព្រៃ​ការពារ អាច​បណ្តាល​ឲ្យ​មាន​ហានិភ័យ​ទាប​នៃ​ជំងឺ​រាករូស និង​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម។

លោក​សាស្ត្រាចារ្យ រ៉ូមែន ការាស្កូ ថ្លែង​ថា ការ​សិក្សា​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​អំពី​ទំនាក់ទំនង​រវាង​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន និង​វិស័យ​សុខាភិបាល ហើយ​បញ្ជាក់​ថា ការ​អភិរក្ស​ព្រៃឈើ​អាច​ជួយ​សម្រាល​បន្ទុក​ដល់​វិស័យ​សុខាភិបាល។ លោក​មាន​ប្រសាសន៍​ថា ផល​ប៉ះពាល់​នៃ​វិស័យ​សុខាភិបាល​សាធារណៈ​បណ្តាល​មក​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ គួរ​តែ​ត្រូវ​យក​មក​ពិចារណា​ថ្លឹងថ្លែង នៅ​ពេល​ដែល​ក្រុម​អ្នក​ធ្វើ​គោល​នយោបាយ​វាយ​តម្លៃ​អំពី​តុល្យភាព​រវាង​ផែនការ​ប្រើប្រាស់​ដីធ្លី ការ​អភិរក្ស​ព្រៃឈើ និង​សុខភាព​សាធារណៈ។

ផ្អែក​លើ​របក​គំហើញ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​គ្រោង​នឹង​ពង្រីក​វិសាលភាព​នៃ​ការ​សិក្សា​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​រួម​បញ្ចូល​នូវ​ការ​វិភាគ​ថ្នាក់​តំបន់ រួម​មាន​អនុ​តំបន់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក និង​តំបន់​អាស៊ី​ទាំងមូល ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ជា​រួម​អំពី​ទំនាក់ទំនង​រវាង​វិស័យ​សុខាភិបាល និង​ការ​អភិរក្ស​ព្រៃ​នៅ​តំបន់​ត្រូពិក។

ការ​សិក្សា​ស្រាវជ្រាវ​នេះ ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ក្នុង​ទិនានុប្បវត្តិ​វិទ្យាសាស្ត្រ​ឈ្មោះ The Lancet Planetary Health ចេញ​ផ្សាយ​ខែ​សីហា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល