អ្នកស្រាវជ្រាវ៖ កុមារអាចជួបហានិភ័យខ្ពស់ដល់សុខភាពដោយសារការកាប់បំផ្លាញព្រៃឈើ
2017.08.29
ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) រកឃើញថា ការបាត់បង់ព្រៃឈើក្នុងប្រទេសកម្ពុជា អាចបណ្តាលឲ្យមានហានិភ័យខ្ពស់ដល់ការកើតមានឡើងនូវជំងឺរាករូស ជំងឺឆ្លងផ្លូវដង្ហើម និងជំងឺគ្រុនក្តៅ ដែលជាប្រភពចម្បងមួយនៃអត្រាមរណភាព និងអត្រាកើតរោគរបស់កុមារអាយុក្រោម ៥ឆ្នាំ។
ក្រុមអ្នកសិក្សាស្រាវជ្រាវដឹកនាំដោយសាស្ត្រាចារ្យ រ៉ូមែន ការាស្កូ (Roman Carrasco) នៃដេប៉ាតឺម៉ង់ជីវសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានធ្វើការសិក្សាវិភាគលើទិន្នន័យប្រមូលបានពីការស្ទង់មតិពីគ្រួសារជាង ៣ម៉ឺន ៥ពាន់គ្រួសារ មកពីសហគមន៍ចំនួន ១.៧៦៦សហគមន៍ក្នុងរវាងឆ្នាំ២០០៥ និងឆ្នាំ២០១៤ ក្នុងគោលបំណងដើម្បីធ្វើការតាមដានទំនាក់ទំនងរវាងសុខភាពកុមារ និងតំបន់ព្រៃឈើនានាក្នុងប្រទេសកម្ពុជា។
ក្រុមអ្នកស្រាវជ្រាវរកឃើញថា ការកាត់បន្ថយចំនួន ១០ភាគរយនៃព្រៃឈើ មានពាក់ព័ន្ធនឹងការកើនឡើងនៃករណីជំងឺរាករូសក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ រហូតដល់ទៅ ១៤ភាគរយ។ លើសពីនេះទៀត របកគំហើញរបស់ក្រុមអ្នកស្រាវជ្រាវដដែលនេះបង្ហាញថា ការកើនឡើងតំបន់គម្របព្រៃការពារ អាចបណ្តាលឲ្យមានហានិភ័យទាបនៃជំងឺរាករូស និងជំងឺឆ្លងផ្លូវដង្ហើម។
លោកសាស្ត្រាចារ្យ រ៉ូមែន ការាស្កូ ថ្លែងថា ការសិក្សានេះសបញ្ជាក់ឲ្យឃើញអំពីទំនាក់ទំនងរវាងការបំផ្លិចបំផ្លាញបរិស្ថាន និងវិស័យសុខាភិបាល ហើយបញ្ជាក់ថា ការអភិរក្សព្រៃឈើអាចជួយសម្រាលបន្ទុកដល់វិស័យសុខាភិបាល។ លោកមានប្រសាសន៍ថា ផលប៉ះពាល់នៃវិស័យសុខាភិបាលសាធារណៈបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ គួរតែត្រូវយកមកពិចារណាថ្លឹងថ្លែង នៅពេលដែលក្រុមអ្នកធ្វើគោលនយោបាយវាយតម្លៃអំពីតុល្យភាពរវាងផែនការប្រើប្រាស់ដីធ្លី ការអភិរក្សព្រៃឈើ និងសុខភាពសាធារណៈ។
ផ្អែកលើរបកគំហើញនេះ ក្រុមអ្នកស្រាវជ្រាវគ្រោងនឹងពង្រីកវិសាលភាពនៃការសិក្សារបស់ខ្លួនបន្ថែមទៀត ដើម្បីរួមបញ្ចូលនូវការវិភាគថ្នាក់តំបន់ រួមមានអនុតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក និងតំបន់អាស៊ីទាំងមូល ដើម្បីធ្វើការវាយតម្លៃជារួមអំពីទំនាក់ទំនងរវាងវិស័យសុខាភិបាល និងការអភិរក្សព្រៃនៅតំបន់ត្រូពិក។
ការសិក្សាស្រាវជ្រាវនេះ ត្រូវបានបោះពុម្ពផ្សាយក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រឈ្មោះ The Lancet Planetary Health ចេញផ្សាយខែសីហា ឆ្នាំ២០១៧៕