Global Witness បង្ហាញ​ថា​លោក​ទ្រី ភាព​ជា​មេ​ក្លោង​នាំ​ឈើ​ប្រណីត​កម្ពុជា​​ខុស​ច្បាប់​ទៅ​លក់​នៅ​ចិន

អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) រក​ឃើញ​ថា ឈ្មួញ​រក​ស៊ី​ឈើ​ខុសច្បាប់​ខ្នាត​ធំ​មា្នក់​ដែល​កាង​ពីក្រោយ​ដោយ ក្រុម​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​មមាញឹក​លក់​ឈើ​ប្រណីត របស់​កម្ពុជា​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ដឹក​ចេញ តាម​ច្រក​កំពង់​ផែ​ក្រុងព្រះសីហនុ។ ចំណែក​ក្រុម​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា មិនបាន​ដឹង​អំពី​បញ្ហា​នេះ​ឡើយ។

លោក​ឧកញ៉ា ទ្រី ភាព។

អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) រក​ឃើញ​ថា ឈ្មួញ​រក​ស៊ី​ឈើ​ខុសច្បាប់​ខ្នាត​ធំ​មា្នក់​ដែល​កាង​ពីក្រោយ​ដោយ ក្រុម​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​មមាញឹក​លក់​ឈើ​ប្រណីត របស់​កម្ពុជា​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ដឹក​ចេញ តាម​ច្រក​កំពង់​ផែ​ក្រុងព្រះសីហនុ។ ចំណែក​ក្រុម​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា មិនបាន​ដឹង​អំពី​បញ្ហា​នេះ​ឡើយ។

របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ឬ​ជា​ភាសា​អង់គ្លេស គ្លបល វីនេស មាន​ឈ្មោះថា «​តម្លៃ​ឈើ​ប្រណីត» ដែល​បាន​តាមដាន ការ​ចរាចរណ៍​ឈើ​របស់​លោក​ឧកញ៉ា ទ្រី ភាព អស់ រយៈពេល​៨​ខែ​នោះ បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ចិន​បាន ចំណាយ​លុយ​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅ​ក្នុង​ទីផ្សារ​ងងឹត ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ក្រញូង​ពី​កម្ពុជា។

របាយការណ៍​នេះ​បង្ហាញ​ថា លោក​ឧកញ៉ា ទ្រី ភាព គឺជា​អ្នកដឹកនាំ​នៃ​បណ្ដាញ​កាប់​ព្រៃឈើ​ខុសច្បាប់ ដែល​កាង​ដោយ​ក្រុម​មន្ត្រី​យោធា ប៉ូលិស និង​មន្ត្រី​គយ​ក្នុង​ការ​បោសសំអាត ឈើ​ក្រញូង​របស់​ខ្មែរ ពី​តាម​ខេត្ត​នានា​ហើយ​ដឹកជញ្ជូន​តាម​កប៉ាល់ ទៅកាន់​កំពង់ផែ​ក្រុង​ហុងកុង។

មន្ត្រី​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស អ្នកស្រី មេហ្គែន ម៉ាក់ស៊ីនែស (Megan MacInnes) មាន​ប្រសាសន៍​ថា អង្គការ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​រក​ឃើញ​ថា លោក​ឧកញ៉ា ទ្រី ភាព ដ៏​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ម្នាក់​នេះ កំពុង​លក់​ឈើ​ទៅ​ទី​ក្រុង​ហុងកុង ហើយ​បញ្ជូន​បន្ត​ទៅ​ប្រទេស​ចិន៖ «ភស្តុតាង​ដែល​យើង​មាន ហើយ​អ្វី​ដែល​យើង​លាតត្រដាង ក្នុង​របាយការណ៍​នេះ​គឺ​ផ្អែកលើ​ការស្រាវជ្រាវ ​រយៈពេល​៨​ខែ ពី​អំឡុង​ឆ្នាំ​២០១៣ និង ២០១៤ ដែល​បាន​សម្ភាសន៍​មនុស្ស​របស់​លោក ទ្រី ភាព ចំនួន​៦៧ រួមមាន​កម្មករ អ្នក​បើកបរ ហើយ​យើង​ក៏បាន​សម្ភាសន៍ ជាមួយ​មន្ត្រី​រដ្ឋាភិបាល រួមមាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​ក្រសួង​បរិស្ថាន និង​មន្ត្រី​គយ​តាម​ច្រក​ព្រំដែន ដែល​ពួកគេ​បាន​បញ្ជាក់​ដូចៗ​គ្នា​ថា លោក ទ្រី ភាព ជា​មេ​ក្លោង​នៃ​បណ្ដាញ​ជួញដូរ ឈើ​ខុសច្បាប់ ពេញ​ប្រទេស​តែម្ដង»

អ្នកស្រី​បន្ត​ថា គ្លបល វីនេស រក​ឃើញ​ឯកសារ​លក់​ឈើ​របស់​លោក ទ្រី ភាព ចំនួន​ពីរ កាលពី​ខែ​មីនា ឆ្នាំ​២០១៤ ដែល​ដឹក​ឈើ​ប្រណិត​ទៅកាន់​ទីក្រុង​ហុងកុង ចំនួន​ ៥​ពាន់​ម៉ែត្រគូប ក្នុង​តម្លៃជិត ​៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ចេញ​តាម​ច្រក​កំពង់ផែ​ក្រុង​ព្រះសីហនុ។

អ្នកស្រី មេហ្គែន បញ្ជាក់​ថា ក្នុង​១​ខែ ​លោក ទ្រី ភាព លក់​ឈើ​ចំណេញ​ដល់​ទៅ​ជិត ​៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​ហើយ ដូច្នេះ​លោក ទ្រី ភាព ប្រាកដជា​ចំណេញ​កប់​ក្ដោង​រក​កន្លែង​តម្កល់​លុយ​លែង​អស់​ទៅ​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ។

គ្លបល វីនេស រក​ឃើញ​ថា លោក​ឧកញ៉ា មហាសេដ្ឋី ទ្រី ភាព ដែល​ធ្លាប់​ជា​ទីប្រឹក្សា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ កំពុង​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​មាន​ទំហំ​ជិត ​៣​ម៉ឺន​ហិកតារ (២៩.៥៨៩) ស្មើនឹង​មួយ​​ភាគ​បួន​នៃ​ផ្ទៃដី​ដែន​កោះ​ហុងកុង​ ទាំងមូល។


លើស​ពី​នេះ​ទៅ​ទៀត លោក ទ្រី ភាព ដែល​ជា​បងធំ​ម៉ាហ្វីយ៉ា​រកស៊ី​ឈើ រូបនេះ​បាន​ទទួល​សិទ្ធិ​ពិសេស​ក្នុង​ការ​កាប់​ឈើ និង​ទទួល​ទិញ​ឈើ​ពី​សមត្ថកិច្ច ដែល​រឹបអូស​បាន​ពី​ក្រុម​ឈ្មួញ​រកស៊ី​ផ្សេងៗ​ទៀត ហើយ​លក់​ចេញទៅ​ក្រៅ​ប្រទេស ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន។

បើ​ទោះ​បី​ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំ​២០០២ បាន​ហាម​កាប់​ឈើ​ជា​ទ្រង់ទ្រាយ​ធំ​ក៏ដោយ ក៏​ក្រុមហ៊ុន​របស់​លោក ទ្រី ភាព នៅ​តែ​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ចំនួន ៩​រយ ម៉ែត្រ​គុប ចេញ​ទៅ ក្រៅ​ប្រទេស​តាម​ច្រក​កំពង់ផែ​ក្រុងព្រះសីហនុ​ជា​រៀងរាល់ថ្ងៃ។

តាម​ការ​រក​ឃើញ​របស់​ក្លូបលវីនេស ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ឈើ​ប្រណីត​របស់​ខ្មែរ​ចំនួន​៨៥​ភាគរយ ត្រូវ​បាន​ឈ្មួញ​លក់​ទៅ​ប្រទេស​ចិន ហើយ​ដែល​ធ្វើ​ឲ្យ​ការនាំចេញ​សិប្បកម្ម​តុ​ទូ​តាំង របស់​ចិន​ធ្វើ​ដោយ​ឈើ​ប្រណិត​របស់​ខ្មែរ កើតឡើង​ដល់​ទៅ​១៥០​ភាគរយ ក្នុង​ចន្លោះ​ឆ្នាំ​២០១៣​និង​២០១៤ ។

អង្គការ​ឃ្លាំមើល​ពិភពលោក​មួយ​នេះ រក​ឃើញ​ថា​ឈ្មួញ​កណ្ដាល របស់​លោក ទ្រី ភាព គឺ​លោក​ឧត្ដមសេនីយ៍​ផ្កាយ​ពីរ​ឈ្មោះ ហុំ ហុយ ដែល​ស្ថិត​នៅ​ក្នុង​កងពល ង​៧០ ជា​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ទ្រី ភាព ក៏​មាន​ទំនាក់ ទំនង​ស្អិតល្មួត​ផង​ដែរ ជាមួយ​ក្រុម​មន្ត្រី​នៃ​ក្រសួងបរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ។

ប៉ុន្តែ​អ្នកនាំពាក្យ​នៃ​ក្រសួងបរិស្ថាន លោក សៅ សុភាព មាន​ប្រសាសន៍​ថា លោក​មិន​បាន​ឃើញ​ឯកសារ​អំពី​ករណី​រកស៊ី​ឈើ​របស់ លោក ទ្រី ភាព នោះ​ឡើយ៖ «ព័ត៌មាន​ដែល​ខាង​អង្គការ​នោះ​បាន​លើកឡើង​ហ្នឹង គឺ​ខ្ញុំ​មិនបាន​ដឹង​ទេ។ ព័ត៌មាន​ពី​ខាង​ណា ហើយ​ទិន្នន័យ​ទទួល​បាន​ពី​ខាង​ណា គឺ​ខ្ញុំ​មិន​ទទួល​បាន​នោះ​ទេ។ ការងារ​អស់ហ្នឹង​គឺ​យើង​អត់​អាច​ក្ដាប់​បានទេ គឺ​យើង​ក្ដាប់​បានតែ​ការងារ​ខាង​ផ្នែក​បរិស្ថាន​របស់​យើង​តែ​ប៉ុណ្ណឹង។ សំនួរ៖ តើ​ក្រសួងបរិស្ថាន​មាន​ដែល​ដឹង​ដែរ​ទេ​អំពី​ការ​រក​ស៊ី​ឈើ​របស់​លោក​ទ្រី​ភាព​កន្លងមក​នោះ​បាទ? លោក សៅ សុភាព៖ យើង​អត់​បាន​ផ្ដោត​តែ​ទៅលើ​បុគ្គល​ណាមួយ​ទេ គឺ​ក្រសួងបរិស្ថាន​ក៏ដូចជា​ស្ថាប័ន មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ ក៏ដូចជា​ព្រៃឈើ​ហ្នឹង គឺ​យើង​ធ្វើ​ជា​រួម​ទៅលើ​ការងារ​ដើម្បី​ទប់ស្កាត់ និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​យើង»

ទោះជា​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ច័ន្ទ ទី​២ ខែ​កុម្ភៈ​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រកាស​បើក​ការ​បើក​ស៊ើបអង្កេត ទៅលើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​ជិត ៥០​នាក់ ដែល​ព័ត៌មាន​នេះ ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​កាល​ពី​ខែ​ចុង​មករា។

មន្ត្រី​ទាំង​ ៥០​នាក់​នោះ សង្ស័យ​ថា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ក្នុង​ករណី​បទល្មើស​ព្រៃឈើ​នេះ។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​បញ្ចូល​ឈ្មោះ​សមត្ថកិច្ច​ទាំងនោះ​ក្នុង​បញ្ជី​ខ្មៅ ដើម្បី​ត្រៀម​បើក​ការស៊ើបអង្កេត។


ផ្ទុយទៅវិញ​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង កាលពី​ថ្ងៃ​ច័ន្ទ អះអាង​ថា បើ​ទោះ​ជា​អ្នក​ទាំងនោះ រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ក៏ដោយ ក៏​ពួកគេ​អាច​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​យ៉ាង​សប្បាយ​ដែរ ដោយសារ​ពួកគេ​មិន​ត្រឹមតែ​រក​ចំណូល​សម្រាប់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​អ្នករក​ចំណូល​ដ៏​ពូកែ សម្រាប់​ចិញ្ចឹម​បក្ស​កាន់អំណាច​ថែមទៀត។

ចំណែក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​មិន​បាន​ផ្ដួចផ្ដើម បើក​ការ​ស៊ើបអង្កេត ករណី​លោក ទ្រី ភាព នោះ​នៅឡើយ​ទេ បើ​ទោះ​បី បណ្ដាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ព្រមទាំង​អង្គការ​ឃ្លាំមើល បទល្មើស ព្រៃឈើ​នានា​បាន​រក​ឃើញ​ថា ឧកញ៉ា​បងធំ​រកស៊ី​ប្រណិត រូប​នេះ​ដែល​កំពុង​កាង​ដោយ​មន្ត្រី​មានអំណាច​កំពូលៗ កំពុង​បោស​សំអាត​ឈើ​ដ៏​មានតម្លៃ​របស់​ប្រទេសជាតិ។

រហូត​មក​ទល់​ពេលនេះ វិទ្យុ​អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ទ្រី ភាព បាន​នៅ​ឡើយ​ទេ។

ទោះជា​យ៉ាងណាក៏ដោយ អង្គការ​ឃ្លាំមើល​ពិភពលោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​បំបាត់​បទល្មើស​ព្រៃឈើ ហើយ​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិច​បន្តួច​ដែល​សហគមន៍​រស់នៅ​អាស្រ័យ​ផល​នោះ។

ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ត្រូវ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ទៅ​លើ​លោក​ឧកញ៉ា ទ្រី ភាព និង​អ្នក​ពាក់ព័ន្ធ​ដើម្បី​នាំ​ខ្លួន​ជន​ដៃដល់​ទាំងនេះ​មក​ផ្ដន្ទាទោស​តាមច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។