ផ្ទះ​ជាង​៧០​ខ្នង​នៅ​ខេត្ត​ស្ទឹងត្រែង​ខូចខាត​ដោយសារ​ព្យុះ​ភ្លៀង

ដោយ ប្រាជ្ញ ចេវ
2015.04.22
ខ្យល់​ព្យុះ​ ដួល​ផ្ទះ​ពលរដ្ឋ ខេត្ត​ស្ទឹងត្រែង ៦២០ ផ្ទះ​ពលរដ្ឋ​ដែល​ត្រូវ​ខ្យល់​បោកបក់​ដួល​រលំ នៅ​ឃុំ​ស្រែគ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៥។
Photo Provided

របាយការណ៍​បឋម​របស់​កាកបាទ​ក្រហម​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ភ្លៀង​លាយ​ខ្យល់​ព្យុះ បាន​បោក​បក់​នាំ​ឲ្យ​ផ្ទះ ៥​ខ្នង​ដួល​រលំ និង​ជាង ៥០​ខ្នង​ទៀត​រង​ផល​ប៉ះពាល់​ជា​មធ្យម ដូចជា របើក​ជញ្ជាំង និង​ដំបូល ជាដើម។ ដោយ​ឡែក​នៅ​ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសាន អាជ្ញាធរ​ឃុំ​ឲ្យ​ដឹង​ថា ផ្ទះ ១៨​ខ្នង​ក៏​ត្រូវ​ខ្យល់​ព្យុះ​បំផ្លាញ​ដូច​គ្នា​ដែរ ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​បាន​បញ្ចូល​ក្នុង​របាយការណ៍​ខេត្ត​នៅ​ឡើយ។

ក្រោយ​ទទួល​របាយការណ៍​បឋម​នេះ អាជ្ញាធរ និង​កាកបាទ​ក្រហម​ខេត្ត នឹង​យក​អំណោយ​ចែក​ជូន​ក្រុម​ពលរដ្ឋ​រងគ្រោះ​ទាំង​នោះ។ អាជ្ញាធរ​ថា ចំនួន​ផ្ទះ​ពិត​ប្រាកដ​ដែល​រងគ្រោះ​នេះ អាច​នឹង​មាន​ច្រើន​ជាង​របាយការណ៍​ដែល​ទទួល​បាន ខណៈ​ដែល​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ពុំ​ទាន់​បាន​បញ្ជូន​របាយការណ៍​មក​ខេត្ត។

ផ្អែក​លើ​របាយការណ៍​បឋម​របស់​កាកបាទ​ក្រហម​ខេត្ត​ស្ទឹងត្រែង ផ្ទះ​ពលរដ្ឋ​ក្នុង​ស្រុក​ពីរ​នៃ​ខេត្ត​ស្ទឹងត្រែង គឺ​ស្រុក​ថាឡាបរិវ៉ាត់ និង​ស្រុក​សៀមប៉ាង រង​ខូចខាត​ដោយសារ​ភ្លៀង​លាយ​ខ្យល់​នេះ មិន​បណ្ដាល​ឲ្យ​មាន​របួស ឬ​អាយុ​ជីវិត​របស់​ពលរដ្ឋ​ឡើយ។ ចំណែក​ស្រុក​សេសាន ក៏​ដូច​គ្នា​នេះ​ដែរ គឺ​ត្រឹម​តែ​ខូចខាត​ផ្ទះ​សម្បែង​ពលរដ្ឋ​ប៉ុណ្ណោះ។

នាយក​សាខា​កាកបាទ​ក្រហម​នៃ​ខេត្ត​ស្ទឹងត្រែង លោក សាយ ព្រលឹង ប្រាប់​ថា លោក​ទើប​តែ​ទទួល​របាយការណ៍​ពី​ស្រុក​ដែល​រងគ្រោះ ខណៈ​ដែល​ខេត្ត​នេះ​មាន ៣​ស្រុក​រងគ្រោះ​ដោយសារ​ភ្លៀង​លាយ​ព្យុះ។ លោក សាយ ព្រលឹង បន្ត​ទៀត​ថា ក្រោយ​ទទួល​របាយការណ៍ ក្រុម​ការងារ​ខេត្ត​នឹង​ចុះ​ចែក​អំណោយ​ដល់​ក្រុម​ពលរដ្ឋ​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ប៉ុន្តែ​លោក​មិន​ទាន់​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​ខ្យល់​បក់​រលំ​ផ្ទះ នឹង​ទទួល​បាន​អ្វី​លើស​ពី​ពលរដ្ឋ​ផ្សេង​ឡើយ៖ «ផ្ទះ​ដែល​ត្រូវ​ខ្យល់​បោក​បក់​នេះ យើង​ចែក​ចេញ​ជា​ពីរ គឺ​រងគ្រោះ​ធ្ងន់ធ្ងរ និង​មធ្យម»

ដោយ​ឡែក​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន អាជ្ញាធរ​ឃុំ​ឲ្យ​ដឹង​ថា ខ្យល់​ព្យុះ​លាយ​ឡំ​ដុំ​ទឹកកក​ផង បាន​បោក​បក់​នាំ​ឲ្យ​ដើម​ឈើ​រលំ​ដួល​លើ​ផ្ទះ​ពលរដ្ឋ​ជិត ១៨​ខ្នង។ ហេតុការណ៍​នេះ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ឬ​រង​របួស​ឡើយ ប៉ុន្តែ​ផ្ទះ ៤​ខ្នង​រង​ការ​ខូចខាត​ខ្លាំង។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មេសា ថា ផ្ទះ​ពលរដ្ឋ​ដែល​ខូចខាត​ខ្លាំង​ទាំង ៤​គ្រួសារ ត្រូវ​តែ​ជួសជុល​ឡើង​វិញ ទើប​អាច​រស់​នៅ​បាន។ លោក​ថា នេះ​ជា​លើក​ទី​១​ដែល​ភូមិ​ឃុំ​លោក​ជួប​គ្រោះ​ខ្យល់​ព្យុះ​ដូច​នេះ៖ «មិន​មែន​ខ្យល់​ធម្មតា​ទេ ព្យុះ​សង្ឃរា​ហ្មង ធ្វើ​ឲ្យ​មែក​ស្វាយ​ហ្នឹង​បាក់​ធ្លាក់​លើ​ផ្ទះ​ពលរដ្ឋ»

អាជ្ញាធរ​ខេត្ត​ថា អំណោយ​ដែល​ខេត្ត​ផ្តល់​ជូន​ពលរដ្ឋ​រងគ្រោះ​ក្នុង​មួយ​គ្រួសារ​ថវិកា ៥​ម៉ឺន​រៀល អង្ករ ៣០​គីឡូក្រាម មី​មួយ​កេស តង់ កន្ទេល ភួយ ម៉ុង ជាដើម។ អាជ្ញាធរ​ខេត្ត​នេះ​អះអាង​ថា ការ​ចែក​អំណោយ​នេះ​មិន​ប្រកាន់​បក្ខពួក​ឡើយ ឬ​និន្នាការ​នយោបាយ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។