ភ្ញៀវ​ទេសចរ​រិះគន់​ថា​ទឹក​សមុទ្រ​មាន​ក្លិន​ស្អុយ​នៅ​ឆ្នេរ​កោះ​តូច​ខេត្ត​ព្រះសីហនុ

ដោយ ដែន អយុធ្យា
2017.06.20
បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ កោះ​តូច ២០១៧ ១៤៤០ បំពង់​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​ឆ្នេរ​ខ្សាច់​កោះ​តូច សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧។
RFA/Den Ayuthyea

ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ដែល​បាន​ចូល​ទៅ​កម្សាន្ត និង​ចុះ​ងូត​ទឹក​នៅ​ឆ្នេរ​ខ្សាច់​កោះ​តូច សង្កាត់​កោះរ៉ុង បាន​ត្អូញត្អែរ​ថា ទឹក​សមុទ្រ​នៅ​ឆ្នេរ​កោះ​តូច​ពេល​ខ្លះ​មាន​ក្លិន​ស្អុយ និង​រមាស់​ស្បែក​ពេល​ចុះ​ងូត​ទឹក​សមុទ្រ​តាម​ឆ្នេរ​នេះ។ ប្រតិបត្តិករ និង​ភ្ញៀវ​ទេសចរ បារម្ភ​ខ្លាច​បរិស្ថាន​នៅ​តាម​ឆ្នេរ​សមុទ្រ​កោះ​តូច ត្រូវ​បំផ្លាញ និង​សំណូមពរ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ទប់ស្កាត់​សំណង់​រឹងមាំ​សង់​លើ​ឆ្នេរ​ខ្សាច់ និង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ។

ភ្ញៀវ​ទេសចរ​ព្រួយ​បារម្ភ​ខ្លាច​ឆ្នេរ​ខ្សាច់​កោះ​តូច​មាន​ទីតាំង​នៅ​លើ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវ​បំផ្លាញ ព្រោះ​ពួក​គេ​បាន​រអ៊ូរទាំ​ថា ពេល​ចុះ​ងូត​ទឹក​សមុទ្រ​នៅ​តាម​ឆ្នេរ​នេះ ទឹក​សមុទ្រ​មាន​ក្លិន​ស្អុយ និង​រមាស់​ស្បែក។

ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ដែល​បាន​ចូល​ទៅ​កម្សាន្ត​តាម​ឆ្នេរ​កោះ​សំពោច ឆ្នេរ​កោះរ៉ុង​សន្លឹម ឆ្នេរ​សុខសាន្ត ឆ្នេរ​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង និង​ឆ្នេរ​កោះ​តូច នៃ​សង្កាត់​កោះរ៉ុង ជាដើម សង្កេត​ឃើញ​ថា បរិស្ថាន​ឆ្នេរ​កោះ​តូច​ហាក់​មាន​ការ​បំពុល​បរិស្ថាន​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ការពារ​កុំ​ឲ្យ​អាជីវករ និង​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ឆ្នេរ​នេះ បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ និង​សង់​សំណង់​រឹងមាំ​ឲ្យ​បាន​ជា​ស្ថាពរ បើ​មិន​ដូច្នេះ​ទេ បរិស្ថាន​ឆ្នេរ​កោះ​តូច នឹង​ត្រូវ​បំផ្លាញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

ភ្ញៀវ​ទេសចរ សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត​នេះ ត្រូវ​លុប​បំបាត់​រាល់​សំណង់​រឹងមាំ​ដែល​បាន​សង់​នៅ​លើ​ឆ្នេរ​ខ្សាច់ និង​ក្នុង​ទឹក​សមុទ្រ ជាពិសេស​នៅ​មាន​អាជីវករ​ខ្លះ​នៅ​តាម​ឆ្នេរ​នេះ បាន​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត ជាដើម។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា រដ្ឋបាល​ខេត្ត​នេះ​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ការ​សាងសង់​សំណង់​រឹងមាំ​ជា​ថ្មី​ទៀត​នៅ​តាម​ឆ្នេរ​កោះ​តូច​ទៀត​ទេ ប៉ុន្តែ​ចំពោះ​សំណង់​រឹងមាំ​ដែល​សង់​រួច ត្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ទាំងនោះ​រក្សា​ឲ្យ​នៅ​សភាព​ធម្មតា​សិន និង​រង់ចាំ​ដោះស្រាយ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត។

ទឹក​សមុទ្រ​នៅ​ឆ្នេរ​ខ្សាច់​កោះ​តូច សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧។
ទឹក​សមុទ្រ​នៅ​ឆ្នេរ​ខ្សាច់​កោះ​តូច សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧។
RFA/Den Ayuthyea

លោក យន្ត មីន បន្ថែម​ថា កន្លង​ទៅ មន្ត្រី​ជំនាញ​នៅ​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មាន​ក្រសួង​បរិស្ថាន និង​ក្រសួង​ទេសចរណ៍ ព្រម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​សង្កាត់​កោះរ៉ុង បាន​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​ប្រតិបត្តិករ​ទេសចរ​ប្រកប​អាជីវកម្ម​នៅ​តាម​ឆ្នេរ​កោះ​តូច ឲ្យ​ជួយ​ការពារ​បរិស្ថាន​នេះ​ជា​ប្រចាំ និង​បាន​ហាម​មិន​ឲ្យ​យក​តុ​កៅអី​ទៅ​ដាក់​បម្រើ​ភ្ញៀវ​នៅ​លើ​ឆ្នេរ​ខ្សាច់ ជាដើម៖ «ជា​រួម​នៅ​តាម​បណ្ដា​ឆ្នេរ​កោះរ៉ុង មក​ដល់​ពេល​នេះ​ហាក់​មាន​ធូរស្បើយ​បន្តិច នៅ​ត្រង់​ថា​កន្លង​មក​ខ្ញុំ​បាន​ចុះ​ទៅ​កាន់​តំបន់​ឆ្នេរ​ហ្នឹង​ម្តង​ពីរ​ដង​ដែរ ហើយ​ខាង​មន្ទីរ​បរិស្ថាន ក៏​បាន​ដាក់​មន្ត្រី​ខ្លួន​ឲ្យ​ប្រចាំ​ការ​នៅ​តាម​ឆ្នេរ​ទាំងនោះ ក្នុង​នោះ​ចៅ​សង្កាត់​កោះរ៉ុង ក៏​បាន​យល់​ដឹង​អំពី​ការ​ការពារ​បរិស្ថាន ហើយ​យើង​ក៏​បាន​រួម​គ្នា​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ។ ជាក់ស្តែង​ពេល​នេះ យើង​បាន​បញ្ជូន​អាង​ចម្រោះ​ទឹក​ស្អាត​តាម​បច្ចេកទេស​ថ្មី​ទៅ​កាន់​កោះរ៉ុង ដើម្បី​ការងារ​ថែរក្សា​អនាម័យ​ឆ្នេរ​ឲ្យ​បាន​ល្អ»

លោក យន្ត មីន បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រកប​របរ​ទទួល​ទាន​នៅ​តាម​ឆ្នេរ​សមុទ្រ​ទាំង​លើ​ដី​គោក និង​តាម​ឆ្នេរ​នៅ​លើ​ដី​កោះ ត្រូវ​រួម​សហការ​គ្នា​ថែរក្សា​បរិស្ថាន​ឆ្នេរ​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ជា​ប្រចាំ ដោយ​មិន​ត្រូវ​លួច​សង់​សំណង់​រឹងមាំ​នៅ​លើ​ឆ្នេរ​ខ្សាច់ ឬ​ក្នុង​ទឹក​សមុទ្រ ជាពិសេស​មិន​ត្រូវ​លួច​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​ជា​មុន​ទៀត​ទេ។

ទោះ​ជា​យ៉ាង​ណា ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​ដល់​ឆ្នេរ​កោះ​តូច បាន​រិះគន់​ថា បច្ចុប្បន្ន បរិស្ថាន​ឆ្នេរ​ខ្សាច់​កោះ​តូច​មិន​សូវ​មាន​អនាម័យ​ទេ ព្រោះ​ឃើញ​មាន​អាជីវករ​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស ភាគច្រើន​ប្រកប​អាជីវកម្ម​នៅ​តាម​ឆ្នេរ​នេះ​បាន​ដាក់​តាំង​តុ​កៅអី និង​សម្ភារៈ​ផ្សេងៗ​សម្រាប់​លក់​ដូរ​នំ​ចំណី​នៅ​លើ​ឆ្នេរ​ខ្សាច់​គ្មាន​សណ្ដាប់ធ្នាប់ និង​មាន​សង់​សំណង់​រឹងមាំ​ខ្លះ បាន​សង់​ជាប់​ឆ្នេរ​ខ្សាច់ និង​ក្នុង​ទឹក​សមុទ្រ ជាដើម។

បញ្ហា​នេះ ភ្ញៀវ​ទេសចរ​ជាតិ​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​រដ្ឋបាល​ក្រុង-ខេត្ត​ព្រះសីហនុ ជួយ​មាន​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​នៃ​ការ​សង់​សំណង់​រឹងមាំ​នៅ​លើ​ឆ្នេរ​កោះ​តូច និង​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ឲ្យ​បាន​ជា​ស្ថាពរ ដើម្បី​ថែរក្សា​បរិស្ថាន​ឆ្នេរ​កោះ​តូច​ឲ្យ​មាន​អនាម័យ និង​សោភ័ណភាព​ដូច​ពេល​មុន​វិញ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ពិសេស​ប្រតិបត្តិករ​ទេសចរ​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​ថែរក្សា​ការពារ​បរិស្ថាន​ឆ្នេរ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​រក្សា​ឲ្យ​ឆ្នេរ​សមុទ្រ​នានា​នៅ​ទូទាំង​ខេត្ត​ទេសចរណ៍​មួយ​នេះ មាន​អនាម័យ និង​សោភ័ណភាព​ជា​រៀង​រហូត។

លោក​ស្នើ​ដល់​អ្នក​ជាប់​ពាក់ព័ន្ធ ត្រូវ​ចូលរួម​សហការ​ថែរក្សា​បរិស្ថាន​អនាម័យ​នៅ​តាម​ឆ្នេរ​នីមួយៗ​ទាំង​នៅ​លើ​ដី​គោក និង​លើ​ដី​កោះ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​ឲ្យ​ទីក្រុង​មាន​អនាម័យ​បរិស្ថាន​ស្អាត ឈាន​ដល់​ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត៖ «ជាពិសេស​រាល់​ការ​វិនិយោគ​ផ្សេងៗ សូម​ឲ្យ​វិស័យ​ឯកជន​ទាំងអស់​គ្នា​សុំ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ពី​មន្ទីរ​ក្រសួង ជាពិសេស​រដ្ឋបាល​ខេត្ត និង​ពី​ជំនាញ​ពាក់ព័ន្ធ។ រឿង​នេះ​សំខាន់​ណាស់ គឺ​មុន​នឹង​ប្រតិបត្តិករ​ទេសចរ​ទាំងនោះ​ចង់​អភិវឌ្ឍ​អ្វី​មួយ គឺ​ទាមទារ​ឲ្យ​មាន​ការ​អនុញ្ញាត​ច្បាប់ ឬ​សុំ​អាជ្ញាប័ណ្ណ​ឲ្យ​បាន​ត្រឹមត្រូវ។ ជាង​នេះ ការ​វិនិយោគ​ក៏​ត្រូវ​អនុវត្ត​ទៅ​តាម​បទដ្ឋាន​របស់​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ធានា​នូវ​ផល​ប៉ះពាល់ និង​បង្កើន​នូវ​គុណភាព​សេវាកម្ម​ជូន​ភ្ញៀវ​ទេសចរ»

ទាក់ទង​ការ​ព្រួយ​បារម្ភ​ខ្លាច​ឆ្នេរ​កោះ​តូច​ត្រូវ​បំផ្លាញ​នេះ គេ​សង្កេត​ឃើញ​ថា នា​ពេល​កន្លង​ទៅ រដ្ឋបាល​ក្រុង-ខេត្ត​ព្រះសីហនុ រួម​ជាមួយ​អាជ្ញាធរ​ជំនាញ​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ មាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​កោះរ៉ុង ជាដើម បាន​ចុះ​ណែនាំ​ដល់​អាជីវករ ឬ​ប្រតិបត្តិករ​ទេសចរ​ទាំងអស់​នៅ​លើ​ឆ្នេរ​កោះ​តូច ឲ្យ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​កោះ​តូច​ជា​បន្តបន្ទាប់។ ជាង​នេះ ក៏​បាន​ហាម​មិន​ឲ្យ​អាជីវករ​ទាំងនោះ​នាំ​យក​តុ​កៅអី និង​សម្ភារៈ​ផ្សេងៗ​ដាក់​លើ​ឆ្នេរ​ខ្សាច់ ដើម្បី​លក់​ដូរ​ចំណី​អាហារ​ផ្សេងៗ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​នៅ​តាម​ឆ្នេរ​នេះ ប៉ុន្តែ​បម្រាម​នេះ​ត្រូវ​អាជីវករ​បម្រើ​សេវា​ទេសចរណ៍​នៅ​តាម​ឆ្នេរ​កោះ​តូច បាន​ចូលរួម​អនុវត្ត​តែ​ក្នុង​មួយ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​នេះ ភាព​អនាធិបតេយ្យ​នៃ​ការ​ដាក់​តុ​កៅអី និង​សម្ភារៈ​ផ្សេងៗ ឬ​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ បាន​បន្ត​កើត​មាន​ជា​បន្ត​ទៀត​នៅ​តាម​ឆ្នេរ​ខ្សាច់​កោះ​តូច​នៃ​សង្កាត់​កោះរ៉ុង។

មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្ហាញ​របាយការណ៍​ឆ្នាំ​២០១៦ ឲ្យ​ដឹង​ថា ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កើន​ជាង ២០​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៥ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជិត ៤០​ម៉ឺន​នាក់ និង​ភ្ញៀវ​ជាតិ​មាន​ចំនួន​ជាង ១​លាន ២​សែន​នាក់។

ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥​គីឡូម៉ែត្រ) និង​មាន​កោះ​ចំនួន ៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់​ស្អាត​ដែល​ជា​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​ពង្រីក​វិស័យ​ទេសចរណ៍​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។