មេដឹកនាំ​ប្រទេស​នៃ​ទន្លេ​មេគង្គ​អនុម័ត​ផ្ដោត​លើ​សហប្រតិបត្តិការ​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌

ដោយ មាន ឫទ្ធិ
2018-01-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មេដឹកនាំ​មកពី​ប្រទេស​ចំនួន​៦ នៃ​តំបន់​ទន្លេ​មេគង្គ រួមមាន កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ឬ​ភូមា និង​ចិន បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ នៅ ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨។
មេដឹកនាំ​មកពី​ប្រទេស​ចំនួន​៦ នៃ​តំបន់​ទន្លេ​មេគង្គ រួមមាន កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ឬ​ភូមា និង​ចិន បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ នៅ ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨។
Photo of SPM Page

មេដឹកនាំ​មកពី​ប្រទេស​ចំនួន​៦ នៃ​តំបន់​ទន្លេ​មេគង្គ រួមមាន កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ឬ​ភូមា និង​ចិន បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ នៅ ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ មករា។ ឯកសារ​សំខាន់ៗ​ចំនួន ២ ត្រូវ​បាន​មេដឹកនាំ​នៃ​ប្រទេស​ទាំង​៦​នេះ សម្រេច​អនុម័ត​ជា​ឯកច្ឆន្ទ ក្នុង​នោះ​រួមមាន សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ និង​ផែនការ​សកម្មភាព ៥​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ២០១៨-២០២២។

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ចិន លោក លឺ ខឺឈាង បាន​ដឹកនាំ​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២​នេះ ដែល​ធ្វើឡើង​ក្រោម​មូលបទ «ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព»។ កិច្ចប្រជុំ​កំពូល​នេះ បាន​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​១០​មករា ដោយ​ប្រទេស​ឡាវ​ជា​អ្នកទទួល​តួនាទី​បន្ត ដឹកនាំ​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣ នៅ​ឆ្នាំ​២០១៩ ខណៈ​ប្រទេស​ចិន ដើរ​តួនាទី​ជា​សហប្រធាន​អចិន្ត្រៃយ៍​នៃ​កិច្ចប្រជុំ​កំពូល​នេះ។

សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ នៃ​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​ពីរ ត្រូវ​បាន​មេដឹកនាំ​នៃ​ប្រទេស​ទាំង ៦ សម្រេច​អនុម័ត​ជា​ឯកច្ឆន្ទ។ ខ្លឹមសារ​សំខាន់ៗ​ចំនួន​២​នៃ​សេចក្ដីថ្លែងការណ៍​នេះ គឺ​ផ្តោត​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​នយោបាយ និង​សន្តិសុខ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព និង​ការ​ផ្លាស់ប្តូរ​ទំនាក់ទំនង​សង្គម វប្បធម៌ និង​ប្រជាជន។ មេដឹកនាំ​នៃ​ប្រទេស​ទាំង​៦​នេះ ឯកភាព​ថា យន្តការ​កិច្ច​សហប្រតិបត្តិការ​ពហុ​កម្រិត​នេះ គឺជា​បណ្ដាញ​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​ការ​សម្របសម្រួល​ទំនាក់ទំនង ការ​ពង្រឹង​កិច្ច​សម្របសម្រួល​គោលនយោបាយ ជាពិសេស​ការ​លើក​កម្ពស់​នូវ​ទំនុក​ចិត្ត​គ្នា​ទៅវិញទៅមក​លើ​ផ្នែក​នយោបាយ។

លោក ហ៊ុន សែន ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​នេះ បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​គោលការណ៍ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នីមួយ តាមរយៈ​ការ​គោរព​គ្នា​ទៅវិញទៅមក​ចំពោះ​បូរណភាព​ទឹកដី និង​អធិបតេយ្យ ដើម្បី​ធានា​សន្តិភាព​ក្នុងចំណោម​បណ្ដា​ប្រទេស​ជាប់​អាង​ទន្លេ​មេគង្គ។ លោក ហ៊ុន សែន បាន​លើក​ឡើង​ពី​គុណ​តម្លៃ​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ដែល​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​មតិ​ឯកច្ឆន្ទ សមភាព ការ​ពិគ្រោះ​យោបល់ និង​កា​សម្របសម្រួល​គ្នា​ទៅវិញទៅមក ការ​ស្ម័គ្រចិត្ត ការចូលរួម​ជាមួយគ្នា និង​ផលប្រយោជន៍​រួម ព្រមទាំង​ការ​គោរព​ចំពោះ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ៖ «គុណ​តម្លៃ​ទាំងនេះ បាន​ចូលរួម​កសាង​តំបន់​យើង បាន​យ៉ាង​ល្អ ក្នុង​បំណង​ប្រាថ្នា​ស្វែងរក​សន្តិភាព និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព។ ខ្ញុំ​ពិតជា​មានការ​ស្ងើចសរសើរ​ចំពោះ​ល្បឿន និង​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍន៍​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​របស់​យើង»

ជា​ការ​កត់សម្គាល់ មេដឹកនាំ​នៃ​ប្រទេស​ទាំង​៦ នៃ​តំបន់​ទន្លេ​មេគង្គ​-​ឡាន​ឆាង បាន​ដាក់​ចេញ​នូវ​វិធានការណ៍​ចំនួន​៤ សម្រាប់​កិច្ច​សហប្រតិបត្តិការ​នយោបាយ និង​សន្តិសុខ​ក្នុង​តំបន់​ទន្លេ​មេគង្គ​-​ឡាន​ឆាង ក្នុង​នោះ​រួមមាន​៖ ១) ការ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​កម្រិត​ខ្ពស់ និង​កិច្ច​សន្ទនា​ក្នុងចំណោម​មន្ត្រី​គណបក្ស​នយោបាយ សភា និង​រដ្ឋាភិបាល ២) ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ដើម្បី​រក្សា​សន្តិភាព​និង​ស្ថិរភាព​ក្នុង​អនុតំបន់​ដោយ​ប្រកាន់យក​គោលការណ៍​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ ៣) ការ​ពង្រឹង​កិច្ច​សន្ទនា​លើ​ការអនុវត្ត​ច្បាប់ និង​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹ​ង​បញ្ហា​សន្តិសុខ​មិន​ប្រពៃណី ដើម្បី​ផលប្រយោជន៍​រួម និង​ទី​៤) គឺ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះ​មហន្តរាយ ជំនួយ​មនុស្សធម៌ ដោយ​លើកឡើង​ពី​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ ការធានា​សន្តិសុខ​ស្បៀង ទឹក និង​ថាមពល និង​ការ​ផ្លាស់ប្ដូរ​ទិន្នន័យ​ព័ត៌មាន។

អ្នកស្រាវជ្រាវ​ប្រចាំ​វិទ្យាស្ថាន​សិក្សា​អំពី​តំបន់​អាស៊ីអាគ្នេយ៍​របស់​សិង្ហបុរី (Institute of Southeast Asian Studies-ISEAS) និង​ជា​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​លោក​បណ្ឌិត ឈាង វណ្ណារិទ្ធិ មើល​ឃើញ​ថា ការអនុវត្ត​យន្តការ​មេគង្គ​-​ឡាន​ឆាង​ជាមួយ​ប្រទេស​ចិន​នេះ អាច​ចូលរួម​ចំណែក​ជួយ​បង្រួម​នូវ​ការ​ខ្វែងគំនិត​គ្នា ឬ​វិវាទ​ណាមួយ ដែល​កើត​ចេញពី​ការគ្រប់គ្រង​ធនធាន​ទឹក ក៏ដូចជា​កង្វល់​ផ្សេងៗ​របស់​បណ្ដា​ប្រទេស​ក្នុង​អាង​ទន្លេ​មេគង្គ៖ «យើង​កាន់​តែ​មាន​បញ្ហា យើង​ត្រូវតែ​បង្កើត​យន្តការ​នៃ​ការពិភាក្សា​កាន់​តែ​ច្រើន។ នៅ​ពេល​យើង​មាន​យន្តការ​ពិភាក្សា វា​អាច​ធ្វើ​ឲ្យ​បញ្ហា​ចម្រូងចម្រាស ឬ​បញ្ហា​ផ្សេងៗ​រួម​តូច។ អ៊ីចឹង​ទេ ខ្ញុំ​គិត​ថា យន្តការ​ឡាន​ឆាង​-​មេគង្គ​ហ្នឹង​ជួយ ដើម្បី​ជំរុញ​ឲ្យ​ភាព​ខុសប្លែក​គ្នា ឬ​ចម្រូងចម្រាស​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ការគ្រប់គ្រង​ទឹក រួម​តូច ពីព្រោះ​ថា ចង់​ឬ​មិន​ចង់ វា​ត្រូវតែ​ពិភាក្សា​គ្នា​ហើយ។ ឧទាហរណ៍​ថា ក្នុង​ករណី​សេណារីយោ​មួយ ដែល​អត់​មាន​យន្តការ​ហ្នឹង។ ដើម្បី​ទៅ​និយាយ​ជាមួយ​ចិន តើ​យើង​ត្រូវ​ប្រើ​យន្តការ​អី? យើង​អត់​មាន​យន្តការ​អី​ដើម្បី​ទៅ​ចរចា​ផ្ទាល់​ជាមួយ​នឹង​ចិន​ទេ។ ក៏ប៉ុន្តែ ឥឡូវ​យើង​មាន​ឡាន​ឆាង​-​មេគង្គ​ហ្នឹង អ៊ីចឹង​បើ​មាន​បញ្ហា​អ្វី​ទាក់ទង​ទៅ​នឹង ការគ្រប់គ្រង​ទឹក គឺ​យើង​មាន​យន្តការ​ហ្នឹង និយាយ​ផ្ទាល់​ជាមួយ​ចិន​តែ​ម្តង ពី​កង្វល់​របស់​យើង អំពី​បញ្ហា​ផ្សេងៗ​ដែល​ជួបប្រទះ​។ ដូច្នេះ​យើង​អាច​ស្វែងរក​ដំណោះស្រាយ​រួម​បាន បាទ»

យន្តការ​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​ឲ្យ​មាន​ឡើង​ដោយ​ប្រទេស​ចិន កាលពី​២​ឆ្នាំមុន គឺ​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​ឆ្លើយតប​ទៅ​នឹង​យន្តការ​កិច្ច​សហប្រតិបត្តិការ​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ដែល​ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល​ជាង​៦០ ឆ្នាំ ហើយ​មានតែ ៤ ប្រទេស គឺ​កម្ពុជា ឡាវ ថៃ និង​វៀតណាម ហើយ​មិន​រួមបញ្ចូល​ប្រទេស​ចិន និង​មីយ៉ាន់ម៉ា។ យន្តការ​នេះ ទទួលរង​នូវ​ការ​រិះគន់​ថា អាច​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ប្រទេស​ចិន ដើម្បី​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​វិវាទ​នានា​នៅ​លើ​តំបន់​ទន្លេ​មេគង្គ ដែល​កើត​ចេញ​ពី​ការសាងសង់ ឬ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​របស់​បណ្ដា​ប្រទេស​ជាប់​ទន្លេ​មេគង្គ និង​ការ​ចែករំលែក​អត្ថប្រយោជន៍​រួម​រវាង​បណ្ដា​ប្រទេស​ខ្សែទឹក​ខាងលើ និង​ខ្សែទឹក​ខាងក្រោម​នៃ​ទន្លេ​មេគង្គ។ ប្រទេស​ចិន ដែល​ជា​ប្រទេស​ស្ថិតនៅ​ខ្សែទឹក​ខាងលើ​នៃ​ទន្លេ​មេគង្គ បាន​សាងសង់​ទំនប់​វារីអគ្គិសនី​ធំ​បំផុត​ចំនួន​៧ ហើយ​គ្រោង​នឹង​សង់​វារីអគ្គិសនី​ជាង ២០​ទៀត នៅ​លើ​ផ្ទៃ​អាង​ទន្លេ​មេគង្គ​នេះ។ ប្រទេស​ចិន ក៏​គ្រោង​នឹង​ស្នើ​ឲ្យ​មានការ​ស្តារ​ផ្ទៃ​អាង​ទន្លេ​មេគង្គ​កាត់​តាម​ប្រទេស​ទាំង​៦​នេះ ដើម្បី​បើកផ្លូវ​ឲ្យ​នាវា​ដឹកជញ្ជូន​ទំនិញ អាច​ធ្វើ​ដំណើរ​បាន​តាម​ទន្លេ​នេះ​នា​ពេល​អនាគត។ ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ក្រោយពី​ការ​ផ្ដួចផ្ដើម​ឲ្យ​មាន​យន្តការ​នេះ​ឡើង ប្រទេស​ចិន បាន​ផ្តល់​ថវិកា​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​គម្រោង​ចំនួន ៤៥ អនុវត្ត​ក្រោម​យន្តការ​នេះ ការ​កសាង​សមត្ថភាព​ឧស្សាហកម្ម ពាណិជ្ជកម្ម​តាម​ព្រំដែន កសិកម្ម និង​ការ​លប់​បំបាត់​ភាព​ក្រីក្រ។

ក្រុម​អ្នក​បរិស្ថាន និង​រដ្ឋាភិបាល​ប្រទេស​ខ្សែទឹក​ខាងក្រោម ជាពិសេស​ប្រទេស​វៀតណាម ធ្លាប់​បាន​ព្រមាន​ពី​ផល​ប៉ះពាល់​លើ​ប្រព័ន្ធ​អេកូឡូស៊ី ដោយសារតែ​មហិច្ឆតា​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី​ទាំងនេះ​របស់​ប្រទេស​ចិន។ សារព័ត៌មាន​ចិន South China Morning Post រាយការណ៍​ថា កាលពី​ឆ្នាំ​២០១៦ កន្លង​ទៅ ប្រទេស​វៀតណាម​ទទួលរង​នូវ​គ្រោះ​រាំងស្ងួត​ដ៏​អាក្រក់​បំផុត មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ៩០ឆ្នាំ។ គ្រោះ​រាំងស្ងួត​នេះ ត្រូវ​បាន​អ្នក​ជំនាញ​លើក​ឡើង​ថា ប្រទេស​ចិន គឺជា​ផ្នែក​មួយ​នៃ​ការទទួលខុសត្រូវ ដោយសារតែ​ការសាងសង់​ទំនប់​វារីអគ្គិសនី ដ៏​សម្បើម​របស់​ខ្លួន​នៅ​ខ្សែទឹក​ខាងលើ​នៃ​ទន្លេ​មេគង្គ។ សារព័ត៌មាន​ដដែល​នេះ ក៏បាន​រាយការណ៍​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​ចិន មាន​គម្រោង​ដាក់​បំផ្ទុះ​ដើម្បី​កម្ទេច និង​រម្លាយ​ល្បាក់​ថ្ម​ធម្មជាតិ ដែល​ដុះ​នៅ​កណ្ដាល​ទន្លេ​មេគង្គ ស្ថិត​ក្នុង​ចន្លោះ​ប្រទេស​ថៃ និង​ឡាវ ដើម្បី​បើកផ្លូវ​ឲ្យ​កប៉ាល់​ដឹកទំនិញ​ធំៗ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ទាំង​៦ តាម​ដង​ទន្លេ​មេគង្គ ដោយ​ពុំ​មាន​ឧបសគ្គ។ ផែនការ​នេះ កំពុង​ទទួលរង​នូវ​ការ​តវ៉ា​ប្រឆាំង និង​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រជាជន និង​ក្រុម​អ្នក​អភិរក្ស​ក្នុង​ប្រទេស​ថៃ និង​ឡាវ ដោយ​សារតែ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​មក​លើ​បរិស្ថាន។

ទន្លេ​មេគង្គ ឬ​ហៅថា​ទន្លេ​ឡាន​ឆាង នៅ​ប្រទេស​ចិន គឺជា​បេះដូង​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក ដែល​មាន​ប្រជាជន​សរុប​ជាង ៦០​លាន​នាក់ ពឹង​ផ្អែកលើ​ទន្លេ​នេះ និង​ដៃទន្លេ​នេះ សម្រាប់​ម្ហូបអាហារ ទឹក ការ​ដឹក​ជញ្ជូន និង​ទិដ្ឋភាព​ដទៃ​ទៀត​នៃ​ជីវភាព​ប្រចាំថ្ងៃ។ ទន្លេ​នេះ​គឺជា​ទន្លេ​ដែល​វែង​ជាងគេ​ទី​១២ នៅ​លើ​ពិភពលោក មាន​ប្រវែង​ប្រមាណ​ជិត ៥​ពាន់​គីឡូម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល