មជ្ឈមណ្ឌល​មេត្តា​ហោស៍​គ្រោង​បញ្ចាំង​វីដេអូ​ឯកសារ​ជីវិត​របស់​លោក ឈុត វុទ្ធី

មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា-អាល្លឺម៉ង់ ឬ​ហៅ​ថា​មជ្ឈមណ្ឌល​មេត្តា​ហោស៍ (Meta House) គ្រោង​ដាក់​បញ្ចាំង​វីដេអូ​ឯកសារ​ពី​ជីវិត​របស់​អតីត​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០១២។

ក្នុង​សេចក្តី​ប្រកាស​ដែល​មជ្ឈមណ្ឌល​មេត្តា​ហោស៍ ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន ឲ្យ​ដឹង​ថា វីដេអូ​ឯកសារ​នេះ​នឹង​ត្រូវ​ដាក់​បញ្ចាំង​ឲ្យ​សាធារណជន​ទស្សនា​នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​មេសា នា​មជ្ឈមណ្ឌល​មេត្តា​ហោស៍ ចាប់​ពី​ម៉ោង ៧ ដល់​ម៉ោង ៨​យប់។

វីដេអូ​ឯកសារ​ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា I am Chut Wutty ឬ ខ្ញុំ ឈុត វុទ្ធី គឺ​ជា​ការ​ផលិត​របស់​ជន​បរទេស​ឈ្មោះ ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks)។ ឯកសារ​នេះ នឹង​បង្ហាញ​ពី​សកម្មភាព​របស់ លោក ឈុត វុទ្ធី មុន​ពេល​លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ ពី​បទសម្ភាសន៍​ជាមួយ​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ និង​គ្រួសារ​ជន​រងគ្រោះ​ដែល​រស់នៅ​ពឹង​ផ្អែក​លើ​អនុផល​ព្រៃ​ឈើ។

លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ខែ​មេសា ឆ្នាំ​២០១២ នៅ​ខេត្ត​កោះកុង ក្នុង​ពេល​លោក​ចុះ​ស៊ើប​អង្កេត​ករណី​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​មួយ​ចំនួន។ លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​ការ​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។