សង្គម​ស៊ីវិល​ស្នើ​តុលាការ​បន្ត​នីតិវិធី​ទៅ​លើ​ជន​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​អូរ​ហ៊ុច

ដោយ រដ្ឋា វិសាល
2017-09-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជនជាតិ​វៀតណាម ដែល​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​ឃាត់​ខ្លួន​នៅ​តំបន់​កាប់​ឈើ​អូរ​ហ៊ុន ក្នុង​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។
ជនជាតិ​វៀតណាម ដែល​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​ឃាត់​ខ្លួន​នៅ​តំបន់​កាប់​ឈើ​អូរ​ហ៊ុន ក្នុង​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។
Photo provided

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ ណែនាំ​ឲ្យ​ដាក់​វិធានការ​អប់រំ​ចំពោះ​យោធា​ណា​ដែល​ពាក់ព័ន្ធ​ធ្វេសប្រហែស​ក្នុង​ការ​បំពេញ​ការងារ​ក្រោម​ឥទ្ធិពល​ករណី​បទល្មើស​ព្រៃឈើ​នៅ​តំបន់​អូរ​ហ៊ុច ខេត្ត​មណ្ឌលគិរី ជាពិសេស​ឲ្យ​រក្សា​មុខ​តំណែង​មេបញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខេត្ត​មណ្ឌលគិរី នៅ​ដដែល។ មន្ត្រី​សង្គម​​ស៊ីវិល​ឃ្លាំមើល​បញ្ហា​នេះ​ចាត់​ទុក​ចំណាត់​ការ​នេះ​ថា មាន​ភាព​មិន​ប្រក្រតី។

​មន្ត្រី​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ស្នើ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​នីតិវិធី​រឿង​ក្តី​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​អូរ​ហ៊ុច នៃ​កងវរសេនាតូច​នគរបាល​ព្រំដែន​គោក​លេខ​៦២១ ឋិត​នៅ​ភូមិសាស្ត្រ​ឃុំ​​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី និង​ដាក់​ទោស​ទណ្ឌ​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះ​តាម​​ច្បាប់​កំណត់។

ការ​ស្នើ​សុំ​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​អគ្គបញ្ជាការ​កង​យោធពលខេមរភូមិន្ទ លោក ប៊ុល សារឿន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៧ បាន​ធ្វើ​លិខិត​ជម្រាប​ទៅ​មេបញ្ជាការ​កងទ័ព​ជើង​គោក លោក មាស សុភា ឲ្យ​មាន​វិធានការ​អប់រំ​ដល់​យោធា និង​មេបញ្ជាការ​យោធា​ខេត្ត​មណ្ឌលគិរី លោក ឃិន ម៉េងស្រេង ដែល​មាន​កំហុស​ធ្វេសប្រហែស​ក្នុង​ភារកិច្ច​ក្រោម​ឥទ្ធិពល​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​អូរ​ហ៊ុច។ លិខិត​នេះ​ធ្វើ​ឡើង​តាម​ចំណារ​សម្រេច​របស់​ឧបនាយករដ្ឋមន្ត្រី និង​​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ បញ្ជាក់​នៅ​ថ្ងៃ​​ទី​២ ខែ​កញ្ញា ថា កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​កើត​​មាន​ឡើង គឺ​ពលរដ្ឋ​វៀតណាម ដែល​ឆ្លង​ចូល​មក​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ដី​ខ្មែរ និង​កត្តា​ពុករលួយ​របស់​មន្ត្រី​នៅ​តំបន់​នោះ។

លោក​បន្ត​ថា តុលាការ​ត្រូវ​តែ​ប្រកាន់​ជំហរ​ឯករាជ្យ ស៊ើប​អង្កេត​​រឿង​ក្ដី​នេះ​ចៀសវាង​មាន​បទ​អន្តរាគមន៍​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​សម្រេច​ក្ដី​របស់​ស្ថាប័ន​តុលាការ៖ «ការ​ដាក់​ទណ្ឌកម្ម​ទៅ​អ្នក​ដែល​បើក​ដៃ​ អ្នក​ដែល​អនុញ្ញាត ឬ​អ្នក​ដែល​សម្រេច​ឲ្យ​មាន​ការ​កាប់​​បំផ្លាញ​ព្រៃឈើ ចាំបាច់​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់»

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ បាន​បង្ក្រាប​ទីតាំង​កាប់ និង​ដឹក​ជញ្ជូន​ឈើ​មូល​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម នៅ​ចំណុច​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​អូរ​ហ៊ុច។ ក្នុង​នោះ​សមត្ថកិច្ច​ចាប់​បាន​ជនជាតិ​វៀតណាម ៧​នាក់ និង​រថយន្ត​ដឹក​ជញ្ជូន​ឈើ​នៅ​ទីតាំង​ជាក់ស្ដែង។

​អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក ម៉ម វណ្ណដា ទទួល​ស្គាល់​ថា រឿង​ក្ដី​នេះ​ចៅក្រម​សាលាដំបូង​ខេត្ត​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​វៀតណាម ៧​នាក់ នៅ​ពន្ធនាគារ​ខេត្ត​ពី​បទ​ដឹក​ជញ្ជូន និង​ប្រមូល​ផល​អនុផល​ព្រៃឈើ​គ្មាន​ការ​អនុញ្ញាត។ លោក​បន្ត​ថា ក្រសួង​យុត្តិធម៌ កាល​ពី​ខែ​កក្កដា បាន​បញ្ជា​ឲ្យ​បង្វែរ​សមត្ថកិច្ច​រឿង​ក្ដី​នេះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​អ្នក​ចាត់​ការ​បន្ត ខណៈ​អយ្យការ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី កំពុង​ស៊ើប​អង្កេត​ករណី​ជន​ពាក់ព័ន្ធ​ឃុបឃិត​ក្នុង​បទ​ល្មើស​ព្រៃឈើ​នេះ៖ «សំណុំ​រឿង​ហ្នឹង​បញ្ជូន​មក​ហើយ​យើង​ចាត់​ការ​យើង​ឃុំ​មនុស្ស ហើយ​កំពុង​ស៊ើបសួរ​បន្ត ប៉ុន្តែ​ត្រូវ​​បាន​ផ្ទេរ​សមត្ថកិច្ច»

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា។

របាយការណ៍​របស់​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​ឲ្យ​ដឹង​ថា លទ្ធផល​បង្ក្រាប និង​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​អូរ​ហ៊ុច អ្នក​ដែល​មាន​កំហុស​ធ្វេសប្រហែស​ក្នុង​ការ​បំពេញ​ភារកិច្ច​មាន​គ្នា​ចំនួន ១៣​នាក់ និង​អ្នក​មាន​កំហុស​ឋិត​ក្រោម​ឥទ្ធិពល ១៩​នាក់​ផ្សេង​ទៀត។ អ្នក​មាន​កំហុស​ទាំង ២២​នាក់ ឋិត​ក្នុង​អង្គភាព​យោធា កងរាជអាវុធហត្ថ នគរបាល មន្ទីរ​បរិស្ថាន ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​អយ្យការ​សាលាដំបូង​ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល