សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ប្ដេជ្ញា​ទប់ស្កាត់​ការ​បូម​ខ្សាច់​ទោះ​មាន​ការ​គំរាម

ដោយ ដែន អយុធ្យា
2015-09-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សកម្មភាព​កប៉ាល់ ឬ​សាឡង់​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង។ រូប​ថត​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥
សកម្មភាព​កប៉ាល់ ឬ​សាឡង់​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង។ រូប​ថត​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥
RFA/Den Ayuthyea

ទាញ​យក​កម្មវីធី

សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ ប្ដេជ្ញា​ចុះ​អប់រំ ឬ​ផ្តល់​ការ​យល់​ដឹង​អំពី​សិទ្ធិ​ក្នុង​ការ​ចូលរួម​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មួយ​ចំនួន​នា​ខេត្ត​កោះកុង ដែល​មាន​សកម្មភាព​សាឡង់​បូម​ខ្សាច់ ឬ​បទល្មើស​នេសាទ​សមុទ្រ​កំពុង​កើត​មាន ជាដើម។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​ខេត្ត​កោះកុង សាទរ​ចំពោះ​សកម្មភាព​របស់​សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ ក្នុង​ការ​ថែរក្សា​បរិស្ថាន​ពេល​នេះ។

សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ យុវជន ថន រដ្ឋា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ថា លោក​ត្រៀម​ចុះ​បង្រៀន​ច្បាប់ ឬ​ការ​យល់​ដឹង​ពី​សិទ្ធិ​នៃ​ការ​ចូលរួម​ការពារ​បរិស្ថាន ឬ​ធនធាន​ធម្មជាតិ​សមុទ្រ​ដល់​ប្រជា​សហគមន៍​នានា​ក្នុង​ខេត្ត​កោះកុង ដែល​មាន​បទល្មើស​ទាំង​នេះ។

យុវជន​រូប​នេះ​បន្ត​ថា ទោះ​មាន​ការ​គំរាម​កំហែង​ជា​បន្តបន្ទាប់​ទៅ​កាន់​សមាជិក​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ ពី​សំណាក់​អាជ្ញាធរ ឬ​ឈាន​ដល់​តុលាការ​ចាប់​សមាជិក​អង្គការ​នេះ​ដាក់​គុក​ច្រវាក់​បែប​ណា​ក្តី ក៏ប៉ុន្តែ​ពួក​គេ​មិន​លះ​បង់​សកម្មភាព​ការពារ​បរិស្ថាន ឬ​ធនធាន​ធម្មជាតិ​នោះ​ទេ។

ផ្ដើម​ពី​បញ្ហា​នេះ យុវជន​ចលនា​មាតា​ធម្មជាតិ លោក ថន រដ្ឋា បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​កោះកុង ត្រូវ​មាន​ការ​ពិចារណា ហើយ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ឬ​បរិស្ថាន​ឲ្យ​បាន​គង់វង្ស ដោយ​មិន​ត្រូវ​ឃុបឃិត​បង្កើត​ឲ្យ​មាន​បទល្មើស​ទាំង​នេះ​ទេ៖ «ពួក​យុវជន​ខ្ញុំ​បាន​ចូលរួម​ធ្វើ​ការងារ​ការពារ​បរិស្ថាន ឬ​ធនធាន​ធម្មជាតិ ដឹង​ថា​ប្រឈម​ការ​ចាប់​ដាក់​គុក​ច្រវាក់ ឬ​សម្លាប់​ជាដើម ប៉ុន្តែ​យុវជន​ពួក​យើង​បាន​លះ​បង់​រួច​ហើយ ហើយ​បញ្ហា​នេះ​មិន​មែន​ជា​ឧបសគ្គ ឬ​ការ​ខ្លាច​របស់​ពួក​យុវជន​អង្គការ​ចលនា​មាតា​ធម្មជាតិ អនុវត្ត​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​ក្រុម​នេះ​ខ្លាច​នោះ គឺ​ខ្លាច​បាត់បង់​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ខ្លាច​ពលរដ្ឋ​មាន​ជីវភាព​ខ្សត់ខ្សោយ និង​ខ្លាច​អាជ្ញាធរ​បន្ត​អនុវត្ត​ការងារ​រំលោភ​លើ​ច្បាប់​ជា​បន្ត​ទៀត​នា​ថ្ងៃ​អនាគត»

យុវតី រី ឌី ជា​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ឃុំ​កោះកាពិ ខេត្ត​កោះកុង បាន​គាំទ្រ​សកម្មភាព​ចុះ​អប់រំ​ពី​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ ក្នុង​ការងារ​ការពារ​ធនធាន​ធម្មជាតិ មាន​ដូចជា បទល្មើស​បូម​ខ្សាច់ បទល្មើស​នេសាទ​សមុទ្រ និង​បទល្មើស​សត្វ​ព្រៃ ជាដើម។ កញ្ញា រី ឌី អះអាង​ថា បទល្មើស​ទាំង​នេះ គឺ​បាន​កើត​មាន​អនាធិបតេយ្យ​ជា​រៀង​រាល់​ថ្ងៃ​នា​មូលដ្ឋាន​នេះ ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​មួយ ចេញ​មុខ​ទប់ស្កាត់​នោះ​ទេ។ ជាង​នេះ ថែម​ទាំង​បាន​កាង​ការពារ​ឲ្យ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ទាំង​នេះ​បាន​ដោយ​រលូន​ថែម​ទៀត។

បញ្ហា​នេះ លោក អ៊ិន គង់ជិត មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង បាន​សាទរ​ការងារ​ចុះ​អប់រំ​សិទ្ធិ​តស៊ូ​មតិ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ មាន​ខ្សាច់​សមុទ្រ ព្រៃ​កោងកាង ឬ​មច្ឆា​សមុទ្រ​របស់​សមាជិក​ចលនា​មាតា​ធម្មជាតិ​ពេល​នេះ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ថ្លែង​ចាត់​ទុក​ការងារ​ចុះ​អប់រំ​ពី​ច្បាប់​ផ្សេងៗ​ជូន​ដល់​សហគមន៍​នានា នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​បាន​យល់​ដឹង​កាន់​តែ​ច្បាស់ ហើយ​រួម​គ្នា​ការពារ​ធនធាន​ធម្មជាតិ​ដែល​កំពុង​រង​ការ​បំផ្លាញ​នា​មូលដ្ឋាន​ខេត្ត​កោះកុង៖ «ការ​ចុះ​បង្រៀន ឬ​អប់រំ​ដល់​ពលរដ្ឋ​តាម​សហគមន៍ គឺ​មាន​សារសំខាន់​សម្រាប់​ពួក​គាត់ ដើម្បី​បាន​ចំណេះ​ដឹង ឬ​អាច​ឲ្យ​ពួក​គាត់​កសាង​សមត្ថភាព​តស៊ូ​មតិ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ដែល​ជា​ផល​ប្រយោជន៍​របស់​ពួក​គាត់​ដែល​កំពុង​ប្រឈម​ការ​បំផ្លាញ»

ទាក់ទិន​បញ្ហា​នេះ លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា ឬ​ហៅ​ថា​ប្រធាន​គណៈកម្មការ​ទី​១០ បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ក្រោយ​បញ្ចប់​បេសកកម្ម​ការងារ​ចុះ​ទៅ​ខេត្ត​កោះកុង កាល​ពី​សប្ដាហ៍​មុន​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​កោះកុង លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​នេះ បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​ត​ទៅ​ទៀត។ ជាង​នេះ អាជ្ញាធរ ឬ​រដ្ឋាភិបាល គួរ​អនុញ្ញាត​ឲ្យ​មាន​ក្រុមហ៊ុន​វិនិយោគ ដើម្បី​កែច្នៃ​ខ្សាច់​ក្នុង​ស្រុក​ជំនួស​ការ​ដឹក​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស ដែល​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ចំណូល​ផ្សេងៗ៖ «ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ល្មម​បញ្ឈប់​សកម្មភាព​ហើយ ហើយ​ទឹក​ក៏​ឈប់​លិច​ខេត្ត​កោះកុង ទៀត​ដែរ។ ដូច្នេះ អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រសួង​រ៉ែ និង​ថាមពល ត្រូវ​ពិចារណា​បញ្ឈប់​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​បូម​ខ្សាច់​នា​មូលដ្ឋាន​ខេត្ត​កោះកុង ត​ទៅ​ទៀត»

យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ជំនួប​រវាង​គណៈប្រតិភូ​គណៈកម្មការ​ទី​១០ រដ្ឋសភា កាល​ពី​សប្ដាហ៍​មុន ថ្នាក់​ដឹក​នាំ​ខេត្ត​កោះកុង បញ្ជាក់​ថា រាល់​សកម្មភាព​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង មាន​ច្បាប់​ត្រឹមត្រូវ ជាពិសេស​ចាប់​តាំង​ពី​ការ​បង្កើត​ឲ្យ​មាន​ក្រុមហ៊ុន​បូម​ខ្សាច់ ធ្វើ​សកម្មភាព​នា​មូលដ្ឋាន​នេះ​រួច​មក ក៏​អាច​បញ្ចៀស​ទឹក​ជំនន់​ជន់​លិច​មូលដ្ឋាន​នេះ​ថែម​ទៀត។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា តុលាការ​ខេត្ត​កោះកុង បាន​ចាប់​ខ្លួន​សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ ចំនួន ៣​នាក់ ដោយ​ចោទ​ពី​បទ​គំរាម​កំហែង និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ ខណៈ​ពួក​គេ​ចុះ​ធ្វើ​ការ​នៅ​ក្នុង​សហគមន៍​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កណ្ដោល និង​ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ដើម្បី​ប្រឆាំង​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន។ យុវជន​ទាំង ៣​នាក់​មាន​ឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ឹម សំណាង ត្រូវ​បាន​តុលាការ​បញ្ជូន​ដាក់​ពន្ធនាគារ​រហូត​ដល់​សព្វថ្ងៃ​មិន​ទាន់​ដោះ​លែង​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល