សហគមន៍​និង​សង្គម​ស៊ីវិល​អំពាវនាវ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ការ​សង់​ទំនប់​វារីអគ្គិសនី​ថ្មី

ដោយ ម៉ម មុនីរតន៍
2017.06.14
កង្វល់​សាងសង់​ទំនប់​វារីអគ្គិសនី​ប៉ាក់បេង ២០១៧ ១៤៤០ ក្រុម​សហគមន៍​ដែល​លើក​បដា​បង្ហាញ​សារ និង​កង្វល់​ចំពោះ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ផ្នែក​ខាង​លើ​នៃ​ទន្លេ​មេគង្គ ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Morm Moniroth

ក្រុម​សហគមន៍​ដែល​ស្ថិត​ក្រោម​ខ្សែ​ទឹក​នៃ​តួ​មេ​ទន្លេ​មេគង្គ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​សកម្ម​ក្នុង​រឿង​តវ៉ា​ប្រឆាំង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដោយ​ប្រទេស​ឡាវ ដាក់​ការ​ព្រួយ​បារម្ភ​ចំពោះ​ទំនប់​វារីអគ្គិសនី​ដែល​ចេះ​តែ​បន្ត​សាងសង់​មួយ​ហើយ​មួយ​ទៀត។ ពលរដ្ឋ​លើក​ឡើង​ថា ប្រទេស​ឡាវ មិន​ត្រឹម​តែ​ផ្គើន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ហាក់​មិន​ចាប់​អារម្មណ៍​សោះ​ឡើយ​ចំពោះ​ការ​តវ៉ា​ក្នុង​ពេល​កន្លង​ទៅ ដែល​ស្នើសុំ​ឲ្យ​ផ្អាក​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​បណ្ដោះអាសន្ន​ស្ថិត​នៅ​តួ​មេ​នៃ​ទន្លេ​មេគង្គ​នេះ។

កង្វល់​ដែល​សហគមន៍​ផ្សេងៗ​គ្នា​ធ្វើ​បទ​បង្ហាញ​នៅ​ពេល​នេះ ស្រប​ពេល​ទំនប់​វារីអគ្គិសនី​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​ចំណុច​ប៉ាក់បេង ស្ថិត​នៅ​ក្នុង​ប្រទេស​ឡាវ រក​ឃើញ​ថា កំពុង​ផ្ដួចផ្ដើម​គម្រោង​សាងសង់​បន្ថែម​ទៀត។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មិថុនា អ្នក​ជំនាញ​ផ្នែក​ទន្លេ​មេគង្គ សហគមន៍ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ជួបជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ សម្ដែង​ការ​បារម្ភ​ពី​គម្រោង​ថ្មី​ទៀត​របស់​ប្រទេស​ឡាវ ដែល​ទាញ​ថាមពល​តាម​រយៈ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ប៉ាក់បេង។

តំណាង​មក​ពី​សហគមន៍​បឹង​ទន្លេសាប គឺ​លោកស្រី ឆេង គឹមហេង ត្អូញត្អែរ​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដែល​ស្ថិត​នៅ​តួ​មេ​នៃ​ទន្លេ​មេគង្គ​នេះ ផល​ប៉ះពាល់​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ជម្រក​ត្រី​ពង​កូន​ត្រូវ​បាត់បង់ របប​ទឹក​ភ្លៀង​លែង​ទៀងទាត់ និង​សត្វ​ផ្សោត​ប្រឈម​នឹង​ផុត​ពូជ​ទេ ហើយ​បញ្ហា​នេះ​ថែម​ទាំង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​មាន​ការ​កើន​ឡើង ព្រោះ​តែ​បាត់បង់​ចំណូល​នៅ​ក្នុង​សហគមន៍ ជាដើម។ ស្រប​ពេល​កង្វល់​ប្រហាក់​ប្រហែល​គ្នា​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នេះ លោកស្រី ឆេង គឹមហេង ក៏​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ដោយ​ម៉ឺងម៉ាត់ និង​អន្តរាគមន៍​ដោយ​ម៉ត់ចត់​ចំពោះ​គម្រោង​ថ្មី​ទៀត​របស់​ប្រទេស​ឡាវ នៅ​ពេល​នេះ។ លោកស្រី​បន្ត​ថា «ការ​សាងសង់​ទំនប់​នេះ​វា​ហាក់​បីដូចជា​គ្មាន​ប្រយោជន៍​អី​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ទាល់​តែ​សោះ។ ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​អគ្គិសនី មិន​មាន​ប្រយោជន៍​សម្រាប់​គាត់​ទេ»

បើ​ទោះ​ជា​បែប​ណា អ្នក​ជំនាញ​ផ្នែក​ទន្លេ​មេគង្គ អះអាង​ថា មក​ដល់​ពេល​នេះ ព័ត៌មាន​ពិស្ដារ​អំពី​គម្រោង​អភិវឌ្ឍន៍​តាម​រយៈ​ការ​ទាញ​ថាមពល​ពី​ទំនប់​វារីអគ្គិសនី​ប៉ាក់បេង​នេះ គឺ​ឡាវ បិទ​បាំង​រហូត។ ក្រុម​សហគមន៍​លើក​ឡើង​ពី​ការ​ប្រឈម​ដូចៗ​គ្នា​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) និង​ទំនប់​សាយ៉ាបូរី ជា​បញ្ហា​ស្មុគស្មាញ​មួយ​ទៅ​ហើយ ឥឡូវ​នេះ​បន្ថែម​បន្ទុក​ថ្មី​ទៀត គឺ​ទំនប់​ប៉ាក់បេង នេះ​ទៀត។

នាយិកា​ប្រតិបត្តិ​នៃ​សមាគម​ថែរក្សា​បរិស្ថាន និង​វប្បធម៌ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​សម្ព័ន្ធ​ទន្លេ​កម្ពុជា ផង គឺ​អ្នកស្រី លុយ រស្មី ថ្លែង​ថា ប្រទេស​ឡាវ គួរ​មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​នេះ ដើម្បី​ទាញ​យក​ថាមពល ហើយ​រក្សា​ទុក​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​ដែល​មាន​រាប់​ពាន់​ឆ្នាំ​មក​ហើយ ឲ្យ​សហគមន៍​ប្រើប្រាស់​វិញ។ អ្នកស្រី​ឲ្យ​ដឹង​ថា ការ​បន្ត​គម្រោង​អភិវឌ្ឍន៍​ក្រោម​ហេតុផល​ទាញ​ថាមពល​ពី​ទំនប់​វារីអគ្គិសនី​នេះ គឺ​ជា​ការ​បោក​ឆ្នាំងបាយ​របស់​ពលរដ្ឋ​រាប់​លាន​នាក់​ដែល​កំពុង​រស់នៅ​ក្រោម​ខ្សែ​ទឹក​នៃ​ដៃ​ទន្លេ​មេគង្គ។ អ្នកស្រី​បន្ត​ថា «ធម្មជាតិ​នៅ​ក្នុង​ទន្លេ និង​ប្រព័ន្ធ​អេកូឡូស៊ី​ជាច្រើន​ទៀត​ដែល​ចិញ្ចឹម​មនុស្ស​ទៅ​ដល់​ជាង ៦០​ពាន់​លាន​នាក់​នៅ​តាម​ដៃ​ទន្លេ​មេគង្គ​នេះ»

អ្នកស្រី លុយ រស្មី លើក​ឡើង​ថា កម្ពុជា ត្រូវ​ធ្លាក់​ចុះ​ចំណូល​ពន្ធ​ដែល​បាន​មក​ពី​វិស័យ​ជលផល​យ៉ាង​ខ្លាំង​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ។ របាយការណ៍​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​បង្ហាញ​ថា ចំណូល​ពន្ធ​តែ​មួយ​មុខ​បាន​មក​ពី​វិស័យ​ជលផល​នេះ ក្នុង​មួយ​ឆ្នាំៗ​ប្រមាណ ១៧​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​ឆ្លើយតប​បាន​ទេ​ពី​មន្ត្រី​រដ្ឋាភិបាល ជុំវិញ​ជំហរ​របស់​សហគមន៍​ដែល​ប្រឆាំង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​បន្ថែម​ទៀត​របស់​ប្រទេស​ឡាវ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា។

របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល បង្ហាញ​ថា សព្វថ្ងៃ​មាន​ពលរដ្ឋ​ប្រមាណ ៦០​លាន​នាក់​កំពុង​អាស្រ័យ​ផល​ដោយ​ផ្ទាល់​ពី​ទន្លេ​មេគង្គ និង ៣០​លាន​នាក់​ផ្សេង​ទៀត ពឹង​ផ្អែក​ដោយ​ប្រយោល​ពី​ទន្លេ​មេគង្គ​នេះ​ដែរ។ កន្លង​ទៅ មាន​ទាំង​ពលរដ្ឋ​វៀតណាម ថៃ ភូមា ឡាវ ផ្ទាល់ និង​កម្ពុជា ផង តែង​តវ៉ា និង​ដាក់​ញត្តិ​ជា​ដរាប​ទៅ​រដ្ឋាភិបាល​រៀងៗ​ខ្លួន ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​នេះ ក៏ប៉ុន្តែ​ចម្លើយ​ជា​វិជ្ជមាន​តប​មក​វិញ​ពី​អន្តរ​រដ្ឋាភិបាល​ទាំងនេះ សង្គម​ស៊ីវិល​បញ្ជាក់​ថា ហាក់​ឆ្លើយតប​តិចតួច​ប៉ុណ្ណោះ។

យ៉ាង​នេះ​ក្ដី នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO-Forum) លោក តឹក វណ្ណារ៉ា នៅ​តែ​មាន​ជំនឿ​ថា ការ​តស៊ូ​មតិ​នេះ​អាច​នឹង​មាន​ឥទ្ធិពល។ លោក​បន្ត​ថា ការ​ចងក្រង​បណ្ដាញ​រវាង​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ផ្សេង​ទៀត ជាពិសេស​ការ​តស៊ូ​មតិ​ឆ្លង​ប្រទេស នឹង​ជា​សម្ពាធ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​នេះ។ លោក​បន្ត​ថា «យើង​មាន​ជំនឿ​ថា​គាត់​អាច​មាន​ឥទ្ធិពល​ដើម្បី​ឲ្យ​អន្តរ​រដ្ឋាភិបាល​គិតគូរ​ពិចារណា​ឡើង​វិញ ទាក់ទង​គម្រោង​ទំនប់​វារីអគ្គិសនី​តួ​មេ​នៃ​ទន្លេ​មេគង្គ ព្រោះ​នេះ​ជា​ក្ដី​កង្វល់​រួម»

កិច្ច​ពិគ្រោះ​យោបល់​ដែល​រៀបចំ​ឡើង​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ក៏​បើក​ឲ្យ​មាន​ការ​សួរ​ដេញដោល និង​ស្វែងរក​មធ្យោបាយ​បន្ត​ទៀត ដើម្បី​ឲ្យ​ការ​តស៊ូ​មតិ​នេះ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។