គណៈកម្មាធិការ​ទន្លេ​មេគង្គ​ស្នើ​ឡាវ​គិតគូរ​ឡើង​វិញ​ពី​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ថ្មី

ដោយ រាជ វិញ្ញូ
2017.06.22
កង្វល់​សាងសង់​ទំនប់​វារីអគ្គិសនី​ប៉ាក់បេង ២០១៧ ១៤៤០ ក្រុម​សហគមន៍​ដែល​លើក​បដា​បង្ហាញ​សារ និង​កង្វល់​ចំពោះ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ផ្នែក​ខាង​លើ​នៃ​ទន្លេ​មេគង្គ ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Morm Moniroth

គណៈកម្មាធិការ​ទន្លេ​មេគង្គ​ទាំង ៤​ប្រទេស រួម​មាន កម្ពុជា ថៃ វៀតណាម និង​ឡាវ បាន​ឯកភាព​គ្នា​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ដោះស្រាយ​ប៉ះពាល់​ជា​អវិជ្ជមាន​ឆ្លង​ដែន ដែល​អាច​បង្ក​ឡើង​ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​ឈ្មោះ​ប៉ាក់បេង (Pak Beng) ស្ថិត​នៅ​លើ​ទន្លេ​មេគង្គ។ ការ​ស្នើ​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ដំណើរការ​ពិគ្រោះ​យោបល់​ស្ដីពី​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ ដែល​មាន​រយៈពេល ៦​ខែ​បាន​ឈាន​ដល់​ពេល​បញ្ចប់។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៧ លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ បាន​បើក​កិច្ច​ប្រជុំ​ពិសេស​មួយ​ជាមួយ​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ទាំង ៤​ប្រទេស ដើម្បី​បិទ​បញ្ចប់​ដំណើរការ​ពិគ្រោះ​យោបល់​គ្នា​លើក​ដំបូង​មួយ ដែល​បាន​ធ្វើ​ឡើង​រយៈពេល ៦​ខែ នៅ​ក្នុង​រដ្ឋធានី​វៀងចន្ទន៍ នៃ​ប្រទេស​ឡាវ។

កិច្ច​ពិគ្រោះ​យោបល់​ដែល​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៦ មក​ដល់​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៧ នេះ គឺ​ប្រទេស​ពាក់ព័ន្ធ​នៃ​ដង​ទន្លេ​មេគង្គ បាន​ជួប​ពិភាក្សា​គ្នា​ជា​បន្តបន្ទាប់​ស្ដីពី​ផល​ប៉ះពាល់​នានា ដូចជា​ផល​ប៉ះពាល់​ទៅ​ដល់​មនុស្ស សត្វ ជីវចម្រុះ​ដ៏​សម្បូរ​បែប​ក្នុង​ដង​ទន្លេ ធនធាន​ធម្មជាតិ ព្រៃឈើ និង​បរិស្ថាន ដែល​អាច​បង្ក​ឡើង​ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ឈ្មោះ​ប៉ាក់បេង ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​ទន្លេ​មេគង្គ និង​មាន​ចម្ងាយ ២៥៨​គីឡូម៉ែត្រ​ពី​ទីតាំង​វារីអគ្គិសនី​សាយ៉ាបូរី (Xayaburi) ក្នុង​ប្រទេស​ឡាវ។

បន្ទាប់​ពី​ពិភាក្សា​អំពី​អនុសាសន៍​សំខាន់​នានា​នៃ​របាយការណ៍​ពិនិត្យ​ឡើង​វិញ​ខាង​លក្ខណៈ​បច្ចេកទេស (Technical Review Report) ស្ដីពី​គម្រោង​ទំនប់​វារីអគ្គិសនី​ប៉ាក់បេង និង​បាន​ពិចារណា​ជុំវិញ​លទ្ធផល​ដែល​ទទួល​បាន​ពី​វេទិកា​នានា​របស់​អ្នក​ពាក់ព័ន្ធ​ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់ គណៈកម្មាធិការ​ទន្លេ​មេគង្គ​ទាំង ៤​ប្រទេស បាន​សម្រេច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ ត្រូវ​ខិតខំ​ប្រឹងប្រែង​ឲ្យ​បាន​សម​ហេតុផល​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ឆ្លង​ដែន​ជា​អវិជ្ជមាន និង​បាន​ស្នើ​បន្ថែម​ឲ្យ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ ត្រូវ​រៀបចំ​គម្រោង​សកម្មភាព​រួម​មួយ បន្ទាប់​ពី​កិច្ច​ពិគ្រោះ​យោបល់​រយៈពេល ៦​ខែ​នេះ​ទៅ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នោះ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ឡាវ ត្រូវ​តែ​ដោះស្រាយ​ផល​ប៉ះពាល់​មក​លើ​របប​ជលសាស្ត្រ កែលំអ​លំហូរ​កម្ទេច​កំណក កែលំអ​សម្រាប់​ត្រី​ឆ្លង​កាត់​នៅ​តំបន់​ខ្សែ​ទឹក​ខាង​លើ និង​ខាង​ក្រោម ការ​ស្វែងយល់​ច្បាស់លាស់​ជាង​មុន​អំពី​ផល​ប៉ះពាល់​ឆ្លង​ដែន ការ​ធានា​ឲ្យ​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរ​ដោយ​គ្មាន​ឧបសគ្គ និង​កម្មវិធី​តាមដាន​រួម​គ្នា​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ សម្រាប់​គម្រោង​ទំនប់​ប៉ាក់បេង ជាដើម។

រយៈពេល​កន្លង​ទៅ គម្រោង​សាងសង់​ទំនប់​ប៉ាក់បេង នេះ ធ្លាប់​ត្រូវ​សហគមន៍​ជាច្រើន​ដែល​អាច​ទទួល​រង​ផល​ប៉ះពាល់ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ប្រទេស​ឡាវ ដើម្បី​បញ្ឈប់​គម្រោង​នេះ​វិញ ដោយសារ​ពួក​គេ​អះអាង​ថា វា​នឹង​ធ្វើ​ឲ្យ​ជម្រក​ត្រី​ពង​ត្រូវ​បាត់បង់ របប​ទឹក​ភ្លៀង​លែង​ទៀងទាត់ សត្វ​ផ្សោត​ប្រឈម​នឹង​ផុត​ពូជ ហើយ​បញ្ហា​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួក​គេ​កាន់​តែ​ក្រីក្រ នាំ​ឲ្យ​មាន​អ្នក​ចំណាក​ស្រុក​កាន់​តែ​ច្រើន។ ទន្ទឹម​នឹង​នេះ របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​បង្ហាញ​ថា សព្វថ្ងៃ​មាន​ពលរដ្ឋ​ប្រមាណ ៦០​លាន​នាក់​កំពុង​អាស្រ័យ​ផល​ដោយ​ផ្ទាល់​ពី​ទន្លេ​មេគង្គ និង ៣០០​លាន​នាក់​ផ្សេង​ទៀត បាន​ពឹង​ផ្អែក​ដោយ​ប្រយោល​ពី​ទន្លេ​នេះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​រដ្ឋាភិបាល និង​ត្រូវ​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បញ្ជាក់​ថា ជាទូទៅ កម្ពុជា តែងតែ​ប្រកាន់​ជំហរ​ដើម្បី​ឲ្យ​មាន​ការ​សិក្សា និង​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ប្រទេស​ឡាវ សម្រេច​ចិត្ត​ថា​ត្រូវ​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន៖ «ជាទូទៅ យើង​តែ​ជម្រាប​ជំហរ​របស់​យើង ធ្វើ​យ៉ាង​ណា​សិក្សា​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ»

លោក សៅ សុភាព បន្ថែម​ថា ចំពោះ​បញ្ហា​អ្វី​ខ្លះ​ដែល​កម្ពុជា នឹង​ត្រូវ​រង​ផល​ប៉ះពាល់ ហើយ​ជំហរ​របស់​ភាគី​កម្ពុជា យ៉ាង​ណា​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ប្រទេស​ឡាវ នេះ គឺ​លោក​ជំរុញ​ឲ្យ​ទៅ​សួរ​នាំ​ពី​គណៈកម្មាធិការ​ជាតិ​នៃ​ទន្លេ​មេគង្គ​កម្ពុជា ជំនួស​វិញ ដែល​ជា​អ្នក​បច្ចេកទេស​ចំពោះ​កិច្ច​ការងារ​នេះ។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​លោក តែ ណាវុធ ដែល​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា តាម​ទូរស័ព្ទ​បាន​ទេ​នៅ​ថ្ងៃ​ទី​២២ មិថុនា។

ចំណែក​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO-Forum) លោក តឹក វណ្ណារ៉ា ថ្លែង​ថា សម្ព័ន្ធ​ទន្លេ​កម្ពុជា​ដែល​ជា​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ពលរដ្ឋ​ដែល​អាច​រង​ផល​ប៉ះពាល់​មាន​ទាំង​នៅ​កម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា និង​ឡាវ ផង នៅ​តែ​ប្រកាន់​ជំហរ​មិន​គាំទ្រ​ឲ្យ​សាងសង់​ទំនប់​វារីអគ្គិសនី​ប៉ាក់បេង នេះ​ទេ៖ «ជា​គោល​ជំហរ​រួម​របស់​សម្ព័ន្ធ​ទន្លេ​កម្ពុជា គឺ​ស្នើ​ឲ្យ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ប៉ាក់បេង»

គម្រោង​ទំនប់​វារីអគ្គិសនី​ប៉ាក់បេង នេះ គឺ​ជា​ទំនប់​ខ្នាត​ធំ​លំដាប់​ទី​៣ របស់​ប្រទេស​ឡាវ ដែល​ត្រូវ​សាងសង់​នៅ​តួ​មេ​នៃ​ទន្លេ​មេគង្គ បន្ទាប់​ពី​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី (Xayaburi) និង​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong)។ ទំនប់​ថ្មី​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចំណាយ​រយៈពេល ៥​ឆ្នាំ​ដើម្បី​សាងសង់ ហើយ​ត្រូវ​ចំណាយ​ថវិកា​សរុប​ប្រហែល ២.៣៧២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ជុំវិញ​ការ​អំពាវនាវ​របស់​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ទាំង ៤​ប្រទេស ដែល​ជា​សមាជិក​នេះ ប្រទេស​ឡាវ នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​ដើម្បី​ឆ្លើយតប​វិញ​នៅ​ពេល​ក្រោយ​ក្នុង​សប្ដាហ៍​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។