អ្នក​ភូមិ​កោះគរ​ស្រុក​ស្អាង​បារម្ភ​ពី​សុវត្ថិភាព​ពេល​មាន​ដីកា​តុលាការ​កោះ​ហៅ

ដោយ ឡេង ម៉ាលី
2017-08-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​ភូមិ​កោះគរ (ពី​ឆ្វេង) លោកស្រី មុត ប៉ុម លោក ហែម ហឿន និង​លោកស្រី លី លាប ដែល​ត្រូវ​តុលាការ​ខេត្ត​កណ្ដាល កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ដើម្បី​សាកសួរ​រឿង​ញុះញង់​ឲ្យ​មាន​ហិង្សា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៧។
អ្នក​ភូមិ​កោះគរ (ពី​ឆ្វេង) លោកស្រី មុត ប៉ុម លោក ហែម ហឿន និង​លោកស្រី លី លាប ដែល​ត្រូវ​តុលាការ​ខេត្ត​កណ្ដាល កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ដើម្បី​សាកសួរ​រឿង​ញុះញង់​ឲ្យ​មាន​ហិង្សា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Leng Maly

អ្នក​ភូមិ​កោះគរ ៣​នាក់ បារម្ភ​ពី​សុវត្ថិភាព​ពេល​តុលាការ​កោះ​ហៅ​ទាក់ទង​នឹង​ការ​តវ៉ា​អំពី​ការ​បូម​ខ្សាច់​នៅ​ទីនោះ។ ពួក​គាត់​ខក​ចិត្ត​ពេល​ដែល​មិន​បាន​ជួប​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ក្រោយ​ពេល​រង់ចាំ​ជាង​កន្លះ​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៣ សីហា។

អ្នក​ភូមិ​ថ្លែង​ថា ពួក​គាត់​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទី​១៣ សីហា ព្រោះ​ចង់​ជួប​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ចង់​ដឹង​អំពី​ក្រុមហ៊ុន​ដែល​កំពុង​បូម​ខ្សាច់​នៅ​ទីតាំង​ភូមិ​កោះគរ ស្រុក​ស្អាង ខេត្ត​កណ្ដាល នោះ ប្ដឹង​ពួក​គាត់ ៣​នាក់។

អ្នក​ភូមិ​កោះគរ ឃុំ​រកាខ្ពស់ ម្នាក់​ក្នុង​ចំណោម ៣​នាក់ គឺ​លោក ហែម ហឿន ថ្លែង​ថា ការ​ចង់​ជួប​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ព្រោះ​កន្លង​ទៅ ពួក​លោក​ធ្លាប់​មក​ដោះស្រាយ​បញ្ហា​តវ៉ា​រឿង​បូម​ខ្សាច់​ជាមួយ​ក្រុមហ៊ុន ឡេង ជីន (Leng Chin Group Co., Ltd.) នៅ​ទីនោះ។ លោក​ព្រួយ​បារម្ភ​ពី​ដីកា​កោះ​ហៅ​របស់​តុលាការ​ដែល​មាន​អ្នក​ផ្សេង​ប្ដឹង​លោក​ពី​រឿង​ញុះញង់​ឲ្យ​មាន​ហិង្សា និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ដល់​ការ​វិនិយោគ។ លោក​ហៅ​ការ​ប្ដឹង​នេះ​ជា​ការ​គំរាម​កំហែង«យើង​ខ្ញុំ​អត់​ដែល​ស្គាល់​ឈ្មោះ វណ្ណ គឹមផា ផង។ កន្លង​មក​ដែល​ខ្ញុំ​ធ្វើ​នេះ គឺ​ធ្វើ​រវាង​ក្រសួង​រ៉ែ និង​ថាមពល ហើយ​និង​ក្រុមហ៊ុន ឡេង ជីន អត់​ដែល​ពាក់ព័ន្ធ​ជាមួយ​គាត់​ទេ ហើយ​គាត់​ដាក់​បណ្ដឹង​នេះ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ខ្ញុំ​ភិតភ័យ​ខ្លាច ដូចជា​រូប​ខ្ញុំ ខ្ញុំ​សង្ស័យ​ថា គឺ​ជា​ការ​គំរាម​កំហែង​មក​លើ​រូប​ខ្ញុំ​ដែល​ជា​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដោយសារ​ការ​បាក់​ច្រាំង។ កន្លង​មក ដំណោះស្រាយ​របស់​ខ្ញុំ គឺ​មាន​ឯកឧត្ដម ឌិត ទីណា ឯកឧត្ដម ហេង ចាន់ធួន គាត់​មក​ដោះស្រាយ​ជាមួយ​ខ្ញុំ ដូច​អត់​មាន​ហិង្សា​អី​កើត​ឡើង​ទៅ​លើ​ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងនេះ​ទេ»

អ្នក​ភូមិ​ម្នាក់​ទៀត លោកស្រី លី លាប ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​ដែរ បដិសេធ​ចំពោះ​ការ​ចោទ​ពួក​លោកស្រី​ជា​អ្នក​ប្រមូល​ផ្ដុំ​អ្នក​ភូមិ ញុះញង់​ឲ្យ​មាន​ហិង្សា​ពេល​តវ៉ា​ការ​បូម​ខ្សាច់។ លោកស្រី​ថា អ្នក​ភូមិ​មក​ដោយ​ខ្លួន​ឯង ព្រោះ​ជា​អ្នក​រស់នៅ​មាត់​ទន្លេ​ដូច​គ្នា«ចូលរួម​ជាមួយ​គ្នា នេះ​ដោយសារ​ការ​ស្ម័គ្រ​ចិត្ត ទឹក​ចិត្ត​អ្នក​មាត់​ទន្លេ​ដូច​គ្នា ភ័យ​បារម្ភ​ពី​ការ​បាក់​ដី​ទាំងអស់​គ្នា មិន​មែន​ជា​ការ​ញុះញង់​ទេ។ ពួក​គាត់​មើល​មក​ថា​មាន​ការ​ញុះញង់​អី តែ​តាម​ការពិត​គ្មាន​ទេ»

ចំពោះ​អ្នក​ភូមិ​ឈ្មោះ មុត ប៉ុម សន្និដ្ឋាន​ថា លោកស្រី​អាច​ត្រូវ​គេ​ប្ដឹង ព្រោះ​រឿង​តវ៉ា​ទឹក​ចេញ​ពី​ខ្សាច់​ស្តុក​ទុក​លិច​អំពៅ និង​ដំឡូង​របស់​លោកស្រី«បូម​ទឹក​នៅ​តែ​លិច រួច​ខ្ញុំ​ថា​ដោះស្រាយ​រឿង​ដំណាំ​ខ្ញុំ​សិន​ចាំ​បូម។ កាលណា​នៅ​តែ​បូម គឺ​ទឹក​ហ្នឹង​នៅ​តែ​លិច។ ប្រហែល​ជា​គាត់​ដាក់​ពាក្យ​បណ្ដឹង​ប្រហែល​បញ្ហា​រឿង​ហ្នឹង​ហើយ ព្រោះ​អី​ផល​ប៉ះពាល់​ដំណាំ​របស់​ខ្ញុំ​អាស្រ័យ​តែ​មួយ​ឆ្នាំ​ម្ដង​ទេ។ ដល់​ពេល​លិច​ទៅ ឲ្យ​ចុះ​មក​ដោះស្រាយ មិន​ដឹង​ថា វណ្ណ គឹមផា ហ្នឹង​មុខ​របៀប​ម៉េច​ទេ ស្រាប់​ចេញ​ដីកា​ពី​តុលាការ​មក​វិញ ដាក់​បទ​ព្រហ្មទណ្ឌ​ទៀត​ថា ខ្ញុំ​នេះ​ញុះញង់​ហិង្សា ទៅ​ឃាត់​មុខ​របរ​វិនិយោគ​របស់​គាត់​អត់​បាន​បូម​ខាត​ថវិកា»

ទាក់ទង​នឹង​ការ​ខកខាន​មិន​បាន​ជួប​គ្នា​រវាង​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​អ្នក​ភូមិ នៅ​ថ្ងៃ​ទី​១៣ សីហា នេះ ត្រូវ​បាន​តំណាង​ក្រសួង​ដែល​ប្រចាំ​ការ​នៅ​ភូមិ​កោះគរ ឈ្មោះ សុធារិន ប្រាប់​ពលរដ្ឋ​ថា លោក​ទាក់ទង​ទៅ​ថ្នាក់​ដឹកនាំ​ក្រសួង​ដែរ ប៉ុន្តែ​លោក​មិន​ទទួល​បាន​ការ​ឆ្លើយតប«រាយការណ៍​ប្រាប់​មេ​ហើយ តែ​មេ​អត់​ទាន់​ឆ្លើយតប​មក​វិញ ឯកឧត្ដម​ខាង​ក្រសួង​រ៉ែ»

អ្នក​ភូមិ​កោះគរ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​តវ៉ា​ជំទាស់​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន ឡេង ជីន នៅ​ទីនោះ​ជាច្រើន​ខែ​មក​ហើយ ព្រោះ​បារម្ភ​អំពី​ការ​បាក់​ច្រាំង និង​ផ្ទះ​ចូល​ទន្លេ។ កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា និង​លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ចុះ​ដោះស្រាយ​បញ្ហា​ដោយ​ធ្វើ​កិច្ចសន្យា​ជាមួយ​អ្នក​ភូមិ​ថា មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បូម​ជិត​ច្រាំង​ពេក និង​បូម​មាន​ទីតាំង និង​ពេល​កំណត់។ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១៣ សីហា អ្នក​ភូមិ​ថា ក្រុមហ៊ុន ឡេង ជីន មិន​បាន​អនុវត្ត​តាម​ការ​សន្យា​ទេ។

តំណាង​ក្រសួង លោក សុធារិន ថ្លែង​ថា លោក​បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន​បូម​ឲ្យ​បាន​ឆ្ងាយ​ពី​ច្រាំង​ដែរ ប៉ុន្តែ​លោក​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទេ ពេល​ដែល​ក្រុមហ៊ុន​មិន​ធ្វើ​តាម ហើយ​ថ្នាក់​ដឹកនាំ​ក្រសួង​មិន​ទាន់​ឆ្លើយតប។

ក្នុង​ដីកា​របស់​សាលា​ដំបូង​ខេត្ត​កណ្ដាល បង្ហាញ​ថា អ្នក​ភូមិ​ឈ្មោះ ហែម ហឿន មុត ប៉ុម និង លី លាប តម្រូវ​ឲ្យ​ចូល​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ដើម្បី​តុលាការ​សាកសួរ​អំពី​ដំណើរ​រឿង​ញុះញង់​ឲ្យ​មាន​ហិង្សា និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ដល់​ការ​វិនិយោគ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល