ព្រះសង្ឃ មន្ត្រី​រាជការ​និង​ពលរដ្ឋ​ខេត្ត​ឧត្តរមានជ័យ​នាំ​គ្នា​ដាំ​កូន​ត្នោត​១៦.០០០​ដើម

ដោយ ហង្ស សាវយុត
2017-07-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រះសង្ឃ និង​មន្ត្រី​រដ្ឋាភិបាល បង្ហាញ​ផ្លែ​ត្នោត​ទុំ​នៅ​មុន​ពេល​ចាប់​ផ្ដើម​ដាំ​វា​ទៅ​ក្នុង​ដី​នា​ភូមិ​សាស្ត្រ​ក្រុង​សំរោង នៃ​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo Provided
ព្រះសង្ឃ និង​មន្ត្រី​រដ្ឋាភិបាល បង្ហាញ​ផ្លែ​ត្នោត​ទុំ​នៅ​មុន​ពេល​ចាប់​ផ្ដើម​ដាំ​វា​ទៅ​ក្នុង​ដី​នា​ភូមិ​សាស្ត្រ​ក្រុង​សំរោង នៃ​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

រាជ​រដ្ឋាភិបាល​ខ្មែរ​បាន​ចេញ​អនុក្រឹត្យ​មួយ​ជា​យូរ​មក​ហើយ ចាត់​ទុក​ដើម​ឆ្នោត គឺ​ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​ប្រទេស ក៏ប៉ុន្តែ​រៀង​រាល់​ឆ្នាំ​នៃ​ការ​ប្រារព្ធ​រុក្ខទិវា​ជាតិ គេ​មិន​ទាន់​ឃើញ​ធ្វើ​ពិធី​ដាំ​ដើម​ត្នោត​នៅ​តាម​បណ្ដា​ខេត្ត​នានា​នៃ​ប្រទេស​នៅ​ឡើយ​ទេ។ ចំណែក​នៅ​ឯ​ខេត្ត​ឧត្តរមានជ័យ ដែល​ជា​ខេត្ត​មួយ​ជាប់​ព្រំប្រទល់​គ្នា​នឹង​ប្រទេស​ថៃ ព្រះសង្ឃ ពលរដ្ឋ បាន​នាំ​គ្នា​ដាំ​ដើម​ត្នោត​ដើម្បី​បង្កើន​ឲ្យ​កាន់​តែ​សម្បូរ​ថែម​ទៀត​សម្រាប់​ពេល​អនាគត។

ព្រះសង្ឃ មន្ត្រី​រាជការ អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រម​ទាំង​អាជីវករ និង​យុវជន​ប្រមាណ ៣០០​នាក់​បាន​រួម​គ្នា​ដាំ​កូន​ត្នោត និង​គ្រាប់​ត្នោត​ចំនួន ១៦.០០០​ដើម​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍ សង្ឃ​រុក្ខ​វ័ន្ត​នា​ភូមិសាស្ត្រ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កក្កដា។

ពួក​គេ​មាន​គោល​បំណង​ជាច្រើន​យ៉ាង​ក្នុង​ការ​រួម​គ្នា​ដាំ​កូន​ត្នោត​នោះ ដោយ​ខ្លះ​ថា ត្នោត​គឺ​ជា​និមិត្តរូប​នៃ​ប្រទេស​ខ្មែរ ហើយ​នៅ​ខេត្ត​ឧត្តរមានជ័យ ដោយសារ​តែ​ដី​ភាគច្រើន​ជា​តំបន់​ភ្នំ​មិន​សូវ​សម្បូរ​ដើម​ត្នោត និង​ខ្លះ​ទៀត​ថា​ប្រយោជន៍​នៃ​ដើម​ត្នោត​នៅ​ពេល​ដែល​វា​លូតលាស់​ធំ គឺ​អាច​ជួយ​សហគមន៍​ឲ្យ​រក​ចំណូល​ចិញ្ចឹម​ជីវិត​បាន​ប្រសើរ ជាដើម។

អតីត​អភិបាល​រង​ខេត្ត​សៀមរាប ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​ពិធី​ដាំ​កូន​ត្នោត​នោះ គឺ​លោក គឹម ឆៃហៀង។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កក្កដា ថា ត្នោត​គឺ​ជា​និមិត្តរូប​របស់​ប្រទេស​ខ្មែរ​នោះ គឺ​ជា​រឿង​ម្យ៉ាង ហើយ​ម្យ៉ាង​ទៀត​ដោយសារ​តែ​រូប​លោក​ជាមួយ​នឹង​លោក ភួង លីណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ ព្រម​ទាំង​ព្រះ​ភិក្ខុ ប៊ុន សាលួត ជា​ព្រះ​មេគណ​ខេត្ត​នោះ បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​អភិវឌ្ឍន៍​សង្គម​ពី​សាកលវិទ្យាល័យ ផ្លរីដា (Florida) នៃ​សហរដ្ឋ​អាមេរិក ជាមួយ​គ្នា ទើប​មូល​មាត់​ថា​នឹង​ធ្វើ​អ្វី​មួយ​ទុក​ជា​អនុស្សាវរីយ៍​រួម​គ្នា។

គឹម ឆៃហៀង ដាំ​កូន​ត្នោត ឧត្ដរមានជ័យ ២០១៧ ១៤៤០
អតីត​អភិបាល​រង​ខេត្ត​សៀមរាប លោក គឹម ឆៃហៀង (កាន់​ផ្លែ​ត្នោត​ទុំ) យក​ផ្លែ​ត្នោត​ទុំ​ទៅ​ដាំ​ក្នុង​រណ្ដៅ​ដែល​មន្ត្រី​មន្ទីរ​បរិស្ថាន បាន​ជីក នា​ភូមិ​សាស្ត្រ​ក្រុង​សំរោង នៃ​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo Provided Photo Provided

លោក គឹម ឆៃហៀង ក៏​យល់​ថា ដោយសារ​តែ​ខេត្ត​ឧត្តរមានជ័យ ជា​ខេត្ត​នៅ​ជាប់​ព្រំដែន​ជាមួយ​ថៃ ហើយ​ផ្ទៃដី​ភាគច្រើន គឺ​ជា​តំបន់​ភ្នំ​មិន​សូវ​សម្បូរ​ដើម​ត្នោត ទើប​លោក​សម្រេច​ចិត្ត​យក​កូន​ត្នោត​ទៅ​ដាំ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ មួយ​នេះ៖ «យើង​យល់​ថា​ត្នោត​ត្រូវ​រាជ​រដ្ឋាភិបាល​កំណត់​ថា​ជា​រុក្ខជាតិ​របស់​ជាតិ​យើង ហើយ​ទី​៣ នោះ គឺ​យើង​ចង់​បំផុស​ឲ្យ​ប្រជាពលរដ្ឋ យុវជន គាត់​ចេះ​ស្រឡាញ់​ធម្មជាតិ ជាពិសេស​គឺ​ដើម​ត្នោត»

ត្នោត​ក៏​ជា​រុក្ខជាតិ​ដែល​អាច​ជួយ​បរិស្ថាន​ឲ្យ​ស្រស់​បំព្រង ហើយ​ពេល​ខ្លះ ត្នោត​មិន​ត្រឹម​តែ​មាន​ប្រយោជន៍​ដល់​បរិស្ថាន​ប៉ុណ្ណោះ​ទេ គឺ​វា​ថែម​ទាំង​មាន​ប្រយោជន៍​ដ៏​លើសលប់​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទាញ​យក​មុខ​របរ និង​រក​កម្រៃ​ពី​វា​បាន​ផង​ដែរ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ ដែល​ដឹកនាំ​ការ​ដាំ​កូន​ត្នោត​នោះ លោក ភួង លីណា មាន​ប្រសាសន៍​ថា ការ​ដាំ​កូន​ត្នោត​នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត​ពេល​នេះ ក្រៅ​តែ​ពី​ចង់​ឲ្យ​រុក្ខជាតិ​នេះ​រីក​សាយភាយ​ពូជ​ឡើង គឺ​លោក​ក៏​មាន​បំណង​ធ្វើ​ជា​ព្រំប្រទល់​កំណត់​របស់​ព្រៃ​សហគមន៍​នោះ​ដែរ។ លោក​ថា បច្ចុប្បន្ន មន្ទីរ​បរិស្ថាន បាន​ឈាន​ទៅ​អភិរក្ស​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត​នេះ ដូច្នេះ​ហើយ​លោក​ក៏​ចាប់​ផ្ដើម​ដាំ​កូន​ត្នោត​នៅ​តាម​ព្រំប្រទល់​នៃ​ព្រៃ​សហគមន៍​នោះ ដើម្បី​ស្រួល​ចំណាំ​ទៅ​លើ​តំបន់​ការពារ៖ «ការ​ដាំ​ព្រោះ​យើង​ចង់​រក្សា​ជា​ព្រំ​ដី​សហគមន៍​ព្រៃឈើ​សង្ឃ​រុក្ខ​វ័ន្ត។ ព្រោះ​យើង​ដាំ​នៅ​តាម​ព្រំ​ដី បំណង​ការពារ​រក្សា​ការពារ​នូវ​ធនធាន​ធម្មជាតិ​ទាំងឡាយ»

ព្រះ​ភិក្ខុ ប៊ុន សាលួត ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​សង្ឃ​រុក្ខ​វ័ន្ត មាន​ព្រះ​ថេរ​ដីកា​ថា ព្រះអង្គ​មាន​ការ​សប្បាយ​ព្រះទ័យ ដោយសារ​តែ​ឃើញ​អង្គការ​ក្រៅ​រដ្ឋាភិបាល ប្រជាពលរដ្ឋ និង​យុវជន​ជាច្រើន ចូលរួម​ដាំ​កូន​ត្នោត​នៅ​ពេល​នេះ។ ព្រះអង្គ​មាន​សុទិដ្ឋិនិយម​ថា យុវជន និង​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ចាប់​ផ្ដើម​យល់​ដឹង​អំពី​តម្លៃ​ព្រៃឈើ និង​បរិស្ថាន ហើយ​ទើប​ខ្លះ​ហ៊ាន​ទាំង​ចំណាយ​លុយ​កាក់​ទិញ​ម្ហូប​អាហារ​មក​ចែក​គ្នា​ទទួល​ទាន​ក្នុង​ពេល​ចូលរួម​ដាំ​កូន​ត្នោត​នេះ​ផង៖ «អ៊ីចឹង​ហើយ​អាត្មា​សង្ឃឹម​ថា​ការ​ដាំ​កូន​ត្នោត​នោះ អាច​នឹង​មាន​ការ​ដុះ​លូតលាស់​ពី ៥០ ទៅ ៦០%។ អាត្មា​សប្បាយ​ចិត្ត ដោយ​ឃើញ​ញាតិញោម​យល់​ច្រើន​អំពី​តម្លៃ​ព្រៃឈើ»

មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ឧត្តរមានជ័យ ក៏​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​ចូលរួម​ការ​ដាំ​កូន​ត្នោត​នោះ​ដែរ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ លោក សូត្រ ស៊ីសុខឃាង មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​ចលនា​ដាំ​កូន​ត្នោត​នេះ ពីព្រោះ​តែ​រយៈពេល ១០​ឆ្នាំ​ទៅ​មុខ​ទៀត គឺ​ត្នោត​នោះ​នឹង​បាន​ផល​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​នោះ។ មន្ត្រី​ដដែល​ឲ្យ​ដឹង​ថា ត្នោត​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ណាស់​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​ក្បែរ​នោះ ក្នុង​ការ​ទាញ​យក​ផល​ពី​វា​ដើម្បី​ប្រកប​មុខ​របរ និង​រក​កម្រៃ​ចិញ្ចឹម​ជីវិត៖ «អូ! ច្រើន​ណាស់ រាប់​មិន​អស់​ទេ ទាំង​ទឹក​របស់​វា​យក​ទៅ​ធ្វើ​ស្ករ ធ្វើ​ទឹក​ត្នោត​ជូរ ធាង​របស់​វា​យក​ទៅ​ធ្វើ​ជា​អំបោស ស្លឹក​យក​ទៅ​ប្រក់​ផ្ទះ ហើយ​គ្រាប់​ខ្ចី​របស់​វា​យក​ទៅ​ធ្វើ​បង្អែម ឯ​ផ្លែ​ទុំ​យក​ទៅ​ធ្វើ​នំ ជាដើម»

អ្នក​ដែល​ចូលរួម​ដាំ​កូន​ត្នោត​ជាច្រើន​នាក់​យល់​ថា នេះ​អាច​ជា​លើក​ដំបូង​ដែល​មាន​ចលនា​នាំ​គ្នា​ដាំ​កូន​ត្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជិត ២០​ឆ្នាំ​ចុង​ក្រោយ​នេះ ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​ចាត់​ទុក​ដើម​ត្នោត​ជា​រុក្ខជាតិ​តំណាង​ឲ្យ​ប្រទេស​មក ពីព្រោះ​ជា​រៀង​រាល់​ថ្ងៃ គេ​ឃើញ​តែ​រដ្ឋាភិបាល​ប្រារព្ធ​ទិវា​ដាំ​កូន​ឈើ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​ប្រារព្ធ​ការ​ដាំ​កូន​ត្នោត​នៅ​តំបន់​ណា​មួយ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល