សង្គម​ស៊ីវិល​និង​យុវជន​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​កោះកុង​ដោះ​លែង​សកម្មជន​បរិស្ថាន​៣​នាក់

ក្រុម​យុវជន និង​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​រសៀល​ថ្ងៃ​ទី​៥ មិថុនា ដើម្បី​​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក ជំរុញ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ដោះ​លែង​សកម្មជន​បរិស្ថាន ៣​នាក់​នៃ​អង្គការ​មាតា​ធម្មជាតិ។

ពួក​គេ​ថ្លែង​ថា ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​ជា​យុវជន​ទាំង ៣​នាក់​នេះ គឺ​ជា​ចេតនា​គំរាម​កំហែង​ដល់​យុវជន​ដទៃ​ទៀត មិន​ឲ្យ​ចូលរួម​ជួយ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ«យើង​ចង់​ ផ្ញើ​ឲ្យ រាជ​រដ្ឋាភិបាល និង​តុលាការ​ខេត្ត​កោះកុង សូម​ធ្វើ​ការ​ ពិចារណា​សាជា ថ្មី​ក្នុង​ការ​ដោះ​លែង​ សកម្មជន​ចលនា ​មាតា​ធម្មជាតិ​ទាំង ៣​នាក់​ឲ្ យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ជួប​ជុំ​គ្រួសារ បន្ត​ការ​សិក្សា ហើយ​និង​ធ្វើ​ការ​ការពារ​ធនធាន​ធម្មជាតិ​ ត​ទៅ ​ទៀត ពីព្រោះ​មក​ទល់​នឹង​បច្ចុប្បន្ន ពួក​គាត់​ត្រូវ​បាន​ ឃុំ​ខ្លួន ​ដោយ​តុលាការ​ខេត្ត​កោះកុង អស់​រយៈពេល​ជិត ៨​ខែ​ហើយ»

សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ​ទាំង ៣​នាក់​រួម​មាន លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង។ ពួក​គេ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង សម្រេច​ឃុំ​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ពី​បទ​គំរាម​កំហែង ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ​តាម​មាត្រា​៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ។

ក្រៅ​ពី​នេះ ក្រុម​យុវជន​ក៏​ស្នើ​ដល់​រដ្ឋាភិបាល​អនុវត្ត​ស្តង់ដារ​តែ​មួយ ចំពោះ​កិច្ច​ចូលរួម​ការពារ​បរិស្ថាន​ ដោយ​មិន​ត្រូវ​លើក​ទឹក​ចិត្ត​តែ​ក្រុម​យុវជន​ណា​ដែល​មាន​សម្ព័ន្ធភាព​ជិតស្និទ្ធ​នឹង​ខ្លួន ហើយ​ធ្វើ​ទុក្ខបុកម្នេញ​ចំពោះ​សកម្មជន និង​យុវជន​ទាំងឡាយ​ណា​ដែល​មិន​គាំទ្រ​ខ្លួន ឬ​ដែល​មាន​ជំហរ​អព្យាក្រឹត្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។