យុវជន​ភាគច្រើន​នៅ​បាត់ដំបង​បារម្ភ​ខ្លាច​អាជ្ញាធរ​គ្រប់គ្រង​ធនធាន​រ៉ែ​មិន​បាន​ល្អ

ដោយ ហ៊ុំ ចំរើន
2017-03-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រុម​យុវជន​ចូលរួម​សិក្ខាសាលា​ស្វែង​យប់​អំពី​ការ​គ្រប់គ្រង​ធនធាន​រ៉ែ និង​ថាមពល នៅ​សាល​ប្រជុំ​នៃ​សណ្ឋាគារ​ខេមរា​បាត់ដំបង​១ ខេត្ត​បាត់ដំបង ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៧។
ក្រុម​យុវជន​ចូលរួម​សិក្ខាសាលា​ស្វែង​យប់​អំពី​ការ​គ្រប់គ្រង​ធនធាន​រ៉ែ និង​ថាមពល នៅ​សាល​ប្រជុំ​នៃ​សណ្ឋាគារ​ខេមរា​បាត់ដំបង​១ ខេត្ត​បាត់ដំបង ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Hum Chamroeun

ក្រុម​យុវជន​ប្រមាណ ៣០០​នាក់ និង​ព្រះសង្ឃ​ប្រមាណ ១០​អង្គ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មីនា ចូលរួម​ក្នុង​វេទិកា​ស្វែង​យល់​អំពី​ការ​គ្រប់គ្រង​ធនធាន​រ៉ែ និង​ឧស្ម័ន​នៅ​កម្ពុជា។ វេទិកា​នេះ​រៀបចំ​ឡើង​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា វ៉ាយ..ឌី.ភី (YRDP) នៅ​ខេត្ត​បាត់ដំបង ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឲ្យ​យុវជន​ទទួល​បាន​ចំណេះ​ដឹង​ពី​ការ​វិវឌ្ឍន៍​នៃ​វិស័យ​រ៉ែ ប្រេង និង​ឧស្ម័ន ដើម្បី​លើក​កម្ពស់​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​នេះ ជា​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត។

អ្នក​ចូលរួម​ក្នុង​វេទិកា ភាគច្រើន​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់គ្រង​ធនធាន​ក្នុង​វិស័យ​នេះ​មិន​បាន​ល្អ ហើយ​ធ្វើ​ឲ្យ​ហិនហោច​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​នៅ​ថ្ងៃ​ខាង​មុខ។

យុវជន​ម្នាក់​ដែល​បាន​ចូល​ក្នុង​វេទិកា លោក ណារិន ហិរញ្ញ ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី​នៅ​ក្នុង​ពិធី​នោះ​ថា ធនធាន​រ៉ែ និង​ឧស្ម័ន គឺ​ជា​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​កម្ពុជា ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ​គ្រប់គ្រង​វិស័យ​មួយ​នេះ​ឲ្យ​បាន​ល្អ ដើម្បី​ជា​ផល​ប្រយោជន៍​រួម​របស់​ជាតិ។ លោក​បន្ថែម​ថា ប្រសិន​បើ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់គ្រង​វិស័យ​នេះ​មិន​បាន​ត្រឹមត្រូវ​ទេ វា​នឹង​ហិនហោច​ជា​ស្ថាពរ ព្រោះ​ធនធាន​រ៉ែ បើ​បាន​បំផ្លាញ​វា​អស់​ទៅ​ហើយ គឺ​មិន​អាច​ដាំ​វា​ឡើង​វិញ​បាន​ដូច​ដាំ​រុក្ខជាតិ​ផ្សេងៗ​ឡើយ៖ «ខ្ញុំ​គិត​ថា​វា​មាន​សារសំខាន់​ដល់​ប្រទេស​ខ្លាំង​ណាស់ ពីព្រោះ​ថា​ធនធាន​រ៉ែ យើង​អាច​កែច្នៃ​ជា​របស់​ប្រើប្រាស់​ផ្សេងៗ​ដែល​អាច​រក​ប្រាក់​ចំណូល​អភិវឌ្ឍ​ប្រទេស​ជាតិ​បាន​រីក​ចម្រើន​ជឿនលឿន​ទៅ​មុខ»

ចំណែក​យុវតី​ម្នាក់​ដែល​បាន​ចូល​ក្នុង​ពិធី​នោះ​ដែរ កញ្ញា លី សាវម៉ី ចង់​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៃ​វិស័យ​មួយ​នេះ ចាត់ចែង​ធនធាន​រ៉ែ និង​ឧស្ម័ន​ឲ្យ​មាន​តម្លាភាព គឺ​មិន​បណ្ដោយ​ឲ្យ​ជន​ណា​ម្នាក់​កេង​ចំណេញ​ពី​ធនធាន​ទាំងនេះ​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ។ កញ្ញា​បន្ថែម​ថា មន្ត្រី​នៃ​ក្រសួង​ពាក់ព័ន្ធ ក៏​ត្រូវ​បន្ថែម​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការ​អភិវឌ្ឍ​ធនធាន​រ៉ែ និង​ឧស្ម័ន​ទៅ​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​រួម​ចំណែក​ការពារ​ធនធាន​ទាំងអស់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៖ «ពីព្រោះ​ដោយសារ​ទី​២ ធនធាន​ទាំងនេះ​មិន​កើត​មក​វិញ​ទេ ហើយ​ទម្រាំ​តែ​វា​កើត​ឡើង​វិញ​មាន​រយៈពេល​យូរ​មែន​ទែន មិន​ដូចជា​ក្រដាស​អនាម័យ ផលិត​ភ្លាម​ប្រើ​អស់​ហើយ​ទិញ​បាន​ទៀត​ទេ»

ព្រះតេជព្រះគុណ ជិន សុចាន់ ដែល​និមន្ត​ចូលរួម​ក្នុង​សិក្ខាសាលា​ដែរ មាន​ថេរ​ដីកា​ថា ក្រុម​យុវជន​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​តាមដាន និង​ឃ្លាំ​មើល ដើម្បី​ជួយ​ការពារ​ធនធាន​ទាំងអស់​នេះ​ឲ្យ​បាន​គង់វង្ស ព្រោះ​កន្លង​ទៅ​នៅ​ពេល​ធ្វើ​សកម្មភាព​ម្ដងៗ អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​តែងតែ​រារាំង​មិន​ឲ្យ​ក្រុម​យុវជន​ចូល​ទៅ​ពិនិត្យ​មើល​តំបន់​ដែល​សង្ស័យ​ថា មាន​ធ្វើ​អាជីវកម្ម​រ៉ែ​ដោយ​ខុស​នោះ​ឡើយ៖ «ជា​ការ​ព្រួយ​បារម្ភ​សំខាន់​ជាង​គេ ទី​១ ប្រជាពលរដ្ឋ​មិន​សូវ​មាន​ការ​ចូលរួម​ថែរក្សា ហើយ​ទី​២ ការ​ផ្សព្វផ្សាយ​ពី​ធនធាន​រ៉ែ​មិន​បាន​ទូលំទូលាយ។ អាត្មា​ចង់​ឲ្យ​រដ្ឋាភិបាល​លើក​យក​វិស័យ​នេះ​ដាក់​ជា​មុខវិជ្ជា​មួយ​ក្នុង​កម្មវិធី​សិក្សា​នៅ​សាកលវិទ្យាល័យ ដើម្បី​ឲ្យ​សិស្ស​បាន​សិក្សា»

ព្រះតេជព្រះគុណ​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ច្បាប់​គ្រប់គ្រង​ធនធាន​ទាំងអស់​នេះ​ឲ្យ​បាន​តឹងរ៉ឹង ដើម្បី​ការពារ​កុំ​ឲ្យ​ជន​ខិលខូច​លួច​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ ដែល​ធ្វើ​ឲ្យ​ហិនហោច​ធនធាន​ធម្មជាតិ​របស់​កម្ពុជា។

ឆ្លើយតប​នឹង​បញ្ហា​នេះ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា មាន​ប្រសាសន៍​ថា ក្រសួង​រ៉ែ បាន​គិតគូរ​ពី​ផល​ប៉ះពាល់​យ៉ាង​ច្បាស់លាស់ និង​មាន​តម្លាភាព​មុន​នឹង​អនុញ្ញាត​ច្បាប់​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ។ លោក​បន្ថែម​ថា ប្រសិន​បើ​ផល​ប៉ះពាល់​ធំធេង​ជាង​ចំណូល​ដែល​បាន​ពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ គឺ​ខាង​ក្រសួង​នឹង​មិន​អនុញ្ញាត​ច្បាប់​ឡើយ៖ «អ៊ីចឹង​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​រាល់​នេះ មាន​ទាំង​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​ក្រៅ​ស្រុក។ អ៊ីចឹង​អត់​អាជ្ញាធរ ឬ​អ្នក​មាន​អំណាច​មក​ពីណា​ទេ ក៏ប៉ុន្តែ​អាច​មាន​ប្រពន្ធ ឬ​កូន​អាជ្ញាធរ​ខ្លះ​ដែល​គាត់​អាច​ស្នើសុំ​អាជ្ញាប័ណ្ណ​បាន ព្រោះ​យើង​អត់​មាន​សិទ្ធិ​ហាមឃាត់​គេ​ទេ សំខាន់​ការ​វាយ​តម្លៃ​ថា​ទីតាំង​នេះ​យើង ឬ​មិន​ឲ្យ​តែ​ប៉ុណ្ណឹង​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មាន​ប្រសាសន៍​ថា យុវជន​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​វិស័យ​រ៉ែ​នៅ​កម្ពុជា។ លោក​សង្កត់​ធ្ងន់​ថា ដើម្បី​តាមដាន​ការ​អភិវឌ្ឍ​ធនធាន​រ៉ែ និង​ឧស្ម័ន​នៃ​ក្រសួង​រ៉ែ និង​ថាមពល ឲ្យ​មាន​ប្រសិទ្ធភាព យុវជន​ត្រូវ​ដឹង​ឈ្មោះ​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ និង​ការ​ធ្វើ​សកម្មភាព​របស់​គេ ថា​តើ​ដូច​មាន​នៅ​ក្នុង​កិច្ចសន្យា ឬ​អត់? ហើយ​ចំណូល​ជាតិ​ដែល​បាន​ពី​ការ​ធ្វើ​អាជីវកម្ម​មួយ​នេះ​យ៉ាង​ដូចម្ដេច ហើយ​យក​ប្រាក់​ចំណូល​ទាំងនោះ​ទៅ​អភិវឌ្ឍ​នៅ​ក្នុង​សហគមន៍​របស់​ពលរដ្ឋ​បាន​ត្រឹមត្រូវ​ដែរ​ឬ​ទេ ជាដើម៖ «អ៊ីចឹង​ទាំងអស់​នេះ​សុទ្ធតែ​ជា​ព័ត៌មាន​ដែល​យុវជន​អាច​តាមដាន​មើល​ទៅ​ការ​វិវឌ្ឍន៍ ហើយ​បើ​សិន​ជា​មាន​ផល​ប៉ះពាល់​អី​ជាមួយ​នឹង​ការ​ជីក​រ៉ែ​អី​ជាដើម ក៏​យុវជន​អាច​រាយការណ៍​ទៅ​ក្រសួង​រ៉ែ និង​ថាមពល ធ្វើ​ម៉េច​ឲ្យ​ក្រសួង​រ៉ែ មាន​ប្រសិទ្ធភាព ជា​ប្រយោជន៍​ដល់​ការពារ​សិទ្ធិ​ពលរដ្ឋ និង​សុខុមាលភាព​សហគមន៍ ហើយ​និង​ប្រយោជន៍​រួម និង​ថវិកា​ជាតិ»

នៅ​ក្នុង​វេទិកា​នេះ វាគ្មិន​ដែល​បាន​ចូលរួម បាន​ធ្វើ​បទ​បង្ហាញ​ដោយ​ដាក់​បញ្ចាំង​ស្លាយ​ពី​ការ​រុករក​រ៉ែ រចនាសម្ព័ន្ធ​គ្រប់គ្រង និង​ការ​តាមដាន​ការ​អភិវឌ្ឍ​ធនធាន​ទាំងអស់​នេះ​ប្រមាណ ១​ម៉ោង​កន្លះ ដើម្បី​ឲ្យ​យុវជន​បាន​យល់​ដឹង​កាន់​តែ​ច្បាស់ និង​ងាយ​ស្រួល​ដល់​ការ​តាមដាន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ នៅ​ក្នុង​ពិធី​នេះ ក្រុម​យុវជន​មាន​ឱកាស​លើក​ជា​សំណួរ​ដាក់​ឲ្យ​វាគ្មិន​បកស្រាយ​ភ្លាមៗ។

របាយការណ៍​បូក​សរុប​របស់​ក្រសួង​រ៉ែ និង​ថាមពល ឆ្នាំ​២០១៦ បង្ហាញ​ថា ក្រសួង​មួយ​នេះ​បាន​ប្រមូល​ប្រាក់​ចំណូល​ពី​វិស័យ​នេះ​ចំនួន​ជាង ៨១​ប៊ី​លាន​រៀល (៨១.៤២៧.០០០.០០០) ឬ​ស្មើ​ជាង ២០​លាន​ដុល្លារ​អាមេរិក និង​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​រ៉ែ​បើក​ការដ្ឋាន​វាយ​ថ្ម​ចំនួន​ជាង ៤០០​អាជ្ញាប័ណ្ណ រុករក​រ៉ែ​ចំនួន ៦១​អាជ្ញាប័ណ្ណ ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ចំនួន ២៣ និង​អាជ្ញាប័ណ្ណ​សិប្បកម្ម​ចំនួន ២២៦​អាជ្ញាប័ណ្ណ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល