អាដហុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​សហគមន៍​គ្រោង​ដាក់ពាក្យ​ប្ដឹង​រក​មេខ្លោង​កាប់​បំផ្លាញ​ព្រៃ​នៅ​ខែត្រ​ស្ទឹងត្រែង

ដោយ ហេង សាកល
2017.11.21
ដើម​ច្បោះ ស្ទឹងត្រែង ៦២០ ព្រៃ​ច្បោះ​នៅ​ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ត្រូវ​ឈ្មួញ​ចំណាក​ស្រុក​កាប់​បំផ្លាញ និង​ដុត​ដើម្បី​យក​ដី​ដាំ​ដំឡូង និង​លក់​បន្ត។ រូបថត​ខែ​មករា ឆ្នាំ​២០១៥
Adhoc

សមាគម​អាដហុក (Adhoc) និង​ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង គ្រោង​ប្ដឹង​អ្នក​ពាក់ព័ន្ធ​កាប់​រាន​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ រាប់ពាន់​ហិកតារ ទៅ​តុលាការ ឲ្យ​មក​ទទួលខុសត្រូវ​តាមច្បាប់។ មន្ត្រី​សមាគម​អាដហុក​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចុះ​ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​កាប់​រាន​ដី​ព្រៃ​សហគមន៍​ធ្វើ​អាជីវកម្ម និង​ការ​កាប់​ឈើ​មានតម្លៃ​ចេញពី​ព្រៃ​អភិរក្ស​នោះ​ដោយ​ពុំ​មាន​ការទប់ស្កាត់។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​សំអាង និង​មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា ពួកគេ​មាន​ភស្តុតាង​ជាក់លាក់​ដែល​បញ្ជាក់​ថា ព្រៃ​អភិរក្ស​របស់​សហគមន៍​ជាង ៤​ពាន់​ហិកតារ រង​ការ​កាប់​រាន​ធ្វើ​អាជីវកម្ម អស់​ជាង​ពាក់​កណ្ដាល ដោយ​ពុំ​មាន​ការទទួលខុសត្រូវ។

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ថា ការ​កាប់​ឈើ​មាន​តម្លៃ និង​ការ​កាប់​ព្រៃ​រាន​យក​ដី នៅ​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ បាន​កើត​ឡើង ៣​ឆ្នាំ​មក​ហើយ ពុំ​ឃើញ​មាន​ស្ថាប័ន​ណាមួយ​ចេញមុខ​ស្វែងរក​ជនល្មើស​ឲ្យ​មក​ទទួលខុស​ត្រូវ​បាន​ផ្លូវច្បាប់​ទេ បើ​ទោះ​បីជា​ផ្នែក​ខ្លះ នៃ​ព្រៃ​អភិរក្ស​នោះ​គ្រប់គ្រង​ដោយ​បុគ្គល​ឯកជន​ក្ដី។ លោក​ថា ពលរដ្ឋ និង​សមាគម​អាដហុក នឹង​ប្ដឹង​អ្នក​កាប់​រាន​ដី​ព្រៃ​នោះ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​បើកដៃ​អនុញ្ញាត​ឲ្យ​ឈ្មួញ​កាប់​រាន​ដី​ព្រៃ​តាម​អំពើ​ចិត្ត។

លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែម​ថា បើ​ទោះ​បី​ជា​សហគមន៍​ការពារ​ព្រៃឈើ​ភ្នំ​ជម្រក​សត្វ​តាម​រចនាសម្ព័ន្ធ​គ្រប់គ្រង​ក្ដី ក៏​ប៉ុន្តែ ប្រសិទ្ធភាព​នៃ​ការ​ចុះ​ល្បាត និង​ការអនុវត្ត​ច្បាប់​ធូរ​រលុង​នៅឡើយ។ លោក​អះអាង​ថា ការ​ដាក់​ពាក្យ​ប្ដឹង​រឿង​នេះ គឺជា​ជម្រើស​ចុងក្រោយ​របស់​សហគមន៍ ដើម្បី​សង្គ្រោះ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់​ចុងក្រោយ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ៖ «យើង​នឹង​ដាក់​បណ្ដឹង​ផ្លូវការ​មួយ ចំពោះ​ការបាត់បង់​ព្រៃឈើ ចំពោះ​មន្ត្រី​ដែល​ទទួលខុសត្រូវ​ក្នុង​តំបន់​ហ្នឹង​។ ក្នុង​ការ​សរសេរ​ពាក្យ​បណ្ដឹង​យើង​មាន​ឯកសារ​គ្រប់គ្រាន់​អស់ហើយ។ អីចឹង​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន»

អាស៊ីសេរី​មិន​អាច​ទាក់ទង​មេឃុំ​សំអាង លោក ញៀន ផុន ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។ តែ​លោក​ធ្លាប់​បញ្ជាក់​ថា ការ​កាប់​រាន​ដី​ព្រៃ​ក្នុង​តំបន់​ព្រៃ​អភិរក្ស អាជ្ញាធរ​មិន​ទទួលស្គាល់​នោះ​ទេ។

ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​មាន​ផ្ទៃដី​ចំនួន​ជាង ៤​ពាន់​ហិកតារ (.៤៤៦,១៦​ហិកតារ) ត្រូវ​ចុះបញ្ជី​ទទួលស្គាល់ ជា​ព្រៃ​ការពារ​របស់​សហគមន៍ ពី​ក្រសួង​កសិកម្ម​កាលពី​ចុង​ឆ្នាំ​២០១៦។ ព្រៃ​សហគមន៍​នោះ ឋិត​ក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​កសិកម្ម ដែល​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ជា​ស្ថាប័ន​ស្នូល។ អ្នកភូមិ​ថា មក​ទល់​ពេល​នេះ ផ្នែក​ខ្លះ​ព្រៃ​នៅ​តំបន់​នោះ​បាន​ក្លាយ​ជា​ដី​កម្មសិទ្ធិ​ឯកជន​មាន​ដាំ​ដំណាំ​ស្វាយចន្ទី និង​ដំឡូង​មី ជាដើម។

ជនជាតិ​ដើម​ភាគតិច​កួយ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ថា អ្នកភូមិ​បាន​កំណត់​មុខសញ្ញា​អ្នក​កាប់​រាន និង​អ្នក​នៅ​ពីក្រោយ​ខ្នង​អស់ហើយ ដែល​មាន​ការ​បើក​ដៃ​ពី​អាជ្ញាធរ​មូលដ្ឋាន បណ្ដោយ​ឲ្យ​ការ​កាប់​ឈើ​បែប​អនាធិបតេយ្យ។ សកម្មភាព​កាប់​រាន​ដី​ព្រៃ​សហគមន៍​នោះ បាន​គំរាមកំហែង​ដើមឈើ ផលិត​ជ័រទឹក​របស់​ជនជាតិ​ដើម​ភាគតិច រាប់​ម៉ឺន​ដើម។ លោក​ថា គណៈកម្មការ​សហគមន៍ ពុំ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន គ្រប់គ្រង​ព្រៃ​ឲ្យ​ច្បាស់លាស់​នោះ​ទេ ហើយ​កិច្ចការពារ​ចុះ​ល្បាត​នៅ​ទល់​ខ្សោយ​នៅឡើយ៖ «ព្រោះ​សហគមន៍​ឥឡូវ​ពី​ដើម ១០០​ភាគរយ ឥឡូវ​នៅ​សល់​ប្រហែល ៣០​ភាគរយ នៅ​កាប់​ចង់​ខ្លាំង​ជាមុន​ផង។ អ្នក​ហាម ហាម​រួច​ដើរចេញ​កាប់​ទៀត។ អត់​ដែល​ឃើញ​មាន​អាជ្ញាធរ​ដែនដី​ណា ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​មិនដែល​ឃើញ​ទេ ឃើញ​តែ​ជួប​គេ​ខ្សឹប​លិច​កើត​ដើរ​ចេញ​អស់»

ជនជាតិ​ដើម​ភាគតិច​ម្នាក់ទៀត រស់នៅ​ឃុំ​សំអាង លោកស្រី ចាន់ គីម ត្អូញ​ថា គ្រួសារ​លោកស្រី​មាន​ដើម​ឈើ​ផលិត​ជ័រទឹក​ជាង ៣០០​ដើម​ឋិត​ក្នុង​ព្រៃ​សហគមន៍ ត្រូវ​បាន​គេ​កាប់​បំផ្លាញ​អស់​ស្ទើរ​ទាំងស្រុង នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ ការ​កាប់បំផ្លាញ​ដើមឈើ​ផលិត​ជ័រទឹក​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​ធ្ងន់ធ្ងរ ត្បិត​គ្រួសារ​លោកស្រី​នៅ​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​លាន​រៀល។ លោកស្រី​រំឭក​ថា កន្លង​ទៅ គ្រួសារ​លោកស្រី​ពឹងផ្អែក​លើ​ការ​ដង​ជ័រទឹក​ដែល​ក្នុង​មួយ​ខែ​ដង​បាន ១៦​កាន ហើយ​ក្នុង​មួយ​កាន​អាច​លក់​បាន​ប្រាក់ ១០​ម៉ឺន​រៀល ។ លោកស្រី​អំពាវនាវ​ឲ្យ​តុលាការ​ស៊ើបអង្កេត​អ្នក​ពាក់ព័ន្ធ​កាប់​រាន​ដី​ព្រៃ​នោះ ឲ្យ​មក​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់៖ «កាប់​ព្រៃ​ច្បោះ​ខ្ញុំ​អស់​រលីង អត់​មាន​សល់​ទេ សង្ឃឹម​បាន​ចិញ្ចឹមជីវិត​ទិញ​ប៊ីចេង និង​ទិញ​អំបិល បាន​ច្បោះ​ហ្នឹងឯង។ ដល់​តែ​ឥឡូវ​គេ​កាប់​អស់ហើយ អត់​មាន​សល់​ទេ មិន​ដឹង​រក​អ៊ី​ដាក់​អី​ទេ​ខ្ញុំ​! ចុងក្រោយ​គេ​កាប់​អស់​មិន​ដឹង​ធ្វើ​ម៉េច»

សមាគម​អាដហុក រក​ឃើញ​ថា បើ​ទោះ​បី​ជា​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​របស់​រដ្ឋ​រាន​យក​ដី​អស់ រាប់ពាន់​ហិកតារ​ក្ដី ក៏​ពុំ​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ចេញមុខ​ចាប់ខ្លួន​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​ដាក់ទោស​ទណ្ឌ​ដែរ។ បញ្ហា​នេះ​ហាក់ជា​សញ្ញា​បង្ហាញ​ថា មន្ត្រី​រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​ការពារ​ព្រៃ​របស់​រដ្ឋ និង​ព្រៃ​សហគមន៍​ដែល​ត្រូវ​ការពារ​ដោយ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។