មន្ត្រី​ជំនាញ​ខេត្ត​ព្រះសីហនុ​រំឭក​ទេសចរ​ដើរ​កម្សាន្ត​តាម​កោះ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ព្យុះ​ភ្លៀង

ដោយ ដែន អយុធ្យា
2017-05-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧។
ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Den Ayuthyea

មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ រំលឹក​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​ទេសចរ ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ពេល​ធ្វើ​ដំណើរ​តាម​សមុទ្រ ព្រោះ​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ខ្យល់​ព្យុះ​ភ្លៀង និង​មាន​រលក​សមុទ្រ​ធំៗ បោកបក់​ខ្លាំង។

​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា ព្យុះភ្លៀង និង​រលក​សមុទ្រ​ធំៗ ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ទូក​តូចៗ​មួយ​ចំនួន​បាន​លិច ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​គ្រោះ​ដល់​អាយុជីវិត​ទេ។ ដូច្នេះ​លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​សមុទ្រ ជាពិសេស​ទេសចរ​ជាតិ អន្តរជាតិ ដែល​និយម​ចូល​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា ក្នុង​មូលដ្ឋាន​នេះ ត្រូវ​គិត​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ជា​ប្រចាំ។

​លោក យន្ត មីន ស្នើ​ដល់​ប្រតិបត្តិករ​ទេសចរណ៍​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​កប៉ាល់ ឬ​អូប័រ ដឹក​ជញ្ជូន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​នានា ត្រូវ​បំពាក់​អាវ​ពោង​ការពារ និង​សម្ភារៈ​សង្គ្រោះ​នៅ​តាម​ក្រុមហ៊ុន​នីមួយៗ​ឲ្យ​បាន​គ្រប់​ចំនួន ដើម្បី​ត្រៀម​លក្ខណៈ​ជា​មុន​នៅ​ពេល​មាន​គ្រោះអាសន្ន​ណា​មួយ​អាច​កើត​មាន​នៅ​លើ​លំហ​សមុទ្រ។

លោក​ថា ទន្ទឹមគ្នា​សមត្ថកិច្ច​ជំនាញ​នៅ​លើ​លំហ​សមុទ្រ បាន​ត្រៀម​លក្ខណៈ​សង្គ្រោះ ពេល​មាន​ហេតុការណ៍​អ្វី​មួយ​កើត​ឡើង។ លោក​ស្នើ​ដល់​ទេសចរ ឬ​ប្រតិបត្តិករ​ទេសចរណ៍ បម្រើ​សេវា​ដឹក​ជញ្ជូន​តាម​សមុទ្រ​ទាំង​អស់ ត្រូវ​ប្រយ័ត្ន​ពី​សុវត្ថិភាព​នៃ​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៖ «រំលឹក​ដល់​បងប្អូន​យើង​ឲ្យ​ប្រយ័ត្នប្រយែង​ពេល​ចុះ​កប៉ាល់ ឬ​ទូក​ទៅ​កម្សាន្ត​នៅ​តាម​កោះ​នានា ដោយ​ធ្វើ​ដំណើរ​តាម​សមុទ្រ​នេះ ត្រូវ​គិត​ពី​សុវត្ថិភាព​ជា​ប្រចាំ។ ជាង​នេះ ម្ចាក់​ក្រុមហ៊ុន​កប៉ាល់ ឬ​ទូក​អូប័រ​ដឹក​អ្នក​ដំណើរ​ទាំង​អស់​ហ្នុង ក៏​ត្រូវ​បំពាក់​អាវ​ពោង​ការពារ និង​ត្រួត​ពិនិត្យ​បច្ចេកទេស​នៃ​មធ្យោបាយ​ដឹក​ជញ្ជូន​របស់​ខ្លួន​ឲ្យ​បាន​ជា​ប្រចាំ​ដោយ​មិន​ត្រូវ​ធ្វេសប្រហែស​ទេ ដើម្បី​ការពារ​សុវត្ថិភាព​ធ្វើ​ដំណើរ​ជូន​ភ្ញៀវទេសចរ​ដែល​ចូល​មក​កម្សាន្ត​មូលដ្ឋាន​នេះ»

ប្រតិបត្តិករ​ទេសចរណ៍​បម្រើ​សេវា​ដឹកជញ្ជូន​ទេសចរ​ចេញទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា និង​អាជីវករ​លក់​ដូរ​ចំណី​អាហារ​នៅ​តាម​ឆ្នេរ​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ អាកាសធាតុ​នៅ​តាម​តំបន់​ឆ្នេរ​មាន​ខ្យល់​ព្យុះ​ភ្លៀង និង​មាន​រលក​សមុទ្រ​បោកបក់​ខ្លាំង​បណ្ដាល​ឲ្យ​ទឹក​សមុទ្រ​នៅ​តាម​ឆ្នេរ​មួយ​ចំនួន មាន​ឆ្នេរ​ឯករាជ្យ ឆ្នេរ​អូរឈើទាល និង​ឆ្នេរ​អូរត្រេះ ជាដើម​មាន​សភាព​ល្អក់ ហើយ​ទេសចរ​មិន​ច្រើន​ទេ​ដែល​ចុះ​ងូត​ទឹក​សមុទ្រ ដោយ​ពួកគេ​បារម្ភ​ពី​សុវត្ថិភាព។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា តំបន់​មាត់​សមុទ្រ គឺ​មាន​សីតុណ្ហភាព​អប្បបរមា​ពី ២៤ ដល់ ២៦​អង្សា និង​អតិបរមា​ពី ៣១ ដល់ ៣៣​អង្សា ដោយ​ផ្ទៃមេឃ​មាន​ពពក​ពី​មធ្យម​ទៅ​ច្រើន និង​មាន​ខ្យល់​បក់​ខ្លាំង​មក​ពី​ទិសនិរតី មាន​ល្បឿន​ចាប់​ពី ២​ម៉ែត្រ ទៅ ៤​ម៉ែត្រ ហើយ​អាច​មាន​ភ្លៀង ផ្គរ រន្ទះ  និង​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង​នៅ​ខេត្ត​កំពត កែប ព្រះសីហនុ និង​ខេត្ត​កោះកុង ដោយ​រលក​សមុទ្រ អាច​មាន​កម្ពស់​ចាប់​ពី​កន្លះ​ម៉ែត្រ ទៅ​ជាង ១​ម៉ែត្រ​កន្លះ (០,៥០-១,២៥)។

​ទាក់ទិន​បញ្ហា​នេះ លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដាក់​ផែនការ​ថ្មី និង​ពង្រាយ​កម្លាំង​នៅ​តាម​គោលដៅ​ទេសចរណ៍ ដែល​ភ្ញៀវ​ទេសចរ​និយម​ចូល​ទៅ​កម្សាន្ត​រង់ចាំ​ការពារ​សុវត្ថិភាព​ទាំង​ឆ្នេរ​នៅ​លើ​ដី​គោក​រហូត​ដល់​ឆ្នេរ​លើ​ដី​កោះ។ លោក​បន្ត​ថា រាល់​ថ្ងៃ​នេះ​លោក​បាន​ណែនាំ​កម្លាំង​នគរបាល​ប្រចាំ​ការ​នៅ​តាម​ផែកប៉ាល់ ឬ​អូប័រ ដឹក​ជញ្ជូន​ភ្ញៀវ​ចេញទៅ​កម្សាន្ត​តាម​កោះ និង​កម្លាំង​ប្រចាំការ​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យ​ប្រចាំការ​ទាំង​យប់​ទាំង​ថ្ងៃ។ ក្នុង​នោះ​ក៏​បាន​ណែនាំ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ទូក​ដឹក​ភ្ញៀវ​ទេសចរ​តូចៗ មិន​ឲ្យ​ដឹក​ភ្ញៀវ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ ពេល​មាន​ខ្យល់ព្យុះ​បោកបក់ និង​មាន​រលក​សមុទ្រ​ធំៗ​ទេ ដើម្បី​ការពារ​ដល់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវទេសចរ។

ត្រង់​ចំណុច​នេះ លោក ជួន ណារិន្ទ ស្នើ​ដល់​ប្រជាពលរដ្ឋ ពិសេស​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​តាម​ឆ្នេរ​នានា ទាំង​ឆ្នេរ​នៅ​លើ​ដី​គោក និង​ឆ្នេរ​លើ​ដី​កោះ ឲ្យ​ចូល​រួម​សហការ​ជាមួយ​សមត្ថកិច្ច​ឲ្យ​បាន​ទាន់​ពេល នៅ​ពេល​ពួកគេ​ជួប​គ្រោះអាសន្ន​អ្វី​មួយ​កើត​ឡើង ដោយ​ត្រូវ​ផ្ដល់​ដំណឹង​មក​កាន់​កម្លាំង​ជំនាញ​ប្រចាំការ​នៅ​តាម​គោលដៅ​នីមួយៗ ឲ្យ​បាន​ឆាប់ ដើម្បី​ឈាន​ដល់​ជួយ​អន្តរាគមន៍​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល​វេលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល