មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ធំ​បង្ក្រាប​អាជីវកម្ម​ឡ​ធ្យូង​ជិត​១០០​កន្លែង

ដោយ សូត សុខប្រាថ្នា
2016.05.05
ផែនទី​ខេត្ត​កំពង់ធំ ៨៥៥ ផែនទី​ខេត្ត​កំពង់ធំ។
Photo: RFA

មន្ត្រី​ជំនាញ​ព្រៃ​ឈើ​ខេត្ត​កំពង់ធំ បាន​ដឹក​នាំ​កម្លាំង​បង្ក្រាប​ទីតាំង​ឡ​ធ្យូង​ខុស​ច្បាប់​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​សន្ទុក ស្រុក​បារាយណ៍ និង​ស្រុក​សណ្ដាន់។ អាជ្ញាធរ​អះអាង​ថា ការ​បង្ក្រាប​នេះ ដើម្បី​ធានា និង​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​អភិរក្ស​ក្នុង​តំបន់​នោះ។ ចំណែក​មន្ត្រី​សម្រប​សម្រួល​សហគមន៍​តំបន់​ព្រៃ​ឡង់ យល់​ថា វិធានការ​ប៉ុណ្ណឹង មិន​អាច​ទប់ស្កាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន​ឡើយ។

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ លើក​ឡើង​ថា សកម្មភាព​បង្ក្រាប​ទីតាំង​ឡ​ធ្យូង​ខុស​ច្បាប់ ពុំ​មែន​ជា​វិធានការ​ដើម្បី​ធ្វើ​បាប​ប្រជាពលរដ្ឋ​ឡើយ ប៉ុន្តែ​ជា​ការ​ថែ​រក្សា​តំបន់​គម្រប​ព្រៃ​ឈើ​ឲ្យ​នៅ​គង់វង្ស។ បន្ថែម​ពី​នេះ​ទៀត ដើម្បី​រួម​ចំណែក​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​ដែល​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន។

នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​សណ្ដាន់ លោក សៅ វណ្ណី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ ឧសភា ថា ឡ​ធ្យូង​ខុស​ច្បាប់​ទាំង​នោះ​ជា​របស់​ពលរដ្ឋ​នៅ​ស្រុក​សន្ទុក ស្រុក​បារាយណ៍ និង​នៅ​ស្រុក​សណ្ដាន់។ លោក​បញ្ជាក់​ថា មូលហេតុ​នាំ​ឲ្យ​មន្ត្រី​ជំនាញ​បង្ក្រាប​សិប្បកម្ម​ប្រមាណ ១០០​កន្លែង ពីព្រោះ​ពួក​គាត់​ទាំង​នោះ​នាំ​គ្នា​ចូល​ទៅ​កាប់​ឈើ​នៅ​តំបន់​អភិរក្ស ឬ​ហៅ​ថា​តំបន់​រ៉េត​បូក (REDD+) ដែល​ជា​តំបន់​កាត់​បន្ថយ​ពី​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ៖ «ព្រោះ​ដែន​ហ្នឹង​ជា​ដែន​របស់​ព្រៃ មិន​មែន​ដែន​របស់​ប្រជាពលរដ្ឋ​ទេ។ ការ​រស់នៅ​ទាល់​តែ​មាន​ការ​សម្រេច​ពី​រាជ​រដ្ឋាភិបាល បាន​រស់នៅ​បាន។ ការ​កាប់​ហ្នឹង កាប់​ឈើ​តូចៗ​មក​ដុត​ធ្វើ​ឡ ហើយ​សល់​ដី​វាស់​លក់​ចែក​គ្នា»

ការ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ឡ​ធ្យូង​របស់​ពលរដ្ឋ​ទាំង​បី​ស្រុក​នេះ ដឹក​នាំ​កម្លាំង​ដោយ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ធំ លោក តឹប ញាតា កាល​ពី​ថ្ងៃ​ទី​៤ ឧសភា។

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ធំ លោក តឹប ញាតា មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ដែល​ជា​ម្ចាស់​សិប្បកម្ម​ឡ​ធ្យូង​ទាំង​នោះ ពីព្រោះ​ជា​សិប្បកម្ម​ខុស​ច្បាប់។ លោក​បន្ត​ថា ទីតាំង​សិប្បកម្ម​ឡ​ធ្យូង​ទាំង​នោះ មាន​ជាច្រើន​កន្លែង​ផ្សេង​គ្នា ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ឃុំ​ទំរីង ស្រុក​សណ្ដាន់។ ចំណែក​កូន​ឈើ គឺ​ពលរដ្ឋ​កាប់​យក​ចេញ​ពី​ដែន​អភិរក្ស​ស្ថិត​នៅ​ក្នុង​ឃុំ​ទំរីង និង​ផ្នែក​ខ្លះ​នៅ​ក្នុង​ឃុំ​ក្រយា ស្រុក​សន្ទុក ហើយ​កូន​ឈើ​ដែល​ពួក​គាត់​កាប់​យក​មក​ដុត​ធ្វើ​ធ្យូង គឺ​ជា​ប្រភេទ​ឈើ​មិន​ទាន់​គ្រប់​អាយុ​ឡើយ៖ «អា​ហ្នឹង​យើង​ចាត់ការ​ស្រាវជ្រាវ ប៉ុន្តែ​អ្វី​ដែល​យើង​មើល​ឃើញ​ផ្ទះ​ធំ​ពីរ​ហ្នឹង ជា​អ្នក​ធំ​ក្នុង​រឿង​ហ្នឹង»

លោក​បញ្ជាក់​ថា ក្រុម​មន្ត្រី​ជំនាញ​នឹង​ធ្វើ​ស្នាក់ការ​នៅ​កន្លែង​សិប្បកម្ម​តែ​ម្តង ដើម្បី​ការពារ​មិន​ឲ្យ​មាន​សកម្មភាព​កាប់​ឈើ​បន្ត​ទៀត។ លើស​ពី​នេះ មន្ត្រី​ជំនាញ​នឹង​បង្កើត​ថ្នាល​បណ្ដុះ​កូន​ឈើ​សម្រាប់​ដាំ​ឡើង​វិញ ក្នុង​តំបន់​ដែល​រង​ការ​កាប់​បំផ្លាញ​កន្លង​មក។

មន្ត្រី​សម្រប​សម្រួល​សហគមន៍​ព្រៃ​ឡង់​បួន​ខេត្ត លោក សេង សុខហេង អបអរ​សាទរ​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​នៅ​ពេល​នេះ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ព្រម​ទាំង​រាជ​រដ្ឋាភិបាល ចាត់​វិធានការ​ឲ្យ​បាន​ទូលំទូលាយ និង​ស្មើ​ភាព​គ្នា ទើប​ធានា​ថា​បទល្មើស​ព្រៃ​ឈើ​នឹង​ត្រូវ​ថយ​ចុះ៖ «បង្ក្រាប​ទាំងអស់​ទៅ ពិសេស​អ្នក​រក​ស៊ី​ធំៗ​ដឹក​រាប់​រយ​កុងតឺន័រ​អី។ អា​ហ្នឹង​ឯង​ដែល​ជា​ហេតុផល​នៃ​វិនាសកម្ម​ព្រៃ​ឈើ​ខ្លាំង»

លោក​បន្ត​ថា ដើម្បី​ឲ្យ​បទល្មើស​ព្រៃ​ឈើ​ថយ​ចុះ ក្នុង​ពេល​បច្ចុប្បន្ន រាជ​រដ្ឋាភិបាល​ត្រូវ​បិទ​អាជីវកម្ម​ឈើ​គ្រប់​ប្រភេទ ហើយ​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន ព្រម​ទាំង​លុប​ចោល​តំបន់​ដី​សម្បទាន​ព្រៃ​ឈើ​កាល​ពី​មុន​ទាំងអស់។ ទន្ទឹម​គ្នា​នេះ ដើម្បី​ជា​គំរូ​ល្អ និង​ជា​ការ​ព្រមាន​ដល់​ពលរដ្ឋ​តូចតាច អាជ្ញាធរ​ត្រូវ​ចាប់​ក្រុម​មន្ត្រី ឧកញ៉ា សែស្រឡាយ​រាជ​រដ្ឋាភិបាល ដែល​បាន​រក​ស៊ី​ឈើ និង​ពាក់ព័ន្ធ​ករណី​រក​ស៊ី​ឈើ​ខុស​ច្បាប់ ដាក់​ទោស​ទណ្ឌ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។