ក្រសួង​អំពាវនាវ​ឲ្យ​កសិករ​គួរ​ប្រើ​ឡ​ជីវឧស្ម័ន​ដើម្បី​ចំណេញ​ថវិកា

ដោយ អ៊ុក សាវបូរី
2014-03-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អំពាវនាវ​ឲ្យ​ប្រជា​កសិករ​ដែល​ចង់​ចំណេញ​ថវិកា ១​លាន​រៀល​ក្នុង​មួយ​រដូវ​ធ្វើ​ស្រែ គួរ​ប្រើ​ឡ​ជីវឧស្ម័ន។ ការ​អំពាវនាវ​នេះ បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​អាកាសធាតុ​ប្រែប្រួល ដោយសារ​ការ​បំភាយ​ឧស្ម័ន​មេតាន​ទៅ​លើ​អាកាស នាំ​ឲ្យ​ផែនដី​ឡើង​កម្ដៅ ព្រោះ​តែ​គម្រប​ព្រៃ​ឈើ​ដែល​ការពារ​ស្រទាប់​អូហ្សូន​កំពុង​ថយ​ចុះ​នៅ​លើ​ពិភពលោក។

កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ផ្តល់​រង្វាន់​ទឹក​ប្រាក់ ១៥០​ដុល្លារ ឆ្នាំង​ដាំ​បាយ​មួយ អាវ​យឺត​មួយ និង​ប័ណ្ណ​ធានា​ជួសជុល​ឡ​រយៈពេល ២​ឆ្នាំ​ដល់​គ្រួសារ​កសិករ ដែល​ជួយ​សាងសង់​ឡ​ជីវឧស្ម័ន​ថ្មី​ឆ្នាំ​២០១៤។

មន្ត្រី​ផ្សព្វផ្សាយ និង​ទីផ្សារ​របស់​កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ម៉ាន់ នភា ថ្លែង​ថា ឡ​ជីវឧស្ម័ន​ផ្ដើម​សង់​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១៣ បាន​ចំនួន​ជាង ២​ម៉ឺន​ឡ បាន​សង់​រួច​ក្នុង​ខេត្ត​ចំនួន​១២ មាន​ខេត្ត​តាកែវ កំពត កែប កណ្ដាល កំពង់ស្ពឺ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង ព្រៃវែង ស្វាយរៀង សៀមរាប និង​ខេត្ត​ពោធិ៍សាត់។ លោក​ថា កសិករ​ដែល​នៅ​តំបន់​លិច​ទឹក​ក៏​អាច​សង់​ឡ​ជីវឧស្ម័ន​ប្រើ​បាន​ដែរ៖ «បើ​សិន​ជា​កសិករ​ម្នាក់ គាត់​សម្រេច​ចិត្ត​នៅ​ក្នុង​ការ​សាងសង់​ឡ​ជីវឧស្ម័ន​មួយ ប្រៀប​ដូច​ជា​គាត់​បាន​ជួយ​យ៉ាង​សំខាន់ ទៅ​ដល់​ផ្នែក​បរិស្ថាន​ជួយ​កាត់​បន្ថយ​កម្ដៅ​ផែនដី​ដែល​ចេះ​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅ​លើ​ពិភពលោក ដែល​ជា​ផែន​ដី​របស់​យើង​ទាំង​មូល»

លោក ម៉ាន់ នភា ឲ្យ​ដឹង​ទៀត​ថា កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ នឹង​ផ្តល់​រង្វាន់​អ្នក​សង់​ឡ​នូវ​ទឹក​ប្រាក់​ចំនួន ១៥០​ដុល្លារ ឆ្នាំង​ដាំ​បាយ ប័ណ្ណ​ធានា​ជួសជុល ឡ​ជីវឧស្ម័ន ចំនួន ២​ឆ្នាំ និង​អាវ​យឺត​មួយ។ លោក​ថា កម្មវិធី​នេះ ក៏​បាន​សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៣ គឺ​ប្រាសាក់ អម្រឹត និង​ហត្ថាកសិករ ដើម្បី​ឲ្យ​ប្រាក់​ខ្ចី​កសាង​ឡ​ក្នុង​ចំនួន​ទឹក​ប្រាក់​តិច​បំផុត ១​ពាន់​ដុល្លារ ដែល​បង់​ការ​ប្រាក់​តែ ១.២%។ កម្មវិធី​នេះ មាន​ការ​ជួយ​ឧបត្ថម្ភ និង​គាំទ្រ​ពី​អង្គការ​អភិវឌ្ឍន៍​នៃ​ប្រទេស​ហូល្លង់ដ៍ តាំង​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១២។ នៅ​ឆ្នាំ​២០១៣ ទៅ​ដល់​ឆ្នាំ​២០១៥ កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ​មាន​អង្គការ​អេនដេវ (ENDEV) និង​អង្គការ ភីន (PIN = Peolple in need) បន្ត​គាំទ្រ​ទៀត។ លោក​អះអាង​ថា កម្មវិធី​ឡ​ជីវឧស្ម័ន បង្កើត​ឡើង​ក្នុង​គោល​បំណង​ផ្តល់​ឲ្យ​អ្នក​ប្រើប្រាស់​ឡ​នេះ ទទួល​បាន​នូវ​អត្ថប្រយោជន៍​ចំនួន ៤​យ៉ាង គឺ​សុខភាព បរិស្ថាន សេដ្ឋកិច្ច និង​សង្គម។ ទី​១ អត្ថប្រយោជន៍​សេដ្ឋកិច្ច គឺ​ចំណេញ​ប្រាក់ ១​លាន​រៀល​ពី​ការ​សន្សំ​មិន​ទិញ​ឧស ធ្យូង សម្រាប់​ចម្អិន និង​បំភ្លឺ និង​មិន​ទិញ​ជី​គីមី​ប្រើ​លើ​ដំណាំ។ ប៉ុន្តែ គាត់​បែរ​ជា​មាន​ជី​ធម្មជាតិ​ស្រស់​ទឹក និង​គោក​សម្រាប់​ប្រើ​លើ​ដំណាំ​កសិកម្ម​ដែល​ជួយ​កែប្រែ​គុណភាព​ដី​កសិកម្ម និង​ជួយ​បំប៉ន​បន្លែ ផ្លែ​ឈើ និង​សត្វ​ចិញ្ចឹម។

ទី​២ អត្ថប្រយោជន៍​បរិស្ថាន គឺ​ជួយ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ គិត​ជា​មធ្យម​ក្នុង​១​គ្រួសារ ប្រើ​ឧស​៦​គីឡូក្រាម​សម្រាប់​ដុត​ដាំ​ស្ល​ក្នុង​១​ថ្ងៃ។ ការ​ប្រើ​ឡ​ជីវឧស្ម័ន​នេះ វា​ជួយ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ គឺ​មេតាន ដែល​វា​ធ្វើ​ឲ្យ​ឡើង​កម្ដៅ​ផែនដី គឺ​វា​ជួយ​កាត់​បន្ថយ​ឧស្ម័ន​កាបូនិក​ចំនួន ៤​តោន​ក្នុង​ឡ​មួយ​នៃ​ការ​ប្រើ​ឡ​ជីវឧស្ម័ន រយៈពេល​មួយ​ឆ្នាំ។

ទី​៣ អត្ថប្រយោជន៍​ផ្នែក​សុខភាព គឺ​ជួយ​កាត់​បន្ថយ​ក្លិន​ស្អុយ​នៃ​ការ​ចិញ្ចឹម​សត្វ ពិសេស​សត្វ​ជ្រូក ជួយ​កាត់​បន្ថយ​ការ​បង្ក​ជំងឺ​ដោយ​ផ្សែង​ហុយ​ដល់​អ្នក​ដាំ​ស្ល ផ្លុំ​ឧស​ធ្យូង រលាក​ភ្នែក ក្អក ឈឺ​ផ្លូវ​ដង្ហើម ឈឺ​ក្បាល។ ផ្ទះ​មាន​អនាម័យ​ល្អ ទីធ្លា​លំនៅឋាន​ស្អាត ដោយសារ​លាមក​សត្វ​មិន​រាយប៉ាយ ផ្ទះ​បាយ​គ្មាន​ម្រែង​ភ្លើង និង​ផេះ ជាដើម ធ្វើ​ឲ្យ​ផ្ទះ​អ្នក​ប្រើប្រាស់​ឡ​ជីវឧស្ម័ន មាន​របៀប​រៀបរយ ដោយ​ការ​ត​ភ្ជាប់​បង្គន់​អនាម័យ និង​ឡ​ជីវឧស្ម័ន។

ទី​៤ អត្ថប្រយោជន៍​ផ្នែក​សង្គម អ្នក​ប្រើប្រាស់​ឡ​មាន​ពេល​វេលា​ចូល​រួម​ក្នុង​សង្គម ដូច​ជា​ប្រជុំ និង​ធ្វើ​ការងារ​ផ្សេងៗ​ទៀត មាន​ភ្លើង​បំភ្លឺ​ផ្ទះ​ពេល​យប់ ជួយ​ដល់​ការ​រៀន​សូត្រ​របស់​សិស្ស កាត់​បន្ថយ​បន្ទុក​ការងារ​ស្ត្រី និង​កុមារ ដោយ​មិន​ចាំបាច់​ចូល​ព្រៃ​រក​ឧស បាស​សម្អាត កើប​ផេះ​ពី​ចង្ក្រាន ជាដើម។ ចំពោះ​អ្នក​គ្មាន​ការងារ​ធ្វើ​ក្នុង​ស្រុក គឺ​បង្កើត​ឲ្យ​មាន​ក្រុម​ជាង​ដើរ​សាងសង់​ឡ កាត់​បន្ថយ​ចំណាក​ស្រុក។

លោក ម៉ាន់ នភា ឲ្យ​ដឹង​ទៀត​ថា តម្លៃ​សង់​ឡ​ជីវឧស្ម័ន អាស្រ័យ​លើ​ទំហំ​ឡ និង​ចំនួន​សត្វ​ចិញ្ចឹម​តាម​គ្រួសារ​នីមួយៗ អាច​មាន​លាមក​សត្វ​សម្រាប់​ដាក់​ចូល​ឡ​នោះ៖ «សម្រាប់​តម្លៃ​ឡ យើង​មាន​ឡ​ចំនួន ៥​ប្រភេទ។ ខ្នាត​របស់​ឡ យើង​គិត​ទៅ​ជា​ម៉ែត្រ​គូប។ នៅ​ក្នុង​នេះ គឺ​តម្លៃ ៤​ម៉ែត្រ​គូប ៥៥០​ដុល្លារ។ ៦​ម៉ែត្រ​គូប​តម្លៃ ៦២០​ដុល្លារ។ ៨​ម៉ែត្រ​គូប តម្លៃ ៧២០​ដុល្លារ ១០​ម៉ែត្រ​គូប តម្លៃ ៨០០​ដុល្លារ។ ១៥​ម៉ែត្រ​គូប តម្លៃ ១.១០០​ដុល្លារ។ ប៉ុន្តែ នៅ​ក្នុង​តម្លៃ​ទាំងអស់​នេះ គឺ​ខាង​កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ ជួយ​ឧបត្ថម្ភ​ចំនួន ១៥០​ដុល្លារ ដល់​កសិករ​ដែល​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ការ​សាងសង់​ឡ»

កសិករ​នៅ​ភូមិ​ព្រៃរំដួល ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង អះអាង​ថា គាត់​បាន​សង់​ឡ​ជីវឧស្ម័ន​តាំង​ពី​ឆ្នាំ​២០០៩។ លោក​ថា គាត់​ចាប់​ផ្ដើម​សង់​ឡ​នៅ​គ្រា​ដែល​តំបន់​គាត់​រស់​នៅ​ខ្វះ​ឧស​ដុត ដាំ​ស្ល និង​ខ្វះ​លុយ​ទិញ​ជី​គីមី​ដាំ​ដំណាំ។ ទន្ទឹម​នោះ ការ​រស់​នៅ​ជាមួយ​សត្វ​ចិញ្ចឹម ធ្វើ​ឲ្យ​កខ្វក់​ដី​ភូមិ ព្រោះ​ភក់​ជ្រាំ​នៅ​ពេល​ភ្លៀង​មិន​បាន​សម្អាត កើប​លាមក​សត្វ​ទុក​ដាក់​បាន​ល្អ។ ប៉ុន្តែ ក្រោយ​ពី​គាត់​មាន​ឡ​ជីវឧស្ម័ន គឺ​គាត់​ចំណេញ​ទាំង​លុយ​ទិញ​ឧស ទិញ​ជី ចំណេញ​ពេល​វេលា និង​កម្លាំង​ពលកម្ម ហើយ​មាន​ភ្លើង​បំភ្លឺ​នៅ​ពេល​យប់៖ «ប្រើប្រាស់​កាក​សំណល់​ឡ​ធ្វើ​ឲ្យ​ធូរ​ដី ឬ​គរ​ដី​ភក់ ដី​ធូរ​ជាង​មុន​មិន​ដូច​មុន។ តែ​កាល​ណា​ធ្លាក់​ទឹក​ភ្លៀង​មក វា​ចាប់​ផ្ដើម​ពូន មាន​អាចម៍​ដី​ពូន មាន​ដុំៗ​អា​កន្លែង​ដី​គោកៗ​ហ្នឹង គឺ​ខុស​ពី​មុន។ កាល​ពី​មុន គឺ​គ្មាន​ទេ មាន​តែ​ស្មៅ តែ​ឥឡូវ​នេះ ដល់​ពេល​ប្រើ​អា​ជី​ហ្នឹង ដូច​ថា​វា​មាន​អាចម៍​ជន្លេន ហើយ​សត្វ​កង្កែប សត្វ​អី​ហ្នឹង ក៏​វា​កើត​ច្រើន​ខុស​ពី​ធម្មតា​មុនៗ​ដែរ មិន​ដូច​មុន​ពេក​ទេ»

មន្ត្រី​សម្រប​សម្រួល​ផ្នែក​ជី​កាក​សំណល់​ឡ​ជីវឧស្ម័ន លោក ភួង ដារ៉ា បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​យក​ហ្គាស៍​ពី​ឡ​ក្រោយ​ពី​ចម្អិន និង​បំភ្លឺ​ពេល​យប់ ឡ​វា​នឹង​បង្ហូរ​កាក​ដែល​មាន ២​ប្រភេទ គឺ​រាវ និង​គោក។ ការ​ថែទាំ និង​ទុក​ដាក់​កាក​សំណល់​នោះ​បាន​ល្អ វា​ធ្វើ​ឲ្យ​កាក​នោះ​ក្លាយ​ជា​ជី​ធម្មជាតិ​ស្រស់ រាវ និង​ជី​គោក ប្រើ​ក្នុង​ការ​ដាំ​ដុះ​នាំ​ឲ្យ​បន្លែ​ស្រូវ ដើម​ឈើ និង​ដី​ស្រែ​មុខ​លើ មាន​ជីជាតិ។ លោក​បន្ថែម​ថា អ្នក​រស់​នៅ​ក្នុង​តំបន់​ទឹក​លិច ក៏​អាច​សង់​ឡ​ជីវឧស្ម័ន​ប្រើ​បាន​ដែរ ទាំង​ប្រាំង និង​វស្សា ដើម្បី​កាត់​បន្ថយ​ការ​ជំពាក់​ប្រាក់​នាយ​ទុន ដោយសារ​ការ​ខ្ចី​លុយ​ទិញ​ជី​គីមី​មក​ប្រើ​លើ​ដំណាំ​ស្រូវ ដែល​ភាគ​ច្រើន​មិន​សូវ​អាច​ទូទាត់​សង​ថ្លៃ​ជី​គីមី​បាន កសិករ​គួរ​តែ​ងាក​មក​សង់​ឡ​ជីវឧស្ម័ន៖ «ហើយ​រយៈពេល​នេះ គឺ​កម្មវិធី​ឡ​ជីវឧស្ម័ន​ផ្តល់​ជូន​កម្មវិធី​ពិសេស​ដល់​បង​ពូ​មីង ដែល​ចាប់​អារម្មណ៍​សាងសង់​ឡ​ជីវឧស្ម័ន​ហ្នឹង គឺ​កម្មវិធី​ផ្តល់​ជូន​ប្រាក់​ឧបត្ថម្ភ ១៥០​ដុល្លារ​ក្នុង​១​គ្រួសារ ផ្តល់​ជូន​ឆ្នាំង​ដាំ​បាយ​មួយ​ដ៏​ស្រស់​ស្អាត រហូត​ដល់​អស់​ពី​ស្តុក ផ្តល់​ជូន​អាវ​យឺត​មួយ​ដ៏​ស្រស់​ស្អាត ហើយ​និង​ប័ណ្ណ​ធានា​ឡ​រយៈពេល​២​ឆ្នាំ ក្នុង​សេវា​ជួសជុល​ផ្សេងៗ​ទៅ​ដល់​បង​ពូ​មីង​ទាំងអស់ លើក​ទឹក​ចិត្ត​ឲ្យ​គាត់​ប្រើប្រាស់ និង​សាងសង់​ឡ​ជីវឧស្ម័ន»

កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ គឺ​ជា​កម្មវិធី​ជាតិ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ កម្មវិធី​នោះ​មាន​គោល​បំណង​បង្កើត​វិស័យ​ឡ​ជីវឧស្ម័ន​លក្ខណៈ​គ្រួសារ​អចិន្ត្រៃយ៍​មួយ តាម​បែប​ពាណិជ្ជកម្ម និង​ទីផ្សារ ដើម្បី​ផ្សព្វផ្សាយ ពង្រីក​ឡ​ជីវឧស្ម័ន ដែល​ជា​ប្រភព​ថាមពល​កើត​ឡើង​វិញ និង​មាន​និរន្តរភាព។ រហូត​មក​ដល់​ចុង​ឆ្នាំ​២០១៣ កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ បាន​សង់​ឡ​ចំនួន​ជាង ២​ម៉ឺន​ឡ ក្នុង​ខេត្ត​គោលដៅ​របស់​កម្មវិធី​នោះ​ចំនួន ១២​ខេត្ត នៅ​ប្រទេស​កម្ពុជា។ ប្រសិន​បើ​លោក​អ្នក​នាង​ចង់​ទំនាក់ទំនង​សង់​ឡ និង​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ពី​កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ សូម​ទាក់ទង​លេខ​ទូរស័ព្ទ ០២៣ ៩៩ ២៦ ០៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល