"ពលរដ្ឋ​មាន​កម្រិត​យល់​ដឹង​ទាប​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ធនធាន​ធម្មជាតិ​រង​ការ​បំផ្លាញ"

ដោយ រដ្ឋា វិសាល
2016.12.11
អភិរក្ស​ធម្មជាតិ រតនគិរី ២០១៦ ៨៥៥ សហគមន៍​ជ័យឧត្តម ស្រុក​លំផាត់ និង​សហគមន៍​អូរទុង ឃុំ​កុកឡាក់ ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី ប្រជុំ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Ratha Visal
RFA/Ratha Visal

សហគមន៍​ដែល​កំពុង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​រតនគិរី បើក​វេទិកា​ពិភាក្សា​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឲ្យ​បាន​កាន់​តែ​ប្រសើរ។ កិច្ច​ពិភាក្សា​គ្នា​នេះ ផ្ដោត​សំខាន់​ទៅ​លើ​ការ​ចូលរួម​របស់​សហគមន៍ និង​មន្ត្រី​មូលដ្ឋាន​ក្នុង​កិច្ច​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ឲ្យ​មាន​និរន្តរភាព។

ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​នេសាទ និង​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ការ​ប្រមាញ់ និង​ប្រើ​ឧបករណ៍​ប្រមាញ់​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់ គឺ​ជា​កត្តា​សំខាន់​ដែល​សហគមន៍​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ខេត្ត​រតនគិរី ចាត់​ទុក​ថា បាន​ធ្វើ​ឲ្យ​ព្រៃ​ឈើ និង​អនុផល​ព្រៃ​ឈើ សត្វ​ព្រៃ រួម​ទាំង​មច្ឆជាតិ​កាន់​តែ​ថយ​ចុះ​នា​ពេល​បច្ចុប្បន្ន។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ សហគមន៍​នេសាទ​ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ស្វែងរក​យន្តការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​រង​ការ​បំផ្លាញ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។ ដោយឡែក​សហគមន៍​អូរទុង នៅ​ឃុំ​កុកឡាក់ ស្រុក​វ៉ឺនសៃ ក៏​បាន​ជួប​ពិភាក្សា​ដូច​គ្នា​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ។

ប្រធាន​ក្រុម​ល្បាត​សហគមន៍​នេសាទ​ឃុំ​ជ័យឧត្ដមក្រោម លោក វ៉ង ចាយ កត់​សម្គាល់​ថា កត្តា​កើន​ឡើង និង​ការ​យល់​ដឹង​មាន​កម្រិត​នៃ​មនុស្ស គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ធនធាន​ធម្មជាតិ​ទាំងអស់​រង​ការ​បំផ្លាញ បន្ទាប់​ពី​ការ​កាប់​រាន​ព្រៃ​យក​ដី ឬ​កាប់​ឈើ​បម្រើ​តម្រូវ​ការ​មនុស្ស។ រីឯ​តម្រូវ​ការ​ត្រី​សាច់​ជីវចម្រុះ​ក្នុង​ទឹក និង​តម្រូវ​ការ​សាច់​សត្វ​ក្នុង​ព្រៃ ធ្វើ​ឲ្យ​មនុស្ស​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់​ទាំង​ការ​ធ្វើ​នេសាទ ឬ​ការ​ប្រមាញ់​សត្វ​ព្រៃ ជាដើម។ លោក​បន្ត​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​អនុវត្ត​ច្បាប់​មាន​កម្រិត ក៏​ជា​កត្តា​រួម​ចំណែក​ធ្វើ​ឲ្យ​ធនធាន​ធម្មជាតិ​បាត់បង់​ជា​បន្តបន្ទាប់៖ «ធនធាន​ធម្មជាតិ​យើង​បច្ចុប្បន្ន​មាន​ការ​រិចរិល​ហិនហោច ប្រជាពលរដ្ឋ​កាប់​ឆ្ការ​រុក​រាន​ព្រៃ​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់​កាន់​តែ​ច្រើន​នៅ​ក្នុង​ការ​នេសាទ»

ដូច​គ្នា​នេះ​ដែរ ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរទុង ក្នុង​ឃុំ​កុកឡាក់ លោក កឿច ម៉ូច កត់​សម្គាល់​ដែរ​ថា ធនធាន​ធម្មជាតិ​ទាំងឡាយ​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ មាន​ឈើ​ប្រណិត និង​ដើម​សំរង​ព្រៃ ក៏​បាន​រង​ការ​បំផ្លាញ​ដោយសារ​មនុស្ស ជាពិសេស​ប្រជាពលរដ្ឋ​នៅ​ក្នុង និង​ក្រៅ​សហគមន៍ ឬ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក ក្រុម​ឈ្មួញ និង​អ្នក​មាន​អំណាច។ លើស​ពី​នេះ​ទៀត ការ​មិន​ឯកភាព​គ្នា​រវាង​សហគមន៍ និង​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​អភិរក្ស​ធនធាន​ធម្មជាតិ និង​កង្វះ​ខាត​ថវិកា​មធ្យោបាយ​សម្ភារ​សម្រាប់​កិច្ច​អភិរក្ស​ធនធាន​ធម្មជាតិ ក៏​ជា​ផ្នែក​សំខាន់​ធ្វើ​ឲ្យ​បាត់​និរន្តរភាព​ព្រៃ​ឈើ និង​សត្វ​ព្រៃ​កន្លង​ទៅ​នេះ៖ «រឿង​ព្រៃ​ឈើៗ​ប្រណិត​ដូច​ដើម​ធ្នង់ គគីរ អស់​ហើយ ព្រៃ​អារក្ស​អ្នកតា ចុះ​បើ​ទៅ​កាប់​ព្រៃ ហើយ​ដួល​បាក់​លើ​ព្រៃ គេ​មិន​ខឹង! ប៉ះពាល់​ប្រពៃណី​ដល់​គេ​កាប់​ដើម​ធ្នង់ បាក់​រលំ​លើ​ដើម​សំរង​បាក់​ហើយ»

ទាក់ទិន​ការ​បាត់បង់​ធនធាន​ធម្មជាតិ​នេះ​ដែរ ប្រធាន​ភូមិ​ថ្មី លោក ណា ប៊ុនវៃ បញ្ជាក់​ថា ការ​រួម​គ្នា​អភិរក្ស​ធនធាន​ធម្មជាតិ​ឡើង​វិញ គឺ​ជា​ភារកិច្ច​ចាំបាច់​របស់​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​ការ​ស្ដារ​ព្រៃ​ឈើ​រួម​មាន​ការ​ដាំ​កូន​ឈើ​ឡើង​វិញ និង​ការ​អនុវត្ត​វិធានការ​អប់រំ និង​វិធានការ​ច្បាប់​ទាក់ទិន​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ។ លោក​ថា ការ​ចូលរួម​របស់​សហគមន៍ អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល​ប្រកប​ដោយ​តម្លាភាព នឹង​កាត់​បន្ថយ​ការ​បាត់បង់​ធនធាន​ធម្មជាតិ៖ «ស្ដារ​ឡើង​វិញ​ធនធាន​ធម្មជាតិ ឬ​ជីវចម្រុះ​ដាច់​ពូជ​ទៅ គឺ​ឲ្យ​មាន​ការ​សហការ​សាមគ្គី​គ្នា​បង្រួបបង្រួម​ឲ្យ​មាន​និរន្តរភាព​ឡើង​ទៅ»

សហគមន៍​ជ័យឧត្ដម និង​សហគមន៍​កុកឡាក់ គឺ​ជា​ភូមិ​គោលដៅ​ដែល​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ រៀបចំ​គម្រោង​ពង្រឹង​អំណាច​សហគមន៍​រយៈពេល​បី​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦។ គម្រោង​មាន​គោលការណ៍​រួម​មួយ ធ្វើ​យ៉ាង​ណា​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​តំបន់​គោលដៅ​ពេញ​ចិត្ត និង​ជីវភាព​រស់នៅ​សមរម្យ និង​មាន​សិទ្ធិ​ប្រើប្រាស់ និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព។

ប្រធាន​គម្រោង​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ លោក ថន ចាន់នឿន មាន​ប្រសាសន៍​ថា គម្រោង​បាន​ធ្វើ​សកម្មភាព​ជាច្រើន​ពាក់ព័ន្ធ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ ជាពិសេស​បាន​សម្របសម្រួល​ឲ្យ​មាន​កម្មវិធី​ជួប​ពិភាក្សា​គ្នា​នេះ ដើម្បី​ពាំនាំ​មតិ​យោបល់​របស់​សហគមន៍​ជា​សារ​ជូន​ទៅ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ និង​សាធារណជន​ទូទៅ​បាន​ដឹង​ឮ និង​យល់​កាន់​តែ​ច្បាស់​ពី​ទំនាក់ទំនង​រវាង​ធនធាន​ធម្មជាតិ ទៅ​នឹង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​សហគមន៍ ជាពិសេស​ជនជាតិ​ដើម​ភាគតិច។ លោក​ថា អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​ចង់​ឃើញ​មនុស្ស និង​ធម្មជាតិ​បាន​ទទួល​សិទ្ធិ​សន្តិ​សហ​វិជ្ជមាន និង​មាន​ជីវិត​ប្រកប​ដោយ​និរន្តរភាព។

ជំទប់​ទី​១ ឃុំ​កុកឡាក់ លោក បឿង អះ ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​តែង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ដែល​កើត​មាន​នៅ​ក្នុង​សហគមន៍ ជាពិសេស​ទាក់ទិន​កិច្ច​អភិរក្ស​ធនធាន​ធម្មជាតិ​នេះ។ លោក​ថា ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ពឹង​អាស្រ័យ​លើ​ធនធាន​ធម្មជាតិ។ ហេតុ​នេះ ក្រុម​ប្រឹក្សា​ឃុំ បាន​ដាក់​បញ្ចូល​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​របស់​សហគមន៍ ក្នុង​ផែនការ​វិនិយោគ​ថ្នាក់​ឃុំ ដើម្បី​លើក​ទឹក​ចិត្ត និង​ជួយ​ពង្រឹង​សហគមន៍​ឲ្យ​បាន​រឹងមាំ៖ «ទីផ្សារ​ជនជាតិ​នៅ​ហ្នឹង​មិន​អាច​ខ្វះ​បាន បាន​ចំណូល​ពី​ធនធាន​ធម្មជាតិ ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប្រជាពលរដ្ឋ។ ព្រៃ​ភ្នំ​ព្រៃ​អារក្ស​យើង​អាច​ការពារ​បាន ការ​ទំនាក់ទំនង​ជនជាតិ​ដើម​ភាគតិច​យើង​ខ្ញុំ​នេះ ត្រូវ​ពឹងពាក់​លើ​ធម្មជាតិ​ជា​ចម្បង»

ទោះ​បី​ជា​យ៉ាង​ណា​ក្តី ទាំង​ប្រជា​សហគមន៍ និង​មន្ត្រី​មូលដ្ឋាន​រំពឹង​ថា កិច្ច​សហការ​រវាង​ប្រជាពលរដ្ឋ​សហគមន៍ អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក៏​ជា​តម្រូវ​ការ​មិន​អាច​ខ្វះ​បាន ជាពិសេស​ជំនួយ​ផ្សព្វផ្សាយ​បណ្តុះបណ្តាល​កិច្ច​សហការ​ការពារ​បង្ក្រាប​បទល្មើស និង​ជំនួយ​គ្រឿង​សម្ភារ ថវិកា​សម្រាប់​ក្រុម​ល្បាត​សហគមន៍ ដើម្បី​បំពេញ​តួនាទី​ប្រកប​ដោយ​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។