សង្គម​ស៊ីវិល​ជំរុញ​អាជ្ញាធរ​ឲ្យ​ចាប់​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​ដីធ្លី​និង​ព្រៃឈើ​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ដែន អយុធ្យា
2017.07.13
កាប់​ឈើ​កោះ​រ៉ុង ២០១៧ ៨៥៥ ទីតាំង​ព្រៃ​ឈើ​ដែល​ត្រូវ​គេ​កាប់​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​នៅ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

មន្ត្រី​ឃ្លាំមើល​ការ​គោរព​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​ព្រះសីហនុ ជំរុញ​ឲ្យ​សមត្ថកិច្ច និង​ស្ថាប័ន​តុលាការ​ដែល​បាន​ចាប់​ឃុំ​ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ដីធ្លី និង​កាប់​បំផ្លាញ​ព្រៃឈើ​នា​មូលដ្ឋាន​នេះ ដាក់​ពន្ធនាគារ ដើម្បី​ឲ្យ​ប្រាកដ​ថា បាន​អនុវត្ត​ស្រប​តាម​នីតិវិធី។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​មាន​សមាគម​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO) ជាដើម  កំពុង​ពិនិត្យ​តាម​ដាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ទាក់ទង​សំណុំ​រឿង​ដីធ្លី និង​កាប់​បំផ្លាញ​ព្រៃឈើ​ជាង ២០​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​នៅ​ពេល​កន្លង​មក​នេះ។

​អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា អ្នកស្រី​កំពុង​តាមដាន​សំណុំ​រឿង​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​ជា​ជន​សង្ស័យ​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​ដីធ្លី និង​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ដាក់​ពន្ធនាគារ នៅ​ក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០១៧ នេះ ដើម្បី​ឲ្យ​ប្រាកដ​ថា បាន​អនុវត្ត​ស្រប​តាម​ច្បាប់​ដែរ ឬ​ទេ?

​អ្នកស្រី សុធារី កត់សម្គាល់​ថា មាន​សំណុំរឿង​ខ្លះ អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តាម​ទីតាំង​មួយ​ចំនួន មាន​ដូចជា​នៅ​លើ​សង្កាត់​កោះរ៉ុង និង​នៅ​សង្កាត់​លេខ​១ តំបន់​ក្បាលឆាយ ក្រុង​ព្រះសីហនុ ជាដើម ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ហើយ​ត្រូវ​សាលា​ដំបូង​ឃុំ​ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​កន្លង​មក គឺ​ជនសង្ស័យ​ទាំង​នោះ ភាគ​ច្រើន​ជា​ពលរដ្ឋ​ក្រីក្រ មក​ពី​តំបន់​ផ្សេង​ចូល​មក​ស៊ីឈ្នួល​កាប់​ព្រៃឈើ​ឲ្យ​គេ ដើម្បី​បាន​ប្រាក់​បន្តិចបន្តួច​យក​ទៅ​ចិញ្ចឹម​គ្រួសារ។ ប៉ុន្តែ​សម្រាប់​អ្នក​នៅ​ពីក្រោយ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ និង​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​បង្កើត​ឲ្យ​មាន​ទំនាស់​ដីធ្លី​កើត​ឡើង​ពិតប្រាកដ អាជ្ញាធរ​អនុវត្ត​ច្បាប់​មិន​ទាន់​បាន​ច្រើន​ទេ។

អ្នកស្រី ជៀប សុធារី៖ «យើង​នឹង​តាម​ឃ្លាំមើល​រឿង​ហ្នឹង​ដែរ ថា​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​អ្នក​មាន អ្នក​ក្រ​ទាំង​អស់​ហ្នឹង គឺ​នៅ​ពេល​តុលាការ តើ​ការ​ឃុំ​ខ្លួន​របស់​តុលាការ​តាម​រយៈ​ដីកា​នេះ តើ​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ដែរ ឬ​អត់? ហើយ​តើ​វា​មាន​ការ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ឬ​អត់​ទៅ​លើ​រឿង​ក្ដី​ទាំង​អស់​ហ្នឹង?»

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ផ្ដល់​បទសម្ភាសន៍​នៅ​សាលា​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ផ្ដល់​បទសម្ភាសន៍​នៅ​សាលា​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
RFA/Den Ayuthyea

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​អនុវត្ត​តួនាទី​បាន​ត្រឹមត្រូវ ហើយ​បាន​អះអាង​ថា នឹង​មិន​លើកលែង​ឲ្យ​ជន​ខិលខូច​ដែល​មាន​មហិច្ឆតា ចូល​ទៅ​កាប់​ទន្ទ្រាន​ព្រៃឈើ​រដ្ឋ​បម្រុង​ទុក ដើម្បី​រាន​យក​ដី​សាធារណៈ​របស់​រដ្ឋ ធ្វើ​កម្មសិទ្ធិ​ឯកជន​អនាធិបតេយ្យ​ខុស​ច្បាប់​នា​មូលដ្ឋាន​នេះ​ទៀត​ទេ។ លោក​សង្កត់ធ្ងន់​ថា អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ និង​ចូល​ទៅ​កាប់​រាន​ដី​រដ្ឋ​ខុស​ច្បាប់​នឹង​ត្រូវ​ផ្ដន្ទាទោស។

​លោក យន្ត មីន ស្នើ​ដល់​ប្រជាពលរដ្ឋ​និង​ផ្នែក​ពាក់ព័ន្ធ ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​បទ​ល្មើស​ឃុបឃិត លួច​កាប់​ព្រៃឈើ ដើម្បី​រាន​យក​ដី​សាធារណៈ របស់​រដ្ឋ អនាធិបតេយ្យ​ខុសច្បាប់​ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ខាងមុខ ព្រោះ​នឹង​ត្រូវ​ជាប់ពន្ធនាគារ៖ «មក​ដល់​ពេល​នេះ​មាន​មនុស្ស ២០​នាក់​ហើយ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន។ បើ​សិន​ជា​មាន​នរណា​ហ៊ាន​កាប់​​ទៀត ហើយ​សមត្ថកិច្ច​តាម​ទាន់​ចាប់​ខ្លួន​ជា​បន្ត​ទៀត។ កន្លង​មក​នេះ មាន​សារព័ត៌មាន​មួយ​ចំនួន​ផ្សាយ​ប្រឌិត​សុទ្ធសាធ កាប់​ព្រៃ​តែ​បន្តិច​សោះ ផ្សាយ​ខុស​លើស​ការពិត ធ្វើ​ឲ្យ​ផ្អើល​ដល់​ថ្នាក់ដឹកនាំ​ប្រទេស។ ដល់​ឯកឧត្ដម សៅ សុខា ក្ដៅ​ក្រហាយ ចុះ​មក​មើល​ផ្ទាល់ ហើយ​ដល់​ពេល​ចុះ​ទៅ​មើល​សរុប​ទាំង​អស់​គឺ​ការ​កាប់​ព្រៃឈើ​នៅ​លើ​កោះរ៉ុង ទាំង​មូល​គឺ​មិន​លើស​ពី ៣០​ហិកតារ​នោះ​ទេ ទូទាំង​កោះ»

​ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​អះអាង​ថា បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​ឈើ​ទាំង​នៅ​លើ​កោះរ៉ុង ដី​ព្រៃ​ឈើ​នៅ​តំបន់​ក្បាលឆាយ សង្កាត់​លេខ​១ និង​តំបន់​ពយម៉ាចូវ ឃុំ​បិតត្រាំង ជាដើម គឺ​មាន​មន្ត្រី​មាន​តួនាទី​ខ្ពស់​នៅ​តាម​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ស្ថិត​នៅ​ពី​ក្រោយ​បទល្មើស​កាប់​រាន​ព្រៃឈើ និង​ពុះ​ច្រៀក​ជា​ឡូត៍ៗ​លក់​ដូរ​បន្ត​ខុស​ច្បាប់​នៅ​​ពេល​កន្លង​មក គឺ​មិន​ឃើញ​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ទេ។

ករណី​នេះ សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ចាប់​បាន​តែ​ពលរដ្ឋ​គ្មាន​តួនាទី និង​មាន​ជីវភាព​ក្រីក្រ បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស។ ចំណែក​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​កាប់​រាន​ដី​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ និង​លក់​ដូរ​បន្ត ដែល​មាន​តួនាទី​ខ្ពស់​នៅ​ក្នុង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ថ្នាក់​ជាតិ នៅ​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។